យន្តការ​ដោះស្រាយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ដោយ​ធ្វើ​ការងារ​សហគមន៍

ដោយ ជី វិតា
2017.12.19
អ្នក​ទោស ៨៥៥ ២០១៦ អ្នក​ទោស​ដេក​រង់ចាំ​តុលាការ​បើក​សវនាការ​នៅ​សាលា​ដំបូង​ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៥។
RFA/Brach Chev

នៅ​ក្នុង​សេចក្ដី​រាយការណ៍​កន្លងទៅ លោកអ្នក​នាង​បាន​ស្ដាប់​រួចហើយ​នូវ​កត្តា​ផ្សេងៗ ដែល​បណ្ដាល​អោយ​ពន្ធនាគារ​ចង្អៀត​ណែន ក្នុង​នោះ​រួមមាន ចៅក្រម​មិនសូវ​គោរព​ច្បាប់ ដោយ​មិន​អនុញ្ញាត​អោយ​អ្នក​ជាប់ទោស​ក្រោម ១​ឆ្នាំ នៅ​ក្រៅ​ឃុំ មិន​អនុញ្ញាត​អោយ​ជនល្មើស បទមជ្ឈិម​នៅ​ក្រៅ​ឃុំ ឬ​ព្យួរទោស តាម​ច្បាប់​កំណត់ ចៅក្រម​អគតិ​ដោយ​ការ​ភ័យខ្លាច​មន្ត្រី​រដ្ឋាភិបាល​ស្ដីបន្ទោស និង​សាលាឧទ្ធរណ៍​មានតែ​មួយ ជាដើម។

តទៅទៀត​នេះ យើង​មាន​សេចក្ដី​រាយការណ៍​អំពី​យន្តការ​ដោះស្រាយ​បញ្ហា ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ដោយ​ផ្ដោត​លើ​ការអនុវត្ត​ទោស​ក្រៅ​ឃុំ​តាមរយៈ​អោយ​អ្នកទោស​ធ្វើការ​ក្នុង​សហគមន៍ ដូច​មាន​ចែង​ក្នុង​ច្បាប់ ប៉ុន្តែ​មិនទាន់​អនុវត្ត​បាន។ តើ​ការ​អនុវត្ត​ទោស​ដោយ​ធ្វើ​ការ​ក្នុង​សហគមន៍​ជា​អ្វី​? តើ​មូល​ហេតុអ្វី ទើប​មិន​អាច​អនុវត្ត​បាន?

បើ​ទោះ​ជា​អ្នកទោស​ក៏​ដោយ​ចុះ ការ​ដែល​ត្រូវ​គេ​ដាក់​អោយ​រស់​នៅ​ក្នុង​បន្ទប់​តូច​ចង្អៀត​ណែន ស្ទើរ​ដកដង្ហើម​មិន​រួច​នោះ សិទ្ធិ​រស់រាន​ក្នុង​ភាពជា​មនុស្ស​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ ត្រូវ​បាន​គេ​បំពារ​បំពាន​ហើយ។

អ្នកច្បាប់​បង្ហាញ​ទស្សនៈ​ថា ការ​សម្រេច​ចិត្ត​របស់​ចៅក្រម បញ្ជា​ជន​ណា​ម្នាក់​អោយ​ទៅ​រស់នៅ​ក្នុង​ពន្ធនាគារ គួរតែ​ជា​ជម្រើស​ចុងក្រោយ ដោយ​ផ្អែកលើ​ភាព​ចាំបាច់ និង​ផលប្រយោជន៍​សាធារណៈ​ជាធំ ពីព្រោះ​ការអនុវត្ត​ទោស មិន​ចាំ​បាច់​តែ​ទៅ​ដេក​នៅ​ក្នុង​គុក​នោះ​ទេ។

យន្តការ​ច្បាប់​មួយ​ដែល​មាន​ស្រាប់ ប៉ុន្តែ​មិនដែល​បាន​អនុវត្ត​នោះ គឺ​ការអនុវត្ត​ទោស​នៅ​ក្រៅ​ឃុំ​តាមរយៈ​កម្មវិធី​ការងារ​សហគមន៍។

សារាចរ​ស្ដីពី​ការអនុវត្ត​ទោស​ការងារ​សហគមន៍ ចេញ​ដោយ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ចុះ​កាល​បរិច្ឆេទ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៤ ផ្ញើ​ទៅ​ចៅក្រម និង​ព្រះរាជអាជ្ញា មាន​សេចក្ដី ដូចតទៅ​៖

- ចៅក្រម​ជំនុំជម្រះ

. គប្បី​ធានា​អោយ​បាន​នូវ​ការអនុវត្ត​តាម​បទបញ្ញត្តិ និង​គោលការណ៍ ដែល​មាន​ចែង​ក្នុង​ក្រមព្រហ្មទណ្ឌ​ស្ដីពី​ទោស​ការងារ​សហគមន៍ ចំពោះ​ទណ្ឌិត​ណា​ដែល​តុលាការ​ប្រកាស​ដាក់​ពន្ធនាគារ តិច​ជាង ឬ​ស្មើ ៣ (បី)ឆ្នាំ។

. ព្រះរាជអាជ្ញា

. ត្រូវ​សហការ​ជាមួយ​អង្គការ​រដ្ឋ សហគមន៍ ឬ​អង្គការ​មិនមែន រដ្ឋាភិបាល​ដើម្បី​កសាង និង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​នីតិ​បុគ្គល និង​ប្រភេទ​ការងារ ដែល​មាន​តម្រូវការ​ផ្ដល់​អោយ​ទណ្ឌិត​ធ្វើ​។ បញ្ជី​នេះ​ត្រូវ​ដាក់​បង្ហាញ​ជូន​តុលាការ ដើម្បី​ជ្រើសរើស​ការងារ​អោយ​ទណ្ឌិត​ដែល​យល់ព្រម​ទទួលយក។

ប៉ុន្តែ ប្រាំ៨ ឆ្នាំ​បន្ទាប់​ពី​រដ្ឋសភា​អនុម័ត​ក្រមព្រហ្មទណ្ឌ និង​៤ ឆ្នាំ​បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ចេញ​សារាចរ​ស្ដីពី​គោលការណ៍​អនុវត្ត​ទោស​ក្រៅ​ពន្ធនាគារ ដោយ​អោយ​ទណ្ឌិត​ធ្វើ​ការងារ​សហគមន៍ ជំនួស​ការ​ជាប់​ក្នុង​ពន្ធនាគារ​នោះ​នៅ មិនទាន់​អាច​អនុវត្ត​បាន​នៅ​ឡើយ​ទេ។

អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ​លោក នុត សវនា មានប្រសាសន៍ថា មូលហេតុ​ដែល​មិន​អនុវត្ត​បាន គឺ​ដោយសារ រហូត​ពេល​នេះ​ក្រសួង​ពាក់ព័ន្ធ​មិន​ទាន់​បាន​បង្កើត​យន្តការ​អនុវត្ត​ច្បាស់​លាស់​នៅឡើយ៖ «វា​នៅ​ស្រពិចស្រពិល មិន​ដឹង​ថា សមត្ថកិច្ច​ណា ធ្វើ​អីៗ​។ ច្បាប់​យើង​មាន ប៉ុន្តែ​នីតិវិធី ការរៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ ដោយ​ចងក្រង​លិខិត​បទដ្ឋាន​ច្បាស់លាស់​នោះ​វា​មិន​ទាន់​មាន​ទេ»

ស្របគ្នា​ទៅ​នឹង​ការយល់ឃើញ​របស់​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ដែរ លោក នុត សវនា អះអាង​ថា ឧបសគ្គ​មួយទៀត​ដែល​រារាំង​ការ អនុវត្ត​ទោស​ក្រៅ​ពន្ធនាគារ គឺ​ការ​មិន​ស្វាគមន៍​របស់​ពលរដ្ឋ​ក្នុង សហគមន៍ ដែល​លោក​ថា ត្រូវ​ទាមទារ​អោយ​មាន​ការអប់រំ​ពល​រដ្ឋ ជា​មុន​សិន៖ «បាទ ទាល់​តែ​មាន​ការ​លើក​កម្ពស់​ការ​យល់ដឹង​សិន​។ ពលរដ្ឋ​អាច​ថា ហ្អេ​មាន​ប្រយោជន៍​អី​ជា​បាន​ព្រលែង​ចោរ​ទោស ស្រាលៗ ហ្នឹង​មក​ក្នុង​សហគមន៍? ឥឡូវ​ផ្ទះ​បង​ឯង​នៅ​ម្តុំ​ហ្នឹង ហើយ បុគ្គល​មួយ​ហ្នឹង ប្រព្រឹត្ត​បទល្មើស ហើយ​ត្រូវ​បាន​តុលាការ​ប្រលែង ម៉ោ​ក្នុង​សហគមន៍ នៅ​ជិត​ផ្ទះ​បង​ឯង បង​ឯង​ក៏​មិន​សប្បាយចិត្ត​ដែរ។ អាហ្នឹង​ពិបាក​អ៊ីចឹង។ ការ​អប់​ផ្សព្វផ្សាយ​ហ្នឹង​បើ​ខាង​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​សហការ​ធ្វើ​ការងារ​ហ្នឹង​ជាមួយ​អាជ្ញាធរ ខ្ញុំ​គិត​ថា ប្រហែលជា​អាច ការងារ​ហ្នឹង​វា​អាច​ទៅ​លឿន​ដែរ។ និយាយ​ទៅ​បើ អោយ​រដ្ឋាភិបាល​ធ្វើ​តែ​ម្នាក់ឯង​វា​ពិបាក ជំនាញ​បច្ចេកទេស​ខាង​ការ​ផ្សព្វផ្សាយ​របស់​យើង ក៏​នៅ​មាន​កម្រិត​ដែរ។ យើង​បាន​អនុវត្ត ប៉ុន្តែ រឿង​សិល្បៈ​នៃ​ការ​ផ្សព្វ​វា​ពិបាក បើ​បាន​សមាគម និងNGOs អី​គាត់​មក​ចូលរួម​ទាំងអស់​គ្នា វា​នឹង​ទូលំទូលាយ ជាង​ហ្នឹង​ដោយសារ សហគមន៍​គាត់​មិនទាន់​ហ៊ាន​ទទួលយក​អា​ខន់សិប (concept= គំនិត​) ហ្នឹង»

ប៉ុន្តែ លោក​មេធាវី សុក សំអឿន ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នកច្បាប់​អមរិន្ទ្រ យល់​ផ្ទុយ​ពី​នេះ។ លោក​អះអាង​ថា ការ​ពិត​ទៅ​ពលរដ្ឋ ក្នុង​សហគមន៍​នឹង​សប្បាយ​ចិត្ត​ទៅវិញ​ទេ ពី​ព្រោះ​កម្មវិធី​ការងារ​សហគមន៍​អាច​ជួយ​អោយ​អ្នក​ទោស​ស្រាលៗ​អាច​អនុវត្ត​ទោស​របស់​ខ្លួន​នៅ​ក្រៅ​បាន មិន​ចាំបាច់​ទៅ​នៅ​ក្នុង​គុក៖ «បែរជា​ឆ្លើយ​ដាក់​កំហុស​ទៅលើ​ប្រជា​ពលរដ្ឋ​វិញ​។ ទស្សនៈ​ខ្ញុំ​មិនមែន​រឿង​ប្រជាពលរដ្ឋ​ទេ ប្រជាពលរដ្ឋ​គាត់​ត្រេកអរ​ទៅវិញ​ទេ អោយ​តែ​បាន​ការងារ​សហគមន៍ ពីព្រោះ​កុំ​អោយ ស្អី​ក៏​ជាប់គុក​ស្អី​ក៏​ជាប់ គុក​ដែរ​នោះ។ និយាយ​រួម​ទៅ​ការងារ​សហគមន៍ សម្រាប់​បទល្មើស​តូចតាច ទោស​បី​ឆ្នាំ​ចុះក្រោម។ ហេតុដូច្នេះ វា​មិន​ប៉ះ​ពាល់​ទឹកចិត្ត​ប្រជាពលរដ្ឋ​ទេ។ សំខាន់​គឺ​សេចក្ដី​សំរេច​របស់​តុលាការ ពីព្រោះ​ការកំណត់​ដាក់​ការងារ សហគមន៍​ហ្នឹង​គឺ ថា​អត់​អោយ​អ្នកឯង ជាប់ពន្ធនាគារ​ទេ ក៏ប៉ុន្តែ​ក្នុង​១​ខែ​ត្រូវ​ធ្វើ ការងារ​សហគមន៍​ប៉ុន្មាន​ម៉ោង នៅ​កន្លែង​ណា​អី​អញ្ចឹង​ទៅតាម​រដ្ឋ​កំណត់ ហើយ​បើ​អ្នកឯង​មិន​ធ្វើ​ទេ អាហ្នឹង​ទើប​គេ​ដាក់ទោស​យក​មក​ពន្ធនាគារ»

លោក​មេធាវី សុក សំអឿន ថា ក្រសួង​ពីរ​គួរតែ​សហការ​គ្នា​ដើម្បី​ទទួលខុសត្រូវ អោយ​មាន​កម្មវិធី​អនុវត្ត​ទោស ដោយ​អោយ​ទណ្ឌិត​ធ្វើ​ការងារ​ក្នុង​សហគមន៍៖ «គួរតែ​ក្រសួងយុត្តិធម៌ និង​ក្រសួង​សង្គមកិច្ច ប្រមើល​ថា​តើ ការងារ​សហគមន៍​ស្អី​ខ្លះ​ដែល​អាច​អោយ​អ្នក​ដែល​ទទួល​ទណ្ឌកម្ម​ស្រាល ហ្នឹង​មក​ធ្វើ​ការងារ​ហ្នឹង។ ហើយ​ស្ថាប័ន​ណា ជា​អ្នកគ្រប់គ្រង អ្នក​ដែល​ជាប់​កាតព្វកិច្ច​បំពេញការងារ​សហគមន៍ ជំនួស​ទណ្ឌកម្ម​ជំនួស​អោយ​ការ​ជាប់​ពន្ធនាគារ​វិញ។ ខ្ញុំ​ថា ការ​គ្រប់គ្រង​ការងារ​សហគមន៍​ខ្ញុំ​ថា ខាង​ឃុំ​-​សង្កាត់ ខាង​ប៉ូលិស មើល​ទៅ​ថា មាន​ការ​ងារ​សហគមន៍​មាន​ការងារ​អី​ខ្លះ»

បញ្ហា​មួយទៀត​ដែល​ធ្វើ​អោយ​គោលការណ៍​អនុវត្ត​ទោស​ក្រៅ​ឃុំ ដែល​មាន​ចែង​ក្នុង​ក្រមព្រហ្មទណ្ឌ​តាំងពី​ឆ្នាំ​២០០៩ មិន​អាច​អនុវត្ត​បាន​នោះ លោក​មេធាវី សុខ សំអឿន ថា អាច​មក​ពី​ក្រសួងយុត្តិធម៌ មិនទាន់​យល់​ច្រឡំ។

លោក សុក សំអឿន ៖ «ប្រហែលជា​ក្រសួងយុត្តិធម៌​មិនទាន់​បាន​គិត​ថា ការងារ​សហគមន៍​ហ្នឹង​ការងារ​បែប​ម៉េច ហើយ​ប្រហែល​អាច​មាន​ការ យល់​ច្បាស់​អត់​ទាន់​ច្បាស់ អំពី​ការងារ​សហគមន៍​ហ្នឹង ពីព្រោះ​ច្រឡំ​ថា អ្នក​មានទោស​ពី​បទ​ប្លន់ អីចឹង​អោយ​ជាប់គុក​មាន​ឆ្នាំ​ទៅ នៅ​សល់ ប៉ុន្មាន​ឆ្នាំ​ទៀត​អោយ​ធ្វើ​ការងារ សហគមន៍​អីចឹង​ទៅ។ គោលការណ៍​ការងារ សហគមន៍​មិន​មែន​សំដៅ​ទៅ​លើ​បញ្ហា​អ៊ីចឹង​ទេ»

មាត្រា ៧២​នៃ​ក្រមព្រហ្មទណ្ឌ​ចែង​អំពី​និយមន័យ​នៃ​ការងារ​សហគមន៍ ដូចតទៅ​៖

កាលណា​ជនជាប់ចោទ​ទទួល​ទោស​ដាក់​ពន្ធនាគារ ដែល​អតិបរមា​តិច ជាង ឬ​ស្មើនឹង​៣ (​បី​)​ឆ្នាំ​តុលាការ​អាច​ប្រកាស​ទោស​ការងារ​សហគមន៍។ ការងារ​សហគមន៍ គឺជា​កាតព្វកិច្ច​ត្រូវ​បំពេញ​ក្នុង​ថិរវេលា​ចន្លោះ​ពី ៣០ ម៉ោង ទៅ​២០០ ម៉ោង នូវ​ការងារ​គ្មាន​កម្រៃ ជា​ប្រយោជន៍​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ឬ​នីតិបុគ្គល នៃ​នីតិ​សាធារណៈ​ផ្សេងទៀត ដល់​សហគមន៍ សមាគម ឬ​ដល់​អង្គការ​មិនមែន​រដ្ឋាភិបាល។

ការ​អនុញ្ញាត​អោយ​ទណ្ឌិត​កម្រិត​ស្រាល​អនុវត្ត​ទោស​ក្រៅ​ពន្ធនាគារ ដោយ​អោយ ធ្វើការ​ក្នុង​សហគមន៍ មាន​ប្រយោជន៍​ធំ​៣ ទី​១​គឺ ជួយ​កាត់បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ដែល​ជា​វត្ថុបំណង​នៃ​មាត្រា ៧២​នៃ​ក្រមព្រហ្មទណ្ឌ។ ទី​២ កាត់បន្ថយ​ការ​ចំណាយ​ថវិកា​រដ្ឋ និង​ទី​បី គឺ​បាន​ផល​ប្រយោជន៍​ដល់​សហគមន៍ នៅ​ពេល​ទណ្ឌិត អាច​ជួយ​ធ្វើ​កិច្ចការ​សម្រាប់​សហគមន៍ ដូចជា សំអាត​អនាម័យ ផ្លូវថ្នល់ សាលារៀន ការងារ​ក្នុង​មជ្ឈមណ្ឌល​មនុស្ស​ចាស់ ឬ​ដាំ​ដើមឈើ ជាដើម។

ជាច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ អតីត​អ្នក​ជាប់ឃុំ​ជាច្រើន​បាន​ចែករំលែក បទពិសោធន៍ នៃ​រស់​ជាតិ​ជីវិត​ជូរចត់​ក្នុង​ពន្ធនាគារ​របស់​ខ្លួន​ទៅ​អោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​សិទ្ធិមនុស្ស ក្នុង​ក្តី​សង្ឃឹមថា អាច​នឹង​មានការ​កែលំអ។ បញ្ហា​ចម្បង​ៗ ដែល​ពួកគេ​ជួបប្រទះ រួមមាន ការ​រស់​នៅ​ក្នុង​សភាព​ចង្អៀត​កកកុញ​លើស​ចំណុះ ក្នុង​បន្ទប់​តូច បញ្ហា​ហូប ចុក បញ្ហា​សុខភាព​ជាដើម។

លោក នុត សវនា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ ទទួល​ស្គាល់​ថា ពន្ធនាគារ​នៅ​កម្ពុជា ពិតជា​មាន​ភាព​ចង្អៀត​ណែន ដែល​បណ្ដាល​អោយ​មាន​បញ្ហា​អនាម័យ អ្នក​ជាប់ឃុំ​មាន​ជំងឺ​ស្ពឹក ជំងឺ​កង្វះ​ជីវជាតិ ជំងឺ​កង្វះ​កម្ដៅ​ថ្ងៃ​ជាដើម។

លោក នុត សវនា មានប្រសាសន៍​បន្ត​ថា ដើម្បី​កាត់បន្ថយ​ស្ថាពរ ភាព​ចង្អៀត​ណែន ក្នុង​ពន្ធនាគារ ក្រសួងមហាផ្ទៃ​កំពុង​សាងសង់​ពន្ធនាគារ ថែម​នៅ​មណ្ឌល​អប់រំ​កែប្រែ​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ហៅ​កាត់​ថា ម​៤ និង​ពង្រីក​បន្ទប់​ឃុំឃាំង នៅ​ពន្ធនាគារ​មួយ​ចំនួន​ទៀត ដែល​លោក ហៅថា នេះ​គ្រាន់​តែ​ជា​ដំណោះស្រាយ​ចំពោះ​មុខ៖ «អាហ្នឹង​វា​ជា​ដំណោះស្រាយ​ដំណាក់កាល​ខ្លី​វា​មិនមែន​ជា​ដំណោះស្រាយ​មាន​និរន្តរភាព​ទេ។ យើង​កំពុងតែ​ពិចារណា​រក​វិធានការ​ផ្សេងៗ ដូចជា វិធានការ អនុវត្ត​ទោស​នៅ​ក្រៅ​ឃុំ​អីចឹង​ទៅ»

កម្ពុជា​នៅ​ទូទាំង​ប្រទេស មាន​ពន្ធនាគារ​ចំនួន ២៨​កន្លែង រាប់បញ្ចូល ទាំង​ម១ និង​ម២ គឺ​គុក​ព្រៃ​ស​នៅ​ភ្នំពេញ ម៣ គឺ​គុក​ត្រពាំង​ផ្លុង នៅ​ខេត្ត​ត្បូងឃ្មុំ និង​ម​៤ គុក​នៅ​ភ្នំក្រវាញ ព្រមទាំង​គុក​ខ្មែរ​ក្រហម​មួយ កន្លែង​នៅ​ក្រុងភ្នំពេញ​ផង។

ការអនុវត្ត​ទោស​ក្រៅ​ឃុំ ដោយ​អោយ​ទណ្ឌិត​ធ្វើ​ការងារ​ក្នុង​សហគមន៍ រហូត​មក​ដល់​ពេល​នេះ នៅតែ​ជា​ទ្រឹស្ដី​នៅឡើយ​ទេ បើ​ទោះ​ជា​យន្តការ នេះ​មាន ចែង​ក្នុង​ក្រមព្រហ្មទណ្ឌ​តាំងពី​ឆ្នាំ​២០០៩ ហើយ​ក្រសួង យុត្តិធម៌​បាន​ចេញ​សារាចរ បន្ថែម​ក្នុង​ឆ្នាំ​២០១៤​មក​ហើយ​ក្ដី។

ការអនុវត្ត​ទោស​ក្រៅ​ឃុំ​តាមរយៈ​អោយ​ទណ្ឌិត​កម្រិត​ស្រាល​បំពេញ​ការងារ​សហគមន៍ មិនមែន​ជា​វិធី​តែមួយគត់​ដើម្បី​កាត់បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង ពន្ធនាគារ​ប៉ុណ្ណោះ​ទេ ពោល គឺ​នៅ​មាន​យន្តការ ផ្សេងៗ​ទៀត​ដែល​មាន​កំណត់ ក្នុង​ច្បាប់​ដែល​មាន​ស្រាប់​ក្នុង​នោះ រួមមាន ការធានា​អោយ​នៅ​ក្រៅ​ឃុំ​តាមរយៈ​បង់​ប្រាក់ ក៏​ជា​វិធី​មួយ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សភា​អឺរ៉ុប ជំរុញ​ឱ្យ​​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅសល់៨០% និង​ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។