ខ្មែរក្រោម​រស់នៅ​លើទឹក​ដី​កំណើត​និង​នៅ​កម្ពុជា​បន្ត​រង​ការ​រំលោភបំពាន​ផ្នែក​សិទ្ធិមនុស្ស​និង​សាសនា

0:00 / 0:00

នៅ​ឆ្នាំ​២០២៣ នេះ ខ្មែរ​កម្ពុជា​ក្រោម​រស់​នៅ​លើ​ទឹកដី​កំណើត​បន្ត​ជួប​ប្រទះ​ការ​រំលោភ​សិទ្ធិមនុស្ស​និង​សិទ្ធិ​សាសនា ពី​សំណាក់​អាជ្ញាធរ​វៀតណាម។ ដោយឡែក​ពលរដ្ឋ​ខ្មែរក្រោម​នៅ​កម្ពុជា​វិញ ក៏​បន្ត​ជួបប្រទះ​បញ្ហា​រើសអើង ខណៈ​អ្នកនយោបាយ​ខ្មែរក្រោម​ត្រូវ​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​មន្ត្រី​គណបក្ស​កាន់អំណាច។

តើ​ព្រះសង្ឃ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​រស់នៅ​ស្រុកកំណើត និង​នៅ​កម្ពុជា​ជួបប្រទះ​បញ្ហា​អ្វីខ្លះ​នៅ​ឆ្នាំ​២០២៣?

សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម​ប្រុស​ស្រី​ចំនួន​៤​នាក់​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​ដាក់​ពន្ធនាគារ​និង​មួយ​ចំនួន​ទៀត​ត្រូវ​រង​ការ​ផាកពិន័យ​ជាច្រើន​រយ​ដុល្លារ ចំណែក​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ក៏ កំពុង​រង​សំពាធ​អាជ្ញាធរ​វៀតណាម​មិន​ឲ្យ​ពាក់ព័ន្ធ​នឹង​ការស្វែងរក​សិទ្ធិ​ស្វ័យ​សម្រេច​នៅ​លើ​ទឹក​កំណើត។

នាយក​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​លោក ប្រាក់ សេរីវុឌ្ឍ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា អាជ្ញាធរ​វៀតណាម​កំពុង​ព្រួយ​បារម្ភ​ពី​សន្ទុះ​នៃ​ការ​ងើបឡើង​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម ទើប​បាន​បើក​យុទ្ធនាការ​បង្ក្រាប​លើ​សកម្មជន​សិទ្ធិមនុស្ស និង​ព្រះសង្ឃ។

លោក ប្រាក់ សេរីវុឌ្ឍ៖ «ចំពោះ​ខ្មែរក្រោម​ការ​ឈឺចាប់​មាន​ដូចគ្នា។ ៧០​ឆ្នាំ​ជាង​ហើយ​រង​ទុក្ខ​វេទនា តែ​យើង​មិន​ប្រើ​អំពើ​ខុស​ច្បាប់ អន្តរជាតិ ថ្វី​ត្បិត​ការ​តស៊ូ​មាន​ការ​លំបាក​ខ្លាំង ប៉ុន្តែ​សម្រាប់​រយៈពេល​យូរអង្វែង​មាន​ឥទ្ធិពល​ខ្លាំង»។

អាជ្ញាធរ​វៀតណាម​នៅ​ខេត្ត​ព្រះត្រពាំង និង​ខេត្ត​ឃ្លាំង កាល​ពី​ខែ​កក្កដា បាន​ចាប់ខ្លួន​សកម្មជន​ខ្មែរក្រោម ៣​នាក់​រួមមាន​លោក តោ ហ្វាងចឿង លោក ថាច់ កឿង និង​លោក យ័ញ មិញក្វាង ក្រោម​ការ​ចោទប្រកាន់​ពី​បទ «​កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​បំពាន​លើ​ផលប្រយោជន៍​របស់​រដ្ឋ និង​សិទ្ធិ​សេរីភាព​ស្របច្បាប់ នៃ​ក្រម​ព្រហ្មទណ្ឌ​វៀតណាម។ ដោយឡែក​កាលពី​ថ្ងៃទី​៣ ខែ​សីហា អាជ្ញាធរ​វៀតណាម​ក៏បាន​ចាប់​ឃុំ​ខ្លួន សកម្មជន​ខ្មែរក្រោម​ជា​ស្ត្រី​លោកស្រី ឌិន ធីហ្វិន​ម្នាក់​ទៀត។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ថា ការ​ចាប់​ខ្លួន​សកម្មជន​ទាំង ៤​នាក់​នេះ​ដោយសារតែ​អាជ្ញាធរ​វៀតណាម​មិន​ពេញចិត្ត​ចំពោះ​សកម្មភាព​ផ្សព្វផ្សាយ​សៀវភៅ​ប្រវត្តិសាស្ត្រ​សិទ្ធិមនុស្ស​សិទ្ធិ​ជនជាតិ​ដើម របស់​អង្គការ​សហប្រជាជាតិ និង​ការ​បោះពុម្ព​អាវយឺត​ដែល​មាន​ទង់ជាតិ​ខ្មែរក្រោម​ចែកចាយ​ទៅ​ឱ្យ​ពលរដ្ឋ​ខ្មែរក្រោម​។ កាល​ពី​ពេល​ថ្មី​នេះ​វៀតណាម​ក៏​បាន​កោះហៅ​យុវជន​ខ្មែរក្រោម​មួយចំនួន ទៅ​បំភិតបំភ័យ និង​ផាកពិន័យ​រឿង​ផ្សព្វផ្សាយ​ប្រវត្តិសាស្ត្រ និង​សិទ្ធិ​ជនជាតិ​ដើម។ អាជ្ញាធរ​វៀតណាម​មិន​ត្រឹមតែ​គំរាមកំហែង​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម​នោះ​ទេ​ពួកគេ​ក៏​បាន​គំរាម​បណ្ដេញ និង​ចាប់​ផ្សឹក​ព្រះសង្ឃ​ខ្មែរ​ក្រោម​ថែម​ទៀត​ផង។

kkf1.jpg
ទិដ្ឋភាពកម្លាំងសមត្ថកិច្ចស្លៀកពាក់ស៊ីវិល នៃរដ្ឋាភិបាលវៀតណាម​ទម្លាយទ្វារចូលឈ្លានពាន អុកឡុក និងប្រើអំពើហិង្សាលើព្រះសង្ឃ នៃវត្តមង្គលបូរី (ទ្រនំសេក) ឋិត នៅក្នុងខេត្តលង់ហោរ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ រូប៖ ហ្វេសប៊ុក VOKK

កាល​ពី​ពេល​ថ្មីៗ​នេះ ព្រះសង្ឃ​វៀតណាម​និង​អាជ្ញាធរ​ទៅ​ដកហូត​សិទ្ធិ​និង​ចង់​ចាប់​ផ្សឹក ព្រះចៅ​អធិការ​វត្ត​ប្រជុំ​ពល​មង្គលបុរី​ព្រះអង្គ ថាច់ ច័ន្ទតារា នៅ​ខេត្ត​លង់ហោរ ដោយ​ចោទ​ប្រកាន់​ថា បាន​បំពាន​វិន័យ​ធម៌។ ទោះបីជា យ៉ាងណា​គម្រោង​របស់​វៀតណាម​មិន​បាន​សម្រេច​នោះ​ទេ​ដោយសារតែ​ពលរដ្ឋ​ខ្មែរក្រោម​បាន​ងើបឡើង​តវ៉ា​បណ្ដាល​ឲ្យ​ព្រះសង្ឃ និង​អាជ្ញាធរ​វៀតណាម​រត់​ចែក​ជើង​គ្នា​ព្រោះ​ខ្លាច​ប៉ះទង្គិច និង​ខ្មែរក្រោម។

ព្រះភិក្ខុ ថាច់ ច័ន្ទតារា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា វៀតណាម​មាន​បំណង​ធ្វើបាប​ព្រះ​​អង្គ​ដោយសារតែ​វត្ត​បាន​ដាក់​ទង់ជាតិ​ខ្មែរក្រោម និង​បាន​បំបួស​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម​ព្រះ​ភិក្ខុ យឿង ខាយ។ ព្រះភិក្ខុ យឿង ខាយ មុន​បួស​បាន​ធ្វើ​យុទ្ធនាការ​ទាមទារ​សិទ្ធិ​ជនជាតិ​ដើម និង​ផ្សព្វផ្សាយ​ពី​សិទ្ធិ​ជនជាតិ​ដើម​។ ទោះបី​ព្រះ​ភិក្ខុ ថាច់ ច័ន្ទតារា រួច​ពី​ការ​ចាប់​ផ្សឹក​ពី​ព្រះសង្ឃ​វៀតណាម​ក៏ដោយ តែ​បច្ចុប្បន្ន​ព្រះអង្គ​គង់តែ​នៅក្នុង​វត្ត មិន​ហ៊ាន​និមន្ត​ចេញ​ក្រៅ​វត្ត​នោះ​ទេ​ដោយសារតែ​បញ្ហា​សុវត្ថិភាព។

ព្រះភិក្ខុ ថាច់ ច័ន្ទតារា៖ «ឆ្នាំ​២០២៣​នេះ សិទ្ធិ​សាសនា​នៅ​កម្ពុជា​ក្រោម​ជាពិសេស​នៅ​វត្ត​ប្រជុំ​ពល​មង្គលបុរី​ទ្រនំ​សេក យើង​មាន​ការ​រំលោភ​បៀតបៀន​យ៉ាង​ខ្លាំង​អំពី​អាជ្ញាធរ​វៀតណាម លើ​សង្គម​ព្រះពុទ្ធសាសនា»។

មិន​ត្រឹមតែ​ខ្មែរក្រោម​រស់នៅ​លើទឹក​ដី​កំណើត​កំពុង​រង​ការ​ធ្វើទុក្ខបុកម្នេញ​ទេ ខ្មែរក្រោម​នៅ​កម្ពុជា​ក៏​រង​ការរើសអើង​និង​រង​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​ផង​ដែរ។ របាយការណ៍​សិទ្ធិមនុស្ស​ឆ្នាំ​២០២៣​របស់​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​រក​ឃើញ​ថា អាជ្ញាធរ​ខ្មែរ​នៅ​មូលដ្ឋាន​បន្ត​ចាត់ទុក​ខ្មែរក្រោម​ថា ជា​ជនជាតិ​វៀតណាម​បណ្ដាល​ឲ្យ​ខ្មែរក្រោម​ពិបាក​ទទួល​អត្តសញ្ញាណ​ប័ណ្ណ និង​លិខិត​បទដ្ឋាន​ផ្សេង​ដើម្បី​ទទួល​បាន​សេវាកម្ម​សុខាភិបាល អប់រំ​សិទ្ធិ​បោះឆ្នោត និង​ការ​រស់នៅ​ដោយ​ស្របច្បាប់។ អាជ្ញាធរ​កម្ពុជា​បន្ត​រឹតត្បិត តាមដាន​និង​ផ្ដិត​យក​រូបថត នៃ​ការ​ជួបជុំ ការ​ប្រមូល​ផ្តុំ​តាមរយៈ​វេទិកា និង​សិក្ខាសាលា​ជា​បន្តបន្ទាប់។ ចំណែក​ខ្មែរក្រោម​ដែល​ពាក់ព័ន្ធ​នឹង​នយោបាយ​ត្រូវ​បាន​អាជ្ញាធរ​ចោទប្រកាន់ និង​ចាប់​ដាក់​ពន្ធនាគារ។ យ៉ាងហោចណាស់​ក៏​មាន​អ្នកនយោបាយ​គណបក្សប្រឆាំង​ខ្មែរក្រោម ៤​នាក់​កំពុង​ជាប់ពន្ធនាគារ ដែល​អង្គការ​សិទ្ធិមនុស្ស​ចាត់​ទុក្ខ​ថា ជា​ករណី​នយោបាយ ក្នុង​នោះ​រួមមាន​អនុប្រធាន​គណបក្ស​ភ្លើងទៀន​លោក ថាច់ សេដ្ឋា ជាដើម។ មេធាវី​និង​ជា​អគ្គលេខាធិការ​នៃ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស​និង​អភិវឌ្ឍន៍​លោក សឺន ជុំជួន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​ព្រួយបារម្ភ​ពី​ស្ថានភាព​សិទ្ធិមនុស្ស និង​នយោបាយ​របស់​ពលរដ្ឋ​ខ្មែរក្រោម​នៅ​កម្ពុជា ដែល​បន្ត​ធ្លាក់ចុះ។ លោក​ស្នើសុំ​អាជ្ញាធរ​គួរ​យោគយល់​នឹង​ទទួលស្គាល់​ខ្មែរក្រោម​ជា​ខ្មែរ​ស្របច្បាប់។

លោក សឺន ជុំជួន៖ «ជាពិសេស​អាជ្ញាធរ​មូលដ្ឋាន​កុំ​ចាំ​បញ្ជា​ពី​រដ្ឋាភិបាល ប្រសិនបើ​ពួកគាត់​មាន​ភស្តុតាង និង​ឯកសារ​គ្រប់គ្រាន់​គួរ​អនុញ្ញាត​ឲ្យ​គាត់​ទទួល​បាន​ឯកសារ​ស្របច្បាប់»។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា ដើម្បី​ឆ្លើយតប​នឹង​កង្វល់​របស់​សមាគម​សិទ្ធិមនុស្ស​ខ្មែរក្រោម​បាន​នៅឡើយ​ទេ កាល​ពី​ថ្ងៃទី២៦ ធ្នូ។ បច្ចុប្បន្ន​ខ្មែរក្រោម​ជាង ៧​លាន​នាក់​រស់នៅ​កម្ពុជា​ក្រោម និង​ជិត​មួយ​លាន​នាក់​រស់នៅ​កម្ពុជា។ នាយក​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​លោក ប្រាក់ សេរីវុឌ្ឍ អះអាង​ថា ទោះបី​ខ្មែរក្រោម​បាត់បង់​ទឹកដី​៧៤​ឆ្នាំ​ហើយក៏​ដោយ ក៏​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នឹង​បន្ត​ធ្វើ​យុទ្ធនាការ​នៅ​លើ​ឆាក​អន្តរជាតិ​ដើម្បី​តស៊ូ​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​ជូន​ឲ្យ​ខ្មែរ​កម្ពុជា​ក្រោម​រស់​នៅ​លើ​ទឹកដី​កំណើត​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​វៀតណាម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។