កម្ពុជានឹងបន្តចរចាឱ្យពន្ធ១៩%ចុះបន្ថែមទៀតលើទំនិញអត្ថិភាពនាំចេញទៅសហរដ្ឋអាមេរិក

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានអះអាងថា រដ្ឋាភិបាលនឹងបន្តចរចាជាមួយសហរដ្ឋអាមេរិក ដើម្បីសុំឱ្យអត្រាពន្ធ១៩% ចុះបន្ថែមទៀត លើមុខទំនិញអត្ថិភាព។ ការលើកឡើងនេះ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកបានបញ្ចុះពន្ធលើទំនិញកម្ពុជា ថៃ និងម៉ាឡេស៊ី ត្រឹម១៩% តាមលក្ខខណ្ឌដែលកម្ពុជានិងថៃយល់ព្រមមានកិច្ចព្រមព្រៀងឈប់បាញ់គ្នា។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​លទ្ធផល​នៃ​អត្រា​ពន្ធ​គយ​បដិការ​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ទី០១ ខែសីហា ឧបនាយក​រដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​លោក ស៊ុន ចាន់ថុល បាន​លើកឡើង​ថា ក្រុម​ការងារ​របស់​លោក នឹង​បន្ត​ចរចា​ជាមួយ​សហរដ្ឋអាមេរិក ដើម្បី​ឱ្យ​អត្រា​ពន្ធ១៩% ចុះ​បន្ថែម​ទៀត លើ​មុន​ទំនិញ​ពី​វិស័យ​កាត់ដេរ សំលៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ ដែល​ជា​វិស័យ​អត្ថិភាព​មាន​កម្លាំង​ពលកម្ម​ជិត​១លាន​នាក់។ លោក​បាន​បន្ត​ថា ការ​បន្ត​ចរចា​សុំ​ចុះ​ពន្ធ​បន្ថែម​នេះ ដោយសារ​ទំនិញ​ទាំង​នោះ មិន​មាន​ផលិត​នៅ​លើ​ទឹក​ដី​សហរដ្ឋអាមេរិក ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ប្រកួតប្រជែង​របស់​ក្រុមហ៊ុន​អាមេរិក។

ដូច្នុះ យើង​ខ្ញុំ​នឹង​ខិតខំ​បន្ត​ចរចា ធ្វើ​យ៉ាង​ណា​ឱ្យ​បាន​ទាប​ជាង​១៩% ទៅ​លើ​ទំនិញ​មួយ​ចំនួន ជា​ទំនិញ​អត្ថិភាព​របស់​កម្ពុជា​យើង ដែល​បង្កើត​មាន​ការងារ​ជិត ១លាន​នាក់ ជូន​បងប្អូន​យើង​ធ្វើ ជាពិសេស​គឺ​ស្ដ្រី ហើយ​ម្នាក់ៗ គាត់​ជួយ​ទៅ​គ្រួសារ​គាត់ ៤​ទៅ​៥​នាក់ ជា​វិស័យ​ដ៏សំខាន់​របស់​កម្ពុជា​យើង។

—  លោក ស៊ុន ចាន់ថុល

លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់​ទៀត​ថា អត្រាពន្ធ១៩% នឹង​អាច​ឱ្យ​កម្ពុជា​ប្រកួតប្រជែង​ជាមួយ​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​បាន ដើម្បី​រក្សា​ចំនួន​រោងចក្រ​កាត់ដេរ​ដែល​មាន​ស្រាប់ និង​ទាក់ទាញ់​អ្នក​វិនិយោគ​បរទេស​មក​បង្កើត​រោងចក្រ​បន្ថែម​ទៀត។

សូមរង់ចាំអានព័ត៌មានពិស្ដារ៖

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។