សកម្មជនសិទ្ធិដីធ្លី និងសិទ្ធិជនជាតិដើមភាគតិចមួយរូប បានអភិវឌ្ឍខ្លួនក្លាយជាមេធាវីពេញសិទ្ធិ នៅពេលថ្មីៗនេះ ក្រោយប្រឹងប្រែងអស់រយៈពេលជិត ១០ឆ្នាំ។ យុវជនរូបនោះ តាំងចិត្តថា លោកនឹងប្រើវិជ្ជាជីវៈមេធាវីនេះ ដើម្បីជួយដល់ពលរដ្ឋក្រីក្រ ពិសេសជនជាតិដើមភាគតិច ដែលរងគ្រោះដោយការរំលោភបំពានសិទ្ធិពីសំណាក់ក្រុមហ៊ុនឯកជន និងអ្នកមានអំណាច។
ស្ថិតក្នុងវ័យ ៣៣ឆ្នាំ លោក លូត សាំង បានក្លាយជាមេធាវីដំបូងគេនៅកម្ពុជា ដែលមានឈាមជ័រជាជនជាតិដើមភាគតិចកួយ។ លោកបានធ្វើសច្ចាប្រណិធានជាមេធាវីពេញសិទ្ធិនៅថ្ងៃទី៧ ឧសភា ជាមួយមេធាវីមួយចំនួនទៀត ក្នុងនោះក៏រួមមានទាំង អ្នកស្រី យុន ម៉ាណេ ដែលជាជនជាតិដើមភាគតិចព្នង មកពីខេត្តមណ្ឌលគិរីផងដែរ។
លោក លូត សាំង រៀបរាប់ថា មូលហេតុដែលជំរុញឱ្យលោកឈោងចាប់យកវិជ្ជាជីវៈមេធាវីនេះ ពីព្រោះលោកមើលឃើញថា ពលរដ្ឋក្រីក្រ ជាពិសេសសហគមន៍ជនជាតិដើមភាគតិច ច្រើនតែជួបប្រទះភាពអយុត្តិធម៌នៅពេលតតាំងក្តីនៅតុលាការ ហើយពួកគាត់ភាគច្រើនមានចំណេះដឹងទាបផ្នែកច្បាប់៖ « បងប្អូនជនជាតិដើមភាគតិច គាត់រងគ្រោះជាងគេ ហើយអត់សូវមានអ្នករៀនបានដិតដល់ខ្ពស់ខ្ពស់ទេ អ៊ីចឹងការសម្រេចចិត្តរបស់ខ្ញុំហ្នឹង គឺខ្ញុំធ្វើម៉េចបន្តការសិក្សាផ្នែកច្បាប់។ អ៊ីចឹងនៅពេលថ្ងៃណាមួយ យើងនឹងមានឱកាសដូចករណីជាក់ស្ដែង ដូចប្រឡង ដូចអ្វីជាដើម គឺយើងបានដាក់ពាក្យ ដាក់អ្វីជាមួយនឹងគេទៅ គឺយើងបានជាប់ជាក់ស្ដែងមែន » ។
លោក លូត សាំង មានស្រុកកំណើត នៅភូមិស្រែព្រាង ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ទីដែលមានទំនាស់ដីធ្លីរ៉ាំរ៉ៃរវាងសហគមន៍ជនជាតិដើមភាគតិចកួយ និងក្រុមហ៊ុនស្ករសរបស់ចិន។ លោកជាកូនទី៣ ក្នុងចំណោមបងប្អូនសរុប ៦នាក់ នៃត្រកូលកសិករជនជាតិកួយ។ លោករៀនចប់ថ្នាក់វិទ្យាល័យនៅឆ្នាំ២០០៨ រួចក៏ឡើងមកខេត្តសៀមរាប ដើម្បីបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ ប៉ុន្តែរៀនបានតែកន្លះឆ្នាំ លោកក៏សម្រេចចិត្តផ្អាកការសិក្សា និងវេចបង្វេចទៅស្រុកវិញ ព្រោះតែជីវភាពគ្រួសារក្រីក្រ រត់មិនរួច។
ទោះជាយ៉ាងណា ដោយស្រឡាញ់ការងារសង្គម លោកបានចូលធ្វើការជាអ្នកស្ម័គ្រចិត្តឱ្យអង្គការពន្លកខ្មែរប្រចាំនៅខេត្តព្រះវិហារ ចាប់ពីឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០១១ រួចក៏បានក្លាយជាបុគ្គលិកពេញសិទ្ធិក្នុងអង្គការនេះ មកទល់នឹងឆ្នាំ២០១៨។ ដោយសារតែមានការងារជាប់លាប់ជាមន្ត្រីអង្គការសង្គមស៊ីវិលនេះហើយ ទើបលោកមានលទ្ធភាពបន្តការសិក្សាថ្នាក់មហាវិទ្យាល័យតាមក្ដីបំណង។ លោកបានបំពេញការងារជាមន្ត្រីសម្របសម្រួលសហគមន៍នៅអង្គការពន្លកខ្មែរ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ហើយបានឆ្លៀតពេលថ្ងៃសៅរ៍-អាទិត្យ ដើម្បីឡើងមករៀនបន្តនៅសាកលវិទ្យាល័យឯកជនមួយនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ រហូតដល់បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់ នៅឆ្នាំ២០១៦។
នៅមុនពេលធ្វើការជាអ្នកការពារសិទ្ធិជនជាតិដើមភាគតិច លោក លូត សាំង មិនបានប៉ងធ្វើជាមេធាវីនោះទេ ប៉ុន្តែអ្វីៗ បានប្រែប្រួលនៅពេលវិវាទដីធ្លីរវាងពលរដ្ឋឃុំប្រមេរ និងក្រុមហ៊ុនស្ករស ហេងហ្វូ (Hengfu) របស់ចិន បានផ្ទុះឡើងនៅឆ្នាំ២០១១ និងអូសបន្លាយរហូតដល់បច្ចុប្បន្ន។ លោកថា សហគមន៍ជនជាតិដើមភាគតិចបានបាត់បង់ដីធ្លី ដែលធ្លាប់បង្កបង្កើនផលតាំងពីដូនតា បាត់បង់ព្រៃឈើដែលជាធ្លាប់អាស្រ័យផល ហើយរងការប្ដឹងផ្ដល់ពីក្រុមហ៊ុនថែមទៀត សូម្បីតែរូបលោកផ្ទាល់ក៏ជាប់ក្នុងបណ្ដឹងនោះដែរ។ ទើបតែថ្មីៗ នេះទេ ដែលតុលាការខេត្តព្រះវិហារទម្លាក់បទចោទលើរូបលោក និងមនុស្សមួយចំនួនទៀត។
យុវជនជនជាតិដើមភាគតិចកួយរូបនេះ ប្ដេជ្ញាថា លោកនឹងជួយការពារក្ដីឱ្យពលរដ្ឋក្រីក្រ ជាពិសេសសហគមន៍ជនជាតិដើមភាគតិច៖ « អ្នកមានលុយទទួលបាន ( យុត្តិធម៌ ) ពេញលេញទៅ គ្នាអ្នកក្រពេលកាត់ក្តីមួយចំនួនហ្នឹង ធ្វើឱ្យគាត់ចាញ់ អត់មានដំណោះស្រាយជាក់ស្ដែង។ ខ្ញុំគិតថា ពេលខ្ញុំជាប់ជាមេធាវី ខ្ញុំបានជួយពួកគាត់ទាក់ទងនឹងការការពារក្ដីមួយចំនួន នៅតាមសហគមន៍មូលដ្ឋាន ដោយសារយើងបានយល់ដឹងពីច្បាប់ » ។
ទីប្រឹក្សាសហគមន៍ជនជាតិដើមភាគតិចកួយឃុំប្រមេរ លោកស្រី នួន ម៉ុន មានប្រសាសន៍ថា លោកស្រី និងអ្នកភូមិដទៃទៀត មានអារម្មណ៍ត្រេកអរនៅពេលដឹងថា លោក លូត សាំង បានជាប់ជាមេធាវី។ លោកស្រីថា ជាច្រើនឆ្នាំមកនេះ យុវជនរូបនេះបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការជួយអប់រំពលរដ្ឋឃុំប្រមេរ និងពលរដ្ឋនៅតំបន់ផ្សេងទៀតដែលរងគ្រោះដោយការរំលោភយកដីធ្លី។ លោកស្រីថា ភាពជោគជ័យរបស់ លូត សាំង ក៏ជាការបំផុសឱ្យកូនចៅរបស់អ្នកភូមិ ប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីត្រឡប់មកជួយភូមិកំណើតវិញ៖ « បងប្អូនកូនចៅនៅក្នុងឃុំប្រមេរជនជាតិដើមភាគតិច ក៏បានទៅរៀននៅភ្នំពេញ រៀនបានខ្ពង់ខ្ពស់ដែរ ដូច្នេះខ្ញុំក៏អាចនឹងរំពឹងចំពោះ លូត សាំង ដែលគាត់បានជាធ្វើមេធាវី បានធ្វើច្បាប់ការពារស្រុកភូមិរបស់ខ្លួន » ។

ស្រដៀងគ្នានេះ នាយកប្រតិបត្តិអង្គការពន្លកខ្មែរ លោក ប៉ឹក សោភ័ណ ឱ្យដឹងថា អង្គការរបស់លោកមានមោទនភាពជាខ្លាំងដែលអតីតបុគ្គលិករូបនេះ បានជម្នះការលំបាកជាច្រើនដើម្បីសម្រេចគោលដៅក្លាយជាមេធាវី។ លោកថា លោក លូត សាំង ជាបុគ្គលដែលពោរពេញដោយឆន្ទៈជួយសង្គម និងថាមពលធ្វើការងារមិនខ្លាចនឿយហត់ ទោះជានៅទីណាក៏ដោយ។ លោករំពឹងថា អតីតសហការីរបស់លោករូបនេះនឹងក្លាយជាដៃគូជាមួយអង្គការពន្លកខ្មែរ និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីជួយអភិវឌ្ឍសហគមន៍មូលដ្ឋាន៖ « យើងមានមោទនភាពខ្លាំងមែនទែន ហើយក៏បានជាដៃគូទៅថ្ងៃអនាគត ដើម្បីធ្វើការគាំទ្រ និងលើកកម្ពស់សិទ្ធិសហគមន៍ជនជាតិដើមភាគតិច និងសហគមន៍ផ្សេងៗទៀត » ។
អតីតអ្នកការពារសិទ្ធិជនជាតិដើមភាគតិច លោក លូត សាំង ឱ្យដឹងថា ថ្វីដ្បិតតែលោកបានជាប់ជាមេធាវីហើយក៏ដោយ ក៏ដំណាក់កាលនេះ លោកមិនទាន់អាចកាន់សំណុំរឿងបាននៅឡើយ ព្រោះត្រូវធ្វើកម្មសិក្សារយៈពេល ១ឆ្នាំសិន ដើម្បីដឹងពីនីតិវិធីបែបបទ និងបច្ចេកទេសរបស់មេធាវី។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា ក្រោយចប់កម្មសិក្សា លោកនឹងទៅបំពេញវិជ្ជាជីវៈប្រចាំនៅខេត្តព្រះវិហារ ដែលជាស្រុកកំណើតរបស់លោក៖ « ខ្ញុំនឹងចុះទៅប្រចាំនៅខេត្តព្រះវិហារ។ យើងធ្វើពីរ ទាក់ទងនឹងរឿងព្រហ្មទណ្ឌ និងរដ្ឋប្បវេណី។ យើងជួយដល់សហគមន៍នៅមូលដ្ឋានតែម្តង ដែលគាត់ងាយរងគ្រោះ » ។
លោក លូត សាំង ជំរុញឱ្យយុវជនទូទៅ ពិសេសកូនចៅជនជាតិដើមភាគតិច ឱ្យប្រឹងប្រែងរៀនសូត្របន្ថែមទៀតដើម្បីក្លាយជាបញ្ញវន្ត អាចជួយដល់សហគមន៍របស់ខ្លួនបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។