រំលងទៅមាតិកាចម្បងលោក កឹម សុខា បដិសេធការចោទប្រកាន់របស់តុលាការថា លោកដឹកនាំបាតុកម្មដើម្បីផ្ដួលរំលំរដ្ឋាភិបាល
មេធាវីការពារក្ដីលោក កឹម សុខា ម្នាក់ គឺអ្នកស្រី ម៉េង សុភារី ឲ្យដឹងក្រោយចប់សវនាការនៅព្រឹកថ្ងៃទី២១ មីនា ថា តុលាការនៅតែព្យាយាមដេញដោលសួរសំណួរកូនក្តីរបស់អ្នកស្រីដដែលៗ ទាក់ទងនឹងករណីធ្វើបាតកម្មកាលពីឆ្នាំ ២០១៣ ។ តុលាការចោទប្រកាន់ លោក កឹម សុខា ថាជាអ្នកនៅពីក្រោយញុះញង់ឲ្យមាការធ្វើបាតុកម្ម ផ្តួលរំលំរដ្ឋាភិបាល។ ទោះជាយ៉ាងណា លោក កឹម សុខា បញ្ជាក់ទៅតុលាការថា លោកមិនជាប់ពាក់ព័ន្ធនឹងការធ្វើបាតុកម្ម នៅទីកន្លែងផ្សេង ក្រៅពីទីលានប្រជាធិបតេយ្យនោះទេ ។ លោកថា ការបាតុកម្មនៅពេលនោះ គឺដើម្បីទាមទាររកយុត្តិធម៌លទ្ធផលបោះឆ្នោតតែប៉ុណ្ណោះ។ ការបដិសេធនេះ ធ្វើឡើងបន្ទាប់ពីសាលាឧទ្ធរណ៍ បានបន្តបើកសវនាការលើកទី ៥ លើបណ្ដឹង ជំទាស់លោក កឹម សុខា ប្រឆាំងសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ឱ្យលោក មានទោស ក្បត់ជាតិ ២៧ ឆ្នាំ និងដាក់ឃុំក្នុងផ្ទះ រួមទាំងដាក់បម្រាមមិនឱ្យជួបបរទេស លើកលែងតែមានការអនុញ្ញាតពីតុលាការ។