មន្ត្រីក្រសួងការពារជាតិបានលើកឡើងថា កងទ័ពថៃ បានបង្កើនការវាយសង្គ្រប់កាន់តែខ្លាំងលើកងទ័ពកម្ពុជា នៅតាមព្រំដែនក្នុងខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យ និងពង្រីកការវាយប្រហារចូលទៅខេត្តពោធិ៍សាត់នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ដោយបន្តប្រើប្រាស់យន្តហោះចម្បាំង F-16 ដ្រូនទម្លាក់គ្រាប់ ការបាញ់គ្រាប់ផ្លោង និងការឈានទៅដល់ការប្រើគ្រាប់បែកចង្កោមដែលហាមឃាត់ដោយច្បាប់អន្តរជាតិ បន្ទាប់ពីបដិសេធមិនទទួលយកការសម្របសម្រួលបញ្ចប់ជម្លោះពីភាគីទី៣ តាមសំណើពីសហរដ្ឋអាមេរិក ចិន និងប្រធានអាស៊ានជាដើម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហោះលើហ្វេសប៊ុកនៅថ្ងៃទី២៥ ខែកក្កដា ថា កាលពីថ្ងៃទី២៤ ខែកក្កដា ប្រធានប្ដូរវេនអាស៊ានលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានហៅទូរស័ព្ទមកលោក និងហៅទូរស័ព្ទទៅនាយករដ្ឋមន្ត្រីស្ដីទីរបស់ប្រទេសថៃលោក ភូមិថាំ វេឆាយ៉ាឆៃ (Phumtham Wechayachai) ដើម្បីជួយសម្របសម្រួលឱ្យភាគីទាំងពីរយល់ព្រមលើបទឈប់បាញ់គ្នា។
លោក ហ៊ុន ម៉ាណែត បានបន្តថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានប្រាប់លោកថា នាយករដ្ឋមន្ត្រីស្ដីទីរបស់ថៃបានយល់ព្រមទទួលយកបទឈប់បាញ់ចាប់ពីម៉ោង ១២យប់ ប៉ុន្តែក្រោយមក បែរជាជូនដំណឹងមកវិញ មិនឯកភាពលើបទឈប់បាញ់វិញ ដែលបង្ហាញពីការខ្វះសុឆន្ទៈរបស់ភាគីថៃ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាអ្នកស្រី ម៉ាលី សុជាតា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៥ ខែកក្កដានេះថា នៅថ្ងៃទី២នៃការប្រយុទ្ធគ្នា កងទ័ពថៃបន្តប្រើយន្តហោះចម្បាំងប្រភេទ F-16 វាយប្រហារ ចំនួន៤លើកនៅតំបន់ប្រាសាទព្រះវិហារ និងប្រាសាទតាក្របី រួមទាំងប្រើគ្រាប់បែកចង្កោមវាយប្រហារចំនួន២លើក នៅតំបន់ភ្នំខ្មោចនិងទីតាំងក្នុងភូមិតេជោធម្មជាតិ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
អ្នកស្រីបានបន្តថា ការប្រើប្រាស់គ្រាប់បែកចង្កោម គឺបង្ហាញពីទង្វើឃោឃៅ អមនុស្សធម៌ និងជាការបំពានអនុសញ្ញាស្ដីពីការហាមឃាត់ប្រើប្រាស់គ្រាប់បែកចង្កោមរបស់អង្គការសហប្រជាជាតិ។
ការពង្រាយគ្រាប់បែកចង្កោម ជាការគំរាមកំហែងយូរអង្វែងដល់ជនស៊ីវិល បរិស្ថាន គឺជាឧក្រិដ្ឋកម្មសង្គ្រាមក្រោមច្បាប់អន្តរជាតិ និងបំផ្លិចបំផ្លាញសន្ដិភាព និងសន្ដិសុខក្នុងតំបន់។
— អ្នកស្រី ម៉ាលី សុជាតា
ជាមួយគ្នានេះ សារព័ត៌មានថៃ Khaosod បានចុះផ្សាយដែរថា ទាហានថៃបីនាក់បានស្លាប់ ក្នុងការប្រយុទ្ធជាមួយកងទ័ពកម្ពុជានៅតំបន់ប្រាសាទតាក្របីនៅថ្ងៃទី២៥ ខែកក្កដា ដែលធ្វើឱ្យទាហានថៃស្លាប់កើនដល់៦នាក់ របួសចំនួន ១៥នាក់ ក្នុងនោះជនស៊ីវិលស្លាប់ចំនួន ១៤នាក់ និងរបួសប្រមាណ៣០នាក់ ហើយពលរដ្ឋជាង១៣ម៉ឺននាក់បានភៀសខ្លួន។
អាជ្ញាធរកម្ពុជាបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ពលរដ្ឋនៅខេត្តព្រះវិហារជាង ១ម៉ឺន (១១.៥៥៨) គ្រួសារ និងពលរដ្ឋនៅខេត្តឧត្តរមានជ័យចំនួនជាង៦ពាន់ (៦.៦៥៧) គ្រួសារ បានភៀសខ្លួនទៅកាន់កន្លែងសុវត្ថិភាព។
ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំបន្ទាន់នៅព្រឹកថ្ងៃទី២៦ ខែកក្កដាស្ដីពីជម្លោះរវាងកម្ពុជានិងថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។