គណបក្សឆន្ទៈខ្មែរ ឃោសនារកសំឡេងឆ្នោតព្រឹទ្ធសភានៅខេត្តត្បូងឃ្មុំ

ដោយ មាន ឫទ្ធិ
2024.02.19
គណបក្សឆន្ទៈខ្មែរ ឃោសនារកសំឡេងឆ្នោតព្រឹទ្ធសភានៅខេត្តត្បូងឃ្មុំ គណបក្សនៃសម្ព័ន្ធភាពឆ្ពោះ ធ្វើពិធីឃោសនារកសំឡេងឆ្នោត នៅទីស្នាក់ការគណបក្សភ្លើងទៀន ស្ថិតនៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។
រូប៖ ពលរដ្ឋ

គណបក្ស​ឆន្ទៈ​ខ្មែរ ឃោសនា​រក​សំឡេង​ឆ្នោត​ព្រឹទ្ធសភា​ភូមិ​ភាគ​ទី២ នៅ​ខេត្ត​ត្បូងឃ្មុំ ដោយ​មាន​អ្នក​ចូលរួម​ជាង​៧រយនាក់ (៧៥០) ។ ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ​លើក​ឡើង​ថា ការ​ឃោសនា​បោះ​ឆ្នោត​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ពង្រឹង​ស្មារតី​អង្គ​បោះ​ឆ្នោត និង​ផ្សព្វផ្សាយ​អំពី​គោល​នយោបាយ​គណបក្ស​បន្ថែម​ទៅ​ដល់​សមាជិក​បក្ស​ផង​ដែរ។

គណបក្ស​នៃ​សម្ព័ន្ធ​ភាព​ឆ្ពោះ​ទៅ​អនាគត​រំពឹង​ថា គណបក្ស​ឆន្ទៈ​ខ្មែរ នឹង​ទទួល​បាន​ការ​គាំទ្រ​ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភា មណ្ឌល​ភូមិ​ភាគទី២ នៅ​ថ្ងៃ​ទី២៥ ខែ​កុម្ភៈ ខាង​មុខ​នេះ។

សមាជិក​គណបក្ស​ភ្លើង​ទៀន គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ជាង​៧រយនាក់ បាន​រួម​គ្នា​ឃោសនា​រក​សំឡេង​ឆ្នោត សម្រាប់​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា នីតិ​កាលទី៥ នៅ​ទី​ស្នាក់​ការ​គណបក្ស​ភ្លើង​ទៀន ស្ថិត​នៅ​ភូមិ​ជើង​ខាល ឃុំ​មង់រៀវ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ។

ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ និង​ជា​បេក្ខភាព​ព្រឹទ្ធសភា​ភូមិ​ភាគ​ទី២ បណ្ឌិត សុក ហាច ប្រាប់​វិទ្យុ​អាស៊ីសេរី​ថ្ងៃទី១៨ ខែ​កុម្ភៈ​ថា ការ​ឃោសនា​បោះឆ្នោត​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​២ ទី១ ដើម្បី​ពង្រឹង​ស្មារតី​អង្គ​បោះ​ឆ្នោត ត្រៀម​ខ្លួន​ចូលរួម​បោះឆ្នោត​ក្នុង​ពេល​ខាង​មុខ​នេះ និងទី២ ដើម្បី​ផ្សព្វផ្សាយ​គោល​នយោបាយ​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​ផ្ដោត​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដល់​សមាជិក​នៅ​តាម​មូលដ្ឋាន។ លោក​បន្ត​ដោយ​ភាព​ជឿ​ជាក់​ថា គណបក្ស​ឆន្ទៈ​ខ្មែរ​អាច​នឹង​ទទួល​បាន​កៅអី​ព្រឹទ្ធសភា​៨ ទៅ​៩​កៅអី ក្នុង​ការ​បោះឆ្នោត​អ​សកល​នៅ​ថ្ងៃ​ទី២៥ ខែ​កុម្ភៈ​។

បណ្ឌិត សុក ហាច​៖«យើង​នឹង​ទទួល​ជោគជ័យ​​ក្នុង​រយៈ​ពេល​មួយ​អាទិត្យ​ទៀត​នេះ ហេតុដូច្នេះ ខ្ញុំ​អត់​មាន​បញ្ហា​អី​ទៀត​ទេ ជា​ពិសេស​ខាង​ភូមិ​ភាគ​យើង​ខ្ញុំ​ភូមិ​ភាគ​ទី២ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា​ភូមិ​ភាគ​ផ្សេង​ទៀត​ក៏​អ៊ីចឹង​ដែរ យើង​នឹង​វាយ​យក​៨ ទៅ៩អាសនៈ​ហ្នឹង​ឱ្យ​បាន»

ដោយឡែក ក្រុម​ប្រឹក្សា​ឃុំ​គរ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ កូតា​គណបក្ស​ភ្លើង​ទៀន កញ្ញា អូង កៃសំរ៉ោះ ដែល​បាន​ចូលរួម​ការ​ឃោសនា​ដែរ​នោះ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ដោយសារ​តែ​សម្ព័ន្ធ​ភាព​ឆ្ពោះ​ទៅ​អនាគត​មាន​សាមគ្គីភាព​រឹង​មាំ ដូច្នេះ​កញ្ញា​សង្ឃឹម​ថា​អ្នក​ស្រលាញ់​លទ្ធិ​ប្រជាធិបតេយ្យ នឹង​បន្ត​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ឆន្ទៈ​ខ្មែរ។ កញ្ញា​បន្ថែម​ថា ក្នុង​នាម​ជា​អង្គ​បោះឆ្នោត​របស់​គណបក្ស​ភ្លើង​ទៀន កញ្ញា​នឹង​គាំទ្រ​ការ​សម្រេច​ចិត្ត និង​ការណែនាំ​របស់​ថ្នាក់​ដឹកនាំ នៅ​ពេល​បោះឆ្នោត​ព្រឹទ្ធសភា​ក្នុង​ពេល​ខាង​មុខ​នេះ។

កញ្ញា អូង កៃសំរ៉ោះ​៖ «ធម្មតា​អ្នក​ប្រជាធិបតេយ្យ​គាត់​ដឹង​ខ្លួន​ឯង គាត់​ច្បាស់​ហើយ គាត់​អត់​ចង់​បាន​ជម្លោះ គឺ​យើង​ធ្វើ​ទៅ​តាម​គោលការណ៍​របស់​គណបក្ស យើង​ជា​អ្នក​ប្រជាធិបតេយ្យ បើ​សិន​យើង​ប្រជាធិបតេយ្យ​ហើយ ហេតុ​អី​បាន​ជា​អ្នក​ប្រជាធិបតេយ្យ​ដូច​គ្នា មិន​ចូលរួម​ទៅ​ដល់​គោលដៅ​ដែល​យើង​ចង់​បាន​? អ៊ីចឹង​ហើយ​យើង​មក​ចូលរួម​ទាំងអស់​គ្នា​មក វា​ល្អ​ខ្លាំង​ណាស់​»​

ការ​ឃោសនា​បោះឆ្នោត​អ​សកល​ជ្រើសតាំង​សមាជិក​ព្រឹទ្ធ​សភា​នីតិកាល​ទី៥ ចាប់​ផ្ដើម​ពី​ថ្ងៃទី១០ និង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី២៣ ខែ​កុម្ភៈ​។ ការ​បោះឆ្នោត​នេះ​មាន​គណបក្ស​នយោបាយ​ចំនួន​៤ចូលរួម គឺ​គណបក្ស​ឆន្ទៈ​ខ្មែរ​ដែល​តំណាង​ឱ្យ​គណបក្ស​ភ្លើង​ទៀន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​កម្លាំង​ជាតិ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

ជុំវិញ​រឿង​នេះ ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា បើ​ទោះបីជា​ថ្ងៃ​បោះឆ្នោត​អ​សកល​ជិត​មក​ដល់​ក្ដី ក៏​ក្រុម​គណបក្ស​ប្រឆាំង នៅ​តែ​អាច​ធ្វើ​សម្បទាន​ផ្នែក​នយោបាយ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ប្រសិន​បើ​គណបក្ស​ភ្លើង​ទៀន​មាន​ឆន្ទៈ​រួបរួម​គ្នា។

លោក រ៉ុង ឈុន​៖«បើ​និយាយ​ភាសា​នយោបាយ​អត់​មាន​ភាសា​ហួស​ពេល ហើយ​យឺត​ពេល​ទេ​បាទ ឱ្យ​តែ​ចិត្ត​យើង​ចង់ ទោះ​បី​ពេលវេលា​ណា​ក៏​យើង​អាច​ធ្វើ​បាន​ដែរ ហើយ​គណបក្ស​កម្លាំង​ជាតិ​យើង​បាន​ធ្វើ​ការ​សម្បទាន​៦ភូមិភាគ សម្រាប់​គណបក្ស​ភ្លើង​ទៀត ប៉ុន្តែ​ទី​បញ្ចប់​ការ​ដែល​យើង​ធ្វើ​សម្បទាន​ហ្នឹង មិន​ត្រូវ​បាន​គណបក្ស​ភ្លើង​ទៀន​ទទួល​យក​»​

ការ​បោះឆ្នោត​អ​សកល​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​នៅ​ថ្ងៃទី២៥ ខែ​កុម្ភៈ ​ខាង​មុខ​នេះ​មាន​អង្គ​បោះឆ្នោត​ជិត ១ម៉ឺន ២ពាន់នាក់(១១.៧៤៧) ក្នុង​នោះ​មាន​តំណាង​រាស្ត្រ​ក្នុង​តំណែង​ចំនួន​១២៥នាក់ និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ក្នុង​តំណែង​ចំនួន​ជាង​១ម៉ឺន១ពាន់ (១១.៦២២) នាក់ ។ ដោយ​ឡែក​ក្រុម​គណបក្ស​របស់​សម្ព័ន្ធ​ភាព​ឆ្ពោះ​ទៅ​អនាគត មាន​អង្គ​បោះឆ្នោត​ជាង​២ពាន់​សំឡេង​(២.២០៤)​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ប៉ូលិស​ថៃ​ស៊ើបអង្កេត​ឃើញ​ថា ករណី​ធ្វើឃាត​លើ​លោក លិម គិមយ៉ា មាន​ការ​រៀបចំ​ជា​ប្រព័ន្ធ ដោយ​មាន​មេខ្លោង​នៅ​កម្ពុជា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។