គោលចារឹក​នៃ​ខ្នាត​ត្រៃចីវរ​របស់​ព្រះសង្ឃ​ពុទ្ធ​សាសនា

ដោយ កេសរណ្ណីយ្យា
2015.02.25

លក្ខណៈ​ពិសេស​មួយ​នៃ​ត្រៃចីវរ​របស់​ភិក្ខុសង្ឃ​ក្នុង​ព្រះពុទ្ធ​សាសនា ដែល​រួមមាន​ស្បង់ ចីពរ សង្ឃាដី គឺ​ជា​ក្រណាត់​សំពត់​លាត សាមញ្ញ មិន​មាន​ការ​តុបតែង​លំអ ដេរ​ប៉ាក់ ចាក់​ឌិន​អ្វី​ឡើយ។ រី​ឯ​សាច់​សំពត់​វិញ គឺ​បាន​មក​ពី​ការ​ត្បាញ​រវៃ​សរសៃ​រុក្ខជាតិ និង​រោម​សត្វ​មួយ​ចំនួន ដោយ​ចៀសវាង​ការ​ប៉ះពាល់​ដល់​អាយុ​ជីវិត​មនុស្ស​សត្វ។ លក្ខណៈ​ពិសេស​មួយ​ទៀត​គឺ​ស្បង់​ស្បៃ​ត្រៃចីវរ​មាន​ការ​កំណត់​នូវ​ខ្នាត​កាត់ដេរ ដែល​ខុស​ប្លែក​ពី​សំលៀកបំពាក់​មនុស្ស​ផង​ទាំង​ពួង។

គោល​ចារឹក​នៃ​សំពត់​កាសាវពស្ត្រ​សម្រាប់​បព្វជិត​ក្នុង​ពុទ្ធសាសនា​ទ្រទ្រង់​ក្រាល​គ្រង គឺ​ត្រូវ​កាត់ផ្ដាច់ ហើយ​ទើប​ដេរ​ភ្ជាប់​គ្នា​វិញ ប្រកប​ដោយ​លក្ខណៈ​ពិសេស មាន​ផ្ទាំង ឬ​ខណ្ឌ មណ្ឌល ឬ​កន្សែង​តូច​ធំ និង​ជាយ​ព័ទ្ធ​ជុំវិញ​ដែល​ហៅ​ថា អនុវាត ឬ កុសិ។  រី​ឯ​ថ្នេរ​ដែល​ភ្ជាប់​កំណាត់សំពត់​តូច​ធំ​ទាំង​អស់​ឱ្យ​ក្លាយ​ទៅ​ជា​ត្រៃចីវរ​គប្បី​ដេរ​ថ្នេរ​មូល។

តាម​ពុទ្ធបញ្ញត្តិ សំពត់​ត្រៃចីវរ​មាន ៤​យ៉ាង គឺ​ទី​១ ជា​ចីវរ​ដែល​ធ្វើ​ដោយ​សំពត់ ៥​ផ្ទាំង ហៅ​ថា ចីវរ​បញ្ច​ខណ្ឌ។  ប្រភេទ​ទី​២ គឺ​ចីវរ​ធ្វើ​ដោយ​សំពត់ ៧​ផ្ទាំង ហៅ​ថា ចីវរ​សត្តខណ្ឌ។  ចីវរ​ប្រភេទ​ទី​៣ ធ្វើ​ដោយ​សំពត់ ​៩​ផ្ទាំង ហៅ​ថា ចីវរ​នវខណ្ឌ។  រីឯ​ប្រភេទ​ទី​៤ គឺ​ចីវរ​ធ្វើ​ដោយ​សំពត់ ១១​ផ្ទាំង ហៅ​ថា ចីវរ​ឯកា​ទសខណ្ឌ។  ក្នុង​ផ្ទាំង​នីមួយៗ គឺ​មាន ២​កន្សែង តូច​១ ធំ​១។

សេចក្ដី​ក្នុង​ឯកសារ​គម្ពីរ​ដីកា​ផ្នែក​ពុទ្ធសាសនា​កត់ត្រា​ថា ចីវរ​ដែល​កាត់​ដាច់​ជា​កំណាត់ៗ ហើយ​ដេរ​ភ្ជាប់​គ្នា​វិញ​នេះ ទើប​សមគួរ​ដល់​ភេទ​សមណ​ជា​បព្វជិត​អ្នក​បួស​ទ្រទ្រង់​តាម​ពុទ្ធានុញ្ញាត។

​នេះ​គឺ​ជា​ការ​អធិប្បាយ​របស់​ភិក្ខុ​ព្រះញាណកោសល យ៉ង សេងយៀត សកលវិទ្យាធិការ​រង​នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុរាជ នៅ​ទីក្រុង​ភ្នំពេញ ចំពោះ​ហេតុផល​ចម្បង​មួយ​នៃ​ពុទ្ធបញ្ញត្តិ​នេះ៖ «រឿង​ស្បង់​កាត់​នោះ សារសំខាន់ ព្រះសង្ឃ​អ្នក​បួស គឺ​ជា​អ្នក​ស្ម័គ្រចិត្ត​រស់​នៅ​ដោយ​ការ​លះបង់។  ក្នុង​ព្រះ​វិន័យ​គ្រប់​សិក្ខាបទ​ទាំង​អស់ គឺ​ឱ្យ​ព្រះសង្ឃ​លះ​ទាំង​អស់ ហើយ​ព្រះអង្គ​ប្រកាស​សំដែង​ប្រាប់​ភិក្ខុសង្ឃ​ទាំង​អស់​ថា ព្រះអង្គ​មាន​ទ្រព្យ​តែ​ប៉ុណ្ណេះ​ទេ មាន​បាត្រ សង្ឃាដី ស្បង់​ចីវរ​មួយ​ត្រៃ​ហ្នឹង ៣​ហ្នឹង។ សូម្បី​តែ​របស់​ដែល​ថា ជាប់​នឹង​ខ្លួន​ហ្នឹង​ក៏​មិន​ឱ្យ​ជាប់​ជំពាក់​ថា រឿង​ហ្នឹង​វា​ល្អ​វា​ស្អាត​ទេ។ ព្រះអង្គ​បាន​ប្រៀបធៀប​ភិក្ខុសង្ឃ​ទៅ​ដូចជា​សត្វ​ដែល​មាន​ស្លាប​តែ​ពីរ​ទេ មិន​អាច​មាន​របស់​អ្វី​មិន​ឱ្យ​ជា​របស់​អ្វី​ច្រើន​ទេ ហើយ​របស់​ដែល​មាន​ហ្នឹង គឺ​មិន​ឱ្យ​មាន​តម្លៃ​ទៅ​ទៀត មិន​ឱ្យ​សង្គម​គេ​មើល​មក​ថា ជា​របស់​មាន​តម្លៃ​ទេ មិន​ឱ្យ​លយឆាយ អ៊ីចឹង​ហើយ​បាន​ឱ្យ​កាត់​ហ្នឹង…»

តាម​ន័យ​សំពត់​កាសាវពស្ត្រ​សម្រាប់​ភិក្ខុ​ក្នុង​ពុទ្ធសាសនា​គ្រង​ជានិច្ច រួម​មាន ៣​ផ្ទាំង គឺ​ស្បង់ ចីពរ សង្ឃាដី ដែល​ហៅ​ថា ត្រៃចីវរ។  ចំពោះ​ចីពរ​មាន​ឈ្មោះ​មួយ​ទៀត​ហៅ​ថា «ឧត្តរាសង្គ» រី​ឯ​ស្បង់​វិញ អាច​ហៅ​ម្យ៉ាង​ទៀត​ថា «អន្តរវាសក» ដែល​ជា​ភាសា​បាលី​សំស្ក្រឹត។

លោក​បណ្ឌិត សួន ឱសថ សមាជិក​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ និង​ជា​ជំនួយការ​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បញ្ជាក់​ទាក់ទង​នឹង​ពុទ្ធបញ្ញត្តិ​ស្ដីពី​ការ​កំណត់​ខ្នាត​ចីវរ និង​សង្ឃាដី​ដែល​មាន​ទំហំ​តូច​បំផុត សម​គួរ​ដល់​ការ​ទ្រទ្រង់​របស់​ភិក្ខុសង្ឃ៖ «...ខ្នាត​សង្ឃាដី ឬ​ក៏​ខ្នាត​ឧត្តរាសង្គ​ក្តី គឺ​មាន​ខ្នាត​តូច​ធំ។ អ៊ីចឹង​ហើយ​លោក​បាន​បញ្ជាក់​ថា បណ្ដោយ ៥​ហត្ថ ៥​ហត្ថ​ក្ដាប់ មិន​មែន ៥​ហត្ថ​លា​ទេ ហើយ​ទទឹង ៣​ហត្ថ​ក្តាប់។ បើ​សិន​ភិក្ខុ​លោក​មាន​កម្ពស់​ខ្ពស់ តាម​អដ្ឋកថា លោក​ពន្យល់​ថា ឱ្យ​យក​ហត្ថ​របស់​លោក​ផ្ទាល់​តែម្ដង​ធ្វើ​ជា​ខ្នាត។  បើ​ភិក្ខុ​លោក​មាន​កម្ពស់​ទាប ក៏​ឱ្យ​យក​ហត្ថ​របស់​លោក​ធ្វើ​ជា​ខ្នាត​ដែរ ដើម្បី​ឱ្យ​បាន​សមគួរ»

ចំពោះ​ខ្នាត​ស្បង់ ឬ​អន្តរវាសក​វិញ គឺ​តូច​បំផុត​ត្រូវ​មាន​បណ្ដោយ ៥​ហត្ថ​ក្ដាប់ដៃ គឺ​ស្មើ​នឹង ៤​ហត្ថ ១​គក់ ហើយ​ទទឹង​មាន​ប្រវែង ២​ហត្ថ។ ចំណែក​ទំហំ​ត្រៃចីវរ​ដែល​ធំ​បំផុត ត្រូវ​ឱ្យ​តូច​ជាង​ចីវរ​របស់​ព្រះ​សុគត ពោល​គឺ​ព្រះសម្មាសម្ពុទ្ធ ទើប​ភិក្ខុ​អាច​ក្រាល​គ្រង​បាន មិន​មាន​ទោស​អាបត្តិ។

សេចក្ដី​ក្នុង​សៀវភៅ «ទានកថា» រៀបរៀង​ដោយ​លោក​អាចារ្យ ហែម ចៀវ នៃ​សាល​បាលី​ជាន់​ខ្ពស់​ក្រុង​ភ្នំពេញ ក្នុង​ឆ្នាំ​១៩៣៩ អធិប្បាយ​ដក​ស្រង់​ពី​ព្រះ​អដ្ឋកថាចារ្យ​ដោយ​សេចក្ដី​ថា៖ «…ខ្នាត​ចីពរ​សង្ឃាដី​ព្រះ​សុគត​បណ្ដោយ ៩​ចំអាម ទទឹង ៦​ចំអាម ដោយ​ចំអាម​ព្រះ​សុគត បើ​គិត​ជា​ហត្ថ​ជាង​ឈើ [ស្មើ​នឹង] បណ្តោយ ១៣​ហត្ថ​១​ចំអាម ទទឹង ៩​ហត្ថ…។ បើ​គិត​ជា​ម៉ែត្រ គឺ​បណ្ដោយ​ជាង ១០​ម៉ែត្រ (១០​ម៉ែត្រ និង ១២,៥​សង់ទីម៉ែត្រ) ទទឹង​ជិត ៧​ម៉ែត្រ (៦​ម៉ែត្រ និង ៧៥​សង់ទីម៉ែត្រ)»

ចំពោះ «គហបតី​ចីវរ» ដែល​សព្វ​ថ្ងៃ​នេះ​គេ​កាត់ដេរ​ស្រេច​ស្រាប់ ហើយ​ពលរដ្ឋ​ពុទ្ធបរិស័ទ​ទិញ​ជាវ​យក​ទៅ​វេរ​ប្រគេន​ចំពោះ​ភិក្ខុសង្ឃ ប្រសិនបើ​ត្រៃចីវរ​ទាំង​បី​នេះ​កាត់ដេរ​មិន​ត្រឹមត្រូវ​តាម​ក្បួន​ខ្នាត​ដោយ​ប្រការ​ណា​មួយ តើ​ព្រះសង្ឃ​អាច​ទទួល​ក្រាល​គ្រង​បាន​ដែរ ឬ​យ៉ាង​ណា?

នេះ​គឺ​ជា​ការ​អធិប្បាយ​របស់​បណ្ឌិត សួន ឱសថ ចំពោះ​សំណួរ​នេះ៖ «...បើ​សិន​ជា​សំពត់​ហ្នឹង​មិន​ត្រូវ​ខ្នាត​ទេ ចីវរ​ហ្នឹង​វា​ធំ ឬ​តូច​ជាង​ខ្នាត ដែល​បាន​លើក​ឡើង​ខាង​ដើម ដែល​ថា បណ្ដោយ ៥​ហត្ថ ទទឹង ៣​ហត្ថ បាន​ន័យ​ថា ចីវរ​ហ្នឹង​មាន​តែ​ទទឹង ២​ហត្ថ ឬ​ក៏​បណ្ដោយ​តែ ៣​ហត្ថ មិន​គ្រប់គ្រាន់​មិន​ត្រឹមត្រូវ គឺ​មិន​អាច​ឡើង​ជា​ចីវរ​ទេ ភិក្ខុ​ត្រូវ​អធិដ្ឋាន​ជា​បរិក្ខារ​វិញ ដល់​ហើយ​ប្រើប្រាស់​បាន។  បាន​ន័យ​ថា កុំ​អធិដ្ឋាន​ឱ្យ​ចេញ​ជា​សង្ឃាដី កុំ​អធិដ្ឋាន​ជា​ឧត្តរាសង្គ ឬ​កុំ​អធិដ្ឋាន​ទៅ​ជា​អន្តរវាសក គឺ​អធិដ្ឋាន​ឱ្យ​ទៅ​ជា​បរិក្ខារ​វិញ…»

ទោះ​បី​ជា​មាន​បញ្ញត្តិ​យ៉ាង​នេះ​ក្តី ប៉ុន្តែ​មាន​សេចក្ដី​អធិប្បាយ​អំពី​ពុទ្ធានុញ្ញាត​បន្ធូរបន្ថយ​វិន័យ។ ក្នុង​ករណី​ដែល​ខ្វះ​ក្រណាត់​លៃ​កាត់​ឱ្យ​ដាច់​ទាំង ៣​មិន​បាន​ទេ​នោះ គឺ​ភិក្ខុ​អាច​ជ្រើសរើស​កាត់ផ្ដាច់ ហើយ​ដេរ​ធ្វើ​ជា​សំពត់​ចីវរ​ណា​មួយ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ខ្នាត​កំណត់។  ប៉ុន្តែ​មិន​ត្រូវ​ខាន​កាត់ផ្ដាច់​ត្រៃចីវរ​ទាំង​បី​នោះ​ឡើយ បើ​មិន​ដូច្នោះ​ទេ ភិក្ខុ​ក្រាល​គ្រងចីវរ​មិន​កាត់ផ្ដាច់​ទាំង​៣ គឺ​នឹង​ត្រូវ​មាន​ទោស​អាបត្តិ។ ម្យ៉ាង​ទៀត ក្នុង​ចំណោម​ត្រៃចីវរ​ទាំង​៣​នេះ ជា​ទូទៅ​សង្ឃាដី​គឺ​ជា​សំពត់​ដែល​មាន​ទំហំ​ធំ ហើយ​ក្រាស់​ជាង​គេ។

ភិក្ខុ​មេត្តារក្ខិតោ ឆន ម៉ៅមេត្តា គង់​នៅ​វត្ត «និគ្រោធវ័ន» រាជធានី​ភ្នំពេញ មាន​ថេរដីកា​ពន្យល់​អំពី​ហេតុផល​នៃ​ពុទ្ធានុញ្ញាត​ឱ្យ​ភិក្ខុ​ធ្វើ​សង្ឃាដី ដោយ​ផ្អប​កំណាត់​សំពត់ ២​ជាន់ ឬ ៤​ជាន់ ដើម្បី​ឱ្យ​បាន​ក្រាស់​ជាង​ស្បង់ និង​ចីពរ៖ «...ពេល​ដែល​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ឱ្យ​សង្ឃាដី​មាន ៤​ជាន់​ហ្នឹង គឺ​សំដៅ​ទៅ​លើ​រដូវ​ខ្លះ​ត្រជាក់​ខ្លាំង អ៊ីចឹង​ព្រះអង្គ​ទ្រង់​ឱ្យ​ប្រើ​សង្ឃាដី ៤​ជាន់ ដើម្បី​ការពារ​ត្រជាក់ សម្រាប់​ភិក្ខុ​ដណ្ដប់ ឬ​ក្រាល​សឹង។  សង្ឃាដី​៤​ជាន់​ហ្នឹង គឺ​សំពត់​មួយ​ផ្ទាំង ប៉ុន្តែ​មាន​បួន​ជាន់ គឺ​យើង​កាត់ ៤​ជាន់​ហើយ​ដេរ​ភ្ជាប់​គ្នា ហ្នឹង​ហើយ​ហៅ​ថា សង្ឃាដី ៤​ជាន់»

មូលហេតុ​មួយ​ទៀត គឺ​ក្នុង​ករណី​ក្រណាត់​សំពត់​ចាស់ៗ ដែល​ភិក្ខុ​បាន​មក​ដោយសារ​បង្សុកូល​ពី​ក្នុង​ព្រៃ​ស្មសាន​ជាដើម​នោះ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​អនុញ្ញាត​ឱ្យ​ធ្វើ​សង្ឃាដី​៤​ជាន់ ហើយ​ចំណែក​ចីវរ និង​ស្បង់​ត្រូវ​ដេរ ២​ជាន់ ដើម្បី​ឱ្យ​ប្រើ​ជាប់​បាន​យូរ។ ចំពោះ​ករណី​ដែល​ក្រណាត់​សំពត់​ថ្មី​វិញ ជាទូទៅ​សង្ឃាដី​គឺ​កាត់ដេរ​ផ្អប​ក្រណាត់​សំពត់ ២​ជាន់ រី​ឯ​ចីវរ និង​ស្បង់ គឺ​មាន​តែ ១​ជាន់ៗ​ដូច​គ្នា។ ប៉ុន្តែ​ជា​ទូទៅ ត្រៃចីវរ​ទាំង​បី​នៅ​ត្រង់​ផ្ទាំង​អនុវាត ឬ​ជាយ​ព័ទ្ធ​ជុំវិញ​នៅ​ត្រង់​ផ្ទាំង​ជាទី​ដែល​រុំ​ក ហើយ​និង​ត្រង់​ផ្ទាំង​ជាទី​ដែល​គ្រប​ស្មង​ជើង​ទាំង​គូ ព្រះពុទ្ធ​បង្គាប់​ឱ្យ​ភិក្ខុ​ដេរ​ផ្អប​ប៉ះ​ថែម​កំណាត់សំពត់​ឱ្យ​បាន​ពី ២ ទៅ ៣​ជាន់ ឬ​មួយ​ក៏​លើស​ពី​នេះ​ក៏បាន ដើម្បី​ឱ្យ​រឹងមាំ​ជាប់​បាន​យូរ ដោយហេតុ​ត្បិត​ទី​ទាំង​បី​អន្លើ​នេះ​ឆាប់​រេច​ដាច់​ដាច​ជាង​ទី​ដទៃ​ទៀត។

ត្រៃចីវរ​ដែល​ជា​គ្រឿង​ស្លៀក​ដណ្ដប់​របស់​ភិក្ខុសង្ឃ​មាន ៣​ផ្ទាំង រួម​មាន​ស្បង់ ចីពរ និង​សង្ឃាដី។  ស្បង់​ជា​សំពត់​សម្រាប់​គ្រប​ដណ្ដប់​រាងកាយ​ព័ន្ធ​ត្រឹម​ចង្កេះ​ចុះ​ទៅ​ក្រោម។  ចីពរ​គឺជា​សំពត់​សម្រាប់​គ្រង​នៅ​ផ្នែក​ខាង​លើ ពាក់​គ្រប​លើ​ស្មា​ទាំង​ពីរ ឬ​ក៏​ឃ្លុំ​ឆៀង។  ចំណែក​សង្ឃាដី​គឺ​សំពត់​មួយ​ផ្ទាំង​មាន​ទំហំ​ធំ​ជាង​គេ​សម្រាប់​ឃ្លុំ​បន្ថែម​ពី​លើ​ចីពរ និង​អាច​ប្រើ​ជា​ភួយ​សម្រាប់​ដណ្ដប់​ការពារ​ធាតុអាកាស​ត្រជាក់។

សូម​លោក​អ្នក​នាង​កញ្ញា​រង់ចាំ​ស្ដាប់​សេចក្ដី​អធិប្បាយ​អំពី ប្រវត្តិ​ដើម​នៃ​បទបញ្ញត្តិ​ខ្នាត​សំពត់​ចីវរ​ទាំង​បី​នេះ នៅ​ក្នុង​ការ​ផ្សាយ​របស់​យើង​ខ្ញុំ​នៅ​ពេល​ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។