ទាហានខ្មែរម្នាក់ស្លាប់ក្នុងការផ្ទុះអាវុធជាមួយទាហានថៃ

ទាហានខ្មែរម្នាក់ឈ្មោះ សួន រោន អាយុ៤៨ឆ្នាំ មានទីលំនៅក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងជាទាហានឈរជើងនៅតំបន់ព្រំដែនមុំបី បានស្លាប់នៅក្នុងការផ្ទុះអាវុធជាមួយទាហានថៃនៅព្រឹកទី២៨ឧសភានេះ។

សាច់​ញាតិ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា បច្ចុប្បន្ន ពិធី​បុណ្យ​សព​ឱ្យ​លោក សួន រោន កំពុង​ធ្វើ​ឡើង​នៅ​ក្នុង​បន្ទាយ​ទាហាន​កង​ពល​លេខ​៩។

ទាហាន​ខ្មែរ​និង​ថៃ បាន​បើក​ការ​បាញ់​ប្រហារ​គ្នា​ក្នុង​រយៈពេល​ខ្លី ស្ថិត​នៅ​ក្នុង​តំបន់​ជម្លោះ​តាម​ព្រំដែន​នៅ​ថ្ងៃ​ពុធ​នេះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ពី​ទីភ្នាក់ងារ​សារព័ត៌មាន AP និង​បណ្ដាញ​សារព័ត៌មាន​របស់​ថៃ។

សេចក្ដី​ថ្លែងការណ៍​ពី​ភាគី​ថៃ​បាន​លើកឡើង​ថា ទាហាន​ខ្មែរ​បាន​ចូល​ទៅ​ក្នុង​តំបន់​ព្រំដែន​មាន​ជម្លោះ ហើយ​ទាហាន​របស់​ខ្លួន​បាន​ចូល​ទៅ​ចរចា​និង​ហាមឃាត់ ប៉ុន្តែ​ទាហាន​ខ្មែរ​បាន​បើក​ការ​បាញ់​ប្រហារ ដែល​បណ្ដាល​ឱ្យ​ទាហាន​ថៃ​ត្រូវ​បាញ់​តបត​ការពារ​ខ្លួន​ទៅ​វិញ។

ទោះជាយ៉ាងណា អ្នកនាំពាក្យ​កង​ទ័ព​ជើង​គោក​កម្ពុជា​លោក ម៉ៅ ផល្លា បាន​និយាយ​ថា ទាហានថៃបានបើកការបាញ់ប្រហារ នៅពេលទាហាន​ខ្មែរ​កំពុង​ដើរល្បាត​តាម​ទម្លាប់​នៅ​តាម​ព្រំដែន។ ក្រោយ​ប៉ះទង្គិច​គ្នា​អស់​រយៈពេល​១០​នាទី មេ​បញ្ជាការ​កងទ័ព​ប្រចាំ​តំបន់​ប្រទេស​ទាំង​ពីរ​បាន​ជួប​និយាយ​គ្នា​តាម​ទូរសព្ទ​ដើម្បី​បញ្ជា​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​សិន។

ភាគី​ថៃ​ថា ពុំ​មាន​ទាហាន​របស់​ខ្លួន​ណា​ម្នាក់​ស្លាប់​ក្នុង​ហេតុការណ៍​ប្រយុទ្ធ​គ្នា​នេះ​ទេ។ រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ថៃ​លោក ភូមិថាំ វេឆាយ៉ាឆៃ(Phumtham Wechayachai) បាន​និយាយ​ថា ភាព​តានតឹង​ត្រូវ​បាន​ដោះស្រាយ ហើយ​បញ្ជាក់​ថា កងទ័ព​ប្រទេស​ទាំង​ពីរ គ្មាន​ចេតនា​ចង់​បាញ់​ប្រហារ​គ្នា​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។