ពលករ​ខ្មែរ​២៤​នាក់​ត្រឡប់​មក​ដល់​កម្ពុជា

ពលករ​ខ្មែរ​ចំនួន ២៤​នាក់ ដែល​អាជ្ញាធរ​នៅ​កោះ​ម៉ូរីស នៅ​អាហ្វ្រិក​កណ្ដាល បាន​ចាប់​ឃាត់​ខ្លួន​តាំង​ពី​ខែ​មិថុនា មក​នោះ បាន​វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា វិញ​ហើយ តាម​ជើង​យន្តហោះ​ពាណិជ្ជកម្ម​ពី​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០១១។

0:00 / 0:00

កន្លង​ទៅ​ថ្មីៗ​នេះ​ក្រសួង​ការបរទេស​កម្ពុជា បាន​ស្នើ​សុំ​ឲ្យ​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ ឬ​អាយ.អូ.អឹម (IOM) ដឹក​ជញ្ជូន​ពលករ​ទាំង​នោះ​មក​កម្ពុជា​វិញ ពី​កោះ​ម៉ូរីស (Mauritius) ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ថា មាន​ពលករ​ខ្មែរ​ចំនួន ២៤​នាក់​នោះ នៅ​លើ​នាវា​នេសាទ​មួយ​ដែល​អាជ្ញាធរ​កោះ​ម៉ូរីស បាន​ឃាត់​ទុក។

អាជ្ញាធរ​នៅ​កោះ​ម៉ូរីស​នោះ បាន​ចាប់​ឃាត់​នាវា​នេសាទ​មួយ​គ្រឿង​នោះ នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ​ដោយសារ​តែ​បាន​ចូល​ក្នុង​ដែន​ទឹក​របស់​កោះ​នេះ​ដោយ​ខុស​ច្បាប់។

ពលករ​ម្នាក់​នៅ​ក្នុង​ចំណោម ២៤​នាក់ ឈ្មោះ ប៊ុន ណា អាយុ ២៤​ឆ្នាំ បាន​ថ្លែង​ដោយ​សម្ដី​ខ្លីៗ​ថា មាន​ការ​នឹករលឹក​ស្រុក​កំណើត​យ៉ាង​ខ្លាំង៖ «ពីព្រោះ​បាន​ឃើញ​ស្រុក​ខ្មែរ​វិញ»

ពលករ​ម្នាក់​ទៀត​ឈ្មោះ ណាង មក​ពី​ខេត្ត​ឧត្តរមានជ័យ បាន​ថ្លែង​ដោយ​ខ្លីៗ​ថា មាន​ក្ដី​រីករាយ​ណាស់​នៅ​ពេល​បាន​មក​ដល់​ស្រុក​កំណើត​វិញ៖ «ខ្ញុំ​និយាយ​អត់​ចេញ គេ​អត់​ធ្វើ​បាប​ផង។ អត់​មាន​ប្រើ​គ្រឿង​ញៀន​ទេ»។

លោក​ឧត្ដមសេនីយ៍ទោ ជីវ ផល្លី ជា​អនុ​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​មាន​ប្រសាសន៍​ថា ជា​ដំបូង​លោក​នាំ​ពលករ​ទាំង​នោះ​ទៅ​ពិនិត្យ​សុខភាព៖ «ជា​គោល​បំណង​សំខាន់​របស់​មន្ត្រី​អនុវត្ត​ច្បាប់​នៃ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួង​មហាផ្ទៃ គឺ​យើង​សម្ភាស​ចង់​បាន ​មេខ្យល់ និង​ជនល្មើស ដែល​យើង​នឹង​ស្វែង​រក​ចាប់​ខ្លួន​របស់​ពួក​គាត់ ហើយ​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់»

លោក​បាន​សន្យា​ថា អាជ្ញាធរ​របស់​លោក​បន្ត​ការ​ស្រាវជ្រាវ​ឲ្យ​បាន​ស៊ី​ជម្រៅ​បន្ថែម​ទៀត ដើម្បី​ចាប់​ខ្លួន​មេខ្យល់​ជួញដូរ​មនុស្ស និង​ជួញដូរ​កម្លាំង​ពលកម្ម​ទៅ​ប្រទេស​ថៃ និង​ទៅ​ប្រទេស​ដទៃ​ទៀត​ដើម្បី​ផ្ដន្ទាទោស។

កាល​ពី​ខែ​តុលា កន្លង​ទៅ​នេះ នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ ដឹក​នាំ​ដោយ​លោក​ឧត្ដមសេនីយ៍ទោ កែវ ធា បាន​ចាប់​ឃាត់​ស្ត្រី​ម្នាក់​ឈ្មោះ ឈាង រី អាយុ ៥២​ឆ្នាំ និង​កូន​ប្រុស​ម្នាក់​ឈ្មោះ មិន សុរិយា អាយុ ២៥​ឆ្នាំ បញ្ជូន​ទៅ​តុលាការ​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ចោទ​ប្រកាន់​ក្រោម​បទ​ជួញដូរ​កម្លាំង​ពលកម្ម និង​ជួញដូរ​មនុស្ស។

ការ​ចាប់​ខ្លួន​នោះ ដោយសារ​តែ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​បាន​ទទួល​ព័ត៌មាន​សម្ងាត់​មក​ថា មេខ្យល់​នេះ​បាន​រៀបចំ​ដឹក​ជញ្ជូន​ពលករ ២២​នាក់ ពី​ខែត្រ​ព្រៃវែង ទៅ​កាន់​ប្រទេស​ថៃ តាម​ច្រក​របៀង​នៅ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ៕