យុវជនកាន់តែច្រើនចាប់អារម្មណ៍ចុះឈ្មោះជាអ្នកសង្កេតការណ៍បោះឆ្នោត
2017.05.23
អង្គការសង្គមស៊ីវិល កត់សម្គាល់ថា យុវជនកាន់តែច្រើនបានស្ម័គ្រចិត្តជាអ្នកសង្កេតការណ៍បោះឆ្នោត ដែលនេះជាសញ្ញាណវិជ្ជមានមួយដែលរួមចំណែកឲ្យដំណើរការបោះឆ្នោតកាន់តែមានភាពប្រសើរឡើង។ បន្ថែមពីលើនេះ ពួកគេលើកទឹកចិត្តឲ្យយុវជនដែលមិនបានឈ្មោះជាអ្នកសង្កេតការណ៍ ត្រូវចូលរួមតាមដានដំណើរការបោះឆ្នោតដូចគ្នាដែរ ដើម្បីលុបបំបាត់ភាពមិនប្រក្រតីនានាដែលអាចនឹងកើតមានឡើង។
ក្រុមអង្គការសង្គមស៊ីវិលដែលចូលរួមតាមដានដំណើរការបោះឆ្នោត បានជ្រើសរើសអ្នកសង្កេតការណ៍ភាគច្រើនជាយុវជន ដោយសារពួកគេយល់ថា យុវជនមានសមត្ថភាព និងជំនាញច្បាស់លាស់ ព្រមទាំងមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការបំពេញតួនាទីដោយឯករាជ្យ ត្រឹមត្រូវ និងមិនលម្អៀង។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង បញ្ជាក់ថា អង្គការរបស់លោកបានជ្រើសរើសអ្នកសង្កេតការណ៍ចំនួន ១.៥០០នាក់ ដែលក្នុងនោះ ៩០ភាគរយ គឺជាយុវជនដែលមានអាយុចន្លោះពី ១៨ឆ្នាំទៅ ៣០ឆ្នាំ។ លោកថា មូលហេតុដែលជ្រើសរើសយុវជនច្រើននេះ ដោយសារពួកគេមានសកម្មភាពក្លៀវក្លាក្នុងការចូលរួមកិច្ចការងារសង្គម និងជាពិសេស ពួកគេចាប់អារម្មណ៍ខ្លាំងរឿងបោះឆ្នោត។
លោករំពឹងថា វត្តមានកាន់តែច្រើនរបស់យុវជនជាអ្នកសង្កេតការណ៍នេះ នឹងជួយរួមចំណែកឲ្យការដំណើរការបោះឆ្នោតកាន់តែមានសុក្រឹត៖ «ឃើញថាមានការប្រែប្រួលច្រើន។ កាលពីមុន យើងបានប្រមាណតែ ២ ទៅ ៣០០នាក់ យុវជនស្ម័គ្រចិត្តជាអ្នកសង្កេតការណ៍បោះឆ្នោត ប៉ុន្តែឆ្នាំនេះឃើញថាប្លែក មានការចូលរួមពីយុវជនច្រើន ហើយម្យ៉ាងវិញទៀត យុវជននៅតាមឃុំ-សង្កាត់ គាត់ចង់ធ្វើកិច្ចការងារនេះ។ (យុវជន) មានស្មារតីមួយថា គាត់យ៉ាងហោចណាស់ជាយុវជន បើទោះបីជាមិនបានធ្វើការងាររាជការនឹងគេ តែអ្វីដែលគាត់អាចជួយឃុំ-សង្កាត់បាន គឺគាត់ទៅសង្កេតការណ៍ដំណើរការបោះឆ្នោត ដើម្បីធានាថាការបោះឆ្នោតមានភាពត្រឹមត្រូវ និងយុត្តិធម៌»។
ចំណែកនាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល វិញថ្លែងថា អង្គការរបស់លោកគ្រោងដាក់អ្នកសង្កេតការណ៍ជាង ១ពាន់នាក់នៅតាមតំបន់គោលដៅទូទាំង ២៥រាជធានី-ខេត្ត។ លោកថា ក្នុងចំណោមជាង ១ពាន់នាក់នោះ មានពី ៧០ ទៅ ៨០ភាគរយ គឺជាយុវជនអាយុចន្លោះពី ២០ ទៅ ៣៥ឆ្នាំ។ លោកបន្តថា ការជ្រើសរើសយុវជនជាអ្នកសង្កេតការណ៍នេះ ដោយសារពួកគេមានចំណេះដឹង និងជំនាញទាក់ទងនឹងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាក្នុងការបញ្ជូនព័ត៌មានផ្សេងៗបានទាន់ពេលវេលា៖ «គាត់ចង់ចូល និងចង់ធ្វើជាសាក្សីនៃដំណើរការបោះឆ្នោត។ គាត់មានចំណេះដឹង និងជំនាញបច្ចេកទេសក្នុងការប្រើប្រាស់ទូរស័ព្ទ ឬក៏ឧបករណ៍ចាំបាច់ក្នុងការបញ្ជូនទិន្នន័យ និងព័ត៌មានឲ្យទាន់ពេលវេលា ព្រោះយើងចង់សរុបរបាយការណ៍ ឬក៏ទិន្នន័យឲ្យបានភ្លាមៗ ក្រោយការបោះឆ្នោតចប់។ ក្នុងរយៈពេលយ៉ាងយូរ ១២ម៉ោង យើងនឹងទទួលបានទិន្នន័យ ឬក៏ព័ត៌មានទាំងនោះ»។
គិតត្រឹមថ្ងៃទី១៦ ឧសភា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលស្គាល់អ្នកសង្កេតការណ៍ជាតិចំនួនជាង ៤ម៉ឺន ៦ពាន់នាក់ (៤៦.៦៣៩នាក់) អ្នកសង្កេតការណ៍អន្តរជាតិចំនួន ៧៥នាក់ និងភ្នាក់ងារគណបក្សនយោបាយចំនួនជាង ៥ម៉ឺន ៨ពាន់នាក់ (៥៨.៤១០នាក់) ដើម្បីចូលរួមសង្កេតមើលដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ នេះ។
ឯកសារជំនួយស្មារតីរបស់អង្គការខុមហ្វ្រែល (COMFREL) សរសេរថា អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ និងភ្នាក់ងាររបស់គណបក្សនយោបាយ ត្រូវបានផ្តល់សិទ្ធិដើម្បីចូលរួមសង្កេតការណ៍ តាមដាន និងធ្វើរបាយការណ៍អំពីរាល់សកម្មភាពនៃដំណើរការបោះឆ្នោតបានដោយសេរី និងទូលំទូលាយ។
យុវតីម្នាក់នៅរាជធានីភ្នំពេញ គឺកញ្ញា បាន សុភ័ក្ត្រ បញ្ជាក់ថា នាងបានស្ម័គ្រចិត្តជាអ្នកសង្កេតការណ៍នៅមណ្ឌលបោះឆ្នោតមួយក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ យុវតីរូបនេះបន្តថា ការចុះឈ្មោះជាអ្នកសង្កេតការណ៍នេះ គឺដោយសារនាងចង់រៀនសូត្រអំពីដំណើរការបោះឆ្នោត និងចង់រួមចំណែកឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយត្រឹមត្រូវ។ នាងប្ដេជ្ញាចិត្តថា នឹងបំពេញតួនាទីជាអ្នកសង្កេតការណ៍ដោយឯករាជ្យ និងមិនលម្អៀងទៅរកគណបក្សនយោបាយណាមួយឡើយ៖ «អ្វីដែលខ្ញុំសង្ឃឹមបំផុតនោះ គឺចង់ឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន ទទួលបានជោគជ័យ ហើយនិងយុត្តិធម៌ និងទទួលបានការជឿជាក់ និងទុកចិត្តពីសំណាក់ប្រជាជនខ្មែរយើងដែលគាត់បោះឆ្នោត»។
បន្ទប់ស្ថានការណ៍សម្រាប់ការបោះឆ្នោតឆ្នាំ២០១៧ ដែលជាសម្ព័ន្ធអង្គការសមាគមចំនួន ៣៨ នៅកម្ពុជា ជ្រើសរើសបានអ្នកសង្កេតការណ៍ចំនួន ១ម៉ឺន ១ពាន់នាក់ហើយ ហើយគ្រោងនឹងជ្រើសរើសឲ្យបានគ្រប់ចំនួន ១៤.៥០០នាក់តាមផែនការកំណត់ ដើម្បីដាក់អ្នកសង្កេតការណ៍ទាំងនោះនៅគ្រប់ការិយាល័យបោះឆ្នោតទាំងជាង ២ម៉ឺន ២ពាន់ការិយាល័យ (២២.១៤៨ការិយាល័យ) នៅទូទាំងប្រទេស។
នៅពេលបោះឆ្នោតម្តងៗ ឧបាយកលទុច្ចរិតគ្រប់ប្រភេទត្រូវបានអ្នកនយោបាយមួយចំនួនប្រើប្រាស់ដើម្បីមានប្រៀបជាងដៃគូប្រកួតប្រជែង។ ឧបាយកលទុច្ចរិតទាំងនោះរួមមាន ការគំរាមកំហែង ការបំភិតបំភ័យ ការទិញសន្លឹកឆ្នោតដោយសម្ភារ ឬលុយកាក់ ការលួងលោមទិញទឹកចិត្ត ការបង្ខំឲ្យធ្វើសម្បថ និងការកត់លេខឯកសារបញ្ជាក់អត្តសញ្ញាណ ជាដើម។
ឯកសារជំនួយស្មារតីរបស់អង្គការខុមហ្វ្រែល សរសេរថា ក្នុងថ្ងៃបោះឆ្នោត ប្រជាពលរដ្ឋត្រូវទៅបោះឆ្នោត និងត្រូវបោះឆ្នោតតាមឆន្ទៈរបស់ខ្លួន ទោះបីជាមានបេក្ខជន ឬគណបក្សនយោបាយណាមួយឲ្យលុយ ឲ្យសម្ភារ ឲ្យធ្វើសម្បថ ឬបំភិតបំភ័យយ៉ាងណាក៏ដោយ ព្រោះអ្នកបោះឆ្នោតត្រូវចងចាំថា ការបោះឆ្នោតធ្វើឡើងដោយសម្ងាត់ គ្មាននរណាអាចដឹងបានឡើយ។ អ្នកបោះឆ្នោតក៏ត្រូវជួយពិនិត្យ និងផ្តល់ព័ត៌មានអំពីឧបាយកលទុច្ចរិត ឬភាពមិនប្រក្រតីក្នុងថ្ងៃបោះឆ្នោតទៅស្ថាប័នរៀបចំការបោះឆ្នោត អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ឬភ្នាក់ងារគណបក្សនយោបាយដែលអាចទុកចិត្តបាន៕