លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត »គួរព្យួរតំណែង» ជំុំវិញរឿងឆបោកអនឡាញ

អ្នក​ឃ្លាំមើល​បាន​សង្កេតឃើញ​ថា វិធានការ​បោសសម្អាត​ឱ្យ​អស់​ក្រុម​ឧក្រិដ្ឋជន​ឆបោក​អនឡាញ​ពី​កម្ពុជា​របស់​លោក ហ៊ុន ម៉ាណែត នឹង​មិន​ទទួល​បាន​ជោគជ័យ​ឡើយ ពីព្រោះ​ឧកញ៉ា​និង​ថ្នាក់ដឹកនាំ​សំខាន់ៗ ពាក់ព័ន្ធ​មុខ​ជំនួញ​កខ្វក់​នេះ មិន​ត្រូវ​បាន​ស៊ើបអង្កេត​តាម​ច្បាប់។ ម្យ៉ាង​ទៀត ពួកគេ​យល់ឃើញ​ថា សភា​គួរ​តែ​ព្យួរ​តំណែង​លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដើម្បី​ស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​ជំនួញ​កង្វក់​នេះ។

អ្នក​ឃ្លាំមើល​បាន​លើកឡើង​ថា ប្រសិនបើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចង់​បោសសម្អាត​ក្រុម​ឆបោក​តាម​អនឡាញ​ឱ្យ​អស់​ពី​កម្ពុជា គឺ​ត្រូវ​បង្ក្រាប​ឱ្យ​ចំ​គោលដៅ​លើ​មេក្លោង​ធំៗ ដែល​សហរដ្ឋអាមេរិក និង​ប្រទេស​ជាច្រើន​ទៀត​រកឃើញ​ថា ជា​អ្នក​ផ្ដល់​ទីតាំង​ឱ្យ​ក្រុម​ឧក្រិដ្ឋជន ធ្វើ​សកម្មភាព​ឆបោក និង​លាង​លុយ​កខ្វក់។

សភា«គួរព្យួរតំណែងលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ទើបអាចបោសសម្អាតការឆបោកអនឡាញបាន» អ្នកឃ្លាំមើលបានសង្កេតឃើញថា វិធានការបោសសម្អាតឱ្យអស់ក្រុមឧក្រិដ្ឋជនឆបោកអនឡាញពីកម្ពុជារបស់លោក ហ៊ុន ម៉ាណែត នឹងមិនទទួលបានជោគជ័យឡើយ៕

ការ​បង្ក្រាប​កន្លង​មក វា​អត់​ទាន់​បាន​ទៅ​ដល់​ចំ​គោលដៅ នៃ​មេឧក្រិដ្ឋជន​ទាំង​អស់​ហ្នឹង​ទេ។ អ៊ីចឹង មេ​ឧក្រិដ្ឋជន​ទាំង​អស់​ហ្នឹង ដែល​យើង​សង្ស័យ ក៏ដូចជា ខាង​សារព័ត៌មាន​អន្តរជាតិ គេ​ស៊ើបអង្កេត គឺ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្មួយ​ប្រុស​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ ហើយ​មេឧកញ៉ា​គ្រាក់ៗ ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន ទៅ​ទៀត គឺ​លោក លី យ៉ុងផាត់ និង​លោក កុក អាន និង​ឧកញ៉ា និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនូន​ធំ​ទៀត ដែល​យើង​អត់​ទាន់​ឃើញ​មាន​វិធានការ​ចំពោះ​បុគ្គល​ទាំង​នោះ​នៅ​ឡើយ​ទេ​។

—  ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​លោក ស៊ឹង សែនករុណា

សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស កាល​ពី​ខែតុលា ឆ្នាំ២០២៥ បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​រួម​គ្នា​លើ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នៃ​ក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) របស់​ឧកញ៉ា​ជនជាតិ​ចិន ចេន ហ្ស៊ី និង​បក្ខពួក រួមទាំង​ក្រុមហ៊ុន ហូយវ័ន ផេ (Huione Pay) របស់​ឧកញ៉ា ហ៊ុន តូ ដោយសារ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ជួញដូរ​និង​ធ្វើ​ទារុណកម្ម​មនុស្ស​ឱ្យ​បម្រើ​ការ​ឆបោក​អនឡាញ និង​ការ​លាង​លុយ​កខ្វក់ ដែល​ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក​បាត់បង់​ប្រាក់​ជាង​១៦​ពាន់​លាន​ដុល្លារ។

កាល​ពី​ដើម​ខែមីនា លោក ហ៊ុន ម៉ាណែត បាន​ប្រកាស​ថា នឹង​លុបបំបាត់​ទាំង​ស្រុង​ទីតាំង​ឆបោក​អនឡាញ​នៅ​ត្រឹម​ខែ​មេសា​នេះ ក្រោយ​ពី​រដ្ឋាភិបាល​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ឆបោក​បាន​ប្រហែល ២.៥០០កន្លែង។ ចំណែក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា ក៏​​ធ្លាប់​​អះអាង​កាល​ពី​ខែកុម្ភៈថា មាន​ជន​បរទេស​រាប់​ម៉ឺន​នាក់ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា និង​ប្រហែល​ជាង ២សែន​នាក់​ទៀត បាន​ចាកចេញ​ពី​កម្ពុជា​ដោយ​ខ្លួន​ឯង ដោយសារ​ការ​បង្ក្រាប​លើ​ទីតាំង​ឆបោក​អនឡាញ។

ទោះជាយ៉ាងណា ការ​បង្ក្រាប​ទាំង​នោះ ត្រូវ​បាន​គេ​មើលឃើញ​ថា មិន​បាន​បញ្ឈប់​សកម្មភាព​ឆបោក​នៅ​កម្ពុជា​ឡើយ។

​ចង់​បោសសម្អាត​ឱ្យ​ស្អាត ទាល់តែ​សមត្ថកិច្ច សភា និង​តុលាការ ពិនិត្យ​លទ្ធភាព​ព្យួរ​តំណែង​លោក ហ៊ុន សែន និង​តំណែង​លោក ហ៊ុន ម៉ាណែត ហើយ​ហៅ​អ្នក​ទាំង​ពីរ​ទៅ​សាកសួរ ព្រម​ទាំង​ធ្វើ​ការ​ស៊ើបអង្កេត​ឱ្យ​ស៊ី​ជម្រៅ ពីព្រោះ​របាយការណ៍​ពី​សហគមន៍​អន្តរជាតិ សុទ្ធ​តែ​បាន​បញ្ជាក់​ថា ឧក្រិដ្ឋកម្ម​អនឡាញ​នៅ​ប្រទេស​កម្ពុជា ជា​ជំនួញ​កខ្វក់ ប្រមូល​លុយ​ចិញ្ចឹម​គណបក្ស​ប្រជាជនកម្ពុជា និង​អំណាច​ក្រុម​គ្រួសារ ហ៊ុន។ ម៉្លោះ​ហើយ គឺ​ពាក់ព័ទ្ធ​ទៅ​នឹង​តំណែង​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដែល​ជា​មេ​គណបក្ស​ប្រជាជន​កម្ពុជា និង​មេ​ក្រុម​គ្រួសារ ហ៊ុន​។

—  អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលាលោក គឹម សុខ

កាល​ពី​ថ្ងៃ​ទី២៦ ខែមីនា ចក្រភព​អង់គ្លេស បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ថ្មី​បន្ថែម លើ​ជនជាតិ​ខ្មែរ​និង​ចិន​ចំនួន​៣​រូប​ទៀត ដែល​បើក​ទីតាំង​ឆបោក​អនឡាញ​ដ៏​ធំ​បំផុត ស្ថិត​នៅ​ទីក្រុង​ពាណិជ្ជកម្ម​ម៉ឺន​ជ័យ ក្នុង​ខេត្តព្រៃវែង ជាប់​ព្រំដែន​ប្រទេស​វៀតណាម។ ចក្រភព​អង់គ្លេស​បញ្ជាក់​ថា ទីតាំង​នេះ មាន​ការ​ជួញដូរ​មនុស្ស​ឱ្យ​ធ្វើ​ជា​កម្មករ​ប្រហែល ២ម៉ឺន​នាក់ និង​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន ព្រីនស៍ គ្រុប ហើយ​កំពុង​បន្ត​បើក​ដំណើរការ ទោះ​កំពុង​មាន​ការ​បង្ក្រាប​ពី​រដ្ឋាភិបាល​ក្ដី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។