តើ​ព្រឹត្តិការណ៍​សំខាន់ៗ​អ្វីខ្លះ​កើតឡើង​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២៣?

0:00 / 0:00

នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០២៣ ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​និង​លេចធ្លោ​ជាងគេ​នោះ គឺ​ការរៀបចំ​បោះឆ្នោត​ជាតិ​ក្លែងក្លាយ ដើម្បី​ឲ្យ​ក្រុម​មេដឹកនាំ​បក្ស​កាន់អំណាច ផ្ទេរអំណាច​ដល់​កូនចៅ​ជំនាន់​ក្រោយ​របស់​ពួកគេ ដែល​កាន់តែ​ធ្វើ​ឲ្យ​ដំណើរការ​ប្រជាធិបតេយ្យ វិបត្តិ​នយោបាយ និង​វិបត្តិ​សង្គម​សេដ្ឋកិច្ច កាន់តែ​បន្ត​ជាប់​គាំង​ថែមទៀត​មក​ទល់​ពេល​នេះ​។ ក្រៅ​ពី​នោះ ការ​ចាប់ចង និង​ការប្រើ​ប្រព័ន្ធ​តុលាការ​កាត់ទោស​មេដឹកនាំ និង​សកម្មជន​បក្ស​ប្រឆាំង និង​ការរំលោភ​សិទ្ធិមនុស្ស ក៏​នៅតែ​បន្ត​កើត​មាន។

ឆ្នាំ​២០២៣​ដែល​ជិត​កន្លង​ផុត​ទៅ​នេះ មាន​ហេតុការណ៍ និង​ព្រឹត្តិការណ៍​ជាច្រើន​បាន​កើត​ឡើង ហើយ​រឿង​ខ្លះ កំពុង​បន្ត​ជះឥទ្ធិពល​អវិជ្ជមាន​ទៅដល់​ឆ្នាំ​ថ្មី​ខាងមុខ​ទៀត។

គ្រាន់តែ​បើក​ក្បាល​ឆ្នាំ​២០២៣​ភ្លាម លោក ហ៊ុន សែន កាន់តែ​ក្រពុលមុខ និង​រក​គ្រប់​វិធី​កម្ទេច​កម្លាំង​អ្នក​ប្រជាធិបតេយ្យ ដើម្បី​ត្រៀម​ផ្ទេរអំណាច​ដល់​កូនៗ​របស់ លោក​។ នៅ​ថ្ងៃទី​៩ ខែ​មករា អតីត​កម្មាភិបាល​ខ្មែរក្រហម​រូប​នេះ មិន​ត្រឹមតែ​ព្រមាន​ប្រើ​ហិង្សា​លើ​មន្ត្រី​គណបក្សប្រឆាំង​ទេ ថែមទាំង​បញ្ជា​ឲ្យ​មន្ត្រី​របស់​លោក ប្តឹង​ទាមទារ​សំណង​រាប់​ម៉ឺន​ដុល្លារ​លើស​ពី​ច្បាប់​កំណត់ និង​រឹបអូស​ទ្រព្យសម្បត្តិ​ពី​អតីត​ឧត្តម​ទីប្រឹក្សា​គណបក្ស​ភ្លើងទៀន​គឺ​លោក គង់ គាំ ដូច​ករណី​អនុប្រធាន​បក្ស​ភ្លើងទៀន​លោក សុន ឆ័យ ដែរ ដោយសារតែ​ការ​បញ្ចេញមតិ​រិះគន់​ប្រវត្តិ​គណបក្ស​ប្រជាជន​កម្ពុជា និង​ការ​បោះឆ្នោត​មិន​ត្រឹមត្រូវ។

លោក ហ៊ុន សែន៖ «ហើយ​អ្នក​គិតថា​អ្វី(​ក៏​)អាង​តុលាការ ខ្ញុំ​ចង់​សួរ​អ្នក​ទៅវិញ​ថា ជម្រើស​មានតែ​ពីរ​ទេ មួយ​គឺ​ប្រើ​ផ្លូវច្បាប់ មួយទៀត​គឺ​ប្រើ​ដំបង​ហ្មង តើ​អ្នក​យក​មួយ​ណា​ពីរ​ហ្នឹង​?អាហ្នឹង​អ្នក​និយាយ​ឱ្យ​ច្បាស់​។ ខ្ញុំ​សុំ​ព្រមាន​ចំពោះ​អ្នក​!ពួក​ខ្ញុំ​នេះ​មិន​ទុក​ឱ្យ​ពួក​អ្នក​ចោទ​ថា ចោរ​មួយ​ជីវិត​ទេ ខ្ញុំ​សូម​ជម្រាប​ជូន។ ត្រូវតែ​បញ្ចប់​វប្បធម៌​ឡាំប៉ា​ក្រោយ​ការបោះឆ្នោត​។ គណបក្ស​ប្រជាជន​មិនអាច​ទទួល​យក​បាន​នូវ​ពាក្យ​ថា​ជា​ចោរលួច​បន្លំ​សន្លឹកឆ្នោត​ទេ​។ អ្នកណា​ហ៊ាន​និយាយ​បែបនេះ​យើង​ត្រូវតែ​ប្ដឹង»។

ភ្លាមៗ ក្រុម​មន្ត្រី​អាម៉ីអាថោង​របស់​លោក ហ៊ុន សែន សម្រុក​ដាក់​បណ្តឹង និង រឹបអូស​ផ្ទះ​និង​ដីធ្លី​ពី​លោក គង់ គាំ នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ​ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ ដែល​ធ្វើ​ឲ្យ​លោក គង់ គាំ វេច​បង្វេច​ចេញ​ស្ទើរ​មិន​ទាន់។

រួច​ដៃ​ពី​ការ​ចាត់​ការ​លោក សុន ឆ័យ និង​លោក គង់ គាំ ភ្លាម នៅ​ថ្ងៃទី​១៦ មករា រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ក៏​ងាក​មក​ចាប់​ឃុំ​ខ្លួន​អនុប្រធាន​គណបក្ស​ភ្លើងទៀន​ម្នាក់ទៀត​គឺ លោក ថាច់ សេដ្ឋា ច្រក​ចូល​ពន្ធនាគារ​រហូត​មកទល់​សព្វថ្ងៃ​នេះ​។ ដំបូង​ឡើយ តុលាការ​បាន​ចោទប្រកាន់​លោក ថាច់ សេដ្ឋា ពី​បទ​ចេញ​សែក​អត់​លុយ ឬ​សែក​ស្អុយ​កាលពី​អំឡុង​ឆ្នាំ​២០១៩។ បន្ទាប់​មក តុលាការ​បាន​ចោទប្រកាន់​លោក​មួយ​ករណី​ទៀត​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​បទ​ញុះញង់​ឱ្យ​មាន​ការ​រើសអើង ពាក់ព័ន្ធ​នឹង​សុន្ទរកថា​របស់​លោក​ជាមួយ​អ្នកគាំទ្រ​នៅ​ក្រៅ​ប្រទេស​រឿង​ខួប​៧​មករា របស់​គណបក្ស​កាន់អំណាច​។ ពីរ​សំណុំ​រឿង​នេះ តុលាការ​កាត់​ទោស​ឲ្យ​លោក ថាច់ សេដ្ឋា ជាប់ពន្ធនាគារ​៤​ឆ្នាំ​កន្លះ។ ប៉ុន្តែ​ការ​ចាប់​ឃុំខ្លួន​អ្នកនយោបាយ​ដើមកំណើត​ខ្មែរក្រោម​រូប​នេះ បាន​បណ្តាល​ឲ្យ​មាន​ចលនា​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​លោក លោក ហ៊ុន សែន ជា​បន្តបន្ទាប់ ជាពិសេស​នៅ​ក្រៅ​ប្រទេស។

ក្រៅពី​ការ​បង្ក្រាប​អ្នកនយោបាយ​បក្ស​ប្រឆាំង​ឥត​ឈប់ឈរ​ហើយ​នោះ លោក ហ៊ុន សែន ក៏​បន្ត​បង្ក្រាប​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ដែរ នៅមុន​ការ​បោះឆ្នោតជាតិ​។ នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ លោក ហ៊ុន សែន បាន​ប្រើ​អំណាច​ទាំង​បំពាន​ច្បាប់​បញ្ជា​ឲ្យ​ក្រសួង​ព័ត៌មាន​បិទ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី (VOD) ដោយ​លោក​ចោទ​ថា ការផ្សាយ​ព័ត៌មាន​ដែល​ថា លោក ហ៊ុន ម៉ាណែត ចុះហត្ថលេខា​ជំនួស​លោក​ដើម្បី​ផ្ដល់​ជំនួយ​ដល់​ប្រទេស​ទួរគី (Turkey) នោះ គឺជា​កំហុស​ដ៏​ធ្ងន់ធ្ងរ និង​បំបែកបំបាក់​ផ្ទៃក្នុង​រដ្ឋាភិបាល។ ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ ព្រមទាំង​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ បាន​ថ្កោលទោស​ទង្វើ​របស់​លោក ហ៊ុន សែន ជា​បន្តបន្ទាប់ ចំពោះ​ការ​បិទ​វិទ្យុ​វីអូឌី​ដែល​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ចុងក្រោយ​នៅ​កម្ពុជា។

ក្រោយ​បិទ​វិទ្យុ​វីអូឌី​រួច នៅ​ថ្ងៃទី​៣ ខែ​មីនា តុលាការក្រុង​ភ្នំពេញ ក៏​បាន​ប្រកាស​សាលក្រម​កាត់ទោស​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ពី​បទ​''​ក្បត់ជាតិ​''​ដោយ​ឲ្យ​ជាប់ឃុំ​ក្នុងផ្ទះ​២៧​ឆ្នាំ និង​ដកហូត​សិទ្ធិ​ធ្វើ​នយោបាយ ព្រមទាំង​ហាម​មិន​ឲ្យ​ជួប​អ្នកណា​ក្រៅពី​សាច់ញាតិ​បាន​ឡើយ។ការ​កាត់ទោស​មេ​បក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​អង្គការ​ជាតិ​-​អន្តរជាតិ និង​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ ប្រកាស​ថ្កោលទោស​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​ចាត់ទុកថា ជា​ការ​ដើរ​ថយក្រោយ​នៃ​ការអនុវត្ត​រដ្ឋធម្មនុញ្ញ របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។ បន្ថែម​ពី​នេះ ១៣​ថ្ងៃ​ក្រោយ​មក គឺ​សភា​អឺរ៉ុប បាន​អនុម័ត​ជា​ផ្លូវការ​នូវ​សេចក្តី​សម្រេច​ថ្មី​មួយ​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​» (EBA) ពី​កម្ពុជា ប្រសិនបើ​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា ប្រព្រឹត្ត​ទៅ​មិន​ស្របតាម​ស្តង់ដារ​អន្តរជាតិ ឬ​នៅតែ​មាន​ការ​បន្ត​រំលោភសិទ្ធិ​មនុស្ស និង​សិទ្ធិ​នយោបាយ។

ក្នុង​ពេល​មាន​វិបត្តិ​នយោបាយ​នេះ កម្ពុជា ក៏​ដល់​វេន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី​៣២ ចាប់ពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​១៧ ខែ​ឧសភា និង​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី​១២ ចាប់ពី​ថ្ងៃទី​០៣ ដល់​ថ្ងៃទី​០៩ ខែ​មិថុនា។ ព្រឹត្តិការណ៍​កីឡា​ទាំងពីរ​នេះ​បាន​បិទ​បញ្ចប់ ដោយ​មោទនភាព​ជាតិ និង​ការ​កេង​ចំណេញ​នយោបាយ​ពី​លោក ហ៊ុន សែន។ ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ដែល​លោក ហ៊ុន សែន ចំណាយ​លុយ​ជាតិ​អស់​ចំនួន​១១៨​លាន​ដុល្លារ​នោះ កម្ពុជា​ដណ្ដើម​បាន​មេដាយ​សរុប ២៨២​គ្រឿង ក្នុង​នោះ​មេដាយមាស​ចំនួន ៨១​គ្រឿង ប្រាក់ ៧៤​គ្រឿង និង​សំរឹទ្ធ​ចំនួន ១២៧​គ្រឿង​។ តួលេខ​នេះ ធ្វើ​ឱ្យ​កម្ពុជា​ឈរ​លេខ​រៀង​ទី​៤ ជា​ប្រទេស​ទទួល​បាន​មេដាយមាស​ច្រើន​ជាងគេ​។ ដោយ​ចង់​អួតអាង​ថា កម្ពុជា​តូច​តែ​«​បេះដូង​ធំ​»​លោក ហ៊ុន សែន បានសម្រេច​ធ្វើ​រឿង​មួយ​ឲ្យ​ខុសពី​គេ គឺ​មិន​យក​លុយ​ថ្លៃ​ហូបចុក និង​ស្នាក់នៅ​ពី​ប្រតិភូ​កីឡា​ស៊ី​ហ្គេម​បរទេស​ក្នុង​ម្នាក់ៗ ៥០​ដុល្លារ ដែល​សរុប​ប្រមាណ​ស្មើ ៧​លាន​ដុល្លារ។

បើទោះបីជា​កម្ពុជា​រវល់​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ក្តី ក៏​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន នៅតែ​មិន​ភ្លេច​បង្ក្រាប​ទៅលើ​គណបក្សប្រឆាំង​ឡើយ។

នៅ​ថ្ងៃទី​១៥ ខែ​ឧសភា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ហៅ​កាត់ គ​.​ជ​.​ប ដែល​ថ្នាក់ដឹកនាំ​ភាគច្រើន​ជា​មនុស្ស​របស់​លោក ហ៊ុន សែន បាន​បិទ​សិទ្ធិ​មិន​ឲ្យ គណបក្ស​ភ្លើងទៀន​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​ជាតិ នៅ​ថ្ងៃទី​២៣ ខែកក្កដា នោះ​ទេ ក្រោម​ហេតុផល​បច្ចេកទេស​ថា គណបក្ស​នេះ​បាត់​ឯកសារ​ដើម​នៃ​ការចុះបញ្ជី​គណបក្ស។ ក្រោយ​តតាំង​តាមផ្លូវ​ច្បាប់​អស់​លទ្ធភាព ថ្នាក់ដឹកនាំ​និង​សកម្មជន គណបក្ស​ភ្លើងទៀន ក៏​ប្រកាស​ត្រៀម​ធ្វើបាតុកម្ម​ដោយ​អហិង្សា​ដើម្បី​ទាមទារ​សិទ្ធិ ចូលរួម​ការបោះឆ្នោត ប៉ុន្តែ​ត្រូវ​បាន លោក ហ៊ុន សែន គំរាម​សម្លាប់​និង​ចាប់​ដាក់គុក​អ្នកធ្វើ​បាតុកម្ម​ប្រឆាំង​គ.ជ.ប។

លោក ហ៊ុន សែន៖ «សូម​បងប្អូន​កុំ​ចាញ់បោក ហើយ​មក​ជាប់គុក ឬ​ស្លាប់ ជំនួស​ឱ្យ​មេដឹកនាំ​(​គណបក្ស​ភ្លើងទៀន)។ ខ្ញុំ​សូម​អំពាវនាវ បងប្អូន​កុំ​ចូលរួម​សកម្មភាព​ណាមួយ ជាមួយ​មេដឹកនាំ​(​គណបក្ស)ភ្លើងទៀន​ឱ្យ​សោះ ហើយក៏​សូម​បញ្ជា​ទៅ​អាជ្ញាធរ​គ្រប់​ទីកន្លែង ដែល​មាន​សមត្ថកិច្ច មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ប្រមូល​ផ្ដុំ​ប្រឆាំង​ជាមួយ​នឹង​សណ្ដាប់ធ្នាប់​សាធារណៈ»។

នៅ​ចុងខែ​ឧសភា​ដែល​កាន់តែ​ជិត​ដល់​ការ​បោះឆ្នោត​នោះ​ដែរ លោក ហ៊ុន សែន ភ័យ​ស្លន់ស្លោ​មិន​ស្ទើរ​ទេ នៅ​ពេល​ឃើញ​វត្តមាន​លោក សម រង្ស៊ី ហោះហើរ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ជា​សមាជិក​អាស៊ាន​មួយចំនួន​ដែល​កៀក​កម្ពុជា ដូចជា​ប្រទេស​ឥណ្ឌូណេស៊ី (Indonesia) និង​ប្រទេស​ម៉ាឡេស៊ី (Malaysia)​ជាដើម​។ លោក ហ៊ុន សែន បាន​ព្រមាន​ប្រើ​រ៉ុក្កែត BM21​បាញ់សម្លាប់​លោក សម រង្ស៊ី​និង​អ្នកគាំទ្រ​ផ្សេងទៀត បើ​ហ៊ាន​ឆ្លងដែន​ចូល​ប្រទេស​កម្ពុជា។ លើស​ពី​នេះ លោក ហ៊ុន សែន ក៏បាន​ប្រឌិត​ព័ត៌មាន​ថា រដ្ឋាភិបាល​ម៉ាឡេស៊ី បាន​បណ្តេញ​លោក សម រង្ស៊ី ចេញពី​ប្រទេស ប៉ុន្តែ​ផ្ទុយទៅវិញ លោក សម រង្ស៊ី បាន​បំពេញ​ទស្សនកិច្ច​ជា​ធម្មតា និង​ថែមទាំង ជួបពិភាក្សា​ការងារ​ជាមួយ​សមាជិកសភា​ម៉ាឡេស៊ី​ថែមទៀត។

ដោយសារតែ​បុរស​ខ្លាំង​រូប​នេះ ញៀន​ខាង​ប្រើ​ភាសា​ជេរប្រមាថ និង​គំរាមកំហែង​បាញ់បោះ​កាប់សម្លាប់​ដៃគូ​ប្រកួតប្រជែង​នយោបាយ​នោះ នៅ​ចុងខែ​មិថុនា​ក្រុមប្រឹក្សាភិបាល​ត្រួតពិនិត្យ (Oversight Board) របស់​ក្រុមហ៊ុន​មេតា (Meta) សម្រេច​ព្យួរ​គណនី​ហ្វេសប៊ុក និង​អ៊ីនស្តាក្រាម (Instagram) របស់​លោក ហ៊ុន សែន រយៈពេល ៦​ខែ​ជាបន្ទាន់។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ខឹង​ផង និង​ខ្មាស​គេ​ផង។ លោក ហ៊ុន សែន បាន​សងសឹក​ដោយ​បញ្ជា​ឱ្យ​បណ្តេញ​សមាជិក​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​មេតា ២២​នាក់ ចេញពី​កម្ពុជា ៤៨​ម៉ោង និង​ហាមប្រាម​មិន​ឱ្យ​ចូល​កម្ពុជា អស់​មួយ​ជីវិត។ កាលនោះ លោក ហ៊ុន សែន ក៏បាន​ប្រកាស​ឈប់​ប្រើ​ហ្វេសប៊ុក (Facebook) និង​លុបចោល​ទំព័រ​ហ្វេសប៊ុក​របស់​លោក ដោយ​អះអាង​ថា មិន​ចង់​នាំ​ចង្រៃ​ដល់​ខ្លួន និង​ថែម​ទាំង​ដាក់​សម្ពាធ​ឲ្យ​មន្ត្រីរាជការ ងាក​ទៅ​ប្រើ​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram) និង​តិកតុក (TikTok) តាម​លោក​វិញ។ ប៉ុន្តែ ៣​សប្តាហ៍​ក្រោយ​មក លោក​បាន​លេប​សំដី និង​បើក​គណនី​ហ្វេសប៊ុក​នោះ​ប្រើ​ឡើងវិញ។

ក្រោយ​បំបិទ​គណបក្ស​ភ្លើងទៀន​រួម​ទាំង​វិធានការ​នានា​ដើម្បី​បំបិទ​សេរីភាព​ព័ត៌មាន​ឯករាជ្យ អង្គការ​សង្គម​ស៊ីវិល និង​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​រួច​មក នៅ​ថ្ងៃទី​២៣ ខែ​កក្កដា លោក ហ៊ុន សែន ក៏​បាន​រៀបចំ​ការបោះឆ្នោត​ដែល​គ្មាន​គូប្រកួត​ប្រជែង និង​ដែល​បាន​កំណត់​ទុកជាមុន​នូវ​លទ្ធផល​ឈ្នះ​ភ្លូកទឹកភ្លូកដី​តែម្នាក់ឯង ដើម្បី​ត្រៀម​ប្រគល់​អំណាច​ដល់​កូនប្រុស​របស់​លោក​តាម​បែប​ផ្ដាច់ការ។

ការ​បោះឆ្នោត​នេះ បាន​រង​នូវ​ការ​ថ្កោលទោស​ស្ទើរ​ជុំ​ទិស​ពី​សហគមន៍​អន្តរជាតិ ជាពិសេស ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ ដូចជា​សហរដ្ឋអាមេរិក បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​ថ្មី​ដែរ។

ក្រោយ​ការបោះឆ្នោត​បង្គ្រប់​កិច្ច នៅ​ថ្ងៃទី​២២ សីហា គណៈរដ្ឋមន្ត្រី​ថ្មី​ក្បាល​ធំ​ហួសមាឌ​ដែល​សុទ្ធតែ​ជា​កូនចៅ និង​សាច់ញាតិ​របស់​មន្ត្រី​កំពូលៗ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង ក្នុង​នោះ​មាន​ឧបនាយករដ្ឋមន្ត្រី ១០​រូប និង​ទេសរដ្ឋមន្ត្រី ២១​រូប និង​រដ្ឋមន្ត្រី ៣០​រូប​ទៀត។ លោក ហ៊ុន សែន មិន​ត្រឹមតែ​ផ្ទេរតំណែង​នាយករដ្ឋមន្ត្រី​ជិត​៤​ទសវត្សរ៍​របស់​លោក​ឲ្យ​កូនប្រុស​ច្បង គឺ​លោក ហ៊ុន ម៉ាណែត ទេ ថែមទាំង​តែងតាំង​កូនបង្កើត​កូន​ប្រសា និង​សាច់ញាតិ​របស់​លោក​ផ្សេងទៀត រួម​ទាំង​ឪ​ក្មេក​លោក ហ៊ុន ម៉ាណែត ឲ្យ​កាន់​តួនាទី​កំពូលៗ​តាម​ក្រសួង​ស្ថាប័នរដ្ឋ​សំខាន់ៗ​។ ហើយ​លោក ហ៊ុន សែន ក៏​កំពុង​ត្រៀម​ទៅ​អង្គុយ​កៅអី​ប្រធាន​ព្រឹទ្ធសភា​ដែរ។ ដោយ​មើលឃើញ​ដូច្នេះ​រដ្ឋមន្ត្រី​ផ្សេងៗ​ទៀត ដូចជា លោក ស ខេង លោក ទៀ បាញ់ អ្នកស្រី ម៉ែន សំអន លោក សាយ ឈុំ លោក ចម ប្រសិទ្ធ លោក ប្រាក់ សុខុន និង​លោក ជា សុផារ៉ា ជាដើម ក៏​ចាត់ចែង​តែងតាំង​កូនបង្កើត​និង​កូនប្រសា​របស់​ពួកគេ​រៀងៗ​ខ្លួន​នៅ​តាម​ក្រសួង​ស្ថាប័ន​ដែល​ពួកគេ​ធ្លាប់​គ្រប់គ្រង និង​កន្លែង​ខ្លាញ់​ផ្សេងៗ​ទៀត​តាំងពី​ថ្នាក់​ជាតិ រហូត​ដល់​ថ្នាក់​ក្រោម​ជាតិ ដោយ​ធ្វើ​ដូច​ប្រទេសជាតិ​នេះ​ជា​ក្រុមហ៊ុន​ឯកជន​របស់​ពួកគេ។

បន្ទាប់ពី​បាន​តំណែង​ជា​នាយករដ្ឋមន្ត្រី​បន្ត​ពី​ឪពុក លោក ហ៊ុន ម៉ាណែត បាន​ចេញ​ដំណើរ​ទៅ​ជួប​មេដឹកនាំ​ចិន​ផង និង​វៀតណាម​ផង។ លោក​ក៏បាន​ទៅ​ចូលរួម​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ញ៉ូវយ៉ក (New York) សហរដ្ឋអាមេរិក ពី​ថ្ងៃ​ទី​២១​ដល់​ថ្ងៃទី​២៥ កញ្ញា​ដែរ។ នៅ​ពេល​នោះ​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​រយ​នាក់​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​លោក ហ៊ុន ម៉ាណែត និង​ការ​ផ្ទេរ​អំណាច​តាម​បែប​ផ្ដាច់ការ។ ប៉ុន្តែ​ដើម្បី​ការពារ​មុខមាត់​ផ្ទាល់ខ្លួន​នោះ លោក ហ៊ុន ម៉ាណែត និង​មន្ត្រី​របស់ លោក ក៏​បាន​ចំណាយ​លុយ​ប្រមូល​មនុស្ស​ទៅ​សម្ដែង​ការ​ស្វាគមន៍​លោក​ដែរ​។ មិន​តែ​ប៉ុណ្ណោះ លោក ហ៊ុន ម៉ាណែត និង​ឪពុក​របស់​លោក ក៏​ថែមទាំង​បង្ហោះ​សារ​អួតអាង​ប្រកបដោយ​មោទនភាព​ថា មាន​រូបភាព​ស្វាគមន៍​លោក នៅ​លើ​ផ្ទាំង​ប៉ាណូ​ក្នុង តំបន់​ថាមស៍ស្វែរ (Time Square) ទៀត​ផង។ប៉ុន្តែ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម លើ​ផ្ទាំង​ប៉ាណូ​ទាំងនោះ​បដិសេធ​ថា មិន​ដែល​ផ្សព្វផ្សាយ​រូបភាព​ស្វាគមន៍​លោក ហ៊ុន ម៉ាណែត ឡើយ ដោយ​បញ្ជាក់​ថា រូបភាព​វីដេអូ​ទាំងនោះ ជា​រូបភាព​កាត់ត​ក្លែងក្លាយ។

ងាក​មក​មើល អំពើ​ហិង្សា​បង្ក​ដោយ​ជនបិទមុខ​ទៅលើ​អ្នកនយោបាយ និង​អ្នក​រិះគន់​នៅ​តាម​ដងផ្លូវ​វិញ នៅតែ​បន្ត​តែ​កើតឡើង ហើយ​នៅតែ​គ្មាន​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ បើ​ទោះបី​ជា​មាន​រដ្ឋាភិបាល​ថ្មី​ក៏ដោយ​។ នៅ​ថ្ងៃទី​២១ កញ្ញា ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម បាន​វាយ​ដុំ​ទៅលើ​អ្នក​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម លោក នី ណាក់ ស្ទើរ​បាត់​បង់ជីវិត ប៉ុន្តែ​សមត្ថកិច្ច​រក​ជន​ដៃដល់​មិនឃើញ​ដូច​ករណី​កន្លងទៅ​ដែរ។

១០០​ថ្ងៃក្រោយ​មក​នៃ​ការ​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន ម៉ាណែត គឺ​នៅ​ថ្ងៃទី​២៩ វិច្ឆិកា នាយករដ្ឋមន្ត្រី​ថ្មី និង​មន្ត្រី​រដ្ឋាភិបាល ព្យាយាម​លើកឡើង​ពី​សមិទ្ធផល​ដែល​សម្រេច​បាន​ដូចជា​ការ​ដាក់​ចេញ​គោលនយោបាយ ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​បាន​ច្រើន​គីឡូម៉ែត និង​ធានា​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ សង្គម និង​សេដ្ឋកិច្ច​ជាដើម​។ ប៉ុន្តែ​ប្រជាពលរដ្ឋ អ្នកឃ្លាំមើល និង​អ្នកនយោបាយ​បក្ស​ប្រឆាំង​វិញ មើល​ឃើញ​ថា ចាប់​តាំង​ពី​លោក ហ៊ុន ម៉ាណែត កាន់អំណាច​បាន​១០០​ថ្ងៃ​មក អំពើ​អយុត្តិធម៌​សង្គម​កាន់តែ​ធ្ងន់ធ្ងរ កូនចៅ​អ្នកមាន​លុយ​អ្នក​មាន​អំណាច បើករថយន្ត​បុក​គេ​ស្លាប់​នៅតែ​រត់គេច​ពី​ច្បាប់ អ្នកជំនួញ​ដែល​មាន​ទំនាក់ទំនង​ជាមួយ លោក ហ៊ុន ម៉ាណែត​មួយចំនួន រកស៊ី​អចលនទ្រព្យ​បោកប្រាស់​ពលរដ្ឋ ដោយ​គ្មាន​បញ្ហា​។ សេដ្ឋកិច្ច​កាន់តែ​ធ្លាក់ចុះ​បណ្តាល​ឲ្យ​ជីវភាព​ពលរដ្ឋ​តូចតាច​កាន់តែ​លំបាក ហើយ​គ្មាន​លុយ​បង់​ធនាគារ។ អំពើពុករលួយ វិបត្តិ​សង្គម វិបត្តិ​នយោបាយ ការរំលោភ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​កាន់តែ​យ៉ាប់យ៉ឺន​។ អ្នកនយោបាយ​បក្ស​ប្រឆាំង និង​អ្នក​រិះគន់ ជាប់គុក​កាន់តែ​ច្រើន និង​រង​ការ​គំរាមកំហែង​កាន់តែ​ខ្លាំង​។​បញ្ហា​ជនអន្តោប្រវេសន៍ បញ្ហា​គ្រឿងញៀន និង​ការ​ជួញដូរ​មនុស្ស នៅតែ​បន្ត​កើនឡើង​ដដែល។

ឥឡូវនេះ ដល់​ពេល​បិទ​បញ្ចប់​ទំព័រ​ឆ្នាំ​២០២៣​ហើយ ប៉ុន្តែ​ហេតុការណ៍ និង​ព្រឹត្តិការណ៍​មួយចំនួន ដែល​បាន​កើតឡើង ជាពិសេស​បញ្ហា​ញាំញី​ដោយ​វិបត្តិ​នយោបាយ នឹង​អាច​បន្ត​ជះឥទ្ធិពល​អាក្រក់ ដល់​ឆ្នាំ​២០២៤​ខាងមុខ​ទៀត ប្រសិនបើ​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត នៅតែ​ប្រកាន់​ជំហរ​ដដែល ដោយ​មិន​ព្រម​ដោះស្រាយ​បញ្ហា​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​តាម​សំណើ​របស់​សហគមន៍​ជាតិ និង​អន្តរជាតិ​ទេ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។