អតីត​គ្រូបង្រៀន​ម្នាក់​ខេត្ត​កំពង់​ឆ្នាំង​ជាប់​បណ្ដឹង​ពី​បទ​ញុះញង់​នៅ​តុលាការ​ក្រុង​ភ្នំពេញ រឿង​ការពារ​ដី​ស្រែ កាល​ពី ១០ឆ្នាំ​មុន

0:00 / 0:00

អតីត​គ្រូ​បង្រៀន​បឋមសិក្សា​មួយ​នៅ​ខេត្ត​កំពង់​ឆ្នាំង ហើយ​ក្លាយ​ខ្លួន​ជា​សកម្មជន​ដីធ្លី ក្នុង​វិវាទ​ដីធ្លី​នៅ​ឃុំ​តាជេស ​ស្រុក​កំពង់​ត្រឡាច បារម្ភ​ពី​សុវត្ថិភាព ក្រោយ​ទទួល​បាន​ដីកា​កោះ​ហៅ​ពី​តុលាការ​ក្រុង​ភ្នំពេញ បង្គាប់​ឲ្យ​ចូល​ខ្លួន​ក្នុង​សវនាការ នៅ​ខែ​កក្កដា ​ក្នុង​រឿង​ញុះញង់ កាល​ពី​ជាង ១០ឆ្នាំ​មុន។ តើ​ស្ត្រី​រូប​នេះ មាន​ប្រវត្តិ និង​ត្រៀម​ខ្លួន​យ៉ាង​ណា​ ដើម្បី​ចូល​ខ្លួន​បក​ស្រាយ​ នៅ​មុខ​តុលាការ ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​នេះ?

លោកស្រី អ៊ុំ សុភី គឺ​ជា​អតីត​គ្រូ​បង្រៀន​ម្នាក់ ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពត ត្រូវ​ផ្លាស់​ទៅ​រស់​នៅ​ស្រុក​កំពង់​ត្រឡាច​ ខេត្ត​កំពង់​ឆ្នាំង ក្រោយ​ជាប់​ក្រប​ខណ្ឌ​រដ្ឋ ជា​គ្រូ​បង្រៀន​សិស្ស​ នៅ​សាលា​​បឋម​សិក្សា​សូរ្យ​វង្ស ក្នុង​ឃុំ​តាជេស នៅ​ឆ្នាំ២០០០។

នៅ​ពេល​មាន​ជម្លោះ​ដីធ្លី​កើត​ឡើង​រវាង​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) និង​អ្នក​ភូមិ​ជាង ១៥០​គ្រួសារ​ក្នុង​ឆ្នាំ២០០៨ លោកស្រី ក៏​បាន​ចូល​រួម​ជាមួយ​អ្នក​ភូមិ​ដទៃ​ទៀត ដើរ​ចេញ​​តវ៉ា​រក​ដំណោះ​ស្រាយ​ពី​អាជ្ញាធរ​ស្រុក​ ខេត្ត ដើម្បី​ទាមទារ​យក​ដី​ស្រែ​ពី​ក្រុមហ៊ុន​មក​វិញ។

អ្នក​ភូមិ​ភាគ​ច្រើន​មាន​វ័យ​ចាស់ និង​មិន​សូវ​ចេះ​អក្សរ ក៏​សម្រេច​រួម​គ្នា​ គាំទ្រ​អតីត​គ្រូ​បង្រៀន​រូប​នេះ ឲ្យ​ធ្វើ​ជា​តំណាង​របស់​ពួក​គាត់ ក្នុង​ការ​សរសេរ​លិខិត​ស្នើ​សុំ​ដំណោះស្រាយ​ដីធ្លី​ម្ដងៗ ពី​អាជ្ញាធរ និង​ក្រសួង​ ស្ថាប័ន​រដ្ឋ។ ចាប់ពី​ពេល​នោះ​មក ខាង​នាយក​សាលា​ហៅ​លោកស្រី ទៅ​ព្រមាន​ជា​ច្រើន​ដង រហូត​ដល់​បញ្ចប់​អាជីព​ជា​គ្រូ​បង្រៀន ​ដោយ​សំអាង​ថា ​លោកស្រី ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​តវ៉ា​រឿង​ដី​ធ្លី។

អ្នក​ភូមិ​ជា​ច្រើន​គ្រួសារ នៅ​តែ​នាំ​គ្នា​ចូល​ទៅ​ទីតាំង​ដី​មាន​ជម្លោះ​នោះ ដើម្បី​ធ្វើ​ស្រែ​ជា​ធម្មតា ដោយ​ប្រវាស់​ដៃ​គ្នា​ទៅវិញ​ទៅមក ក្នុង​កំឡុង​ពេល​មាន​ទំនាស់​ជាមួយ​ក្រុម​ហ៊ុន​​អ្នក​ស្រី ជា ខេង។ នៅ​ពេល​មាន​មនុស្ស​ជួប​គ្នា​ច្រើន​នោះ​ហើយ ដែល​តុលាការ​ខេត្ត​កំពង់​ឆ្នាំង បាន​ចោទ​ប្រកាន់ លោកស្រី អ៊ុំ​ សុភី ពី​បទ​ញុះញង់ នៅ​ថ្ងៃ​ទី២០ ខែ​កក្កដា ឆ្នាំ​២០០៨។

សំណុំ​រឿង​ព្រហ្មទណ្ឌ​ដែល​មាន​អាយុ​កាល​១២​ឆ្នាំ​នេះ ហើយ​បន្ត​អូស​បន្លាយ​ដល់​ពេល​នេះ ​គឺ​ស្ថិត​នៅ​​ក្នុង​ដៃ​ព្រះរាជ​អាជ្ញា​រង​នៃ​​ក្រុង​ភ្នំពេញ ​លោក ចែ សុង ដែល​កាន់​បន្ត​ពី​តុលាការ​ខេត្ត​កំពង់​ឆ្នាំង។ តុលាការ​ក្រុង​ភ្នំពេញ បង្គាប់​ឲ្យ​លោកស្រី អ៊ុំ សុភី ចូល​ខ្លួន​បំភ្លឺ ក្នុង​សវនាការ​រឿង​ក្ដី​មួយ​នេះ នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា​ ខាង​មុខ​នេះ។

ក្រោយ​ពី​ទទួល​បាន​ដី​កា​នេះ លោកស្រី អ៊ុំ សុភី ឲ្យ​ដឹង​ថា ការ​ចោទ​ប្រកាន់​នោះ គឺ​ជា​រឿង​ប្រឌិត​របស់​អាជ្ញាធរ​ ដោយ​​ធ្វើ​តាម​ការ​ចង់​បាន​របស់​ភាគី​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) របស់​​អ្នក​ស្រី ជា ខេង ដែល​ជា​ប្រពន្ធ​របស់​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល។

លោកស្រី​ថ្លែង​ថា រាល់​បណ្ដឹង​ពលរដ្ឋ​ដាក់​ទៅ​តុលាការ​ជា​ច្រើន​លើក ស្នើ​ឲ្យ​បើក​ការ​ស៊ើប​អង្កេត​រឿង​បំពាន​យក​ដី​ស្រែ​ពី​ក្រុមហ៊ុន ខេ.ឌី.ស៊ី រហូត​មក​ដល់​ពេល​នេះ ជិត ២០ឆ្នាំ​ហើយ នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ណា​មួយ​ទេ ប៉ុន្តែ តុលាការ​បែរ​ជា​ងាក​មក​យក​ចិត្ត​ទុក​ដាក់​បណ្ដឹង​របស់​ក្រុមហ៊ុន​ដ៏​មាន​ឥទ្ធិពល​នេះ ហើយ​ដាក់​បន្ទុក​លើ​ពលរដ្ឋ​ ដែល​បាត់​បង់​ដី​ស្រែ​ទៅវិញ។

លោកស្រី យល់​ថា ការ​លើក​យក​រឿង​កប់​បាត់​ជាង ១០ឆ្នាំ មក​កាត់សេចក្ដី​នៅ​ពេល​បច្ចុប្បន្ន​នេះ​ គឺ​ជា​ការ​គាប​សង្កត់​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​របស់​លោកស្រី ដែល​កំពុង​មាន​ជីវភាព​ខ្វះខាត ចិញ្ចឹម​កូន ៤នាក់ ក្នុង​គ្រួសារ៖ «ឲ្យ​ខ្ញុំ​ចូល​ខ្លួន​នៅ​ថ្ងៃ​ទី១៤ ខែ​កក្កដា​ហ្នឹង គឺ​ជា​ចេតនា​ធ្វើ​ឲ្យ​ខ្ញុំ របៀប​គំរាម កុំ​ឲ្យ​ខ្ញុំ​ហ្នឹង​តវ៉ា​បន្ត​ទៀត។ អ៊ីចឹង ! គាត់​យក​អា​ហ្នឹង​គំរាម ដោយ​សារ​តែ​កន្លង​មក​ខ្ញុំ​ឃើញ​ថា អ្នក​ធ្វើ​តំណាង​ គេ​គំរាម​អ្នក​នោះ​ឯង។ ឲ្យ​តែ​អ្នក​ណា​ហ៊ាន​ចេញ​មុខ​ខ្លាំង​ជាង​គេ អ្នក​ហ្នឹង​គឺ​ត្រូវ​ទទួល​ការ​គំរាម​កំហែង ដូច​ជា​ខ្ញុំ។ អ៊ីចឹង ! គោល​បំណង​របស់​គេ​ហ្នឹង ចង់​ឲ្យ​យើង​ឈប់​ដើរ​ប្ដឹង ឈប់​តវ៉ា​អី​ទៅ ប៉ុន្តែ​សម្រាប់​ខ្ញុំ ទោះ​បី​យ៉ាង​ណា ក៏​ខ្ញុំ​អត់​ឈប់​ដែរ។ ដរាប​ណា​មាន​យុត្តិធម៌​សម្រាប់​ពួក​ខ្ញុំ និង​ដោះស្រាយ​ចប់​អស់​ បាន​ពួក​ខ្ញុំ​ឈប់»។

លោកស្រី​ អ៊ុំ សុភី បញ្ជាក់​ថា លោក​ស្រី នឹង​ចូល​ខ្លួន​តាម​ដីកា​កោះ​ហៅ​របស់​តុលាការ​ក្រុង​ភ្នំពេញ ដោយ​មាន​ក្រុម​មេធាវី​ជួយ​ការពារ​ក្ដី​រឿង​នេះ​ ពី​ខាង​អង្គការ​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស៖ «ពី​មុនៗ មក ឲ្យ​តែ​រង​ការ​ជាប់​ប្រកាន់ ទៅ​ដល់​តុលាការ​ ដឹង​តែ​ជាប់​ពន្ធនាគារ​ហើយ។ នៅ​ខែ​ក្រោយ​នេះ ខ្ញុំ​មិន​ទាន់​គិត ហើយ​ក៏​មិន​ទាន់​ហ៊ាន​ថា លោក​តុលាការ​ លោក​កាត់​យ៉ាង​មិច​ដែរ។ ខ្ញុំ​សង្ឃឹម​ថា គាត់​នឹង​ឈរ​លើ​ភាព​យុត្តិធម៌​មួយ​សម្រាប់​ខ្ញុំ។ ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​នឹង​មាន​យុត្តិធម៌​សម្រាប់​ខ្ញុំ ព្រោះ​រយៈ​ពេល​តាំង​ពី​ឆ្នាំ២០០៨ មក​ដល់​ឥឡូវ​នេះ វា​ចូល​ជិត ១០ឆ្នាំ​ហើយ។ គាត់​នៅ​តែ​យក​រឿង​របស់​ខ្ញុំ​មក​បើក​សវនាការ​ដដែល។ រឿង​រដ្ឋប្បវេណី​របស់​ពួក​ខ្ញុំ​ប្ដឹង​គ្រប់គ្រង​ដី គាត់​បែរ​ជា​ទុក​ចោល អត់​ព្រម​បើក​សវនាការ។ សង្ឃឹម​ថា លោក​តុលាការ​នឹង​ឈរ​លើ​យុត្តិធម៌ និង​ឯករាជ្យ​ដើម្បី​ដោះស្រាយ​ឲ្យ​នាង​ខ្ញុំ​ កុំ​ឲ្យ​ជាប់​ពន្ធនាគារ ដោយ​សារ​តែ​ខ្ញុំ​ត្រូវ​មើល​ថែទាំ​កូន។ ឧទាហរណ៍​ថា ប្រពន្ធ​របស់​អស់​លោក​ត្រូវ​ជាប់​ពន្ធនាគារ តើ​អស់​លោក​យ៉ាង​ដែរ ដែល​កូន​ចៅ​នៅ​ផ្ទះ​ ត្រូវ​បាន​គេ​ចាប់​ដាក់​ពន្ធនាគារ»។

ពលរដ្ឋ​ម្នាក់​រស់​នៅ​ភូមិ​ឡ​ពាង ដែល​មាន​វត្តមាន​នៅ​លើ​ដី​ស្រែ​នោះ លោកស្រី កែវ វណ្ណៈ រៀបរាប់​ថា ជា​រៀង​ឆ្នាំ​ នៅ​ពេល​ដល់​រដូវ​ធ្វើ​ស្រែ​ម្ដង​ៗ អ្នក​ភូមិ​តែង​ទៅ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ លោកស្រី​ថា លោកស្រី អ៊ុំ សុភី គ្រាន់​តែ​ទៅ​​ជួយ​ធ្វើ​ស្រែ​អ្នក​ភូមិ​ដូច​គ្នា ហើយ​ក៏​មិន​បាន​និយាយ​អ្វី​ ទៅ​ញុះញង់​ពលរដ្ឋ ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ទេ៖ «២០០៨ ហ្នឹង ឈូស​ផ្ទះ​សម្បែង ដល់​ក្រោយ​មក​ទៀត​ទៅ​ ពួក​ខ្ញុំ​ធ្វើ​ស្រែ​ធម្មតា មាន​នរណា​ញុះញង់​អ្នក​ណា គឺ​អត់​ទេ។ ធ្វើ​ស្រែ​ដូច​ដឹង​ស្រាប់​ហើយ ដូច​ខ្ញុំ​រួច​ហើយ ទៅ​ស្ទូង​អ្នក​ផ្សេង​ទៀត​យក​ដៃ។ ដូច​ថា ១០ ទៅ ២០គ្រួសារ អ៊ីចឹង ! គ្មាន​អ្នក​ណា​ញុះញង់​អ្នក​ណា​ បើ​បាត់​ដី​ដូច​តែ​គ្នា​ហ្នឹង។ គ្រាន់​ថា​គាត់​ជា​អ្នក​ចេះ​ដឹង​មួយ គាត់​ជា​គ្រូ​បង្រៀន​អីចឹង។ ដល់​ពេល​គេ​យក​ដី​គាត់​បាត់​បង់​ដែរ​ អ៊ីចឹង​ គាត់​ក៏​មក​ជួយ​តវ៉ា​ទៅ។ ពេល​អ៊ីចឹង​ទៅ​ គេ​ចោទ​ថា​គាត់​មក​ញុះញង់​ ពួក​ខ្ញុំ​ បាន​ពួក​ខ្ញុំ​ចេះ​ប្ដឹង។ តាម​ពិត​ទៅ​ ពួក​ខ្ញុំ ​អត់​មាន​គាត់​មក​ញុះញង់​ ឲ្យ​ទៅ​ប្ដឹង​អី​ទេ។ ពួក​ខ្ញុំ​ដើរ​ប្ដឹង​តាំង​ពី​កាត់​ចុះ​មក​ទៀត»។

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​សុំ​ការ​បក​ស្រាយ​ពី​ព្រះរាជអាជ្ញា​រង លោក ចែ សុង និង​អ្នកនាំពាក្យ​តុលាការ​ក្រុង​ភ្នំពេញ លោក អ៊ី រិន្ទ បាន​ទេ នៅ​ថ្ងៃ​ទី១៦ មិថុនា ជុំវិញ​ការ​លើក​យក​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​ប្រឆាំង​នឹង​ស្ត្រី​សកម្មជន​ដីធ្លី ដែល​គ្រោង​បើក​សវនាការ ​នៅ​ខែ​ក្រោយ​នេះ។

ចំណែក​នាយក​រង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត សង្កេត​ឃើញ​ថា ពលរដ្ឋ​ មិន​ត្រឹម​តែ​រង​គ្រោះ​បាត់​ដី​ស្រែ​ចម្ការ និង​ផ្ទះ​សម្បែង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ត្រូវ​រង​បណ្ដឹង​ជា​បន្តបន្ទាប់​ទៅ​តុលាការ​ទៀត​ផង នៅ​ពេល​ណា​មាន​ការ​រំលោភ​ដីធ្លី​ពលរដ្ឋ ពី​ក្រុមហ៊ុន​ដែល​បាន​ទទួល​សិទ្ធិ​អភិវឌ្ឍន៍​ពី​រដ្ឋាភិបាល។

លោក​ សាទរ​ចំពោះ​ការ​វិនិយោគ​ និង​អភិវឌ្ឍន៍​តាម​រយៈ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ប្រគល់​ឲ្យ​ក្រុមហ៊ុន​ណា​មួយ ប៉ុន្តែ​រដ្ឋ​គួរ​តែ​តម្រូវ​ឲ្យ​ភាគី​ក្រុមហ៊ុន​នោះ​ដោះស្រាយ​ផល​ប៉ះពាល់​ជូន​ពលរដ្ឋ​ ជា​សំណង​ឲ្យ​បាន​សមរម្យ និង​ដោយ​សន្តិវិធី ដើម្បី​បញ្ចៀស​ការ​ចេញ​តវ៉ា​ពី​ប្រជាពលរដ្ឋ៖ «ខ្ញុំ​យល់​ថា​រឿង​នេះ ជា​រឿង​បញ្ហា​រ៉ាំរ៉ៃ​យូរហើយ ហើយ​ប្រជា​ពលរដ្ឋ​នៅ​ហ្នឹង​ ក៏​រង​គ្រោះ​ខ្លាំង​ដែរ។ យើង​សង្ឃឹម​ថា នៅ​ពេល​សវនាការ​នេះ តុលាការ​នឹង​ទម្លាក់​ចោល បទ​ចោទ​ប្រកាន់​ទៅ​លើ​គាត់ ហើយ​ទុក​ឱកាស​ដើម្បី​ឲ្យ​ក្រុមហ៊ុន​ និង​ប្រជាពលរដ្ឋ​ហ្នឹង ធ្វើ​ការ​ដោះ​ស្រាយ​គ្នា​ដោយ​សន្តិវិធី បញ្ចប់​រឿង​នៅ​ហ្នឹង​ទៅ ព្រោះ​យូរ​ឆ្នាំ​មក​ហើយ»។

នៅ​ឆ្នាំ២០០៩ ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) របស់​លោកស្រី ជា ខេង ត្រូវ​ជា​ភរិយា​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ និង​ថាមពល ប្រើ​គ្រឿង​ចក្រ​ឈូស​បំផ្លាញ​ផ្ទះ​សម្បែង​ពលរដ្ឋ​អស់ ៤ខ្នង និង​បាន​ចាប់​ខ្លួន​ពលរដ្ឋ ១០នាក់ ក្នុង​នោះ​មាន​ស្ត្រី​វ័យ​ចំណាស់ ២នាក់ ដាក់​ពន្ធនាគារ​ខេត្ត​កំពង់​ឆ្នាំង ជាង ១ឆ្នាំ ដោយ​សារ​តែ​វិវាទ​ដីធ្លី​នេះ។

ក្នុង​ឆ្នាំ​២០១៤ អ្នក​ភូមិ​ឡ​ពាង មាន​អ្នក​ខ្លះ​ រែក​ចាន​ឆ្នាំង​បាយ អង្ករ ទូល​កន្ទេល បី​កូន​តូច នាំ​គ្នា​ដើរ​ថ្មើរ​ជើង​ចេញ​ពី ឃុំ​តាជេស ស្រុក​កំពង់​ត្រឡាច ​ខេត្ត​កំពង់ឆ្នាំង ឆ្ពោះ​ទៅ​ក្រុង​ភ្នំពេញ ដើម្បី​ស្វែង​រក​កិច្ច​អន្តរាគមន៍​រឿង​ដីធ្លី ពី​ស្ថាប័ន​រដ្ឋ និង​បណ្ដា​ស្ថានទូត​នានា។ ក្នុង​ពេល​នោះ​ ពួកគាត់​រង​ការ​វាយ​ធ្វើ​បាប និង​ឃាត់​ខ្លួន​ពី​សំណាក់​អាជ្ញាធរ​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង។

គ្រួសារ​លោកស្រី អ៊ុំ សុភី និង​លោក ស្ងួន ញឿន គឺ​ជា​គ្រួសារ​កសិករ មាន​កូន ៤នាក់ ស្រី​ម្នាក់ ប្រុស ៣នាក់។ កូន​ប្រុស​ច្បង មាន​អាយុ ១៤ឆ្នាំ ឯ​កូន​ប្រុស​ពៅ​ មាន​អាយុ ៥ឆ្នាំ។ ក្រោយ​ពី​អស់​ដី​ធ្វើ​ស្រែ​ជាង ១០ឆ្នាំ​មក សព្វ​ថ្ងៃ​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ ដើរ​ធ្វើ​សំណង់​តាម​ផ្ទះ​អ្នក​ភូមិ ជួន​កាល​ក៏​មាន​ធ្វើ​ ជួន​កាល​ក៏​គ្មាន។ ប្រាក់​​ចំណូល​ដែល​ពួក​គាត់ អាច​រក​បាន​ពី​ការងារ​ប្រើ​កម្លាំង​នេះ គឺ​ចន្លោះ​ពី ៣ម៉ឺន​រៀល ទៅ ៤ម៉ឺន​រៀល ក្នុង​មួយ​ថ្ងៃ ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​រស់​នៅ និង​ការ​រៀន​សូត្រ​របស់​កូន ៣នាក់។

សកម្មជន​ដីធ្លី ស្ត្រី​វ័យ ៤១ឆ្នាំ លោកស្រី អ៊ុំ សុភី ស្នើ​ដល់​ចៅក្រម និង​ព្រះរាជអាជ្ញា ឈរ​លើ​គោល​ការណ៍​ឯករាជ្យ និង​យុត្តិធម៌ ក្នុង​សវនាការ​រឿង​ក្ដី​ពេល​ខាង​មុខ​នេះ ព្រោះ​ដីធ្លី​គ្រួសារ​លោក​ស្រី​ជាង​២​ហិកតារ ក៏​ដូច​ជា​ដី​ពលរដ្ឋ​៥​ភូមិ​ សរុប​ជាង ៥០០ហិកតារ ត្រូវ​បាន​ខាង​ក្រុមហ៊ុន​ធ្វើ​របង​ហ៊ុំ​ព័ទ្ធ​យក​ និង​ដាក់​អ្នក​យាម ហាម​អ្នក​ភូមិ​មិន​ឲ្យ​ចូល​ទៅ​ដី​ស្រែ​បាន​ត​ទៅ​ទៀត​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។