មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារលោក ច័ន្ទ សុភ័ត្រា បានលើកឡើងថា កាលពីថ្ងៃទី២៩ ខែកក្កដា កងទ័ពថៃប្រហែល៣០នាក់ បានប្រើប្រាស់រថក្រោះ និងកម្លាំងថ្មើរជើង បាញ់ស្រោចមកលើលេណដ្ឋានកងទ័ពកម្ពុជានៅចំណុចជាំតែ ក្នុងភូមិតេជោបុស្សស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ប៉ុន្តែលោកបានបញ្ជាមិនឱ្យកងទ័ពខ្មែរបាញ់តបតឡើយ។
មេទ័ពរូបនេះបានបន្តថា ក្រោយមក ទាហានថៃបានចូលមកកាន់តែជិតលេណដ្ឋាន និងបង្ខំឱ្យទាហានខ្មែរដកថយក្រោយ ប៉ុន្តែភ្លាមៗនោះ បែរជាស្រែកហៅ និងបក់ដៃឱ្យទាហានខ្មែរ២០នាក់ត្រឡប់មកវិញ ដើម្បីសុំចាប់ដៃស្វាគមន៍ និងសុំចរចាដោយញញឹមរាក់ទាក់ ហើយប្រើល្បិចសុំថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍ ដើម្បីឱ្យកម្លាំងបង្កប់របស់ខ្លួននៅក្នុងព្រៃខាងក្រោយ ចេញមកព័ទ្ធនិងភ្ជង់ចាប់ខ្លួនកងទ័ពខ្មែរទាំងនោះ។ លោកបានបញ្ជាក់ទៀតថា កងទ័ពខ្មែរម្នាក់បានរត់គេចខ្លួនរួច ប៉ុន្តែពីរនាក់ទៀត អាចត្រូវបានកងទ័ពថៃបាញ់សម្លាប់។
ឥឡូវ ខ្ញុំសួរឯកឧត្តមអស់លោក ដែលជាសេនានុព័ន្ធតាមបណ្ដាប្រទេស តើអស់លោកឈឺចាប់ទេ នៅពេលយើងមានបទបញ្ជាឈប់បាញ់ហើយ ទីបំផុតភាគីថៃ ប្រើល្បិចកលថោកទាបបំផុត ភ្ជង់មកលើកម្លាំងរបស់ខ្ញុំ តើអស់លោកឈឺចាប់ទេ នៅពេលគេធ្វើអំពើអាក្រក់លើយើង ទាំងដែលយើងបញ្ចេញកាយវិការស្មោះត្រង់ជាមួយគេ (កងទ័ពថៃ)។
— លោក ច័ន្ទ សុភ័ត្រា
លោក ច័ន្ទ សុភ័ត្រា បានប្រាប់ដំណឹងនេះ ទៅបណ្ដាអនុព័ន្ធយោធាស្ថានទូតនៃបណ្ដាប្រទេសមហាអំណាចនិងអាស៊ាន១៣ប្រទេស រួមមានសហរដ្ឋអាមេរិក(US) ចិន (China) បារាំង (France) កូរ៉េខាងត្បូង (South Korea) ជប៉ុន (Japan) និងម៉ាឡេស៊ី (Malaysia) ជាដើម ដែលបានចុះពិនិត្យស្ថានភាពនៃការអនុវត្តបទឈប់បាញ់គ្នា រវាងកងទ័ពខ្មែរនិងថៃ នៅតំបន់សមរភូមិនៃចក្រអានសេះ នៅថ្ងៃទី៣០ ខែកក្កដា។ កម្ពុជាបានអញ្ជើញបណ្ដាអនុព័ន្ធយោធានៃស្ថានទូតបរទេស ទៅពិនិត្យស្ថានភាពជាក់ស្ដែងតាមព្រំដែនដើម្បីបង្ហាញពីសុឆន្ទៈពិតប្រាកដរបស់កម្ពុជា ក្នុងការគោរពតាមបទឈប់បាញ់គ្នាជាមួយកងទ័ពថៃ។
សារព័ត៌មានថៃ Khaosod បានចុះផ្សាយកាលពីថ្ងៃទី២៩ ខែកក្កដាថា កងទ័ពភូមិភាគ២ថៃ បានព័ទ្ធចាប់ខ្លួនទាហានខ្មែរ១៨នាក់ ក្នុងនោះ បាញ់ស្លាប់អស់២នាក់។
ជុំវិញបញ្ហានេះ អគ្គនាយករងនៃអគ្គនាយកដ្ឋាន នយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិលោក ផាត វិបុលសុភ័ក្ត្រ បានលើកឡើងដែរថា ភាគីកម្ពុជាបានសហការជាមួយមេបញ្ជាការកងទ័ពម៉ាឡេស៊ី តវ៉ាទៅភាគីយោធាថៃ ឱ្យដោះលែងកងទ័ពខ្មែរជាបន្ទាន់។
លោក ផាត វិបុលសុភ័ក្ដ្រ ក៏បានប្រាប់ទៅបណ្ដាអនុព័ន្ធយោធាបរទេសថា ចាប់តាំងពីមានកិច្ចព្រមព្រៀងនៅម៉ោង១២ថ្ងៃ ទី២៨ ខែកក្កដាមក ទាហានថៃ ជាអ្នករំលោភលើកិច្ចព្រមព្រៀងនេះ ដូចជាការចល័តទ័ពចូលមកភាគីខ្មែរបង្កហេតុ ប៉ុន្តែភាគីថៃបែរជាផ្សព្វផ្សាយព័ត៌មានមិនពិត ថាកម្ពុជានៅបន្តផ្ទុះអាវុធនៅតាមព្រំដែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។