រូបភាពកាំរស្មីចាប់បានសញ្ញាមនុស្ស៧០នាក់ក្នុងគំនរអាគារដួលរលំ

ប្រតិបត្តិការ​រុករក​ឈាន​ចូល​ថ្ងៃ​ទី​៥ ទើប​តែ​បាន​រកឃើញ​សាកសព​១៤​នាក់ គិត​ត្រឹម​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១​មេសា​នេះ ខណៈ​អ្នក​បាត់​ខ្លួន​នៅ​សល់​៧៣​នាក់​ទៀត។

Scan show possible survivors in collapsed building
រូបភាពពីកាំរស្មីបង្ហាញពីអ្នកអាចនៅមានជីវិតនៅក្នុងគំនរអាការដួលរលំនៅក្រុងបាងកក ប្រទេសថៃ។ (រូបភាព៖ កាសែតបាងកកប៉ុស្ដិ៍ (Bangkok Post))

រូបភាពកាំរស្មី ដែលផ្ដល់ដោយយោធាអាមេរិក បានបង្ហាញពីសញ្ញាមនុស្ស ស្ថិតនៅចំកណ្ដាលអាគារដួលរលំ គឺនៅចន្លោះជាន់ទី១៧ដល់ជាន់ទី២១ ដែលមានកម្មករភាគច្រើនបាត់ខ្លួន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានថៃ បាងកកប៉ុស្ដិ៍ នៅថ្ងៃទី១ មេសា។

រូបភាពកាំរស្មី រកឃើញសញ្ញាមនុស្ស៧០នាក់ នៅក្នុងគំនរអាគារដួលរលំ រូបភាពកាំរស្មី ដែលផ្ដល់ដោយយោធាអាមេរិក បានបង្ហាញពីសញ្ញាមនុស្ស ស្ថិតនៅចំកណ្ដាលអាគារដួលរលំ គឺនៅចន្លោះជាន់ទី១៧ ដល់ជាន់ទី២១ ដែលមានកម្មករភាគច្រើនបាត់ខ្លួន។

អភិបាល​រង​ក្រុង​បាងកក​អ្នកស្រី តាវីដា កាមូលវេទ (Tavida Kamolvej) លើកឡើង​ថា សញ្ញា​ទាំង​នោះ​មិន​ប្រាកដ​នៅ​ឡើយ​ថា ជា​កម្មករ​កំពុង​បាត់​ខ្លួន ឬ​អ្នក​នៅ​មាន​ជីវិត​នោះ​ទេ។ ទោះជាយ៉ាងណា ក្នុង​ចំណោម​សញ្ញា​ទាំង​៧០​នោះ មាន​សញ្ញា​ចំនួន​៦ ត្រូវ​បាន​គេ​បញ្ជាក់​ច្បាស់​ថា ជា​សាកសព​របស់​មនុស្ស។

បញ្ជាការដ្ឋាន​របស់​សហរដ្ឋ​អាមេរិក នៅ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក (U.S. Indo-Pacific Command) បាន​បញ្ជូន​ក្រុម​យោធា​របស់​ខ្លួន ទៅ​ជួយ​រុករក​អ្នក​រងគ្រោះ​ក្នុង​ករណី​ដួល​រលំ​អាគារ​នៅ​ទីក្រុង​បាងកក។ ប៉ុន្តែ​ប្រតិបត្តិការ​រុករក​ឈាន​ចូល​ថ្ងៃ​ទី​៥ ទើប​តែ​បាន​រកឃើញ​សាកសព​១៤​នាក់ គិត​ត្រឹម​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១​មេសា​នេះ ខណៈ​អ្នក​បាត់​ខ្លួន​នៅ​សល់​៧៣​នាក់​ទៀត។

អ្នក​រងគ្រោះ​ថ្នាក់​ក្នុង​ករណី​ដួល​រលំ​អាគារ​នៅ​សង្កាត់ ចាក់តុចាក់ ក្រុង​បាងកក ត្រូវ​បាន​គេ​ជឿជាក់​ថា ភាគ​ច្រើន​ជា​ក្រុម​ពលករ​ភូមា​និង​ពលករ​ខ្មែរ។ ជាមួយគ្នា​នេះ ក្រុម​សាច់ញាតិ​របស់​ពលករ​ខ្មែរ ដែល​សង្ស័យ​បាត់​ខ្លួន​នៅ​ក្នុង​អាគារ​ដួល​រលំ នៅ​តែ​បន្ត​រង់ចាំ​ដំណឹង​ពី​ក្រុម​អ្នក​រុករក។

នៅ​ថ្ងៃ​អង្គារ​នេះ អាជ្ញាធរ​ថៃ​បាន​ស្នើសុំ​សំណាក DNA ពី​ក្រុម​សាច់ញាតិ​ចំនួន​៤០​គ្រួសារ ដើម្បី​យក​ទៅ​បញ្ជាក់​ជាមួយ​សាកសព ដែល​ត្រូវ​បាន​គេ​រកឃើញ និង​ទាញ​ចេញ​ពី​គំនរ​អាគារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។