ការអប់រំ​ដើម្បី​បណ្ដុះ​ភាព​ក្លាហាន​សម្រាប់​ក្មេង​ស្រី

ក្មេង​ស្រី​នៅ​តែ​ត្រូវ​គេ​មើល​ឃើញ​ថា ពុំ​សូវ​សកម្ម​ក្នុង​ការ​ចូល​រួម​ក្នុង​កិច្ចការ​សង្គម។ ប្រការ​នោះ គឺ​ដោយ​សារ​ពួក​គេ​ខ្វះ​ភាព​ក្លាហាន និង​មិន​សូវ​មាន​ទំនុក​ចិត្ត បើ​ទោះ​បី​ជា​ពួក​គេ​បាន​ឆ្លង​កាត់​ការ​សិក្សា​បាន​ច្រើន​ក៏​ដោយ។

0:00 / 0:00

តើ​ត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​បណ្ដុះ​ភាព​ក្លាហាន​សម្រាប់​ស្ត្រី ឬ​ក្មេង​ស្រី?

ការ​ទទួល​ស្គាល់​គំនិត​របស់​ក្មេង​ស្រី ទាំង​ក្នុង​សង្គម​គ្រួសារ សាលា​រៀន និង​ក្នុង​សង្គម​ជាតិ គឺ​ជា​កត្តា​ចាំ​បាច់​ដែល​បង្កើន​នូវ​ភាព​ក្លាហាន និង​ទំនុក​ចិត្ត​របស់​ក្មេង​ស្រី ដែល​អាច​អោយ​ពួក​គេ​ហ៊ាន​ចូល​ប្រឡូក​ក្នុង​កិច្ចការ​សង្គម ឬ​ទៅ​ជា​អ្នក​ដឹក​នាំ​ទៅ​ថ្ងៃ​អនាគត។

ក្នុង​វ័យ ២៧​ឆ្នាំ កញ្ញា ឡុង គឹមហ៊ាង គឺ​ជា​មន្ត្រី​ព័ត៌មាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅ​ឋាន។ ក្នុង​តួនាទី​នេះ គឹមហ៊ាង ត្រូវ​ប្រឈម​មុខ​ចំពោះ​បញ្ហា​ជាច្រើន ជាពិសេស​គឺ​អាច​ជួប​ប្រទះ​នឹង​ការ​ប្រើ​អំពើ​ហិង្សា​ណា​មួយ​នៅ​ពេល​ដែល​កញ្ញា​ត្រូវ​ចុះ​ទៅ​តាម​សហគមន៍ ដើម្បី​បំពេញ​ការងារ​ការពារ​សិទ្ធិ​លំនៅឋាន​របស់​ពលរដ្ឋ​នៅ​តាម​សហគមន៍ ឬ​នៅ​ពេល​មាន​ការ​តវ៉ា​ណា​មួយ​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​អាជ្ញាធរ។ គឹមហ៊ាង បញ្ជាក់​ថា បើ​ពុំ​មាន​ភាព​ក្លាហាន និង​ទំនុក​ចិត្ត​ទេ នាង​ប្រហែល​បោះ​បង់​ចោល​ការងារ​នេះ​បាត់​ទៅ​ហើយ។

កញ្ញា ឡុង គឹមហ៊ាង បាន​រំលឹក​ថា ភាព​ក្លាហាន និង​ទំនុក​ចិត្ត គឺ​នាង​បាន​ពី​ការ​សិក្សា និង​ការ​ប្រៀន​ប្រដៅ​ពី​ក្នុង​សង្គម​គ្រួសារ​របស់​នាង ដែល​នាង​បាន​ឆ្លង​កាត់​តាំង​ពី​វ័យ​ក្មេង​មក។

ការ​រៀប​រាប់​របស់ គឹមហ៊ាង បាន​បង្ហាញ​ថា ការ​អប់រំ​ក្នុង​ក្រុម​គ្រួសារ​របស់​នាង​មាន​ភាព​ខុស​ប្លែក​ពី​ភាគ​ច្រើន​នៃ​ការ​អប់រំ​ក្នុង​សង្គម​គ្រួសារ​នៅ​កម្ពុជា ជាពិសេស​នៅ​តាម​ទី​ជនបទ។

នាយិកា​នៃ​អង្គការ​បន្លាស់​ប្ដូរ​ជា​វិជ្ជមាន​សម្រាប់​កម្ពុជា អ្នកស្រី ហូយ សុជីវណ្ណី មាន​ប្រសាសន៍​ថា ភាគ​ច្រើន​នៃ​គ្រួសារ​ខ្មែរ​តែង​តែ​បន្តុះ​បង្អាប់​ទស្សនៈ​របស់​ក្មេង​ស្រី ដែល​ធ្វើ​អោយ​ក្មេង​ស្រី​ខ្លាច​រអា។ អ្នកស្រី​បន្ត​ថា គេ​អាច​ផ្លាស់​ប្ដូរ​បញ្ហា​នេះ​បាន​ដោយ​ការ​ផ្ដល់​ឱកាស​អោយ​ក្មេង​ស្រី បាន​លើក​ឡើង​ពី​បញ្ហា​របស់​ពួក​គេ។

មិន​ខុស​គ្នា​នេះ​ដែរ រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី អ្នកស្រី ស៊ីវណ្ណ បុទម មាន​ប្រសាសន៍​ថា គ្រួសារ​ដើរ​តួនាទី​ចម្បង​ទី១ ដែល​នឹង​ដឹក​នាំ​អោយ​ក្មេង​ស្រី​មាន​ទំនុក​ចិត្ត។ ចាំបាច់​ណាស់​ដែល​ឪពុក​ម្ដាយ​ត្រូវ​បែង​ចែក​អោយ​ដាច់​ពី​គ្នា​រវាង​ការ​អប់រំ​កូន និង​ការ​ទំយើ​កូន។ អ្នកស្រី​បន្ត​ថា ការ​ទំយើ នឹង​នាំ​អោយ​ក្មេង​ស្រី​ជួប​ការ​លំបាក​ទៅ​វិញ​ទេ​នៅ​ពេល​ពួក​គេ​ប្រឡូក​ក្នុង​កិច្ចការ​សង្គម។

នៅ​ពេល​ដែល​ក្មេង​ស្រី​ទទួល​បាន​ការ​ជំរុញ និង​លើក​ទឹក​ចិត្ត​អោយ​មាន​ភាព​ក្លាហាន​ហើយ​នោះ ចាំ​បាច់​ត្រូវ​អោយ​មាន​ការ​លើក​ទឹក​ចិត្ត​នៅ​ក្នុង​សាលា​រៀន​ដែរ។

នាយិកា​នៃ​អង្គការ​បន្លាស់​ប្ដូរ​ជា​វិជ្ជមាន​សម្រាប់​កម្ពុជា អ្នកស្រី ហូយ សុជីវណ្ណី អោយ​ដឹង​ទៀត​ថា ក្មេង​ស្រី​ដែល​មិន​ត្រូវ​ផ្ដល់​ឱកាស​អោយ​ដើម្បី​បង្ហាញ​ពី​ទស្សនៈ​របស់​ពួក​គេ នឹង​ពុំ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ចូល​រួម​អោយ​ពេញលេញ​ក្នុង​សង្គម​ឡើយ។

ក្រៅ​ពី​ការ​អប់រំ​តាម​គ្រួសារ និង​សាលារៀន សង្គម​កម្ពុជា ទាំង​មូល​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​រួម​ចំណែក​ក្នុង​ការ​ឲ្យ​ជំរុញ ឬ​បន្ទច់​បង្អាក់​ភាព​ក្លាហាន​របស់​ក្មេង​ស្រី។

រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី អ្នកស្រី ស៊ីវណ្ណ បុទម មាន​ប្រសាសន៍​ថា ក្មេង​ស្រី​នៅ​ទីក្រុង​ច្រើន​មាន​ភាព​ក្លាហាន និង​មាន​ទំនុក​ចិត្ត​ជាង​ក្មេង​ស្រី​នៅ​ទី​ជនបទ នោះ​ក៏​ដោយ​សារ​តែ​នៅ​តាម​ទី​ជនបទ ក្មេង​ស្រី​មិន​សូវ​ត្រូវ​គេ​ផ្ដល់​តម្លៃ។

ស្រប​គ្នា​នេះ ក្មេង​ស្រី​គ្រប់​រូប​ក៏​ត្រូវ​ចេះ​ឆក់​យក​ឱកាស ដើម្បី​បណ្ដុះ​ភាព​ក្លាហាន​ក្នុង​ខ្លួន ដើម្បី​ត្រៀម​ខ្លួន​ជាស្រេច​ក្នុង​ការ​ចូល​ប្រឡូក​ក្នុង​សង្គម ឬ​ក៏​អាច​ឈាន​ទៅ​ចាប់​យក​តួនាទី​ជា​អ្នក​ដឹក​នាំ​នៅ​ថ្ងៃ​អនាគត។

បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ចំពោះ​យុវតី​ដែល​កំពុង​បំពេញ​តួនាទី​ជា​អ្នក​ការពារ​សិទ្ធិ​លំនៅ​ឋាន កញ្ញា ឡុង គឹមហ៊ាង បាន​លើក​ឡើង​ថា ការ​ជំរុញ​ការ​អនុវត្ត​ច្បាប់​អោយ​បាន​ត្រឹម​ត្រូវ គឺ​ជា​កត្តា​រួម​ចំណែក​មួយ​ទៀត​ក្នុង​ការ​កាត់​បន្ថយ​ការ​បំភិត​បំភ័យ​សង្គម ដែល​នឹង​ប៉ះពាល់​ខ្លាំង​ទៅ​លើ​ទឹកចិត្ត និង​គោល​ជំហរ​ក្មេង​ស្រី។

នៅ​ក្នុង​គោលនយោបាយ​របស់​ក្រសួង​កិច្ចការ​នារី តែង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​អប់រំ​សម្រាប់​ក្មេង​ស្រី ដើម្បី​កាត់​បន្ថយ​បញ្ហា​ដែល​ចោទ​ចំពោះ​ក្មេង​ស្រី រួម​មាន​ការ​រំលោភ​បំពាន ការ​កេង​ប្រវ័ញ្ច ការ​ជួញ​ដូរ និង​ការ​បោក​ប្រាស់​ដោយ​ប្រការ​ផ្សេងៗ និង​ការ​លើក​កម្ពស់​តម្លៃ​ស្ត្រី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។