សម្ព័ន្ធ​យុវជន​​បង្កើត​វេទិកា​ដេញដោល​មតិ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត

ដោយ យ៉ង ចាន់តារា
2016.03.12
យុវជន អ៊ីនធឺណិត ៨៥៥ ២០១៦ អ្នក​ចូល​រួម​កំពុង​សាកល្បង​​ប្រើ​ប្រព័ន្ធ​វេទិកា​សម្ព័ន្ធ​យុវជន នៅ​លើ​ទូរស័ព្ទ​ដៃ ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​ប្រព័ន្ធ​វេទិកា​សម្ព័ន្ធ​យុវជន កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៦ នៅ​រាជធានី​ភ្នំពេញ។
RFA/Yang Chandara

សម្ព័ន្ធ​យុវជន​ដើម្បី​ឯកភាព និង​អភិវឌ្ឍន៍ (YCUD) ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​វេទិកា​សម្ព័ន្ធ​យុវជន​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មីនា។ ប្រព័ន្ធ​វេទិកា​យុវជន​នេះ បង្កើត​ឡើង​ក្នុង​គោលបំណង​បើក​ឱកាស​ឱ្យ​យុវជន​ធ្វើការ​តស៊ូ​មតិ​ចំពោះ​បញ្ហា​ប្រឈម​របស់​ពួកគេ​តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក។

​យុវជន​មួយ​ចំនួន​ថ្លែង​សាទរ​ចំពោះ​ការ​បង្កើត​វេទិកា​សម្ព័ន្ធ​យុវជន ដែល​អនុញ្ញាត​ឱ្យ​ពួកគេ​អាច​ពិភាក្សា និង​ដេញដោល​មតិ​លើ​បញ្ហា​ប្រឈម​របស់​ខ្លួន​បាន​តាមរយៈ​ប្រព័ន្ធ​អ៊ីនធឺណិត។ ក្រុម​យុវជន​រំពឹង​ថា តាម​រយៈ​វេទិកា​នេះ ពួកគេ​នឹង​អាច​កសាង​សមត្ថភាព​ក្នុង​ការ​តស៊ូ​មតិ និង​បង្កើត​យុទ្ធនាការ​ផ្សេងៗ លើ​ប្រព័ន្ធ​បណ្ដាញ​សង្គម ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បច្ចេកវិទ្យា។

និស្សិត​ឆ្នាំ​ទី​៣ ផ្នែក​សង្គមកិច្ច​វិទ្យា កញ្ញា ផេង ស្រីស អះអាង​ថា កញ្ញា​នឹង​ប្រើប្រាស់​វេទិកា​ថ្មី​នេះ​ដើម្បី​បង្កើន​ការ​ចូល​រួម​ក្នុង​ការ​តស៊ូ​មតិ​ចំពោះ​បញ្ហា​អយុត្តិធម៌​សង្គម ដែល​នាង​ជួប​ប្រទះ និង​បង្ហាញ​ដល់​រដ្ឋាភិបាល៖ «គាត់​ចង់​ចូលរួម​ក្នុង​សកម្មភាព​សង្គម​ទាក់ទង​នឹង​ការ​ពិភាក្សា និង​ការ​ជ្រើសរើស​ជាដើម គាត់​មិន​មាន​កន្លែង​មួយ​ច្បាស់លាស់​ដើម្បី​ចូលរួម​នោះ​ទេ។ ប៉ុន្តែ​ការ​បង្កើត​ថ្មី​នេះ​មួយ វា​ពិតជា​ល្អ​មែន​ទែន​ដែល​ជា​ឱកាស​របស់​ពួកគាត់​អាច​ចូលរួម​ក្នុង​ការ​បញ្ចេញ​មតិ និង​ការ​ពិភាក្សា​អំពី​រឿង​សង្គម ជាពិសេស​រឿង​ខ្លួនឯង»

យុវជន​ម្នាក់ គឺ​លោក ទី រស្មី បញ្ចេញ​យោបល់​ថា រូបគេ​ពេញ​ចិត្ត​នឹង​វេទិកា​នៅ​លើ​ប្រព័ន្ធ​អ៊ីនណឺណិត បែប​នេះ ពីព្រោះ​រូបគេ​នឹង​អាច​ធ្វើ​ការ​ចែក​រំលែក​ព័ត៌មាន និង​ជជែក​រក​ដំណោះស្រាយ​ទៅ​លើ​ប្រធានបទ​អ្វី​មួយ​ជាមួយ​យុវជន​ដទៃ​ទៀត៖ «ការ​បង្កើត​វេទិកា​នេះ ខ្ញុំ​យល់​ថា វា​មាន​សារសំខាន់​ដោយសារតែ​វា​ផ្ដល់​ឱកាស​ដល់​យុវជន​ក្នុង​ការ​ចូលរួម​ចែក​រំលែក​នូវ​ចំណេះ​ដឹង និង​បទ​ពិសោធន៍ ព្រម​ទាំង​ធ្វើការ​តស៊ូ​មតិ​ទៅ​លើ​អ្វី​មួយ​ដែល​ពួកគាត់​ចង់​បាន។ បើសិនជា​យើង​ប្រៀបធៀប​នឹង​កាល​ពី​មុន​វិញ បើសិនជា​យុវជន​មាន​បញ្ហា​អ្វី​មួយ ពួកគាត់​អត់​ដឹង​ថា ត្រូវ​ទៅ​ធ្វើ​ការ​តស៊ូ​មតិ ឬ​ក៏​ធ្វើ​ការ​ទាក់ទង​ទៅ​កាន់​ស្ថាប័ន​មួយ​ណា​ទេ»

ប្រព័ន្ធ​វេទិកា​សម្ព័ន្ធ​យុវជន ជា​កន្លែង​ដែល​អនុញ្ញាត​ឱ្យ​យុវជន​ចូលរួម​បញ្ចេញ​មតិ​លើ​បញ្ហា និង​ដំណោះស្រាយ​អំពី​រឿង​ដែល​ពាក់ព័ន្ធ​នឹង​យុវជន តាមរយៈ​ការចូលរួម​ជជែក​ដេញដោល​លើ​ប្រធានបទ​ថ្មីៗ ការបោះឆ្នោត និង​ការស្ទង់មតិ​។

​វេទិកា​សម្ព័ន្ធ​យុវជន ជា​ប្រព័ន្ធ​ដែល​ដំណើរការ​លើ​ម៉ាស៊ីន​កុំព្យូទ័រ និង​ទូរស័ព្ទ​ដៃ​ទំនើប។ មនុស្ស​គ្រប់​គ្នា​អាច​ប្រើប្រាស់​វា​បាន​គ្រប់​ពេល​វេលា និង​គ្រប់​ទីកន្លែង​ឱ្យ​តែ​ម៉ាស៊ីន​កុំព្យូទ័រ ឬ​ទូរស័ព្ទ​ដៃ​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​អ៊ីនធឺណិត ដោយ​ចូល​ទៅ​កាន់​គេហទំព័រ​សម្ព័ន្ធ​យុវជន​ដើម្បី​ឯកភាព និង​អភិវឌ្ឍន៍ www.ycud.org រួច​ចុច​នៅ​លើ​ពាក្យ​ការ​ជជែក​ដេញដោល ការ​បោះឆ្នោត ឬ​ការ​ស្ទង់​មតិ។

អ្នក​សម្របសម្រួល​គម្រោង​វេទិកា​សម្ព័ន្ធ​យុវជន លោក ផា ស៊ីណា បញ្ជាក់​ថា ការ​បង្កើត​វេទិកា​ដេញដោល​មតិ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត នេះ​ត្រូវ​បាន​រៀបចំ និង​អនុវត្ត ដូចគ្នា​ទៅ​នឹង​វេទិកា​ជួប​ផ្ទាល់​ដូច្នោះ​ដែរ៖ «សម្រាប់ Debate (ជជែក) គាត់​មាន​ក្រុម​គាំទ្រ និង​ក្រុម​បដិសេធ​ចំពោះ​ប្រធានបទ​នីមួយៗ អ៊ីចឹង​គាត់​ជជែក​ដេញ​ដោល​គ្នា​អ៊ីចឹង​ទៅ។ បន្ទាប់​ពី​នោះ ពួកគាត់​អាច​មាន​អ្នក​បោះឆ្នោត​គាំទ្រ។ បើ​ថា គាត់​ពេញ​ចិត្ត​នឹង​អំណះអំណាង​របស់​ក្រុម​គាំទ្រ គាត់​បោះ​ឆ្នោត​ឱ្យ​ក្រុម​នោះ​ឈ្នះ​ទៅ។ សម្រាប់​អ្នក​ដែល​មិន​ចង់ Debate គាត់​អាច​ផ្ដល់​យោបល់​ក្នុង​ប្រអប់​ខាង​ក្រោម​បាន»

លោក ផា ស៊ីណា ពន្យល់​ថា យុវជន​ចាំបាច់​ត្រូវ​ចុះ​ឈ្មោះ​តាមរយៈ​អ៊ីម៉ែល ឬ​គណនី​ហ្វេសប៊ុក (Facebook) របស់​ខ្លួន ដើម្បី​អាច​ចូល​ទៅ​កាន់​វេទិកា​សម្ព័ន្ធ​យុវជន​នេះ​បាន៖ «ជា​រឿង​ដែល​សំខាន់​ទី​១ គឺ​គាត់​ត្រូវតែ​ចុះ​ឈ្មោះ​ចូល​ប្រើ។ គាត់​ចុះ​ឈ្មោះ​ប្រើ​ដូច Yahoo ឬ Facebook ។ ការ​ចុះ​ឈ្មោះ គឺ​សាមញ្ញ​ទេ មិន​មាន​ការ​បំពេញ​ព័ត៌មាន​ច្រើន​ទេ។ គាត់​បំពេញ​តែ​ឈ្មោះ អ៊ីម៉ែល រួច​គាត់​ចុច​ចុះ​ឈ្មោះ។ ចុះ​ឈ្មោះ​ហើយ គឺ​គេ​មាន​ផ្ញើ​អ៊ីម៉ែល​មួយ​ទៅ​កាន់​អ៊ីម៉ែល​របស់​គាត់ ដើម្បី​ឱ្យ​គាត់​ចុច Link មួយ ដើម្បី​បញ្ជាក់​ថា ជា​អ៊ីម៉ែល ពិត។ រួច​គាត់​អាច​ប្រើប្រាស់​បាន​តាម​ធម្មតា»

លោក ផា ស៊ីណា បន្ត​ទៀត​ថា ប្រធានបទ​ដែល​នឹង​លើក​យក​មក​ពិភាក្សា បាន​មក​ពី​យុវជន​ខ្លួន​ឯង ឬ​អង្គការ​យុវជន ហើយ​គ្រប​ដណ្ដប់​គ្រប់​វិស័យ​ទាំង​អស់ ពិសេស​ចំពោះ​រឿង​ដែល​រសើប ឬ​ផុសផុល​ក្នុង​សង្គម​ដែល​ប៉ះពាល់​ដល់​យុវជន។

​វេទិកា​សម្ព័ន្ធ​យុវជន ទទួល​បាន​ការ​ឧបត្ថម្ភ​ជា​ថវិកា​ពី​អង្គការ ឌីវេឡុបមិន អ៊ីណូវេស្សិន (Development Innovations) ដែល​ទទួល​បាន​មូលនិធិ​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID)។

អនុប្រធាន​គម្រោង​នៃ​អង្គការ Development Innovations លោក ថេង វិបុល បញ្ជាក់​ថា វា​ជា​រឿង​ចាំបាច់​ដែល​ត្រូវ​ផ្ដល់​ឱ្យ​យុវជន​នូវ​វេទិកា​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ដើម្បី​ពួកគេ​អាច​តស៊ូ​មតិ ឬ​បង្ហាញ​ក្តី​កង្វល់ និង​បញ្ហា​របស់​ខ្លួន​ទៅ​កាន់​អ្នកដឹកនាំ៖ «ខ្ញុំ​សង្ឃឹម​ថា យុវជន​នឹង​មាន​ការ​ចូលរួម ហើយ​ជាពិសេស​គាត់​នឹង​តាមដាន​កម្មវិធី​នៅ​លើ​វ៉ឹបសាយ​នេះ ជាពិសេស​ថា​តើ​មាន​បញ្ហា​អ្វីខ្លះ​ត្រូវ​បាន​ពិភាក្សា និង​សម្រេច​ដើម្បី​ដាក់​ជូន​ថ្នាក់ដឹកនាំ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ ដើម្បី​ឱ្យ​ពិចារណា​រួម​ចំណែក និង​រួមបញ្ចូល​បញ្ហា និង​តម្រូវការ​របស់​យុវជន​ទៅ​ក្នុង​កម្មវិធី​អភិវឌ្ឍ​ប្រទេស​ជាតិ»

​រាល់​មតិយោបល់​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​កិច្ចពិភាក្សា​លើ​វេទិកា​សម្ព័ន្ធ​យុវជន នឹង​ត្រូវ​បាន​ចងក្រង និង​ពិភាក្សា​បន្ត ដើម្បី​ដាក់​ជូន​ភាគី​ពាក់ព័ន្ធ​ដើម្បី​រក​ឆ្លើយ​តប។

សម្ព័ន្ធ​យុវជន​ដើម្បី​ឯកភាព និង​អភិវឌ្ឍន៍ រំពឹង​ថា នឹង​មាន​យុវជន ១​ពាន់​នាក់​ប្រើប្រាស់​វេទិកា​សម្ព័ន្ធ​យុវជន នៅ​ត្រឹម​ខែ​មេសា ឆ្នាំ​២០១៦ ដែល​ជា​ជំហាន​ដំបូង​នៃ​ដំណើរ​ការ​វេទិកា​នេះ។

ទិន្នន័យ​មូលដ្ឋាន​ខែ​ធ្នូ ឆ្នាំ​២០១៥ របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បង្ហាញ​ថា អតិថិជន​អ៊ីនធឺណិត ទាំង​ចល័ត និង​អចល័ត​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​ជាង ៦​លាន​នាក់ (៦.៤១៤.៨៣៥)។ ចំណែក​ទីភ្នាក់ងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម We Are Social របស់​សិង្ហបុរី រក​ឃើញ​ថា អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ដ៏​សកម្ម​នៅ​កម្ពុជា បាន​កើន​ឡើង​រហូត​ដល់ ៣,៤​លាន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។