ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី ១៤ ខែសីហា ថា បើទោះបីជាកម្ពុជាខំអត់ធ្មត់ ប៉ុន្តែកម្ពុជាធ្វើការងារយ៉ាងសកម្មក្នុងការតវ៉ាតាមផ្លូវការទូត និងបានចងក្រងទុករាល់សកម្មភាពឈ្លានពានទាំងអស់របស់កងទ័ពថៃ អំឡុងពេលប្រទេសទាំងពីរកំពុងអនុវត្តបទឈប់បាញ់។
ក្នុងនាមជាប្រទេសស្រលាញ់សន្ដិភាព កម្ពុជាអត់ធ្មត់យ៉ាងខ្លាំងបំផុត នៅលើសមរភូមិយោធា ដើម្បីបញ្ចៀសការផ្ទុះអាវុធ ប៉ុន្តែកម្ពុជាសកម្មខ្លាំងនៅលើសមរភូមិការទូត នេះខ្ញុំចង់ឱ្យបងប្អូនយើងចងចាំចំណុចត្រង់នេះ។
— លោក ប៉ែន បូណា
ការលើកឡើងនេះ ធ្វើឡើងក្រោយយោធាថៃប្រដាប់ដោយអាវុធ បានដើររុលចូលទឹកដីកម្ពុជា រាយបន្លាលួសតាមព្រំដែនដោយឯកតោភាគី ព័ទ្ធយកប្រាសាទតាមាន់ធំ និងផ្ទះសម្បែងពលរដ្ឋជាច្រើនខ្នងនៅខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ ហើយបានប្រើគ្រឿងចក្រឈូសឆាយធ្វើផ្លូវ និងជីកធ្វើលេណដ្ឋានជាដើម។ កាលពីថ្ងៃទី១៣ ខែសីហា ទាហានថៃបានប្រើប្រាស់សត្វសុនខ(ឆ្កែ) ល្បាតបំពាក់ប្រព័ន្ធ GPS និងកាមេរ៉ាចូលមកប្រាសាទតាក្របី ខណៈមេបញ្ជាការភូមិភាគ២របស់ថៃលោក ប៊ុនស៊ីន ផាត់ឃ្លាំង (Boonsin Padklang) គំរាមប្រើកម្លាំងចូលកាន់កាប់ប្រាសាទនេះ។
ជុំវិញបញ្ហានេះ អតីតតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន បានលើកឡើងថា យោធាកម្ពុជាគួរតែចេញទៅរុញច្រាលទាហានថៃឱ្យដកថយ និងរុះរើបន្លាលួសនិងកង់ឡានចេញពីទឹកដីកម្ពុជាវិញ ដោយមិនត្រូវបណ្ដោយឱ្យទាហានថៃចូលមករំលោភបំពានតាមអំពើចិត្តនោះទេ។
ការអត់ធ្មត់និងការប្រមូលភស្ដុតាងជារឿងល្អហើយ ប៉ុន្តែមិនគ្រប់គ្រាន់នោះទេ ត្រូវតែមានវិធានការទប់ស្កាត់រារាំង កុំឱ្យទាហានថៃរំលោភបំពានទឹកដីខ្មែរស្រេចតែចិត្តអ៊ីចឹង។ យកកម្លាំងប្រដាប់អាវុធយើង រុញច្រាលថៃចូលទៅក្នុងទឹកដីថៃវិញ កុំឱ្យរាយបន្លាលួសស្រេចចិត្តអ៊ីចឹង។ ធ្វើយ៉ាងម៉េចឱ្យកងកម្លាំងប្រដាប់អាវុធកម្ពុជា រើបន្លាលួសដែលថៃដាក់រាយទាំងប៉ុន្មានហ្នឹង រើចេញទៅ។
— លោក អ៊ុំ សំអាន
រយៈពេល២ថ្ងៃជាប់គ្នាគឺនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែសីហា ក្រុមអ្នកសង្កេតការណ៍អាស៊ានបណ្ដោះអាសន្ន ដឹកនាំដោយអនុព័ន្ធយោធាស្ថានទូតម៉ាឡេស៊ី បានចុះពិនិត្យតាមបណ្ដោយព្រំដែន ក្នុងខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ នៅទីតាំងយោធាថៃរាយបន្លាលួសនិងដាក់កង់ឡានរំលោភចូលដីភូមិពលរដ្ឋខ្មែរ និងទីតាំងដែលទាហានថៃឈូសឆាយដីធ្វើផ្លូវ ដែលបំពានលើលក្ខខណ្ឌបទឈប់បាញ់។
កាលពីថ្ងៃទី១១ ខែសីហា រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិលោក ប្រាក់ សុខុន បានផ្ញើលិខិតដាច់ដោយឡែកចំនួនពីរច្បាប់ ទៅប្រធានក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីរាយការណ៍ថា កិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ កំពុងរងការគំរាមកំហែងកាន់តែធ្ងន់ធ្ងរ ដោយសារកងទ័ពថៃបានបង្កើនការរំលោភចូលដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។
ប៉ុន្តែមន្ត្រីគណបក្សប្រឆាំងបានយល់ឃើញថា ក្រៅពីប្ដឹងទៅអង្គការសហប្រជាជាតិហើយ រដ្ឋាភិបាលកម្ពុជាក៏គួរពន្លឿនការប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងស្នើទៅប្រធានប្ដូរវេនអាស៊ានលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) កោះប្រជុំសមាជិកអាស៊ានទាំង១០ប្រទេសជាបន្ទាន់ ដើម្បីដាក់សម្ពាធឱ្យយោធាថៃគោរពតាមលក្ខខណ្ឌបទឈប់បាញ់ និងបញ្ឈប់សកម្មភាពឈ្លានពានលើកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។