ប្រធានប្ដូរវេនអាស៊ានលោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានប្រកាសនៅក្រោយកិច្ចប្រជុំថា បទឈប់បាញ់គ្នានេះ នឹងចូលជាធរមានចាប់ពីពាក់កណ្ដាលយប់នេះទៅ គឺពីម៉ោង១២យប់។ លោកបានបន្តថា នេះជាជំហានដំបូងដ៏សំខាន់មួយ ដើម្បីបន្ធូរបន្ថយជម្លោះ និងស្ដារឡើងវិញនៃសន្ដិភាព និងសន្ដិសុខ។ លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានបន្ថែមទៀតថា ក្រុមសង្កេតការណ៍មួយ នឹងត្រូវបញ្ជូនទៅកាន់ប្រទេសកម្ពុជា និងថៃ ដើម្បីស្ដារបណ្ដាញទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ។
លោក ហ៊ុន ម៉ាណែត បានប្រកាសលើហ្វេសប៊ុកដែរថា នេះគឺជាលទ្ធផលដ៏ត្រចេះត្រចង់ ដែលលោកនិងនាយករដ្ឋមន្ត្រីស្ដីទីថៃ បានឯកភាពលើ៣ចំណុច គឺទី១ ការឈប់បាញ់ចាប់ពីម៉ោង១២យប់នេះ ទី២ កម្ពុជានិងថៃនឹងរៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការកងទ័ពភូមិភាគជាមួយបណ្ដាសេនានុព័ន្ធនិងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាននៅថ្ងៃទី២៩ ខែកក្កដា បើមានការឯកភាពគ្នាពីភាគីទាំងពីរ និងទី៣ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នឹងធ្វើឡើងនៅថ្ងៃទី៤ ខែសីហា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទុះ។
លោក ហ៊ុន ម៉ាណែត ក៏បានអរគុណនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានផ្ដួចផ្ដើម និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ រួមទាំងអរគុណប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ដែលបានគាំទ្រឱ្យកម្ពុជានិងថៃជួបចរចាដើម្បីសម្រេចអនុវត្តបទឈប់បាញ់គ្នាភ្លាមៗ ហើយនិងការលើកទឹកចិត្តគាំទ្រពីប្រទេសចិន។
លោក ហ៊ុន ម៉ាណែត សង្ឃឹមថា កិច្ចព្រមព្រៀងឈប់បាញ់គ្នានេះ នឹងជាមូលដ្ឋានសំខាន់សម្រាប់កសាងទំនុកចិត្តរវាងគ្នា និងការកែលម្អស្ថានការឱ្យប្រសើរឡើងវិញ ដើម្បីឈានទៅរកភាពប្រក្រតីនៅពេលអនាគត។
ចំណែកនាយករដ្ឋមន្ត្រីស្ដីទីប្រទេសថៃលោក ភូមិថាំ វេឆាយ៉ាឆៃ (Phumtham Wechayachai) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា នេះជាលទ្ធផលដែលប្រទេសថៃតែងមានបំណងប្រាថ្នាចង់បានដំណោះស្រាយដោយសន្ដិវិធី ហើយលោកសង្ឃឹមថា កិច្ចព្រមព្រៀងឈប់បាញ់គ្នានេះ នឹងត្រូវអនុវត្តដោយជោគជ័យនិងស្មោះត្រង់។
កិច្ចព្រមព្រៀងបទឈប់បាញ់នេះ បានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ដែលបាននិយាយទូរស័ព្ទជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីស្ដីទីលោក លោក ភូមិថាំ វេឆាយ៉ាឆៃ ដោយតម្រូវឱ្យមានបទឈប់បាញ់គ្នា បើកម្ពុជានិងថៃចង់បានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកបានដំឡើងពន្ធលើកម្ពុជានិងថៃចំនួន៣៦%ដូចគ្នា ហើយកម្ពុជានិងថៃ កំពុងព្យាយាមសុំចរចាដើម្បីឱ្យសហរដ្ឋអាមេរិកបញ្ចុះអត្រាពន្ធនេះបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។