រំលងទៅមាតិកាចម្បងពលរដ្ឋនៅភ្នំ១៥០០អង្វរលោក ហ៊ុន ម៉ាណែត ឱ្យជួយអន្តរាគមន៍បញ្ឈប់ការបណ្ដេញពួកគាត់ចេញពីលំនៅឋាន
ពលរដ្ឋនៅក្បែរផ្លូវអន្ទង់អាំង ឬជើងភ្នំ១៥០០ ក្នុងឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចំនួន១០នាក់ បានឡើងមកភ្នំពេញជាថ្មី នៅថ្ងៃចន្ទ ទី០៦មករា ដើម្បីតាមដានញត្តិដែលពួកគាត់បានដាក់ទៅក្រសួងយុត្តិធម៌ និងក្រសួងបរិស្ថាននាពេលកន្លងមក។ ពួកគាត់បានស្នើសុំជាថ្មី ឱ្យរដ្ឋាភិបាលជួយអន្តរាគមន៍ដើម្បីដោះលែងតំណាងពួកគាត់គឺលោកស្រី សេន ពិសី ដែលកំពុងជាប់ឃុំនៅពន្ធនាគារខេត្តពោធិ៍សាត់ ពីបទរុករានដីព្រៃ និងស្នើសុំទម្លាក់បទចោទលើពលរដ្ឋផ្សេងទៀត។ ពួកគាត់អះអាងថា ពួកគាត់មិនបានរុករានដីព្រៃនោះទេ ប៉ុន្តែជាដីដែលពួកគេបានទិញដូរនិងកាន់កាប់បន្តពីទាហាន ដើម្បីធ្វើស្រែចម្ការ សាងសង់លំនៅឋាន និងរមណីយដ្ឋានអស់ជាច្រើនឆ្នាំមកហើយ ជាពិសេសដីទាំងនោះ មិនស្ថិតនៅក្នុងតំបន់ផ្លូវអន្ទង់អាំង ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានប្រកាសដាក់ជាតំបន់អភិរក្សឡើយ។