ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន អះអាងថា គណបក្សរបស់លោកត្រៀមធ្វើសម្បទានឱ្យគណបក្សភ្លើងទៀនក្នុងការចូលរួមការបោះឆ្នោតព្រឹទ្ធសភាឆ្នាំ២០២៤ ខាងមុខ។ លោក រ៉ុង ឈុន ក៏ត្រៀមខ្លួនជជែកជាមួយមេដឹកនាំគណបក្សភ្លើងទៀនផងដែរ ប្រសិនបើមានការចរចាកើតឡើង។ ទោះយ៉ាងណាក្ដី ភាគីខាងគណបក្សភ្លើងទៀនឆ្លើយតបថា បើគណបក្សកម្លាំងជាតិចង់ធ្វើការងារជាមួយគណបក្សភ្លើងទៀន លុះត្រាតែគណបក្សនេះចូលរួមជាមួយសម្ព័ន្ធភាពរបស់គណបក្សនេះជាមុនសិន។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ឱ្យវិទ្យុអាស៊ីសេរីដឹងថ្ងៃទី២៧ ខែធ្នូ ថា មេដឹកនាំគណបក្សកម្លាំងជាតិ និងមេដឹកនាំគណបក្សភ្លើងទៀនធ្លាប់ជួបគ្នាក្រៅផ្លូវការជជែកគ្នា ក្នុងនាមជាអ្នកប្រជាធិបតេយ្យដូចគ្នា និងទាក់ទងការចូលរួមការបោះឆ្នោតព្រឹទ្ធសភាខាងមុខ។ លោកបន្តថា មកដល់ពេលនេះមិនទាន់មានជំនួបផ្លូវការណាមួយអាចកើតមាននៅឡើយទេ។ លោក រ៉ុង ឈុន ដែលជាអតីតអនុប្រធានគណបក្សភ្លើងទៀន បញ្ជាក់ថា គណបក្សកម្លាំងជាតិត្រៀមខ្លួនធ្វើសម្បទានទៅគណបក្សភ្លើងទៀន ក្នុងការបែងចែកភូមិភាគគ្នាឈរឈ្មោះព្រោះមធ្យោបាយបែបនេះមិនបានធ្វើឱ្យបាត់បាត់សំឡេងអង្គបោះឆ្នោតនោះឡើយ។
លោក រ៉ុង ឈុន៖ «ឥឡូវនេះយើងមិនទាន់អាចបញ្ជាក់ថា នឹងមានសម្បទានអ្វីខ្លះទេ ប៉ុន្តែគ្រាន់តែយើងមានគោលជំហរថា នឹងមានសម្បទាន។ សម្បទានគ្នាទៅវិញទៅមកឈ្នះឈ្នះទាំងអស់គ្នា ត្រូវតែមានលក្ខណៈសម្បទាន ឬមួយយើងថា បែងចែកភូមិភាគបែបម៉េចលើការជជែកគ្នា បើសិនជាគណបក្សកម្លាំងជាតិធ្វើការសម្បទាន។ ប៉ុន្តែ ភាគីម្ខាងទៀតមិនសម្បទាន ក៏មិនត្រូវគ្នាដែរ»។
ទាក់ទងការលើកឡើងរបស់លោក រ៉ុង ឈុន បែបនេះ វិទ្យុអាស៊ីសេរីមិនអាចសុំឆ្លើយតបពីអគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ បានទេនៅថ្ងៃទី២៧ ខែធ្នូ។
អតីតប្រធានអ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភីរិទ្ធ ដែលសព្វថ្ងៃជាសមាជិកគណបក្សឆន្ទៈខ្មែរ ប្រាប់ថា លោកមិនបានដឹងពីជំនួបក្រៅផ្លូវការរវាងមេដឹកនាំគណបក្សភ្លើងទៀន ជាមួយគណបក្សកម្លាំងជាតិឡើយ។ តែលោកយល់ថា ជំនួបផ្លូវការរវាងមេដឹកនាំគណបក្សទាំងពីរនៅពេលនេះទំនងពិបាកនឹងកើតមានឡើង។ លោក គីមសួរ ភីរិទ្ធ បញ្ជាក់ពីជំហរដដែលថា ប្រសិនបើគណបក្សកម្លាំងជាតិចង់សហការជាមួយគណបក្សភ្លើងទៀន គណបក្សអាចចូលរួមជាមួយសម្ព័ន្ធភាពនយោបាយរបស់គណបក្សភ្លើងទៀន។
លោក គីមសួរ ភីរិទ្ធ៖ «អ៊ីចឹងទេប្រហែលពិបាកអាចនឹងជជែកគ្នានៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាស្រុក។ ខ្លួនខ្ញុំ ខ្ញុំប្រកាសអ៊ីចឹងហ្មង បើសិនជា ខាងថ្នាក់ដឹកនាំហ្នឹងចូលក្នុងសម្ព័ន្ធភាពពីឥឡូវទៅខ្លួនខ្ញុំ ដែលជាបេក្ខជនលំដាប់ទី១ ភូមិភាគ៧ ខ្ញុំសុខចិត្តជាប់ហើយ ក៏លាលែងឱ្យខាងហ្នឹង(គណបក្សកម្លាំងជាតិ)ដែរ ព្រោះដើម្បីផលប្រយោជន៍រួម»។
គណបក្សភ្លើងទៀន បានចងសម្ព័ន្ធភាពនយោបាយជាមួយគណបក្សកែទម្រង់កម្ពុជា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សឆន្ទៈខ្មែរ។ គណបក្សភ្លើងទៀនដែលមិនអាចចូលរួមប្រកួតប្រជែងការបោះឆ្នោតខាងមុខនេះបាន ផ្ដល់សិទ្ធិឱ្យគណបក្សឆន្ទៈខ្មែរចូលរួមប្រកួងប្រជែងការបោះឆ្នោតព្រឹទ្ធសភាជំនួសខ្លួនហើយ ចំណែកគណបក្សកម្លាំងជាតិ ដែលមេដឹកនាំនិងអ្នកគាំទ្រគណបក្សនេះភាគច្រើនមកពីគណបក្សភ្លើងទៀន ក៏ដាក់បញ្ជីឈរឈ្មោះចូលរួមការបោះឆ្នោតនេះដែរ។ នៅពេលនេះ មេដឹកនាំគណបក្សនេះ រួមមាន អនុប្រធានគណបក្សភ្លើងទៀន បណ្ឌិត សុក ហាច និងមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនផ្សេងទៀត ដូចជា លោក ហុង សុខហួរ លោក គង់ មុនីកា បានឈរឈ្មោះជាបេក្ខជន នៃគណបក្សឆន្ទៈខ្មែរ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ។
នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ហៅកាត់ថា និចហ្វិច (Nicfec) លោក សំ គន្ធាមី លើកឡើងថា ប្រសិនបើគណបក្សទាំងពីរមិនបានជជែករកដំណោះស្រាយបែងចែកភូមិភាគគ្នា ឈរឈ្មោះទេនោះ នឹងធ្វើឱ្យបែកសំឡេងឆ្នោតរបស់ខ្លួន។ អ្នកជំនាញកិច្ចការបោះឆ្នោត រូបនេះ យល់ថា ជម្រើសល្អគឺ គណបក្សទាំងពីរគួរជួបជជែករកដំណោះស្រាយ ឬរៀបចំផែនការសម្រាប់ការឈរឈ្មោះការបោះឆ្នោតព្រឹទ្ធសភាខាងមុខនេះ។
លោក សំ គន្ធាមី៖ «ព្រោះអីអង្គបោះឆ្នោតបោះឆ្នោតព្រឹទ្ធសភាហ្នឹង ខ្ញុំមើលទៅអង្គបោះឆ្នោតចេញមកពីគណបក្សភ្លើងទៀន សមាជិកក្រុមប្រឹក្សាឃុំ ដល់អ៊ីចឹងទៅ បែកសន្លឹកឆ្នោត ហើយបើតែមួយមិនអីទេ»។
អ្នកឃ្លាំមើលការបោះឆ្នោតព្យាករណ៍ថា គណបក្សភ្លើងទៀន ដែលមានអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទូទាំងប្រទេសជាងពីរពាន់អាសនៈអាចនឹងទទួលបានកៅអីព្រឹទ្ធសភាចំនួន ៨អាសនៈ ប៉ុន្តែប្រសិនបើគ្មានការជជែកគ្នារវាងមេដឹកនាំគណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិទេនោះ អាចនឹងធ្វើឱ្យបែកសំឡេងឆ្នោតគាំទ្រ ដែលផលចំណេញបានទៅគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
