នៅក្នុងសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៧ ខែកញ្ញា រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន បានលើកឡើងថា សន្ដិភាពរបស់កម្ពុជាកំពុងរងការគំរាមកំហែងជាថ្មី ដោយសារជម្លោះព្រំដែនជាមួយប្រទេសថៃ ហើយបទឈប់បាញ់ដែលកើតឡើងតាមរយៈការសម្របសម្រួលពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) កំពុងស្ថិតក្នុងភាពផុយស្រួយ ដោយសារតែថៃអនុវត្តតែមាត់ ប៉ុន្តែគ្មានសកម្មភាពជាក់ស្ដែង។
លោក ប្រាក់ សុខុន បានបន្តថា ជារឿងសោកស្ដាយដែលថៃប្រើផែនទីឯកតោភាគីជំនួសឱ្យផែនទីដែលទទួលស្គាល់ជាអន្តរជាតិ និងធ្វើសកម្មភាពរាប់មិនអស់បំផ្លាញដល់ការកសាងទំនុកចិត្តនិងសន្ដិភាពរវាងប្រទេសទាំងពីរ ហើយរឿងគួរព្រួយបារម្ភបំផុតសម្រាប់កម្ពុជា គឺថៃគំរាមប្រើច្បាប់អាជ្ញាសឹក ដើម្បីបណ្ដេញពលរដ្ឋខ្មែររាប់រយគ្រួសារបន្ថែមទៀតពីភូមិដ្ឋានដែលអាស្រ័យផលរាប់ទសវត្សមកហើយ។ លោកក៏បានបញ្ជាក់ពីសកម្មភាពក្រុមកងកម្លាំងថៃ បានចូលកាន់កាប់ពីតំបន់មួយទៅតំបន់មួយ រំលោភលើដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា រួមទាំងបំពានលើសិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់ពលរដ្ឋកម្ពុជា។
លោក ប្រាក់ សុខុន បានប្រាប់ទៅមហាសន្និបាតអង្គការសហប្រជាជាតិថា កម្ពុជាចង់ឱ្យមានកិច្ចសន្ទនាដោះស្រាយជម្លោះព្រំដែនដោយសន្ដិវិធី គោរពពេញលេញតាមបទឈប់បាញ់ កិច្ចព្រមព្រៀងទ្វេភាគី ច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិនិងអាស៊ាន ហើយកម្ពុជានៅតែបន្តគាំទ្រការសម្របសម្រួលពីអាស៊ាន និងមេដឹកនាំជុំវិញពិភពលោក ដើម្បីជួយបន្ធូរបន្ថយភាពតានតឹងជាមួយថៃ ក្នុងការបញ្ចៀសការប្រយុទ្ធគ្នាជាថ្មី ដែលនាំឱ្យមានសោកនាដកម្មទាំងសងខាង។
ប៉ុន្តែរដ្ឋមន្ត្រីក្រសួងការបរទេសថៃលោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បានឆ្លើយប្រាប់ទៅមហាសន្និបាតអង្គការសហប្រជាជាតិ ដោយច្រានចោលការលើកឡើងពីភាគីកម្ពុជា និងបានអះអាងថា ថៃគឺជាជនរងគ្រោះពិតប្រាកដ។
ជុំវិញបញ្ហានេះ អ្នកតាមដានបញ្ហាសង្គមនិងនយោបាយលោក ប៉ោ មករា បានមើលឃើញថា នយោបាយការទូតរបស់កម្ពុជាហាក់បន្តមានប្រៀបលើថៃលើឆាកអន្តរជាតិជុំវិញជម្លោះព្រំដែន ប៉ុន្តែលោកបានយល់ឃើញថា ដើម្បីឱ្យអន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិកអាចជួយដោះស្រាយបញ្ចប់ជម្លោះព្រំដែនជាមួយថៃបាន គឺត្រូវពឹងលើកម្ពុជាដែលត្រូវស្ដារទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក។ លោកបានបញ្ជាក់ថា សហរដ្ឋអាមេរិកតែងចង់ឱ្យកម្ពុជាបើកចំហសិទ្ធិសេរីភាពដល់ពលរដ្ឋ និងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។
អ្វីដែលខ្ញុំសង្កេតឃើញជារួម ហាក់បីដូចជាមានការលូកដៃពីសហរដ្ឋអាមេរិក ដូចជាប្រធានាធិបតី ដូណាល់ ត្រាំ កំពុងតែចាប់អារម្មណ៍ កំពុងតែតាមដានរឿងនេះ ដូច្នេះអ្វីដែលកម្ពុជាគួរតែគិតគូរ និងធ្វើជាមួយសហរដ្ឋអាមេរិក គួរតែបោះដៃទៅសហរដ្ឋអាមេរិក ឬចាប់យកសហរដ្ឋអាមេរិកក្នុងការដោះស្រាយបញ្ហាព្រំដែននេះ។
— លោក ប៉ោ មករា
នៅមហាសន្និបាតអង្គការសហប្រជាជាតិលោក ប្រាក់ សុខុន ក៏បានលើកឡើងពីព្រឹត្តិការណ៍ថ្ងៃទី២៧ ខែកញ្ញា ដែលទាហានថៃរំលោភបទឈប់បាញ់ ដោយការបាញ់ប្រហារដោយកាំភ្លើងដៃនិងកាំភ្លើងត្បាល់មកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជានៅតំបន់អានសេះ ក្នុងឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហើយបានផ្អាកទៅវិញ ក្រោយពីកងទ័ពកម្ពុជាអត់ធ្មត់មិនបានបាញ់តបត។
ក្រោយមានករណីនេះក្រុមអ្នកសង្កេតការណ៍អាស៊ានបណ្ដោះអាសន្នដឹកនាំដោយម៉ាឡេស៊ីបានពិនិត្យផ្ទៀងផ្ទាត់ទីតាំងរងផលប៉ះពាល់ពីការបាញ់ប្រហារដោយកងទ័ពថៃខណៈកម្ពុជាបានអំពាវនាវឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ានផ្លូវការឱ្យបានឆាប់ដើម្បីឱ្យភាគីថៃគោរពតាមបទឈប់បាញ់ពិតប្រាដកនិងស្មោះត្រង់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។