ពលរដ្ឋមានទំនាស់ដីធ្លីនៅខេត្តក្រចេះ ខកចិត្តដែលក្រសួងមហាផ្ទៃបដិសេធមិនជួយរកដំណោះស្រាយ

តំណាង ០៦នាក់របស់ពលរដ្ឋ ១.៣១៨ គ្រួសារ ដែលមានវិវាទដីធ្លីជាមួយ និងក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង នៅឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ បានឡើងមកកាន់ក្រសួងមហាផ្ទៃនៅថ្ងៃទី២៣ ខែធ្នូ នេះ ដើម្បីទទួលលិខិតឆ្លើយតប ដែលពួកគាត់ធ្លាប់បានដាក់ញត្តិស្នើសុំឱ្យជួយរកអន្តរាគមន៍រឿងដីធ្លី។ ប៉ុន្តែក្រសួងមហាផ្ទៃឆ្លើយតបថា ខ្លួនមិនអាចជួយរកដំណោះស្រាយបានទេ ព្រោះក្រសួងសំអាងថា ជាភារកិច្ចរបស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។ តំណាងពលរដ្ឋទាំងនោះខកចិត្តចំពោះការឆ្លើយតបពីក្រសួងមហាផ្ទៃបែបនេះ ស្របពេលពួកគាត់ចោទថា ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ រួមទាំងអាជ្ញាធរស្រុកនិងខេត្ត បានរាយការណ៍បំភ្លើសការពិតថា ពួកគាត់ជាអ្នករស់នៅលើដីក្រុមហ៊ុន។