ការ​បកស្រាយ​ចម្ងល់​ទាក់ទង​នឹង​ច្បាប់​ឯក​ពន្ធភាព (ភាគ​២)

នាទី​អត្ថាធិប្បាយ​ច្បាប់​សប្ដាហ៍​នេះ សូម​លើក​យក​ចម្ងល់​របស់​អ្នក​ស្ដាប់​ដែល​សួរ​ថា តើ​នឹង​មាន​កំហុស​ដូច​ម្ដេច​ដែរ ប្រសិន​បើ​បុរស​ស្ត្រី​ក្នុង​ចំណង​អាពាហ៍ពិពាហ៍​នៅ​ឡើយ ហើយ​ទៅ​មាន​គូ​មួយ​ផ្សេង​ទៀត​ដែល​មិន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍?

0:00 / 0:00

អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​ម្នាក់​ឈ្មោះ ឈួន វុទ្ធី នៅ​ទីក្រុង​ភ្នំពេញ បាន​សួរ​មក​នាទី​អត្ថាធិប្បាយ​ច្បាប់​របស់​វិទ្យុ​អាស៊ី​សេរី អំពី​បញ្ហា​ផ្លូវ​ច្បាប់​មួយ​ចំនួន​ទាក់ទង​ទៅ​នឹង​ករណី​ដែល​បុរស​ម្នាក់​ទៅ​យក​ប្រពន្ធ​ពីរ ឬ​ស្ត្រី​ម្នាក់​ទៅ​យក​ប្ដី​ពីរ។

លោក ឈួន វុទ្ធី បាន​លើក​យក​សាច់​រឿង​ផ្ទាល់​ខ្លួន​របស់​លោក​ផ្ទាល់​ដែល​មាន​ស្ត្រី​ម្នាក់​សុំ​ឱ្យ​លោក​រៀបការ​ជាមួយ​នៅ​ពេល​ដែល​លោក​កំពុង​មាន​ប្រពន្ធ​មួយ​រួច​ហើយ។ សំណួរ​របស់​លោក ឈួន វុទ្ធី ត្រូវ​បាន​លោក​មេធាវី គង់ រ៉ាឌី ជា​សមាជិក​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ម្ចាស់​ការិយាល័យ​ច្បាប់​មួយ​ឈ្មោះ​ថា ការិយាល័យ​មេធាវី គង់ រ៉ាឌី បាន​ពន្យល់​អំពី​ផ្លូវ​ច្បាប់​ស្ដីពី​ឯក​ពន្ធភាព ឬ​ហៅ​ថា ច្បាប់​ប្ដី​មួយ​ប្រពន្ធ​មួយ​រួច​ហើយ​ថា ក្នុង​ករណី​ដូច​នេះ ត្រូវ​បាន​ចាត់​ចូល​ទៅ​ក្នុង​បទ​ទ្វេ​ពន្ធភាព គឺ​បទ​ប្រពន្ធ​ពីរ ឬ​ប្ដី​ពីរ។

នៅ​ក្នុង​មាត្រា​៤ នៃ​ច្បាប់​ស្ដីពី​ឯក​ពន្ធភាព បាន​ចែង​ថា ៖ «ទ្វេ​ពន្ធភាព​ជា​ចំណង​អាពាហ៍ពិពាហ៍​ដែល​បុរស​មាន​ប្រពន្ធ​ពីរ ឯ​ស្ត្រី​មាន​ប្ដី​ពីរ។ ត្រូវ​ចាត់​ទុក​ថា មាន​ពិរុទ្ធ​ក្នុង​បទ​ទ្វេ​ពន្ធភាព បុរស ឬ​ស្ត្រី​ណា​ដែល​មាន​ចំណង​អាពាហ៍ពិពាហ៍​ពី​មុន​មិន​ទាន់​រលាយ​នៅ​ឡើយ ហើយ​ទៅ​ចុះ​បញ្ជី​អាពាហ៍ពិពាហ៍​ថ្មី​មួយ​ទៀត។ អ្នក​សមគំនិត​ត្រូវ​មាន​ទោស​ដូច​គ្នា»

នៅ​ពេល​ដែល​បុរស​ណា​ម្នាក់​កំពុង​មាន​ប្រពន្ធ ឬ​ស្រី​កំពុង​មាន​ប្ដី​ក្នុង​ចំណង​អាពាហ៍ពិពាហ៍​នៅ​ឡើយ ហើយ​ទៅ​ចុះ​បញ្ជី​អាពាហ៍ពិពាហ៍​ថ្មី​មួយ​ទៀត ត្រូវ​មាន​ទោស​ពី​បទ​ប្រពន្ធ​ពីរ ឬ​ប្ដី​ពីរ ដែល​ភាសា​ច្បាប់​ហៅ​ទ្វេ​ពន្ធភាព​នោះ តើ​ច្បាប់​ឯក​ពន្ធភាព​នឹង​កំណត់​យ៉ាង​ណា ប្រសិន​បើ​បុរស​នោះ​មិន​ចុះ​បញ្ជី​អាពាហ៍ពិពាហ៍​ស្រី​ថ្មី ដោយ​គ្រាន់​តែ​រស់​នៅ​ជាមួយ​គ្នា​ជា​ប្ដី​ប្រពន្ធ​ប៉ុណ្ណោះ?

ហើយ​លោក​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នៅ​សហរដ្ឋ​អាមេរិក​មួយ​រូប​បាន​លើក​សំណួរ​មួយ​ឡើង​ថា «បើ​សិន​ណា​យើង​ចុះ​អេតាស៊ីវិល​ទាំង​ពីរ យើង​មាន​ទោស ហើយ​បើ​សិន​យើង​មាន​ប្រពន្ធ​ហើយ ហើយ​យើង​ទៅ​ផិត​ក្បត់​ជាមួយ​ស្រី​ផ្សេង អា​ហ្នឹង​យើង​មាន​ទោស​ឬ​ទេ?»

ចំពោះ​សំណួរ​នេះ​លោក​មេធាវី គង់ រ៉ាឌី មាន​ប្រសាសន៍​ថា ក្នុង​ករណី​ដូច្នេះ ច្បាប់​ឯក​ពន្ធភាព​ត្រូវ​ចាត់​ទុក​ថា​ជា​បទ​ផិត។

លោក​ពន្យល់​បន្ថែម​ថា ៖ «ហ្នឹង​ចូល​រឿង​មួយ​ទៀត។ មួយ​អម្បាញ់មិញ​គាត់​មាន​ចំណង​អាពាហ៍ពិពាហ៍ គាត់​ទៅ​រៀបការ​នារី​មួយ​ទៀត ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​មួយ​ទៀត អា​ហ្នឹង​ទ្វេ​ពន្ធភាព។ ប៉ុន្តែ​ក្នុង​ករណី​នេះ បើ​សិន​ជា​គាត់​មាន​ចំណង​អាពាហ៍ពិពាហ៍​ជាមួយ​ប្រពន្ធ​គាត់​មែន ក៏​ប៉ុន្តែ​គាត់​ទៅ​រក​ស្រី​មួយ​ផ្សេង​ទៀត គាត់​អត់​បាន​រៀបការ​ទេ គ្រាន់​តែ​គេង​នៅ​ជាមួយ រួម​ភេទ​ធម្មតា​ហ្នឹង អា​ហ្នឹង​ត្រូវ​មាន​ទោស​ពី​បទ​ផិត។ តាម​មាត្រា​៧ នៃ​ច្បាប់​ឯក​ពន្ធភាព​ហ្នឹង គេ​ចាត់​ទុក​ថា បទ​ផិត។ គេ​ថា ចាត់​ទុក​ថា​បទ​ផិត បើ​ការ​រួម​សេវនកិច្ច​រវាង​បុរស​ដែល​មាន​ចំណង​អាពាហ៍ពិពាហ៍​ពី​មុន​មិន​ទាន់​រលាយ​ជាមួយ​ស្ត្រី​ដទៃ​ក្រៅ​ពី​ប្រពន្ធ​របស់​ខ្លួន។ សេវនកិច្ច គឺ​ការ​រួម​រស់​ជាមួយ​គ្នា​ដូច​ជា​ប្ដី​និង​ប្រពន្ធ ដោយ​មាន​ការ​រួម​ភេទ រស់​នៅ​ជាមួយ​គ្នា ឬ​ការ​រួម​សេវនកិច្ច​រវាង​ស្ត្រី​ដែល​មាន​ចំណង​អាពាហ៍ពិពាហ៍​ពី​មុន​មិន​ទាន់​រលាយ​ជាមួយ​បុរស​ដទៃ​ក្រៅ​ពី​ប្ដី​របស់​ខ្លួន។ អ៊ីចឹង​មាត្រា​នេះ គេ​និយាយ​ទាំង​បុរស​និង​ស្ត្រី កាល​ណា​គាត់​មាន​ចំណង​អាពាហ៍ពិពាហ៍​ហើយ​គាត់​ទៅ​រក​ដៃគូ​ផ្សេង​ទៀត។ អា​ហ្នឹង​គាត់​ត្រូវ​មាន​ទោស​ពី​បទ​ផិត។ អា​ហ្នឹង​មិន​បាន​ចុះ​អេតាស៊ីវិល មិន​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍»

ងាក​ករណី​របស់​ស្ត្រី​ដែល​សុំ​ឱ្យ​លោក ឈួន វុទ្ធី រៀបការ​ជាមួយ​ក្នុង​ពេល​ដែល​គាត់​ទើប​តែ​លែងលះ​គ្នា​ជាមួយ​ប្ដី​របស់​គាត់​ត្រឹមតែ​អាជ្ញាធរ​ឃុំ​នោះ លោក គង់ រ៉ាឌី មាន​ប្រសាសន៍​ថា នឹង​ខុស​ច្បាប់​ឯក​ពន្ធភាព​ដូច​គ្នា ពីព្រោះ​ចំណង​អាពាហ៍ពិពាហ៍​របស់​គាត់​ជាមួយ​ប្ដី​មុន​នៅ​មិន​ទាន់​រលាយ​ទេ​ដរាប​ណា​មិន​បាន​សម្រេច​ជា​ស្ថាពរ​ដោយ​តុលាការ។

លោក គង់ រ៉ាឌី មាន​ប្រសាសន៍​ដូច្នេះ ៖ «ការ​ផ្ដិត​មេដៃ​ចំពោះ​មុខ​ឃុំ​ហ្នឹង គឺ​អត់​រំលាយ​សិទ្ធិ​គាត់​ស្រប​ច្បាប់​របស់​បុរស​ហ្នឹង​បាន​ទេ។ គាត់​នៅ​មាន​សិទ្ធិ​ជា​ប្រពន្ធ​ស្រប​ច្បាប់​របស់​បុរស​ហ្នឹង​ដដែល»

ឡេង ម៉ាលី ៖ តើ​ស្ត្រី​រូប​នេះ​អាច​មាន​សិទ្ធិ​រៀបការ​បាន​ទេ ព្រោះ​បាន​នៅ​បែក​គ្នា​ហើយ? គង់ រ៉ាឌី ៖ អា​ហ្នឹង​យើង​អាច​ក្រឡេក​មើល​ទៅ​ចំណុច​មួយ​ដែល​ខ្ញុំ​និយាយ​ថា មូលហេតុ​នៃ​ការ​រលាយ​ចំណង​អាពាហ៍ពិពាហ៍​ហ្នឹង។ ចំណង​អាពាហ៍ពិពាហ៍​ត្រូវ​រលាយ​ក្នុង​ករណី​ណា​មួយ​ដូច​ខាង​ក្រោម ៖ មាន​សហព័ទ្ធ​ណា​មួយ​ស្លាប់ មាន​សេចក្ដី​សម្រេច​រំលាយ​ចំណង​អាពាហ៍ពិពាហ៍​ជា​ស្ថាពរ ហើយ​ចុង​ក្រោយ​មួយ​ទៀត​ដែល​អាច​ទាក់ទង​នឹង​គាត់​គឺ សហព័ទ្ធ​ណា​មួយ​បាត់​ខ្លួន​ហួស​ពី​មួយ​ឆ្នាំ​ដោយ​គ្មាន​ដំណឹង​អ្វី​សោះ និង​មិន​ដឹង​ថា​ស្លាប់​ឬ​រស់។ ហ្នឹង​ជួន​កាល​ក្រោយ​បែក​គ្នា​ហ្នឹង ប្ដី​គាត់​បាត់​ឈឹង​មិន​ស្លាប់ ឬ​រស់។ អ៊ីចឹង​គាត់​មិន​ដឹង​ទី​ពឹង​អី គាត់​មាន​សិទ្ធិ​រក​ប្ដី​ថ្មី​ទៀត ព្រោះ​ច្បាប់​គេ​បើក​ឱ្យ​អ៊ីចឹង។

ក៏​ប៉ុន្តែ​នៅ​ក្នុង​ករណី​នេះ បន្ទាប់​ពី​ការ​លែងលះ​គ្នា​នៅ​ថ្នាក់​ឃុំ​រួច​ហើយ​ក្ដី ក៏​ប្ដី​ស្ត្រី​រូប​នេះ​នៅ​តែ​ផ្ដល់​លុយ​មក​ចិញ្ចឹម​កូន​បន្តិច​បន្តួច​ដែរ គឺ​មិន​បាន​បាត់​ដំណឹង​សូន្យ​ទេ។

លោក​មេធាវី គង់ រ៉ាឌី ពន្យល់​ថា ៖ «បើ​សិន​ជា​នៅ​ទាក់ទង​គ្នា​ផ្ដល់​លុយ​ផ្ដល់​កាក់​ហ្នឹង ចំណង​អាពាហ៍ពិពាហ៍​នៅ​ជាប់​នៅ​ឡើយ អត់​ដាច់​ទេ។ ស្ត្រី​ហ្នឹង​ក៏​ត្រូវ​មាន​ទោស​ដែរ ប្រសិន​បើ​គាត់​ហ្នឹង​ទៅ​រក​ប្រុស​ផ្សេង​ក្នុង​ចំណង​អាពាហ៍ពិពាហ៍​មិន​ទាន់​នេះ​ហ្នឹង គេ​អាច​ប្ដឹង​គាត់​បាន​ពី​បទ​ផិត»

នៅ​ក្នុង​មាត្រា​១០ នៃ​ច្បាប់​ឯក​ពន្ធភាព​បាន​ចែង​ថា ៖ ជន​ណា​ប្រព្រឹត្ត​ល្មើស​នឹង​មាត្រា​៤ និង​មាត្រា​៧ នៃ​ច្បាប់​នេះ ត្រូវ​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ​ដល់ ១​ឆ្នាំ និង​ផ្ដន្ទា​ទោស​ពិន័យ​ជា​ប្រាក់​ពី ២​សែន​រៀល ដល់​មួយ​រៀល ឬ​ផ្ដន្ទា​ទោស​ណា​មួយ​នៃ​ទោស​ទាំងពីរ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់​នានា ទាក់​ទង​នឹង​បញ្ហា​ច្បាប់ ហើយ​ចង់​សួរ​មក​នាទី​យើង សូម​លោក​អ្នក​ទាក់ទង​មក​ទូរស័ព្ទ​លេខ ០១២ ៧៧៦ ៥០៧៕