ភិក្ខុសង្ឃ​និង​ការ​ទ្រទ្រង់​ស្បែក​ជើង

ដោយ កេសរណ្ណីយ្យា
2015.04.22

សេចក្ដី​ដកស្រង់​ពី​គម្ពីរ​ដីកា​អដ្ឋកថា ស្ដីពី​វិន័យ​បញ្ញត្ត​ចំពោះ​ចីវរ និង​គ្រឿង​បរិក្ខារ​សម្រាប់​ភិក្ខុសង្ឃ​ពុទ្ធសាសនា​កត់ត្រា​ថា៖ «…ភិក្ខុ​មិន​ត្រូវ​ទ្រទ្រង់​អាវ… មិន​ត្រូវ​ទ្រទ្រង់​មួក… មិន​ត្រូវ​ទ្រទ្រង់​សំពត់​ឈ្នួត។ … ភិក្ខុ​ណា​ទ្រទ្រង់ (នូវ​របស់​ទាំង​អស់​នេះ) ត្រូវ​អាបត្តិ​ទុក្កដ…»។

តាម​ន័យ​ពាក្យ «អាបត្តិ​ទុក្កដ» បាន​ដល់​អំពើ​អាក្រក់ អំពើ​បាប ជា​ទោស​មួយ​ចំពួក ដែល​ភិក្ខុ ឬ​ភិក្ខុនី​ក្នុង​ព្រះពុទ្ធសាសនា ត្រូវ ពោល​គឺ​មានទោស ព្រោះ​កន្លង ឬ​ល្មើស​ពុទ្ធបញ្ញត្តិ។  ចំពោះ​ទោស​នៃ​ការ​ទ្រទ្រង់​មួក​នេះ ទោះជា​មួក​ប្រភេទ​ណា​ក្តី ឬ​មួយ​ជា​សំពត់​ឈ្នួត​ក្បាល​មាន​សណ្ឋាន​បែប​ណា​ក្តី គឺ​ភិក្ខុ​មិន​អាច​ប្រើប្រាស់​ទ្រទ្រង់​បាន​ឡើយ។

ចំពោះ​គ្រឿង​ទ្រទ្រង់​ស្លៀក​ដណ្ដប់​របស់​ភិក្ខុសង្ឃ​វិញ តាម​ពុទ្ធបញ្ញត្តិ​គឺ​មាន​តែ​ស្បង់ ចីពរ និង​សង្ឃាដី ហៅ​ថា សំពត់​កាសាវពស្ត្រ ឬ​ត្រៃចីវរ។  ការ​ដែល​ភិក្ខុ​ប្រើប្រាស់​អាវ ទោះបី​នៅ​ពី​ខាង​ក្នុង​ហើយ​គ្រង​ស្បង់​ចីពរ​ពី​ខាង​ក្រៅ​បិទ​ជិត​មើល​មិន​ឃើញ​ក្តី ក៏​ខុស​វិន័យ​ដែរ។

វិន័យ​បិដក​គឺ​ជា​គម្ពីរ​ដែល​កត់ត្រា​អំពី​ច្បាប់​បញ្ញត្ត ឬ​ច្បាប់​អនុញ្ញាត សម្រាប់​ភិក្ខុសង្ឃ​ប្រព្រឹត្ត​អប់រំ​សង្រួម​កាយវាចា​ឱ្យ​បាន​ត្រឹមត្រង់​តាម​គន្លង​ក្រឹត្យក្រម​នៃ​បព្វជិត​អ្នកបួស​ក្នុង​ពុទ្ធសាសនា។  ក្នុង​នោះ ត្រង់​អន្លើ​ស្តី​អំពី​របៀប​ទ្រទ្រង់​ស្បង់​ចីវរ​របស់​ភិក្ខុ ចែង​ថា៖ «មិន​ត្រូវ​ស្លៀក និង​ដណ្ដប់​ដូចជា​គ្រហស្ថ» ពោល​គឺ​ភិក្ខុ​មិន​ត្រូវ​ស្លៀក​ស្បង់​ដូចជា​សំលៀកបំពាក់​គ្រហស្ថ​អ្នក​គ្រប់គ្រង​ផ្ទះ។

ត្រង់​ប្រការ​នេះ មាន​សេចក្ដី​ពន្យល់​ថា៖ ទី​១ មិន​ស្លៀក​ឱ្យ​ស្លុយ​មុខ​ដូច​ប្រមោយដំរី ទី​២ មិន​ស្លៀក​ឱ្យ​មាន​សណ្ឋាន​ដូច​កន្ទុយ​ត្រី ទី​៣ មិន​ស្លៀក​ឱ្យ​មាន​ជ្រុង​៤ ទី​៤ មិន​ស្លៀក​ឱ្យ​មាន​អាការៈ​ដូច​ធាងត្នោត ទី​៥ មិន​ស្លៀក​ឱ្យ​មាន​ផ្នត់​ច្រើន និង​ទី​៦ មិន​ស្លៀក​ចងក្បិន។  ចំណែក​ស្បែកជើង​វិញ ក៏​មាន​ការ​កំណត់​ពី​ប្រការ​ដែល​គួរ និង​មិន​គួរ ដូចជា​គ្រឿង​ស្លៀក​ដណ្ដប់​ដែរ។

សកលវិទ្យាធិការ​រង​នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុរាជ នៅ​ទីក្រុង​ភ្នំពេញ ភិក្ខុ​ព្រះញាណកោសល យ៉ង សេងយៀត មាន​ថេរដីកា​អំពី​ប្រការ​ដែល​គួរ​តាម​ពុទ្ធានុញ្ញាត៖ «ព្រះអង្គ​បញ្ញត្តិ​ពី​ស្បែកជើង ព្រះអង្គ​គង់នៅ​តំបន់ ប៊ីហា សព្វថ្ងៃ ដែល​ក្នុង​ដែន​ព្រៃ​ជា​តំបន់​ព្រះអង្គ​ត្រាស់​ដឹង តំបន់​ហ្នឹង​ខ្សាច់ ដើរ​ជើ​ទទេ​អត់​ឈឺ​ជើង​ទេ ដើរ​ជើង​ទទេ​ត្រជាក់​ជើងល្អ​ស្រួល​ជាង​ពាក់​ស្បែក​ជើង អ៊ីចឹង​ព្រះអង្គ​បញ្ញត្តិ​ឱ្យ​ប្រើ​ស្បែក​ជើង​១​ជាន់។  ដោយ​ឡែក​ព្រះអង្គ​ដែល​នៅ​ខាង​តំបន់​ថ្ម ដល់​អ៊ីចឹង​ភិក្ខុសង្ឃ​ដែល​ត្រឡប់​មក​ទូល​ថា បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ខាង​ទូលបង្គំ​ប្រើ​អត់​កើត​ទេ​ស្បែកជើង ព្រោះ​តំបន់​នោះ​ស្រុក​មាន​ក្រួស​មាន​ថ្ម​ច្រើន​ណាស់។ ព្រះអង្គ​ក៏​អនុញ្ញាត​ឱ្យ​ប្រើ ៣​ជាន់​ស្បែក​ដាក់​បាន ៣​ជាន់។  អ៊ីចឹង​វិន័យ​ដែល​កើត​មាន​ឡើង​ក្នុង​ពុទ្ធសាសនា បញ្ញត្តិ​កើត​នៅ​តំបន់​ណា ច្រើន​ទាក់ទង​នៅ​តំបន់​ហ្នឹង​រឿងរ៉ាវ​នៅ​សង្គម​ហ្នឹង...»

​ការ​អនុញ្ញាត​ឱ្យ​ភិក្ខុ​ប្រើប្រាស់​ស្បែក​ជើង​ចាប់​ពី ៤​ជាន់​ឡើង​ទៅ​នេះ គឺ​សម្រាប់​ក្នុង​បច្ចន្តជនបទ ឬ​បច្ចន្តគ្រាម ដែល​ជា​តំបន់​នៅ​ចុងកាត់មាត់ញក មាន​សណ្ឋាន​ដី និង​ផ្លូវ​មិន​រាប​ស្មើ​ល្អ។  ប្រការ​នេះ​ក៏​មាន​លក្ខណៈ​ដូចគ្នា​នឹង​ពុទ្ធានុញ្ញាត​ដល់​ភិក្ខុ​ឱ្យ​គ្រង​សង្ឃាដី​រហូត​ដល់ ៤​ជាន់ ហើយ​ចីវរ និង​ស្បង់ ២​ជាន់ៗ សម្រាប់​តំបន់​ដែល​មាន​អាកាសធាតុ​ត្រជាក់​ខ្លាំង​យ៉ាង​ដូច្នោះ​ដែរ។

ចំពោះ​ស្បង់​ស្បៃ​ត្រៃចីវរ ដែល​ជា​គ្រឿង​សំគាល់​ដ៏​សំខាន់​នៃ​សមណ ឬ​បព្វជិត​អ្នក​បួស​ក្នុង​ពុទ្ធសាសនា គឺ​ពុទ្ធានុញ្ញាត​ឱ្យ​ភិក្ខុ​ប្រើប្រាស់​សាច់​សំពត់ ៦​យ៉ាង ដែល​ធ្វើ​ពី​សរសៃ​សូត្រ និង​អំបោះ​បាន​មក​ពី​រុក្ខជាតិ ហើយ​និង​រោមសត្វ។ ក្នុង​នោះ​រួម​មាន ចីវរ​ធ្វើ​ពី​សរសៃ​សំបក​ឈើ សំបក​ធ្មៃ ពី​កប្បាស ពី​សូត្រ ពី​រោមសត្វ និង​វត្ថុ​ទាំង ៥​ខាង​ដើម​នេះ​លាយ​គ្នា ដោយ​មិន​ប៉ះពាល់​បៀតបៀន​ដល់​អាយុ​ជីវិត​មនុស្ស​សត្វ។  ប៉ុន្តែ​ចីវរ​ដែល​ធ្វើ​ពី​រោមសត្វ គឺ​ត្រូវ​វៀរ​សាច់​សំពត់​ដែល​មាន​រោម​ចេញ​មក​ក្រៅ និង​វៀរ​រោម ព្រមទាំង​ស្បែក​សត្វ​សាហាវ មាន​ស្បែក​ខ្លា​ជាដើម។ រី​ឯ​ស្បែក​ជើង​ក៏​មាន​បញ្ញត្តិ​មួយ​ចំនួន​ដែរ។

នេះ​គឺ​ជា​សេចក្ដី​ពន្យល់​របស់​អាចារ្យ​បង្រៀន​ព្រះ​វិន័យ​ថ្នាក់​ឧត្ដម​សិក្សា​នៃ​វត្ត «និគ្រោធវ័ន» រាជធានី​ភ្នំពេញ ភិក្ខុ​សុវណ្ណជោតោ ភួង សុវណ្ណ អំពី​ប្រភេទ និង​ទ្រង់ទ្រាយ​សណ្ឋាន​ស្បែង​ជើង ១៨​ប្រការ​ដែល​ភិក្ខុ​ត្រូវ​វៀរ៖ «ទី​១ គឺ​ស្បែកជើង​បិទ​កែង ទី​២ ស្បែកជើង​ដែល​ស្រោប​ជើង​ទាំង​អស់​រហូត​ដល់​ស្មងជើង  ទី​៣ ស្បែក​ជើង​ដែល​គេ​ក្រង​ជា​របៀប​បិទ​ខ្នង​ជើង ទី​៤ ស្បែកជើង​ដែល​ញាត់​ដោយ​គ ទី​៥ ស្បែកជើង​ដែល​មាន​ខ្សែ​វិចិត្រ​ដូចជា​ស្លាប​សត្វ​ទទា ទី​៦ ស្បែកជើង​ដែល​មាន​ខ្សែ​មាន​សណ្ឋាន​ដូច​ស្នែង​សត្វ​កែស ទី​៧ ស្បែកជើង​ដែល​មាន​ខ្សែ​មាន​សណ្ឋាន​ដូចជា​ស្នែង​ពពែ ស្បែក​ជើង​ដែល​មាន​សណ្ឋាន​ដូច​កន្ទុយ​សត្វ​ខ្ទួយ ស្បែក​ជើង​ដែល​គេ​ចាក់​ស្រេះ​ដោយ​ព្រុយ​កន្ទុយ​សត្វ​ក្ងោក ហើយ​និង​ស្បែក​ជើង​ដែល​មាន​លក្ខណៈ​វិចិត្រ​ផ្សេងៗ ក៏​ប្រើ​មិន​បាន​ដែរ…»

រី​ឯ​៨​ប្រការ​ទៀត ដែល​ពុទ្ធបញ្ញត្តិ​ឱ្យ​ភិក្ខុ​ចៀសវាង​ប្រើប្រាស់​នោះ គឺ​បាន​ដល់​ស្បែក​ជើង​ដែល​ដេរ​ចំ​ជាយ​ដោយ​ស្បែក​សត្វ​មួយ​ចំនួន រួម​មាន​ស្បែក​សីហៈ ឬ​សត្វ​តោ ឬ​សិង្ហ ស្បែក​ខ្លាធំ ខ្លា​ដំបង ខ្លារខិន ស្បែក​សត្វ​ភេ សត្វ​ឆ្មារ ស្បែក​សត្វ​កង្ហែន និង​ស្បែក​សត្វ​មៀម។

ចំណុច​សំខាន់​មួយទៀត​នៃ​គ្រឿង​ស្លៀក​ដណ្ដប់​របស់​ភិក្ខុសង្ឃ​តាម​ពុទ្ធបញ្ញត្តិ គឺ​មានតែ​ស្បង់ ចីពរ និង​សង្ឃាដី ហៅ​ថា សំពត់​កាសាវពស្ត្រ ឬ​ត្រៃចីវរ ប្រកប​ដោយ​ផ្ទាំង​តូច​ធំ ដែល​ត្រូវ​កាត់​ដេរ​ត្រឹមត្រូវ​តាម​ក្បួនខ្នាត ដើម្បី​ឱ្យ​មាន​លក្ខណៈ​ទោល ខុស​ប្លែក​ពី​គ្រឿង​ស្លៀក​ដណ្ដប់​របស់​បព្វជិត​សាសនា​ដទៃ និង​សំលៀកបំពាក់​គ្រហស្ថ​អ្នក​គ្រប់គ្រង​ផ្ទះ។

ក្នុង​ន័យ​ដូច​គ្នា​នេះ​ដែរ ភិក្ខុ​ចូឡវរធម្មោ ហ៊ឺ ជីតៅ គង់​នៅ​វត្ត «ព្រះ​គន្ធកុដិ» ជាយ​ក្រុង​បាត់ដំបង មាន​ថេរដីកា​បន្ថែម​អំពី​ប្រភេទ​ស្បែកជើង​ដែល​សមគួរ និង​មិន​សមគួរ​ដល់​ការ​ទ្រទ្រង់​របស់​ភិក្ខុសង្ឃ​ពុទ្ធសាសនា៖ «អ្វី​ដែល​ព្រះអង្គ​អនុញ្ញាត គឺ​ស្បែក​ដែល​ធ្វើ​ពី​ស្បែក បាលី​ហៅថា ឧ​បា​នំ ដែល​ធ្វើ​អំពី​ស្បែក និយាយ​ឱ្យ​ស្រួល​ស្ដាប់ គឺ​ស្បែកជើង ហើយ​ធ្វើ​ពី​ស្បែក អត់​មែន​ស្បែក​លាយ​ជ័រ។ គឺ​ស្បែក​ជើង​ហើយ​គេ​ប្រើ​ជ័រ​ប្រើ​កាវ​បិទ​នោះ គឺ​អត់​អី​ទេ។  អត់​មែន​ទ្រនាប់ជើង​ផ្ទាត់​ទេ ទ្រនាប់ជើង​ផ្ទាត់​ហ្នឹង​គឺ​ព្រះអង្គ​ទ្រង់​ហាម ស្បែក​ជើង​ច្រើន​ណាស់​ដែល​ទ្រង់​ហាម ស្បែក​ជើង​ធ្វើ​ពី​មាស​ក៏ដោយ ធ្វើ​ពី​ឈើ​ក៏ដោយ​ក៏​មិន​សមគួរ​ទេ»

​ម្យ៉ាង​វិញ​ទៀត ស្បែកជើង​ដែល​ភិក្ខុ​ប្រើប្រាស់​ក៏​មាន​ការ​កំណត់​ពណ៌​ដូចជា​ត្រៃចីវរ​ដែរ។  ភិក្ខុសង្ឃ​ប្រតិបត្តិ​ពុទ្ធសាសនា​ថេរវាទ ទ្រទ្រង់​ស្បង់​ស្បៃ​ត្រៃចីវរ ដែល​មាន​ពណ៌​អម្ចត់ ពោល​គឺ​ពណ៌​លឿង​លាយ​និង​ពណ៌​ខ្លឹម​ខ្នុរ។ កាល​ពី​សម័យ​ពុទ្ធកាល ពណ៌​នេះ​គឺ​បាន​មក​ពី​ការ​ជ្រលក់​ទឹក ដែល​រំងាស់​ចម្រាញ់​ចេញ​ពី​ដើម​រុក្ខជាតិ សំបក​ឈើ ស្លឹក​ឈើ ផ្កា​ឈើ ផ្លែ​ឈើ និង​មើម​ឈើ។

​ទន្ទឹម​នឹង​ពុទ្ធានុញ្ញាត​ពណ៌​អម្ចត់ ដែល​កើត​ពី​ទឹក​ជ្រលក់ ៦​យ៉ាង ដើម្បី​ឱ្យ​ចីវរ​មាន​ពណ៌​ស្រគាំ​មិន​ស្រស់​ឆើតឆាយ​ហើយ​នោះ ក៏​មាន​ពុទ្ធបញ្ញត្តិ​ឱ្យ​ភិក្ខុ​វៀរ​សំពត់​កាសាវពស្ត្រ ដែល​មាន​ពណ៌​ខៀវ​សុទ្ធ លឿង ឬ​លឿងទុំ​សុទ្ធ ក្រហម​សុទ្ធ ពណ៌​ហង្សបាទ​សុទ្ធ និង​ខ្មៅ​សុទ្ធ​ជាដើម។

តាម​ពុទ្ធបញ្ញត្តិ​ស្បែក​ជើង​ទាំង​ឡាយ​ណា​ដែល​មាន​ពណ៌​ខៀវ ក្រហម ខ្មៅ ជាដើម​នេះ ភិក្ខុ​គួរ​វៀរ។  ប៉ុន្តែ​ក្នុង​ករណី​ដែល​ស្បែក​ជើង​ធ្វើ​អំពី​ស្បែក ហើយ​គេ​លាប​ទឹក​ថ្នាំ​ពណ៌​ទាំង​នោះ​ពី​លើ គឺ​ភិក្ខុ​អាច​យក​សំពត់​ជូត​នូវ​ទឹក​ថ្នាំ​ពណ៌​ចេញ សូម្បី​តែ​ទម្លាយ​ពណ៌​ចេញ​ត្រឹមតែ​បន្តិច ក៏​គួរ​ទ្រទ្រង់​បាន។

ទាក់ទង​នឹង​ការ​ប្រើប្រាស់​កន្សែង​បង់​ក ស្រោមដៃ ស្រោមជើង​វិញ លោក​អ្នក​ប្រាជ្ញ​បណ្ឌិត​ផ្នែក​ពុទ្ធសាសនា​ខ្លះ បញ្ជាក់​ដូច​គ្នា ពុំ​ឃើញ​មាន​ចែង​ក្នុង​គម្ពីរ​វិន័យ​បិដក​អនុញ្ញាត​ឱ្យ​ភិក្ខុសង្ឃ​ទ្រទ្រង់​ឡើយ សូម្បីតែ​ចាត់​ចូល​ក្នុង​គ្រឿង​បរិក្ខារ​ក៏​ពុំ​ឃើញ​មាន​ដែរ។

ម្យ៉ាង​ទៀត សព្វ​ថ្ងៃ​នេះ អ្នក​ស្រុក​និយម​ហៅ​ស្បែក​ជើង​ថា​ជា​ទ្រនាប់ជើង។  ប៉ុន្តែ​សេចក្ដី​ពន្យល់​ក្នុង​វិន័យ​អំពី​គ្រឿង​ស្លៀក​ដណ្ដប់ និង​បរិក្ខារ​របស់​ភិក្ខុសង្ឃ ពាក្យ​ស្បែក​ជើង និង​ទ្រនាប់​ជើង​នេះ គឺ​ជា​វត្ថុ​ពីរ​ផ្សេង​ដាច់​ដោយ​ឡែក​ពី​គ្នា។

សូម​លោក​អ្នក​នាង​កញ្ញា​រង់ចាំ​ស្ដាប់​សេចក្ដី​អធិប្បាយ​ជុំវិញ​ភាព​ខុស​គ្នា​នេះ​នៅ​ក្នុង​ការផ្សាយ​របស់​យើង​ខ្ញុំ​នៅ​ពេល​ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។