ក្រុមយុវជនរិះគន់ លោក ហ៊ុន សែន ត្រៀមកាន់តំណែងប្រធានព្រឹទ្ធសភា
2024.03.06

ក្រុមយុវជន រិះគន់ជុំវិញការណ៍ដែលឪនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កំពុងត្រៀមនឹងមកកាន់តំណែងជាប្រធានព្រឹទ្ធសភាគ្រប់គ្រងអំណាចនីតិប្បញ្ញត្តិ ក្នុងពេលដែលកូនធ្វើជានាយករដ្ឋមន្ត្រីគ្រប់គ្រងអំណាចនីតិប្រតិបត្តិ។ ពួកគេបារម្ភថា ការណ៍នេះនឹងធ្វើឱ្យកម្ពុជាទាំងមូលធ្លាក់ក្នុងកណ្ដាប់ដៃរបស់ត្រកូលហ៊ុនជាអ្នកគ្រប់គ្រងផ្ដាច់មុខ ដោយគ្មានប្រព័ន្ធត្រួតពិនិត្យការរំលោភអំណាចក្នុងស្ថាប័នកំពូលៗរបស់ជាតិឡើយ។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី៥ ដែលបានបញ្ចប់ទៅ កាលពីថ្ងៃទី២៥ ខែកុម្ភៈ បង្ហាញថា អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន មិនទាន់ទៅណាឆ្ងាយពីឆាកនយោបាយនៅកម្ពុជាឡើយ។ បុរសខ្លាំងខាងក្រាញអំណាចរូបនេះនឹងវិលមកក្រសោបយកអំណាចបន្ថែមទៀតធ្វើជាប្រធានស្ថាប័នព្រឹទ្ធសភា ក្រោយពេលដែលលោកបានសម្រេចមហិច្ឆតាផ្ទេរអំណាចតពូជឱ្យកូនៗធ្វើជានាយករដ្ឋមន្ត្រី និងឧបនាយករដ្ឋមន្ត្រីរួចមក។ ទន្ទឹមនឹងនេះ លោកក៏មានតំណែងជាប្រធានឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រឋានៈស្មើនាយករដ្ឋមន្ត្រីដូចជាកូនដែរ។
សមាជិកក្រុមយុវជនស្ម័គ្រចិត្តអ្នកបន្តដំណើរ កញ្ញា ម៉ៅ សី ឱ្យវិទ្យុអាស៊ីសេរីដឹងថា នៅពេលលោក ហ៊ុន សែន ឡើងធ្វើជាប្រធានព្រឹទ្ធសភា កម្ពុជានឹងគ្មានប្រព័ន្ធត្រួតពិនិត្យការរំលោភអំណាចនោះឡើយ។ កញ្ញាបារម្ភថា បញ្ហានេះនឹងធ្វើឱ្យយន្តការបង្កើត និងអនុវត្តច្បាប់នៅកម្ពុជាគ្មានភាពប្រសើរឡើយ។
កញ្ញា ម៉ៅ សី៖ «ស្ថិតនៅក្នុងការសម្រេចចិត្តរបស់ក្រុមតែមួយដោយអត់មាននរណាដែលជាអ្នកប្រឆាំង ឬក៏អ្នកដែលមានការបញ្ចេញជាមតិយោបល់ទៅលើច្បាប់ទាំងអស់ដែលនឹងត្រូវអនុម័ត ឬដែលនឹងត្រូវបង្កើតឡើង [ថាតើ]វាមានខុសទាស់កន្លែងណាដែលត្រូវកែតម្រូវជាដើម...។ អ៊ីចឹង អ្វីទាំងអស់គឺស្ថិតនៅលើបុគ្គល ឬក៏បក្ខពួកតែមួយដែលគាត់ចែងច្បាប់ ឬក៏អនុម័តច្បាប់ហើយ ក៏ជាអ្នកយកច្បាប់ហ្នឹងទៅអនុវត្តទៀត។ អ៊ីចឹង អត់មានអ្នកណាគេដែលនៅ Check and Balance [ត្រួតពិនិត្យ]។ ការជឿទៅលើច្បាប់នឹងអត់មានអ្វីប្រសើរឡើងទេ»។
ដោយឡែកពលរដ្ឋរស់នៅប្រទេសកូរ៉េខាងត្បូង លោក ឃ្លោក លាភ ថ្លែងថា លោក ហ៊ុន សែន កំពុងយកប្រទេសកម្ពុជាធ្វើជាកម្មសិទ្ធផ្ដាច់មុខរបស់ក្រុមគ្រួសារត្រកូលហ៊ុន ក្រោយលោករៀបចំឱ្យលោក ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រី។ លោកបន្តថា ការណ៍ដែលលោក ហ៊ុន សែន ច្បាមយកអំណាចកំពូលៗរបស់ជាតិមកក្ដោបក្ដាប់នេះ គឺដើម្បីរក្សាអំណាចតវង្សត្រកូល។
លោក ឃ្លោក លាភ៖ «អំណាចនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិហ្នឹង ឪនិងកូនគឺចែកគ្នាធ្វើការដូចបាយឡុកបាយឡអ៊ីចឹង។ ឪបញ្ជាកូន កូនបញ្ជាឪ។ ឃើញទេ មើលតែការងារដែលលោក ហ៊ុន ម៉ាណែត ធ្វើមិនកើត លោក ហ៊ុន សែន ចេញមកស្រែក។ នេះមានន័យថា អំណាចបដិបត្តិ អំណាចដូចជាតុលាការក្ដី ដូចជាអីក្ដី សុទ្ធតែលោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត គ្រប់គ្រងទាំងអស់ គឺគ្រាន់តែជាការធ្វើឱ្យតែល្អមើល ដូចជាបាយឡុកបាយឡទេបាទ»។
ស្រដៀងគ្នានេះដែរ និស្សិតសិក្សាផ្នែកច្បាប់ កញ្ញា ហេង គឹមសួរ លើកឡើងថា ប្រសិនបើ លោក ហ៊ុន សែន ក្លាយជាប្រធានព្រឹទ្ធសភាកាន់អំណាចនីតិប្បញ្ញត្តិ ហើយកូនប្រុសលោកគឺ លោក ហ៊ុន ម៉ាណែត កាន់អំណាចនីតិប្រតិបត្តិ នោះនឹងធ្វើឱ្យស្ថាប័នរដ្ឋទាំងមូលមានអំពើពុករលួយជាប្រព័ន្ធ។
កញ្ញា ហេង គឹមសួរ៖ «ខ្ញុំមានការបារម្ភយ៉ាងខ្លាំងទៅថ្ងៃអនាគតថា តើក្រោមការដឹកនាំរបស់លោកទាំងពីរ ប្រទេសយើងនឹងមានអំពើពុករលួយ ឬក៏យ៉ាងណា។ ហើយអ្វីដែលគួរឱ្យព្រួយបារម្ភទៅទៀតនោះ គឺខ្ញុំឃើញក្រុមគ្រួសារត្រកូលហ៊ុន ក៏ដូចជាគណបក្សកាន់អំណាច មួយភាគធំបានឡើងកាន់តំណែងមុខងារជាហូរហែ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ដើម្បីសុំការបកស្រាយជុំវិញការរិះគន់របស់ក្រុមយុវជនទាំងនេះបានទេ។ ទោះជាយ៉ាងណា គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៥ ខែមីនា ចេញសេចក្តីថ្លែងការណ៍ទាំងនៅមុនពេលដែលស្ថាប័នព្រឹទ្ធសភាអាណត្តិថ្មី កោះប្រជុំជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំថ្មីជាផ្លូវការ ដោយប្ដេជ្ញាយ៉ាងមុតមាំថា ព្រឹទ្ធសភាអាណត្តិទី៥ដែលលោក ហ៊ុន សែន នឹងមកដឹកនាំនេះ នឹងបំពេញមុខងារប្រកបដោយប្រសិទ្ធភាព។ មុខងារទាំងនោះ មានដូចជា មុខងារនីតិកម្ម មុខងារតំណាង និងមុខងារតាមដានការអនុវត្តច្បាប់ ជាដើម។ ទន្ទឹមនឹងនេះ លោក ហ៊ុន ម៉ាណែត បានថ្លែងពីប្រទេសអូស្ត្រាលី កាលពីថ្ងៃទី៣ ខែមីនា ការពារឪពុករបស់លោកដែលត្រៀមមកដឹកនាំធ្វើជាប្រធានព្រឹទ្ធសភាថា គឺដើម្បីធានាស្ថិរភាព។លោក ហ៊ុន ម៉ាណែត៖ «សម្ដេចបន្តិចទៀត លោកទៅជាប្រធានព្រឹទ្ធសភា ចូលនៅក្នុងនីតិប្បញ្ញត្តិ។ អ្នកខ្លះគេចោទថា ស្រុកខ្មែរត្រកូលហ៊ុនទាំងអស់... ជាការធានានូវសុខសន្តិភាពស្ថិរភាព»។
ផ្ទុយពីការអះអាងរបស់លោក ហ៊ុន ម៉ាណែត នេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាប្រចាំប្រទេសន័រវែស (Norway) លោក ម៉ែន ណាត កត់សម្គាល់ថា លោក ហ៊ុន សែន កំពុងពង្រីកអំណាចរបស់ខ្លួនបែបនេះ គឺដើម្បីធានាស្ថិរភាពអំណាចនៃអាណាចក្រត្រកូលហ៊ុនតែប៉ុណ្ណោះ។
លោក ម៉ែន ណាត៖ «អាណាចក្រត្រកូលហ៊ុន គឺធ្វើឡើងកាន់តែជាក់ស្ដែង គ្រប់គ្រងតាំងពីស្ថាប័នយោធា តាំងពីមន្ត្រីរាជការស៊ីវិល តាំងពីគ្រប់គ្រងស្ថាប័នព្រះមហាក្សត្រជាដើម គឺលោក ហ៊ុន សែន បានធ្វើអស់ហើយបច្ចុប្បន្ននេះ។ ឧទាហរណ៍ដូចជាគាត់ធ្វើជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមប្រឹក្សារាជសម្បត្តិ គឺគ្រប់គ្រងព្រះមហាក្សត្រ។ ដូច្នេះ អ្វីៗគ្រប់យ៉ាងគឺត្រកូលហ៊ុនជាអ្នកក្ដោបក្ដាប់។ ដូច្នេះ យើងមានការបារម្ភទៅថ្ងៃអនាគត បារម្ភធំណាស់»។
លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៥ ខែមីនា បង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈព្រឹទ្ធសភាចំនួន ៥៥ ក្នុងចំណោមអាសនៈព្រឹទ្ធសភាដែលត្រូវដណ្ដើមយកចំនួន ៥៨។ អាសនៈ៣ទៀត បានទៅលើគណបក្សឆន្ទៈខ្មែរ ដែលតំណាងឱ្យគណបក្សភ្លើងទៀន។
ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) កាលពីថ្ងៃទី២៦ ខែកុម្ភៈ ហៅ ការបោះឆ្នោតព្រឹទ្ធសភានៅកម្ពុជានេះ ថាគឺជាឧទាហរណ៍មួយទៀតនៃការបោះឆ្នោតបែបពុតត្បុតមួយ ក្រោយពីកម្ពុជាបានរៀបចំការបោះឆ្នោតជាតិកាលពីឆ្នាំទៅ ដែលលទ្ធផលត្រូវបានគេរៀបចំទុកមុនរួចហើយនោះ។ APHR ព្រួយបារម្ភជាខ្លាំងដែលថា កម្ពុជានឹងមិនត្រឹមតែជារដ្ឋឯកបក្សប៉ុណ្ណោះទេ តែក៏ជារដ្ឋគ្រប់គ្រងដោយគ្រួសារតែមួយផងដែរ ក្នុងពេលដែលលោក ហ៊ុន សែន នឹងមកក្លាយជាប្រធានព្រឹទ្ធសភា ខណៈកូនប្រុសច្បងរបស់លោកធ្វើជានាយករដ្ឋមន្ត្រី និងកូនប្រុសពៅរបស់លោកទើបត្រូវបានលើកបន្តុបឱ្យធ្វើជាឧបនាយករដ្ឋមន្ត្រី។ APHR ជំរុញឱ្យសហគមន៍អន្តរជាតិ បើកភ្នែកមើលការក្រសោបយកអំណាចរបស់ក្រុមគ្រួសារត្រកូល «ហ៊ុន» និងចាត់វិធានការបញ្ឈប់ការបន្តធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។