សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ២៥ ដល់ ៣១ សីហា

ព័ត៌មាន​សំខាន់ៗ​ប្រចាំ​សប្ដាហ៍​នេះ​រួមមាន ប្រទេស​កម្ពុជា​និង​ថៃ​បាន​សម្រេច​ផ្អាក​ជា​បន្ទាន់​នូវ​គម្រោងការ​ជួប​ចរចា​គ្នា​ស្ដីពី​បញ្ហា​ព្រំដែន និង​ព័ត៌មាន​ផ្សេងៗ​ដទៃ​ទៀត។

0:00 / 0:00

លោក ជា មករា អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​រាយការណ៍​សរុប​ព័ត៌មាន​សំខាន់ៗ​នៅ​កម្ពុជា ពី​ថ្ងៃ ២៥ ដល់ ៣១ សីហា ឆ្នាំ​២០០៨។

កម្ពុជា​និង​ថៃ​សម្រេច​ផ្អាក​គម្រោងការ​ជួប​ចរចា​ពី​បញ្ហា​ព្រំដែន

មន្រ្តី​ក្រសួង​ការពារ​ជាតិ​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​បាន​សម្រេច​ផ្អាក​ជា​បន្ទាន់​នូវ​គម្រោងការ​ជួប​ចរចា​គ្នា​នៅ​ក្នុង​ខេត្ត​សៀមរាប ដែល​គ្រោង​ធ្វើ​កាលពី​ថៃ្ង​ទី​២៩ ខែ​សីហា​កន្លង​ទៅ​នេះ ដោយ​មាន​សំណើ​ពី​ភាគី​ថៃ ហើយ​មិន​បាន​កំណត់​ថ្ងៃ​ធ្វើ​វិញ​នៅ​ពេល​ណា​ទ្បើយ។

លោក​ឧត្តមសេនីយ៍​ឯក នាង ផាត រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​ឲ្យដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ សីហា ថា ប្រទេស​ថៃ​បាន​សុំ​ពន្យារ​ពេល​ការចរចា​ដោយ​មិន​បាន​ប្រាប់​ពី​មូលហេតុ​ឡើយ។

មន្រ្តី​ជាន់ខ្ពស់​របស់​កម្ពុជា​និង​ថៃ​បាន​ជួប​ប្រជុំ​ចរចា​ទ្វេ​ភាគី​ចំនួន​បី​លើក​រួច​មក​ហើយ ដើម្បី​ដោះស្រាយ​បញ្ហា​កងទ័ព​ថៃ​ចូល​មក​រំលោភ​និង​ឈ្លាន​ពាន​នៅ​លើ​ទឹក​ដី​កម្ពុជា ត្រង់​តំបន់​ប្រាសាទ​ព្រះវិហារ និង​តំបន់​ប្រាសាទ​តាមាន់​ធំ​របស់​កម្ពុជា ប៉ុន្តែ​សេចក្តី​រាយការណ៍​នានា​បាន​ឲ្យ​ដឹង​ថា កង​យោធា​ថៃ​នៅតែ​បន្ត​ឈរជើង​នៅ​តំបន់​នោះ​និង​រាត​ត្បាត​ទៅ​កន្លែង​ដទៃ​ទៀត​ក្នុង​ទឹក​ដី​កម្ពុជា​នៅ​ជាប់​ព្រំដែន​ថៃ ។

កម្ពុជា​គ្រោង​រៀបចំ​ប្រាសាទ​ព្រះវិហារ​ឲ្យ​ក្លាយ​ជា​តំបន់​ទេសចរណ៍​ដ៏​ល្បីល្បាញ

រាជ​រដ្ឋាភិបាល​កម្ពុជា​គ្រោង​រៀបចំ​ប្រាសាទ​ព្រះវិហារ​ឲ្យ​ទៅ​ជា​តំបន់​ទេសចរណ៍​និង​ជា​បេតិកភណ្ឌ​​ដ៏​ល្បីល្បាញ​មួយ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ ដើម្បី​ទាញ​យក​ប្រាក់​ចំណូល​ពី​ទេសចរ​បរទេស​​ក្នុង​លំដាប់​ថ្នាក់​ទី​២ បន្ទាប់ពី​តំបន់​ទេសចរណ៍​ប្រាសាទ​បុរាណ​ខេត្ត​សៀមរាប។

រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ សីហា ថា រដ្ឋាភិបាល​កំពុង​ផ្ដើម​ធ្វើ​ផ្លូវ​កៅស៊ូ​ប្រវែង​ប្រមាណ​៨០​គីឡូម៉ែត្រ​ពី​ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ ទៅ​ដល់​ភូមិ​ស្រអែម ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ ក្នុង​បំណង​ត​ភ្ជាប់​ខេត្ត​សៀមរាប​ទៅ​នឹង​ប្រាសាទ​ព្រះវិហារ​ដើម្បី​ឲ្យ​លំហូរ​អ្នក​ទេសចរណ៍​ទៅ​កាន់​តំបន់​នោះ។

នាយក​រដ្ឋមន្ត្រី​ស្នើ​ឲ្យ​ធ្វើ​សម្បទាន​ដី​ធ្លី​ដល់​កងទ័ព​នៅ​តាម​ព្រំដែន​ខ្មែរ​ថៃ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ឲ្យ​ធ្វើ​សម្បទាន​ដីធ្លី​ដល់​កងទ័ព​ដែល​បម្រើ​ការងារ​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-ថៃ ដើម្បី​ជា​វិធានការ​មួយ​ដែល​គេ​សង្ឃឹម​ថា នឹង​អាច​ទាក់ទាញ​ឲ្យ​មនុស្ស​មក​រស់នៅ​ក្នុង​តំបន់​ព្រំដែន​និង​ពង្រឹង​ព្រំដែន​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ពី​បរទេស​បាន។

ផែនការ​ថ្មី​នេះ​បាន​លេច​ឡើង​ក្រោយ​ពី​មាន​សេចក្តី​ប្រកាស​កាលពី​សប្តាហ៍​មុន​ថា កង​វិស្វកម្ម​យោធា​នឹង​ស្ថាបនា​ផ្លូវ​ថ្មីៗ​នៅ​ជិត​បរិវេណ​ប្រាសាទ​ព្រះវិហារ​និង​ប្រាសាទ​តាមាន់ ដើម្បី​ជា​ការ​ឆ្លើយតប​ចំពោះ​ការប្រឈម​មុខ​ដាក់​គ្នា​រយៈពេល​៦​សប្តាហ៍​ជាមួយ​នឹង​ប្រទេស​ថៃ។

ទាហាន​ថៃ​ចូល​មក​បោះ​ទីតាំង​លើ​បន្ទាត់​ព្រំដែន​ខ្មែរ​ក្នុង​ខេត្ត​ឧត្ដរមានជ័យ​ជា​ថ្មី​ទៀត

មន្រ្តី​យោធា​ខ្មែរ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៧ សីហា ថា កង​ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​រំកិល​ចូល​មក​បោះ​ទីតាំង​នៅ​លើ​បន្ទាត់​ព្រំដែន​ខ្មែរ​នៃ​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្ដរ​មាន​ជ័យ ជិត​តំបន់​ប្រាសាទ​តាមាន់​ជា​ថ្មី​ម្ដងទៀត។

មេបញ្ជាការ​កង​វរសេនា​តូច​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​លេខ​៤២២ លោក ប៉ុល ថេន បាន​មាន​ប្រសាសន៍​ថា លោក​បាន​ទទួល​ព័ត៌មាន​ថា កង​ទាហាន​ឈុត​ខ្មៅ​ថៃ​មួយ​ក្រុម​បាន​ចូល​មក​បោះ​ទីតាំង​នៅ​ចន្លោះ​តំបន់​ចៃ​ឆ្កែ បន្ទាប់​ពី​តំបន់​ជប់​ត្រឡោក​ដែល​នៅ​ក្បែរ​គ្នា​នោះ ត្រូវ​បាន​កង​ទាហាន​ថៃ​ចូល​កាន់​កាប់​កាលពី​សប្ដាហ៍​មុន​មក។

ចំណែក​នៅ​ឯ​ប្រាសាទ​តា​មាន់​​វិញ កង​យោធា​ខ្មែរ​បាន​ឲ្យ​ដឹង​ថា​រហូត​មក​ដល់​ថ្ងៃ​ពុធ ទី​២៧ ខែ​សីហា កង​ទាហាន​ឈុត​ខ្មៅ​ថៃ​នៅ​មិន​ទាន់​ធ្វើការ​បើក​ច្រក​ទ្វារ​ឲ្យ​ប្រជាពលរដ្ឋ​និង​ទាហាន​ខ្មែរ​បាន​ចេញ​ចូល​ទៅ​កាន់​ប្រាសាទ​ដូច​ធម្មតា​វិញ​ទេ បន្ទាប់​ពី​មាន​ការចាក់​សោ​បិទ​ទ្វារ​កាល​ពី​សប្ដាហ៍​មុន ខណៈ​ដែល​កង​ទាហាន​ឈុត​ខ្មៅ​ថៃ​ម្នាក់​បាន​មក​ចាប់​យក​ឧបករណ៍​កំណត់​ទីតាំង​ភូមិសាស្ត្រ​របស់​មន្រ្តី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​របស់​ខ្មែរ ហើយ​បោក​កម្ទេច​ចោល​នោះ។

អាជ្ញាធរ​ខ្មែរ​ចាប់​ជនជាតិ​ថៃ​២​នាក់​ជា​ថ្នូរ​នឹង​ការដោះលែង​ខ្មែរ​៤​នាក់

កម្លាំង​រដ្ឋាភិបាល​ខ្មែរ​ឈរ​ជើង​ការពារ​ព្រំដែន​ក្នុង​ខេត្ត​បន្ទាយមានជ័យ បាន​ចាប់​ជនជាតិ​ថៃ​២​នាក់ និង​គោ​យន្ត​២​គ្រឿង​ជា​ថ្នូរ​ដើម្បី​ឲ្យ​ភាគី​ថៃ​ដោះលែង​ពលរដ្ឋ​ខ្មែរ​៤​នាក់ និង​គោ​យន្ត​២គ្រឿង​ដែល​តម្រួត​ថៃ​បាន​ចាប់​កាលពី​ថ្ងៃ​ទី​២៦ សីហា​កន្លង​ទៅ​ថ្មីៗ​នេះ។

លោក ម៉ៅ រ៉ៃ មេបញ្ជាការ​វរសេនា​តូច​ការពារ​ព្រំដែន​លេខ​៨០៧ បាន​ថ្លែង​ថា​កម្លាំង​រដ្ឋាភិបាល​ខ្មែរ​បាន​បង្ខំ​ចិត្ត​ចាប់​ជនជាតិ​ថៃ​២​នាក់ កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​២៧ ខែ​សីហា នៅ​ច្រក​ប្រាសាទ​ត្បែង​ទឹក​ដី​ខ្មែរ​ជាប់​ច្រក​សូន្យសាម​របស់​ថៃ ក្បែរ​ជើង​ភ្នំ​ដងរែក។

ការចាប់​ខ្លួន​ជន​ជាតិ​ថៃ​២​នាក់​និង​គោ​យន្ត​២​គ្រឿង​នេះ គឺ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​តម្រួត​ថៃ​នៅ​ច្រក​សូន្យសាម​ក្នុង​ខេត្ត​ស្រះកែវ បាន​ចាប់​ពលរដ្ឋ​ខែ្មរ​៤​នាក់​និង​គោ​យន្ត​២​គ្រឿង ខណៈ​ដែល​ពលរដ្ឋ​ខ្មែរ​ទាំង​៤​នាក់​បើក​គោ​យន្ត​ដឹក​អីវ៉ាន់​ចូល​ឲ្យ​ថៅកែ​ថៃ។

ទោះ​ជា​យ៉ាង​ណា​ខ្មែរ​ទាំង​៤​នាក់​និង​ជនជាតិ​ថៃ​២​នាក់​ត្រូវ​បាន​កម្លាំង​ការពារ​ព្រំដែន​ខ្មែរ​ថៃ​ដោះដូរ និង​អនុញ្ញាត​ឲ្យ​ទៅ​ផ្ទះ​រៀងៗខ្លួន​វិញ​ហើយ កាលពី​វេលា​ម៉ោង ៦:៣០ នា​ល្ងាច​ថ្ងៃ​ទី​២៨ សីហា ក្រោយ​ពី​មាន​ការចរចា​ដ៏​តឹងតែង។

ក្រុម​សិទ្ធិ​មនុស្ស​បារម្ភ​ពី​ពលរដ្ឋ​រស់​នៅ​តំបន់​បឹងកក់

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​មាន​ក្តី​បារម្ភ​ថា ពលរដ្ឋ​ខ្មែរ​រស់នៅ​តាម​មាត់​បឹងកក់ ពី​៣០០០ ទៅ ៤២០០​គ្រួសារ អាច​នឹង​ជួប​ប្រទះ​ការបណ្តេញ​ឲ្យ​រុះរើ​ផ្ទះ​សម្បែង​ដោយ​បង្ខំ ដូច​ពលរដ្ឋ​រស់នៅ​សង្កាត់​ទន្លេបាសាក់​ដែល​ត្រូវ​អាជ្ញាធរ​បង្ខំ​ឲ្យ​ទៅ​នៅ​តំបន់​ដីក្រហម​ក្នុង​ស្រុក​អង្គស្នួល​នោះ។

អង្គការ​ឈ្មោះ Amnesty International និង​អង្គការ​ឈ្មោះ Center on Housing Rights and Eviction បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ កាល​ពី​ថ្ងៃ​ពុធ ទី​២៧ សីហា ដោយ​និយាយ​ថា ការចាក់​ដី​លុប​បឹងកក់​ដោយ​មិន​បាន​ជូន​ដំណឹង​ក្នុង​ពេល​វេលា​សមរម្យ​មួយ​ដល់​ពលរដ្ឋ​រស់នៅ​ទីនោះ គឺ​ជា​ការបំពាន​ច្បាប់​ខ្មែរ​ផង ច្បាប់​អន្តរជាតិ​ផង។

កាលពី​ឆ្នាំ​២០០៧ សាលាក្រុង​បាន​សម្រេច​ធ្វើ​សម្បទាន​ដី​បឹងកក់​សម្រាប់​រយៈកាល​៩៩​ឆ្នាំ ទៅ​ឲ្យ​ក្រុមហ៊ុន ស្ហូកាគូ (Shukaku Ltd.) ដើម្បី​ធ្វើការ​អភិវឌ្ឍ​ផ្ទៃ​ដី​និង​ទឹក ១៣៣​ហិកតារ។

នាយក​គ្រប់គ្រង​ក្រុម ហ៊ុន ស្ហូកាគូ គឺឧកញ៉ា ឡោ ម៉េងឃិន ដែលជា​ស្វាមី​របស់​អ្នកស្រី ជឹង សុភាព ហៅ​យាយ​ភូ។ ក្រុមហ៊ុន​នេះ​បាន​ឲ្យ​គេ​ផ្តើម​ដឹកដី​ចាក់​លុប​បឹងកក់​ជា​បណ្តើរៗ​ហើយ។

អង្គការ​ខ្មែរ​កម្ពុជា​ក្រោម​ស្នើ​ទៅ​ទូត​វៀតណាម​សុំ​ជួប ទឹម សាខន

តំណាង​សហគមន៍​និង​អង្គការ​ខ្មែរ​កម្ពុជា​ក្រោម​មួយចំនួន បាន​ស្នើ​ទៅ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​សុំ​ជួប​លោក ទឹម សាខន ក្នុង​គោលបំណង​ចង់​ដឹង​ពី​ស្ថានភាព​រស់នៅ​ពិតប្រាកដ​របស់​លោក។

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា បាន​ឲ្យដឹងកាលពី​ថ្ងៃ​ទី​២៩ សីហា ថា ក្រុម​សហគមន៍​របស់​លោក​និង​អង្គការ​សិទ្ធិ​មនុស្ស​ចំនួន​៥​ទៀត បន្ទាប់ពី​បាន​ទទួល​ដំណឹង​​ថា លោក ទឹម សាខន មាន​ជំងឺ​ជា​ទម្ងន់​នៅ​ប្រទេស​វៀតណាម​នោះ ក៏​បាន​ដាក់​លិខិត​កាលពី​ដើម​សប្តាហ៍​នេះ​ទៅ​ស្ថានទូត​វៀតណាម ដើម្បី​សុំ​ជួប​លោក ទឹម សាខន ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ចម្លើយ​យ៉ាង​ណា​នៅ​ឡើយ​នោះ​ទេ។

អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម លោក ទ្រីង បាកាំ បាន​បដិសេធ​មិន​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​ឡើយ ប៉ុន្តែ​លោក​ធ្លាប់​បាន​ប្រាប់​ថា លោក ទឹម សាខន មាន​សិទ្ធិ​សេរីភាព​ដូច​ប្រជាពលរដ្ឋ​ដទៃ​ទៀត។

បក្ស​សិទ្ធិ​មនុស្ស​និង​បក្ស​សមរង្ស៊ី​បញ្ជាក់​ពី​ជំហរ​មិន​ចូលរួម​ពិធី​ស្បថស្បែ​បង្កើត​សភា​ថ្មី

គណបក្ស​សិទ្ធិ​មនុស្ស​និង​គណបក្ស​សមរង្ស៊ី​បាន​បញ្ជាក់​ជា​ថ្មី​ឡើង​វិញ កាលពី​ថ្ងៃ​ច័ន្ទ ២៥ សីហា​ថា គេ​នឹង​មិន​ចូលរួម​នៅ​ក្នុង​ពិធី​ស្បថស្បែ​ដើម្បី​បង្កើត​សភា​អាណត្តិ​ថ្មី​នៅ​ពេល​ខាង​មុខ​នេះ​ទេ បើសិន​ជា​ក្រុមប្រឹក្សា​ធម្មនុញ្ញ​មិន​ដោះស្រាយ​បណ្តឹង​នៃ​ការលួច​សន្លឹក​ឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ។

មេ​ដឹកនាំ​គណបក្ស​ទាំង​ពីរ​បាន​លើក​​បង្ហាញ​រួម​គ្នា អំពី​ឯកសារ​ភស្តុតាង​រាប់​ម៉ឺន​សន្លឹក ស្តីពី​ចំនួន​មនុស្ស​ដែល​ត្រូវ​គេ​បំបាត់​ឈ្មោះ​នៅ​ក្នុង​ថ្ងៃ​បោះ​ឆ្នោត អ្នក​បោះ​ឆ្នោត​ខុស​ច្បាប់​ដោយ​ប្រើ​ទម្រង់​១០១៨ និង​អ្នក​បោះ​ឆ្នោត​ដែល​ឈ្មោះ​ស្ទួន​ដដែលៗ។

អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត (គ.ជ.ប.) លោក ទេព នីថា បាន​ឲ្យ​ដឹង​ថា​គ.ជ.ប.​បាន​ដោះស្រាយ​ទៅ​តាម​នីតិវិធី​ច្បាប់​រួចរាល់ ហើយ​គ.ជ.ប.​មិន​ជំទាស់​ចំពោះ​ការប្តឹងផ្ដល់​របស់​គណបក្ស​ទាំង​ពីរ​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​នោះ​ទេ។ ប៉ុន្តែ​គេ​កំពុងតែ​រង់ចាំ​ការប្រកាស​លទ្ធផល​ផ្លូវការ​នៅ​ក្រោយ​ការដោះស្រាយ​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ៕