រយៈពេលជិត ១០ឆ្នាំចុងក្រោយនេះ កម្ពុជាជាប់ឈ្មោះជាប្រទេសខ្វះនីតិរដ្ឋ និងសម្បូរដោយឧក្រិដ្ឋកម្មនានា ខណៈប្រទេសមហាអំណាចធំៗកំពុងសម្លឹងឃើញថា កម្ពុជាកំពុងក្លាយជាទីតាំងរបស់ឧក្រិដ្ឋជនសម្រាប់ជួញដូរមនុស្សក្នុងចំណោមប្រទេសផ្សេងទៀតក្នុងតំបន់។ រដ្ឋាភិបាលតែងតែប្រកាសប្ដេជ្ញាចិត្តប្រឆាំង និងទប់ស្កាត់ឧក្រិដ្ឋកម្មជួញដូរមនុស្ស ប៉ុន្តែបញ្ហានេះ នៅតែបន្តកើតមានដដែល និងបានបង្កផលប៉ះពាល់ និងកេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ។
តើរដ្ឋាភិបាលគួរមានយុទ្ធសាស្ត្របែបណាដើម្បីរំដោះខ្លួនពីបញ្ជីខ្មៅអាមេរិក និងដោះស្រាយបញ្ហាជួញដូរមនុស្សនេះសម្រាប់ឆ្នាំ២០២៤?
យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្នុងការប្រឆាំងនឹងបញ្ហាជួញដូរមនុស្ស និងបញ្ហាឆបោកតាមប្រព័ន្ធអនឡាញ (Online) សម្រាប់ឆ្នាំ២០២៤ ទំនងមិនខុសពីឆ្នាំកន្លងទៅនេះទេ ដោយគ្រាន់តែប្រកាសពីការប្ដេជ្ញាចិត្ត និងណែនាំឱ្យអាជ្ញាធរបង្កើនការអនុវត្តច្បាប់តាមចាប់ជនល្មើសដែលពាក់ព័ន្ធនឹងបញ្ហាជួញដូរមនុស្ស។
ថ្លែងក្នុងវេទិកាជាតិប្រឆាំងការជួញដូរមនុស្សកាលពីថ្ងៃទី១២ ខែធ្នូ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា អះអាងថា រដ្ឋាភិបាលនៅតែបន្តប្ដេជ្ញាចិត្តប្រឆាំង អំពើជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសឧក្រិដ្ឋនានាដែលលោកថា កំពុងបំផ្លិចបំផ្លាញដល់ប្រទេសជាតិ។ លោកណែនាំដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ពង្រឹងស្មារតីទទួលខុសត្រូវក្នុងការប្រឆាំងអំពើជួញដូរមនុស្ស ប្រឆាំងអំពើពុករលួយ និងពង្រឹងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ កុំឱ្យជឿតាមមេខ្យល់អូសទាញរហូតក្លាយជាជនរងគ្រោះត្រូវឈ្មួញជួញដូរ។
ទោះជាយ៉ាងណា ប្រមុខក្រសួងមហាផ្ទៃលោក ស សុខា ហាក់បានត្រឹមអំពាវនាវ តែមិនបានបង្ហាញចេញនូវផែនការម៉ឺងម៉ាត់ស៊ើបអង្កេត និងបង្ក្រាបមេខ្លោងធំៗដែលនៅពីក្រោយបញ្ហាឧក្រិដ្ឋកម្មជួញដូរមនុស្ស និងអំពើឆបោកតាមប្រព័ន្ធអនឡាញនៅកម្ពុជាឡើយ។
របាយការណ៍របស់ក្រសួងមហាផ្ទៃឱ្យដឹងថា ចាប់ពីខែសីហា ឆ្នាំ២០២២ ដល់ខែធ្នូ ឆ្នាំ២០២៣ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ទទួលបានពាក្យបណ្ដឹងជាង ១ពាន់ ២រយករណី (១.២៧៦) ស្រាវជ្រាវរកឃើញបទល្មើសជាង ១ពាន់ករណី (១.២១៣) និងជួយសង្គ្រោះមនុស្សបានជាង ២ពាន់នាក់ (២.១៥៥) មាន ២១សញ្ជាតិ។ ក្នុងរយៈពេលដូចគ្នា សមត្ថកិច្ចបង្ក្រាបបានជនសង្ស័យជាង ១រយនាក់ (១២៦)។
ការណ៍ដែលកម្ពុជាក្លាយជាទីតាំងរងគ្រោះនៃអំពើជួញដូរមនុស្ស និងបញ្ហាឆបោកតាមប្រព័ន្ធអនឡាញ អាចមិនមែនជារឿងចៃដន្យនោះទេ ដ្បិតក្រុមឧក្រិដ្ឋជនអាចសម្លឹងមើលឃើញថា កម្ពុជាខ្វះការអនុវត្តច្បាប់ត្រឹមត្រូវ ជាពិសេសការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ ខណៈអំពើនិទ្ទណ្ឌភាពនៅតែគ្មានការលុបបំបាត់។
ជុំវិញបញ្ហាជួញដូរមនុស្សនេះ ប្រធានអង្គការសម្ពន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា លើកឡើង ដោយប្រៀបធៀបថា កម្ពុជាកំពុងធ្វើដំណើរដោយមានជំងឺធំៗជាច្រើន ដែលធ្វើឱ្យប្រទេសជាតិកាន់តែស្គមរីងរៃបន្តិចម្ដងៗ។ លោកមានប្រសាសន៍ថា វាមិនអាចកើតឡើងបានឡើយ ចំពោះក្រុមហ៊ុនដែលអាចបង្ខាំងមនុស្សរាប់ម៉ឺននាក់ឱ្យធ្វើការខុសច្បាប់ ប្រសិនបើគ្មានអ្នកមានលុយមានអំណាចនៅពីក្រោយខ្នង។ លោកបន្ថែមទៀតថា ដើម្បីដោះស្រាយបញ្ហាជួញដូរមនុស្សបាន លុះត្រាតែរដ្ឋាភិបាលក្លាហានកែទម្រង់ផ្ទៃក្នុង និងស៊ើបអង្កេតរកអ្នកដែលសង្ស័យជាប់ពាក់ព័ន្ធក្នុងគណបក្សប្រជាជនកម្ពុជា។
លោក រស់ សុដ្ឋា៖ «បើយើងវះកាត់សាច់ស្អុយនៃជំងឺមហារីក យើងត្រូវវះកាត់ឱ្យស្អាត ឱ្យអស់បើនៅដុំសាច់ណាមួយវារាលដាលមកទៀត ឬក៏បន្តយកជំងឺហ្នឹងបន្តទៀត។ ស្ថានភាពបច្ចុប្បន្ននេះរាជរដ្ឋាភិបាលនឹងមិនអាចកាត់សាច់ស្អុយទាំងនោះឱ្យអស់ ១០០ភាគរយទេ លុះត្រាតែមានភាពក្លាហាន និងឆន្ទៈខ្ពង់ខ្ពស់ទើបបញ្ហានេះនឹងត្រូវសម្អាតបាន ១០០ភាគរយ»។
ចំណែក ប្រធានផ្នែកប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍ នៃអង្គការសង់ត្រាល់ (CENTRAL) លោក ឌី ថេហូយ៉ា មានប្រសាសន៍ថា យុទ្ធនាការរបស់រដ្ឋាភិបាលដោះស្រាយបញ្ហាជួញដូរមនុស្សគ្មានប្រសិទ្ធភាពឡើយ ដោយសារតែរដ្ឋាភិបាលខ្វះកិច្ចសហប្រតិបត្តិការ និងបង្ហាញទិន្នន័យពុំគួរឱ្យទុកចិត្តអំពីប្រតិបត្តិការបង្ក្រាប និងស្វែងរកជនរងគ្រោះដោយអំពើជួញដូរ និងបង្ខាំងដោយខុសច្បាប់។ លោកបារម្ភថា បើសមត្ថកិច្ចបង្ក្រាបតែជនល្មើសតូចតាច ហើយមេខ្លោងធំៗនៅតែរស់នៅក្រៅប្រព័ន្ធច្បាប់ ស្ថានភាពនៃអំពើជួញដូរមនុស្សកម្ពុជានឹងកាន់តែអាក្រក់ដែលនឹងជះឥទ្ធិពលដល់សេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ។
លោក ឌី ថេហូយ៉ា៖ «ខ្ញុំមិនរំពឹងថា នឹងមានការថមថយជាងមុនទេ ព្រោះមេខ្លោងនៃអំពើជួញដូរមនុស្សមិនត្រូវបានចាប់ខ្លួន និងទទួលអំពីចំណាត់ការផ្លូវច្បាប់ឱ្យមានប្រសិទ្ធភាពនៅឡើយទេ។ ការជួញដូរមនុស្សនេះ វាមិនមែនជារឿងបុគ្គលតូចតាចធ្វើបានទេ ទល់តែក្រុមកំពូលៗ មេខ្លោងធំៗណាស់ ហើយមកដល់ពេលនេះ មិនទាន់ឃើញចាប់បានមេខ្លោងណាមួយ ដើម្បីអនុវត្តទោសផងហ្នឹង។ គ្រាន់តែជាការប្ដេជ្ញាចិត្តដដែលហើយដដែលទៀត»។
អាជ្ញាធរតែងតែបង្ក្រាបទីតាំងបង្ខាំងមនុស្ស និងចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ប៉ុន្តែ អាជ្ញាធរពុំបានស្វែងរកមេខ្លោងធំៗដែលសង្ស័យនឹងការប្រព្រឹត្តអំពើជួញដូរមនុស្សនេះ បង្ហាញឱ្យមហាជនបានឃើញនោះទេ។
អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ មានប្រសាសន៍ថា ការឃាត់ខ្លួនជនល្មើសតូចតាចអាចជាយុទ្ធសាស្ត្រសម្រាប់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដើម្បីបង្ហាញថា ខ្លួនមានឆន្ទៈក្នុងការប្រឆាំងអំពើជួញដូរមនុស្ស និងគ្រាន់តែជាការបំភាន់ភ្នែកមហាជនថា រដ្ឋាភិបាលសស្រាក់សស្រាំបង្ក្រាបបទល្មើសជួញដូរមនុស្សប៉ុណ្ណោះ។
លោក គឹម សុខ៖ «ឧក្រិដ្ឋកម្មជួញដូរមនុស្សគ្រាន់តែជាមុខរបរមួយផ្នែករបស់ពួកមេបណ្ដាញលាងលុយកខ្វក់អន្តរជាតិ ហើយពួកអ្នកទាំងអស់ហ្នឹងកាលណា លុកដៃ ឈានជើង រកស៊ីដល់ប្រទេសណាហើយ គឺគេមានឥទ្ធិពលជាមួយអ្នកមានអំណាចធំៗ នៅប្រទេសហ្នឹងហើយ។ ដូច្នេះ សមត្ថកិច្ចថ្នាក់ក្រោមទោះបីជាជំនាញបច្ចេកទេស ពូកែ ប៉ុណ្ណាក៏ដោយ ទោះបីជាស្គាល់មុខមេបណ្ដាញទាំងនោះក៏ដោយ ក៏មិនហ៊ានធ្វើការស៊ើបអង្កេត ស្រាវជ្រាវបង្ហាញរបាយការណ៍ពិតនោះដែរ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង និងអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ដើម្បីឆ្លើយតបនឹងការលើកឡើងនេះបានទេនៅថ្ងៃទី២៨ ខែធ្នូ។
កាលពីពេលថ្មីៗនេះ ចក្រភពអង់គ្លេស (UK) ប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនកាស៊ីណូចំនួន ៥ និងមនុស្សចំនួន ៣នាក់ ក្នុងនោះមានអ្នកជំនួញខ្មែរដើមកំណើតចិន ២នាក់ ដោយបង្កកទ្រព្យសម្បត្តិ និងរិតត្បិតទិដ្ឋិការ (VISA) ជាន់ទឹកដីអង់គ្លេស ដោយសារតែពាក់ព័ន្ធការជួញដូរមនុស្សនៅកម្ពុជា និងបង្ខំឱ្យជនរងគ្រោះធ្វើការសម្រាប់ «កសិដ្ឋានឆបោក» តាមអ៊ីនធឺណិត។ មនុស្សរងទណ្ឌកម្មទាំងនោះសុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធ និងធ្លាប់ផ្ដល់ផលប្រយោជន៍ដល់លោក ហ៊ុន សែន។
ទន្ទឹងគ្នានេះ របាយការណ៍របស់អង្គការសហប្រជាជាតិ (UN) ចេញផ្សាយកាលពីចុងខែសីហា កន្លងទៅបង្ហាញថា មនុស្សប្រមាណ ១សែននាក់កំពុងរងគ្រោះ បង្ខំឱ្យធ្វើការជាអ្នកបោកប្រាស់តាមអ៊ីនធឺណិតនៅកម្ពុជា។ ជនរងគ្រោះប្រឈមមុខនឹងការបំពានគំរាមកំហែងដល់សុវត្ថិភាព ទទួលរងការធ្វើទារុណកម្មដោយអំពើឃោរឃៅអមនុស្សធម៌ ការឃុំខ្លួនដោយបំពាន អំពើហិង្សាផ្លូវភេទ ការធ្វើការដោយបង្ខំ និងការរំលោភសិទ្ធិមនុស្សផ្សេងៗទៀត។
អ្នកជំនាញផ្នែកសិទ្ធិមនុស្សជាតិ និងអន្តរជាតិ វាយតម្លៃថា ការដាក់ចេញយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលកន្លងមកនេះគ្មានប្រសិទ្ធភាព ដោយសារតែអាជ្ញាធរបង្ក្រាបបានតែជនល្មើសតូចតាច ប៉ុន្តែអ្នកមានឥទ្ធិពលដែលសង្ស័យជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនេះ នៅតែរស់នៅក្រៅប្រព័ន្ធច្បាប់ដដែល។ ពួកគេទទូចឱ្យរដ្ឋាភិបាល មានឆន្ទៈមោះមុតបង្ក្រាបការជួញដូរមនុស្សឱ្យដល់ឫសគល់ ដើម្បីស្ដារកិត្តិយសកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។