ក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថា តំបន់អានសេះ នៅខេត្តព្រះវិហារ ដែលបានរុះរើបន្លាលួស និងបញ្ឈប់គ្រឿងចក្រនេះ គឺស្ថិតនៅក្នុងបូរណភាពទឹកដីកម្ពុជា និងត្រូវបានគ្រប់គ្រងទាំងស្រុងដោយកងទ័ពកម្ពុជាក្រោយពីបទឈប់បាញ់រវាងកម្ពុជា-ថៃ បានចូលជាធរមាននៅម៉ោង១២យប់ថ្ងៃទី២៨ ខែកក្កដា រួចមក។
ទោះមានការរុះរើបន្លាលួសចេញ ប៉ុន្តែកងទ័ពថៃ បានជីកលេណដ្ឋានថ្មី នៅតំបន់អានសេះនេះ។
ក្រសួងការពារជាតិបានបញ្ជាក់ថា កងទ័ពថៃបន្តរំលោភកិច្ចព្រមព្រៀងឈប់បាញ់គ្នា ដោយប្រើប្រាស់គ្រឿងចក្រឈូសឆាយធ្វើផ្លូវ ជីកលេណដ្ឋានថ្មីក្នុងដី និងបញ្ជូនលេណដ្ឋានបេតុង ចូលមកតំបន់អានសេះ ដែលជាការរំលោភលើបូរណភាពទឹកដីកម្ពុជា។
ក្រសួងការពារជាតិបានបង្ហោះលើហ្វេសប៊ុកថា នៅថ្ងៃទី០៥ ខែកក្កដា កងទ័ពថៃបានដឹកលេណដ្ឋានបេតុង រួមទាំងកង់ឡាន និងលូ មកទម្លាក់នៅខាងមុខប៉ុស្ដិ៍របស់ខ្លួន រួមទាំងបន្តប្រើប្រាស់គ្រឿងចក្រជីកលេណដ្ឋានថ្មីក្នុងដី និងបញ្ជូនគ្រឿងចក្រចូលទៅឈូសឆាយដីនៅខាងក្រោយប៉ុស្ដិ៍ប៉ូលិស ដែលស្ថិតនៅចម្ងាយ១៥ម៉ែត្រ ពីទីតាំងឈរជើងរបស់កងទ័ពកម្ពុជា។ ភាគីកម្ពុជាបានចាត់ទុកថា នេះជាសកម្មភាពគឃ្លើន បំពានលើបទឈប់បាញ់ និងបូរណភាពទឹកដីកម្ពុជា។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាអ្នកស្រី ម៉ាលី សុជាតា បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៥ ខែសីហា ដែរថា កងទ័ពកម្ពុជាបន្តគោរពតាមបទឈប់បាញ់យ៉ាងពេញលេញ និងដោយស្មោះត្រង់ និងជំរុញឱ្យកងទ័ពថៃឈប់បំពានកិច្ចព្រមព្រៀងនេះតទៅទៀត ដើម្បីឈានទៅរកសន្ដិភាពយូរអង្វែង។
មកដល់ម៉ោងនេះ ភាគីទាំងពីរបន្តធ្វើការពន្យល់គ្នា ជំរុញឱ្យភាគីថៃបញ្ឈប់រាល់សកម្មភាពរំលោទបំពាន ដែលនាំមកនូវភាពតានតឹង និងរំខានដល់ការដោះស្រាយដោយសន្ដិវិធី ឆ្ពោះទៅរកស្ថានការល្អប្រសើរ ដូចបំណងប្រាថ្នារបស់កម្ពុជា ក្នុងការចូលរួមចំណែកស្វែងរកសន្ដិភាព និងស្ថិរភាពយូរអង្វែងនៅក្នុងតំបន់។
— អ្នកស្រី ម៉ាលី សុជាតា
កងទ័ពថៃបានចាប់ផ្ដើមដាក់ពង្រាយកងកម្លាំងបន្ថែម និងបញ្ជូនគ្រឿងចក្ររុលចូលមកតំបន់អានសេះ កាលពីថ្ងៃទី០៤ ខែសីហា បើទោះបីជាមេបញ្ជការភូមិភាគនៃប្រទេសទាំងពីរបានជួបប្រជុំគ្នា និងឯកភាពកាលពីថ្ងៃទី២៩ ខែកក្កដាថា នឹងអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ ដោយមិនត្រូវបង្កើនកងទ័ព និងភាពតានតឹង ធ្វើឱ្យមានការប្រឈមមុខដាក់គ្នានៅតាមព្រំដែនក្ដី។
ជាមួយគ្នានេះ ប្រធានប្ដូរវេនអាស៊ានលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានលើកឡើងនៅថ្ងៃទី០៥ ខែសីហាថា ម៉ាឡេស៊ីបានត្រៀមខ្លួនរួចរាល់ ដើម្បីសម្របសម្រួលដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍ផ្ទាល់ នៅតាមបណ្ដោយព្រំដែនកម្ពុជានិងថៃ ប្រសិនបើប្រទេសទាំងពីរស្នើសុំ។
សារព័ត៌មានម៉ាឡេស៊ី Malay Mail បានដកស្រង់សម្ដីលោក អាន់វ៉ា អ៊ីប្រាហ៊ីម មកចុះផ្សាយថាបច្ចុប្បន្ន ស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ បន្តស្ថិតក្រោមការគ្រប់គ្រងបាននៅឡើយ ខណៈក្រុមសង្កេតការណ៍កំពុងប្រើប្រាស់ប្រព័ន្ធផ្កាយរណប ដើម្បីតាមដានបទឈប់បាញ់គ្នាពីចម្ងាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
