អំណាច​ច្បាប់ ម៉ែកនីតស្គី ក្នុង​ការ​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា

ដោយ មួង ណារ៉េត
2019.02.12
ហ៊ីង ប៊ុនហៀង ២០១៦ ៦២២ អគ្គបញ្ជាការ​រង​នៃ​ទីបញ្ជាការដ្ឋាន​កង​អង្គរក្ស នាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ថ្លែង​ក្នុង​ពិធី​ខួប​ឆ្នាំ​ទី​៨ នៃ​ប្រកាស​បង្កើត​ទីបញ្ជាការដ្ឋាន​អង្គរក្ស នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៦។
RFA

របាយការណ៍​អង្គការ​សិទ្ធិមនុស្ស​រក​ឃើញ​ថា នៅ​កម្ពុជា មាន​ករណី​រំលោភ​សិទ្ធិមនុស្ស​ជា​ច្រើន​ករណី ដែល​ប្រព្រឹត្ត​ឡើង​ដោយ​មន្ត្រី​បក្ស​កាន់អំណាច។ ប៉ុន្តែ​អ្នក​ទាំង​នេះ​តែងតែ​រួច​ខ្លួន​ជា​និច្ច ដោយសារ​តែ​​ប្រព័ន្ធ​យុត្តិ​ធម៌ ខ្វះ​ភាព​ឯករាជ្យ និង​រង​ឥទ្ធិពល​ពី​អ្នក​នយោបាយ។

ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រទេស​ប្រជាធិបតេយ្យ ដូច​ជា​សហរដ្ឋ​អាមេរិក មិន​អនុញ្ញាត​ឲ្យ​មន្ត្រី​កម្ពុជា ទាំង​នោះ​រួច​ខ្លួន​ទេ ដោយ​អាមេរិក​បង្កើត​ច្បាប់​មួយ មាន​ឈ្មោះ​ថា the Global Magnitsky Act យក​មក​អនុវត្ត ដើម្បី​ដាក់ទណ្ឌកម្ម​មន្ត្រី​ទាំង​នោះ​បាន។

តើ​ច្បាប់​ the Global Magnitsky Act មាន​ប្រវត្តិ​យ៉ាង​ណា និង​មាន​អានុភាព​ប៉ុន​ណា?

ច្បាប់ The Global Magnitsky Act គឺ​ជា​ច្បាប់​សម្រាប់​ដាក់ទណ្ឌកម្ម​មន្ត្រី​នៃ​រដ្ឋាភិបាល​បរទេស ដែល​ប្រព្រឹត្ត​អំពើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។ ច្បាប់​នេះ​យក​តាម​ឈ្មោះ​របស់​ជនជាតិ​រុស្ស៊ី​មួយ​រូប ដែល​ជា​មន្ត្រី​សវនករ​ ឈ្មោះ​លោក ស៊ើហ្គេ ម៉ែកនីតស្គី (Sergei Magnitsky)។ លោក ស៊ើហ្គេ ម៉ែកនីតស្គី គឺ​ជា​អ្នក​ឯកទេស ខាង​វែក​មុខ​ជន​ប្រព្រឹត្ត​​អំពើ​ពុក​រលួយ។ ប៉ុន្តែ​សមត្ថកិច្ច​រុស្ស៊ី បាន​ចាប់ និង​ឃុំ​ខ្លួន​លោក កាល​ពី​ឆ្នាំ២០០៨។ លោក​រង​ទារុណកម្ម​យ៉ាង​ដំណំ និង​ត្រូវ​អាជ្ញាធរ​រុស្ស៊ី​បង្អត់​ថ្នាំ​សង្កូវ និង ការ​ថែ​សុខភាព​រហូត​ធ្វើ​ឲ្យ​លោក​ស្លាប់​នៅ​ក្នុង​ពន្ធនាគារ នៅ​ខែ​វិច្ឆិកា ឆ្នាំ២០០៩។ មុន​រង​ការ​វាយដំ រហូត​ដល់​ស្លាប់​នេះ លោក​ជាប់​ឃុំ​អស់​រយៈ​ពេល ៣៥៨ថ្ងៃ ដោយ​គ្មាន​ការ​ជំនុំជម្រះ​ក្តី​អ្វី​ទាំង​អស់។

សភា​អាមេរិក​ និង​ប្រធានាធិបតី​អាមេរិក​លោក បារ៉ាក់ អូបាម៉ា (Barack Obama) បាន​អនុម័ត​ច្បាប់​ដំបូង ដាក់​ឈ្មោះ​ថា ច្បាប់ The Magnitsky Act នៅ​ចុង​ឆ្នាំ២០១២ ក្នុង​បំណង​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រុស្ស៊ី​ទាំង​ឡាយ​ណា ដែល​ចូល​ដៃ​ក្នុង​ការ​ធ្វើ​ឲ្យ​លោក ស៊ើហ្គេ ម៉ែកនីតស្គី ស្លាប់។ ទណ្ឌកម្ម​ទាំង​នោះ រួម​មាន ការ​បិទ​ទិដ្ឋាការ មិន​ឲ្យ​មន្ត្រី​រុស្ស៊ី​ទាំង​នោះ​ចូល​ទឹក​ដី​អាមេរិក និង​បង្កក​ទ្រព្យ​សម្បត្តិ ឬ​ហាម​ឃាត់​មន្រ្តី​ទាំង​នោះ មិន​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អាមេរិក។ ច្បាប់ The Magnitsky Act ដំបូង​នេះ ដាក់​ទណ្ឌកម្ម​តែ​មន្ត្រី​រុស្ស៊ី ដែល​ប្រព្រឹត្ត​អំពើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ នៅ​ក្នុង​ប្រទេស​រុស្ស៊ី តែ​ប៉ុណ្ណោះ។

ប៉ុន្តែ​ក្រោយ​មក ​សភា​អាមេរិក កាល​ពី​ចុង​ឆ្នាំ២០១៥ បាន​ពង្រីក​វិសាលភាព​​​ច្បាប់​នេះ ដោយ​ពន្លាត​យុត្តាធិការ ឬ​អំណាច​អនុវត្ត ឲ្យ​ហួស​ពី​ប្រទេស​រុស្ស៊ី ដោយ​ដាក់​ឈ្មោះ​ច្បាប់​នេះ​ថា ច្បាប់​ the ‘‘Global Magnitsky Human Rights Accountability Act’’ ឬ ច្បាប់​ដាក់ទណ្ឌកម្ម​លើ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជាសាកល ដែល​អនុវត្ត​ទៅ​លើ​ប្រទេស​ទាំងអស់​ នៅ​លើ​ពិភពលោក។ ច្បាប់​ទី​ពីរ​នេះ ចូលជាធរមាន​នៅ​ឆ្នាំ ២០១៦ ដោយ​ស្គាល់​ជា​ទូទៅ​ថា ជា​ច្បាប់​ the Global Magnitsky Act ដែល​ផ្ដល់​អំណាច​ឲ្យ​ផ្នែក​នីតិប្រតិបត្តិ គឺ​រដ្ឋាភិបាល ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​មន្ត្រី​នៃ​រដ្ឋ​បរទេស ដែល​ចូល​ដៃ​ក្នុង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

ក្នុង​ការ​កំណត់​ថា តើ​ជន​ណា​ខ្លះ ដែល​បាន​ចូល​ដៃ​ក្នុង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នេះ ក្រសួង​ការ​បរទេស​អាមេរិក មាន​ភារកិច្ច​ក្នុង​ការ​ប្រមូល​ភស្តុតាង រួច​បញ្ជូន​ទៅ​ក្រសួង​រតនាគារ ដើម្បី​បង្កក​ទ្រព្យ​សម្បត្តិ​ជន​ទាំង​នោះ។ ភស្តុតាង​ទាំង​នេះ បាន​មក​ពី​ប្រភព​ផ្សេងៗ របស់​រដ្ឋាភិបាល​អាមេរិក រួម​ទាំង​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ ដូច​ជា​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ជា​ដើម​ផង។

នាយក​ប្រតិបត្តិ ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ថា​អង្គការ​របស់​លោក គឺ​ជា​ប្រភព​ឯកសារ​ព័ស្តុតាង ដ៏​សំខាន់​មួយ​ទាំង​សម្រាប់​រដ្ឋាភិបាល​អាមេរិក និង​ប្រទេស​ដទៃ​ទៀត ដែល​ត្រូវ​ការ​ព័ស្តុតាង អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​គ្រប់​ប្រទេស​ទាំង​អស់ រួម​ទាំង​ភស្តុតាង អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ផង។

លោក​លើក​ឧទាហរណ៍​ជាក់​ស្តែង​ មួយ ជុំវិញ​ការ​ដាក់​ទណ្ឌកម្ម​លើ​មេ​កង​អង្គរក្ស​លោក ហ៊ុន សែន គឺ​លោក ហ៊ីង ប៊ុនហៀង នា​ពេល​ថ្មីៗ នេះ គឺ​មួយ​ផ្នែក ផ្អែក​លើ​ឯកសារ​ភស្តុតាង ដែល​អង្គការ​លោក​បាន​ដាក់​ជូន​ទៅ​រដ្ឋាភិបាល​អាមេរិក៖ «ក្នុង​ករណី​លោក ហ៊ីង ប៊ុនហៀង រដ្ឋាភិបាល​អាមេរិក​ចាត់​ទុក របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ថា ជា​ភស្តុតាង រឹងមាំ​ ដែល​ឈរ​លើ​អង្គហេតុ​ពិតប្រាកដ និង គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​បាន ព្រោះ​រដ្ឋាភិបាល​អាមេរិក​បាន​ប្រើប្រាស់ ភស្តុតាង​ទាំង​នេះ មុននឹង​សម្រេច​ដាក់ទណ្ឌកម្ម​គាត់។ ភារកិច្ច​របស់​ក្រសួង​ការ​បរទេស​អាមេរិក គឺ​ពិនិត្យ​មើល​រាល់​ប្រភព​ភស្តុតាង​ទាំង​អស់ ដែល​ពួក​គេ​ទុក​ចិត្ត»

លោក ហ៊ីង ប៊ុនហៀង ជា​មន្រ្តី​ជាន់​ខ្ពស់​នៃ​របប​លោក ហ៊ុន សែន ដំបូង​គេ ដែល​ត្រូវ​រដ្ឋាភិបាល​អាមេរិក​ចាត់​វិធានការ កាល​ពី​ខែ​មិថុនា ឆ្នាំ២០១៨ ដោយ​​​អនុវត្ត​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជាសាកល ឬ the Global Magnitsky Act នេះ។

នៅ​ក្បែរ​កម្ពុជា​ដែរ សហរដ្ឋ​អាមេរិក​ កាល​ពី​ចុង​ឆ្នាំ​២០១៧ បាន​អនុវត្ត​ច្បាប់​ the Global Magnitsky Act នេះ​ទៅលើ​មន្ត្រី​យោធា​សរុប ១៣រូប នៅ​ប្រទេស​ភូមា ឬ មីយ៉ាន់ម៉ា រួម​ទាំង​ឧត្ដមសេនីយ៍​មួយ​រូប​ផង ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​ជន​ភៀស​ខ្លួន រ៉ូហ៊ីងយ៉ា។

ច្បាប់​ដដែល​នេះ អាមេរិក​បាន​អនុវត្ត​លើ​ប្រទេស អារ៉ាប៊ី សាអ៊ូឌីត កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៨ ដោយ​ដាក់ទណ្ឌកម្ម លើ​មន្ត្រី​នៃ​រដ្ឋាភិបាល​ប្រទេស​នេះ​ចំនួន ១៧នាក់ ក្នុង​ការ​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​អ្នក​កាសែត​ជនជាតិ អារ៉ាប៊ី សាអ៊ូឌីត ដែល​ធ្វើ​ការ​ឲ្យ​សារព័ត៌មាន the Washington Post ឈ្មោះ​លោក ចាម៉ាល់ ខាហ្សូជី (Jamal Khashoggi) ដែល​គេ​សម្លាប់​ក្នុង​ទូត អារ៉ាប៊ី សាអ៊ូឌីត ប្រចាំ​ប្រទេស​ទួគី កាល​ពី​ខែ​ដើម​ខែ​តុលា ឆ្នាំ ២០១៨។

ចំពោះ​ប្រទេស​កម្ពុជា បើ​ទោះ​បី​មាន​តែ​លោក ហ៊ីង ប៊ុនហៀង​ តែ​ម្នាក់​ប៉ុណ្ណោះ ដែល​រង​ទណ្ឌកម្ម​ ពី​ច្បាប់​នេះ ក៏​នៅ​មាន​មន្ត្រី​ជាន់​ខ្ពស់​ ក្នុង​ជួរ​យោធា​កម្ពុជា​ជា​ច្រើន​រូប​ទៀត អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​រក​ឃើញ​ថា បាន​ប្រព្រឹត្ត​អំពើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ប៉ុន្តែ នៅ​មិន​ទាន់​ទទួល​ទណ្ឌកម្ម​នៅ​ឡើយ។

ឧត្ដមសេនីយ៍​ខ្មែរ​ចំនួន ១២រូប ត្រូវ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​រក​ឃើញ​ក្នុង​របាយការណ៍​កម្រាស់ ២១៣ទំព័រ ចេញ​ផ្សាយ​កាល​ពី​ចុង​ខែ​មិថុនា ឆ្នាំ២០១៨ ថា ជា​មន្ត្រី​មាន​បាត​ដៃ​ប្រឡាក់​ឈាម ក្នុង​រឿង​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​​នៅ​កម្ពុជា។ ឧត្ដមសេនីយ៍​ទាំង​នោះ មាន​ទាំង​មេ​បញ្ជាការ​យោធា កង​រាជអាវុធហត្ថ និង​នគរបាល។ អង្គការ​នេះ ក៏​ស្នើសុំ​ឲ្យ​សហរដ្ឋ​អាមេរិក និង​សហគមន៍​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​ដែរ។

លោក ប្រ៊ែដ អាដាម (Brad Adams) មាន​សុទិដ្ឋិនិយម​ថា ថ្ងៃ​ណា​មួយ​មន្ត្រី​ទាំង​នេះ នឹង​ទទួល​ទណ្ឌកម្ម​នេះ​ជាក់​ជា​មិន​ខាន៖ «យើង​ដឹង​ជា​ផ្លូវការ​ថា មាន​មន្ត្រី​ខ្មែរ​កាន់​តែ​ច្រើន ស្ថិត​ក្នុង​បញ្ជី​នៃ​អ្នក​ដែល​នឹង​ត្រូវ​រង​ទណ្ឌកម្ម​នេះ។ ដំណើរ​ការ​នេះ ត្រូវ​ការ​ពេល​វេលា​បន្តិច។ ប៉ុន្តែ​ចុង​ក្រោយ ទណ្ឌកម្ម​នឹង​កើត​មាន»

 

បន្ថែម​លើ​ឧត្ដមសេនីយ៍​ទាំង​នេះ សមាជិក​សភា​អាមេរិក ក៏​បាន​ស្នើសុំ​ឈ្មោះ​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួ​រ​របប​លោក ហ៊ុន សែន មួយ​ចំនួន​ទៀត សរុប ១៧នាក់ ដើម្បី​ដាក់​ទណ្ឌកម្ម​ផង​ដែរ។ មន្ត្រី​ទាំង​នោះ រួម​មាន​ប្រធាន​គណបក្ស ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី គឺ​លោក ហ៊ុន សែន អនុ​ប្រធាន​បក្ស​កាន់​អំណាច និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង រដ្ឋមន្ត្រី ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ និង​រដ្ឋមន្ត្រី ជា​ច្រើន​រូប​ផ្សេង​ទៀត រួម​ទាំង​កូន​ប្រុស​ច្បង​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត និង​កូនស្រី​លោក ហ៊ុន សែន គឺ​លោកស្រី ហ៊ុន ម៉ាណា និង​កូន​ប្រសា​លោក ហ៊ុន សែន លោក សុខ ពុទ្ធីវុធ​ ម្នាក់​ផង។

បន្ថែម​លើ​មន្ត្រី​ទាំង​នេះ កាល​ពី​ខែ​កក្កដា ឆ្នាំ២០១៨ អង្គការ​ឃ្លាំ​មើល​ពិភពលោក​ ឲ្យ​អាមេរិក​ដាក់​ឧកញ៉ា​បួន​នាក់​ ក្នុង​បញ្ជី​ខ្មៅ ដើម្បី​ដាក់​ទណ្ឌកម្ម ដោយសារ​បញ្ហា​​រំលោភ​សិទ្ធិ​មនុស្ស បំផ្លាញ​ធនធាន​ធម្ម​ជាតិ​ និង អំពើ​រត់​ពន្ធ។ ឧកញ៉ា​ទាំង​បួន រួម​មាន​លោក​ឧកញ៉ា ម៉ុង ឫទ្ធី លោក​ឧកញ៉ា លី យ៉ុងផាត់ លោក​ឧកញ៉ា ទ្រី ភាព លោក​ឧកញ៉ា ឡៅ ម៉េងឃីន។ បី​នាក់​ក្នុង​ចំណោម​នោះ ជា​សមាជិក​ព្រឹទ្ធសភា​បក្ស​កាន់​អំណាច។ អង្គការ​ឃ្លាំ​មើល​ពិភព​លោក​ គ្លូបល វីតណេស (Global Witness) រក​ឃើញ​ថា ឧកញ៉ា​ដែល​មាន​ទ្រព្យ​មហា​សាល និង​ជិត​ស្និទ្ធ​នឹង​របប​លោក ហ៊ុន សែន ទាំង​បួន​រូប​នេះ សុទ្ធ​តែ​ជាប់​ពាក់​ព័ន្ធ​​នឹង​ការ​កាប់​បំផ្លាញ​​ព្រៃ​ឈើ បូម​ខ្សាច់​ រត់​ពន្ធ​កញ្ឆា​ទ្រង់ទ្រាយ​ធំ និង​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ ​ដើម្បី​ដណ្ដើម​យក​ដីធ្លី​ពី​ពួក​គាត់​ជា​ដើម និង​ចាត់​​ទុក​ថា អ្នក​ទាំង​នេះ សុទ្ធ​តែ​ជា​​អ្នក​​ដែល​​បាន​​ទទួល​​ផល​​ចំណេញ ពី​ការ​រលំរលាយ​នៃ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ស្រប​ពេល​ដែល​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ ត្រូវ​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ រក​ឃើញ​ថា គ្មាន​ភាព​ឯករាជ្យ ក្នុង​ការ​បំពេញ​មុខងារ​ត្រឹមត្រូវ ដើម្បី​ផ្ដន្ទាទោស​មន្ត្រី​បក្ស​កាន់​អំណាច ដែល​ប្រព្រឹត្ត​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ លោក ប្រ៊ែដ អាដាម មើល​ឃើញ​ថា មាន​តែ​យន្តការ​អន្តរជាតិ ដូច​ជា​តាម​រយៈ​ការ​អនុវត្ត​ច្បាប់​​ the Global Magnitsky Act របស់​អាមេរិក​នេះ ទើប​អាច​ធ្វើ​ឲ្យ​មន្ត្រី​នៃ​របប​ផ្ដាច់ការ​ទទួល​ទណ្ឌកម្ម​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​វិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង ថា លោក ហ៊ុន ម៉ាណែត កំពុង​បោកពលរដ្ឋ និង​អន្តរជាតិ អំពី​ការ​ប្ដេជ្ញា​ចិត្ត​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ SDGs របស់​ អ.ស.ប
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។