នៅក្នុងពិធីរំឭកខួប ២ឆ្នាំនៃថ្ងៃបាត់បង់លំនៅឋាននៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១១នេះ គេសង្កេតឃើញប្រជាពលរដ្ឋប្រមាណជាង ២០០នាក់ បានធ្វើការបួងសួងដាក់បណ្ដាសា និងមានព្រះសង្ឃនិមន្តសូត្រមន្តធ្វើកិច្ចបង្សុកូល ខណៈនោះអ្នកភូមិរងគ្រោះស្ទើរតែទាំងអស់បានស្រក់ទឹកភ្នែកទ្រហោយំស្ដាយស្រណោះលំនៅឋានរបស់ខ្លួន ដែលធ្លាប់រស់នៅសុខសាន្ត តែបច្ចុប្បន្នពួកគេគ្មានទីជម្រក មានការលំបាកផ្នែកជីវភាពទៅវិញ។
អតីតតំណាងអ្នកភូមិតំបន់ដីក្រហម លោក ចាន់ វិចិត្រ បានរៀបរាប់ថា ការធ្វើពិធីរំឭកខួបនេះ ដើម្បីរំឭកទៅដល់ថ្ងៃឈឺចាប់នឹកស្មានមិនដល់ ដែលអាជ្ញាធររដ្ឋាភិបាល និងភាគីក្រុមហ៊ុន 7NG Group Co.,Ltd. បានប្រើអំពើហិង្សាបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅឋាន។
លោក ចាន់ វិចិត្រ បន្តដូច្នេះ ៖ «វាមិនខុសអីពីប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ដែលចងចាំអំពីរបបឆ្នាំ ១៩៧៥ ដែលសម័យនោះ គឺគេបណ្ដេញពួកគាត់ចេញពីទីក្រុងនេះក៏ជាការចងចាំមួយទៀត ជាការបណេ្តញចេញមួយទៀតយ៉ាងព្រៃផ្សៃ»។
នៅក្នុងពិធីរំឭកខួបនេះ អ្នកភូមិក៏បានចែកលិខិតនិយាយអំពីពិធីរំឭកខួប ២ឆ្នាំនៃការបណ្ដេញទាំងបង្ខំនៅសហគមន៍ដីក្រហមទៅដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិផងដែរ។
ខ្លឹមសារនៅក្នុងលិខិតនោះបានសរសេរថា ប្រជាពលរដ្ឋសហគមន៍ដីក្រហមមានលំនៅឋានត្រឹមត្រូវចំនួន ១៤៤ខ្នងផ្ទះ ត្រូវបានសាលារាជធានីភ្នំពេញ បណ្ដេញចេញដោយបង្ខំ និងមានកម្មកររបស់ក្រុមហ៊ុន 7NG និងកម្លាំងចម្រុះរបស់រដ្ឋាភិបាលប្រមាណ ៥០០នាក់ បានប្រើអំពើហិង្សារឹបអូសយកដីរបស់ប្រជាពលរដ្ឋកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០០៩ កន្លងទៅ ហើយប្រជាពលរដ្ឋបានបង្ខំចិត្តទទួលយកផ្ទះមួយល្វែងពីក្រុមហ៊ុន នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌដង្កោ ប៉ុន្តែបច្ចុប្បន្នប្រជាពលរដ្ឋភាគច្រើនបានបិទទ្វារផ្ទះចោល ខ្លះមកជួលផ្ទះនៅភ្នំពេញវិញ ខ្លះលក់ផ្ទះទៅរកទីតាំងថ្មី ដោយសារនៅឆ្ងាយពីមុខរបរ គ្មានលុយតបណ្ដាញអគ្គីសនី គ្មានសេវាសុខភាពសាធារណៈ ប្រព័ន្ធទឹកស្អាត និងសាលារៀនជាដើម។
លិខិតដដែលបានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋ ៤០០គ្រួសារផ្សេងទៀត ដែលអតីតជាអ្នកលក់ដូរនៅផ្សារដីក្រហម កំពុងប្រឈមនឹងបញ្ហាដាច់ស្បៀង ដែលគេបញ្ជូនទៅនៅតំបន់ភ្នំឧត្តុង្គ ខែត្រកំពង់ស្ពឺ រស់នៅក្នុងខ្ទមដំបូលប្រក់តង់កៅស៊ូ ហើយរហែករយីករយាក។
ស្ត្រីឈ្មោះ ភោគ នីរ៉ា បានរៀបរាប់រំឭកអំពីថ្ងៃឈឺចាប់នៃថ្ងៃបណ្ដេញចេញពីលំនៅឋានថា កាលពីឆ្នាំ២០០៩ អ្នកស្រីមានកូនខ្ចីអាយុ ៣ខែ ប៉ុន្តែត្រូវបានសមត្ថកិច្ចបានបាញ់ផ្សែងពុលចូលទៅក្នុងផ្ទះរបស់អ្នកស្រី ដែលធ្វើឲ្យកូនរបស់អ្នកស្រីពុល ហើយមានជំងឺបន្តរហូតមកដល់សព្វថ្ងៃ ដែលឥឡូវនេះអ្នកស្រីបានយកកូនរបស់គាត់ទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងរាជធានីភ្នំពេញ មិនទាន់ជាសះស្បើយនៅឡើយ។
អ្នកស្រីបន្ថែមថា ៖ «ពេលបាញ់ចូលមក ប្តីខ្ញុំប្រាប់ថា ឯងអើយរត់ឡើងភ្លើងឆេះផ្ទះហើយ គេបាញ់ចូលមកហើយ ភ្លើងឆេះផ្ទះហើយ។ ខ្ញុំថា អត់មានឃើញអណ្ដាតភ្លើង ឃើញថា ផ្សែងងងឹតជុក រាវរកកូន កូនខ្ញុំដល់ទៅពីរណោះ បីតែកូនចេញមករៀងៗខ្លួន ឈ្លក់អស់ហើយមើលអីអត់ឃើញទេ»។
ស្ត្រីមួយរូបទៀតឈ្មោះ ឌុល ចន្ថា បានថ្លែងទាំងក្ដីក្ដុកក្ដួលក្នុងចិត្តនឹកស្រណោះគ្រាដែលរស់នៅស្រួលលើផ្ទះរបស់ខ្លួនតំបន់ដីក្រហម ប៉ុន្តែអ្វីៗសម្រាប់គ្រួសាររបស់អ្នកស្រីលែងមានដូចកាលពីមុនទៀតហើយ ដោយសារតែការអភិវឌ្ឍរបស់ក្រុមហ៊ុន។
អ្នកស្រី ឌុល ចន្ថា បានបន្ទោសទៅសាលារាជធានីភ្នំពេញ និងរដ្ឋាភិបាលថា អ្នកស្រីមិនជំទាស់នឹងការអភិវឌ្ឍទីក្រុងទេ ប៉ុន្តែការអភិវឌ្ឍនេះរដ្ឋាភិបាលមិនបានសិក្សាអំពីផលប៉ះពាល់របស់ពួកគាត់ ហើយថែមទាំងមិនផ្ដល់សំណងសមរម្យ ៖ «ខ្ញុំឈឺចិត្តខ្លាំងណាស់! រាល់ថ្ងៃខ្ញុំលើសពីសត្វតិរច្ឆានទៅទៀត ហើយខ្ញុំសូមផ្តាំទៅអន្តរជាតិទាំងអស់ អង្គការឃ្លាំមើលសិទ្ធិមនុស្សទាំងអស់ សូមលោកធ្វើរបាយការណ៍ រាយការណ៍ទម្លាក់សម្ដេច ហ៊ុន សែន ចោលទៅ ខ្ញុំក្តៅណាស់! ខ្ញុំមិនចង់រស់នៅទេ បើអ្នកណាមួយចោទថា ខ្ញុំនិយាយនេះក្បត់ជាតិ និយាយខុសច្បាប់ ចាប់ខ្ញុំទៅ ខ្ញុំមិនចង់រស់នៅទេ»។
ទោះជាយ៉ាងណា មន្ត្រីនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានបញ្ជាក់ដោយយោងលើរបាយការណ៍របស់វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) របស់សហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលថា ការអភិវឌ្ឍរបស់រដ្ឋាភិបាលកំពុងតែដើរលើផ្លូវត្រូវ ប៉ុន្តែលោកបានអះអាងថា ការអភិវឌ្ឍប្រទេសវាតែងតែមានការប៉ះពាល់ខ្លះអ៊ីចឹងហើយ។
លោក ផៃ ស៊ីផាន មានប្រសាសន៍បន្ថែមដូច្នេះ ៖ «របាយការណ៍របស់វិទ្យាស្ថានសាធារណរដ្ឋរបស់អាមេរិក បានបង្ហាញយ៉ាងច្បាស់ថា មាន ៧០% នៃប្រជាពលរដ្ឋ បានវាយតម្លៃខ្ពស់ រាជរដ្ឋាភិបាលបានធ្វើការដំណើរអភិវឌ្ឍ និងដំណើររៀបចំទិសដៅនៃការអភិវឌ្ឍ នៅក្នុងចំណោមហ្នឹងវាមាន ២៤% ដែលគាត់និយាយថា មិនចំទិសដៅ។ កន្លែងហ្នឹងបង្ហាញថា ប្រទេសកម្ពុជា មានសេរីភាពក្នុងការបញ្ចេញយោបល់»។
នៅពេលចោទសួរថា តើរដ្ឋាភិបាលនៅតែមានផែនការដោះស្រាយជូនអ្នកភូមិសហគមន៍ដីក្រហមនេះទៀត ឬយ៉ាងណានោះ? លោក ផៃ ស៊ីផាន បានឲ្យដឹងថា នេះមិនមែនជាសមត្ថកិច្ចរបស់លោកទេ ដោយបង្វែរសំណួរឲ្យសួរទៅសាលារាជធានីភ្នំពេញ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺពីលោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញបានទេ នៅថ្ងៃទី២៤ ខែមករា រីឯអភិបាលរងរាជធានីភ្នំពេញ លោក នួន សុមេធ បានប្រាប់ថា លោកជាប់ប្រជុំ។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានមានប្រសាសន៍ថា រដ្ឋាភិបាលបានអភិវឌ្ឍរបៀបនេះ គឺផ្ទុយពីនយោបាយចតុកោណរបស់រដ្ឋាភិបាល ដែលនិយាយអំពីការគោរពសិទ្ធិមនុស្ស និងកាត់បន្ថយភាពក្រីក្រនោះ។
លោក អំ សំអាត បន្ថែម ៖ «ក្រោយពីការបណ្ដេញប្រជាពលរដ្ឋចេញហើយ សួរថា មានការអភិវឌ្ឍអីខុសពីការបោះរបងទុកចោល ការសង់តារាងបាល់សម្រាប់បុគ្គលិកក្រុមហ៊ុន រយៈពេលពីរឆ្នាំ គឺគ្មានអ្វីសោះសម្រាប់ប្រជាពលរដ្ឋ»។
នៅក្នុងឱកាសធ្វើពិធីរំឭកខួបលើកទីពីរនេះ ប្រជាពលរដ្ឋក៏បានចែកវីស៊ីឌី វីឌីអូ ចម្រៀងដែលនិពន្ធដោយសហគមន៍ដីក្រហមផងដែរ ដែលក្នុងនោះមានបទចម្រៀងចំនួន ៨បទ ដែលនិយាយអំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ។ បទចម្រៀងទាំងនោះមានចំណងជើងដូចជា អនិច្ចាអ្នកក្រ ភូមិដីក្រហម ជីវិតអ្នកក្រ តុលាការអ្នកមាន ក្រោកឡើងការពារដី ទំនួញម្ចាស់ដី មេត្តាខ្ញុំផង និងបទទឹកភ្នែកដីក្រហម។
នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ បានពន្យល់ថា រដ្ឋាភិបាលបានធ្វើការអភិវឌ្ឍទីក្រុងនេះ គឺផ្ទុយពីច្បាប់ដែលចែងថា រដ្ឋនីមួយៗដែលជាសមាជិកនៃអង្គការសហប្រជាជាតិដែលចែងថា ប្រជាពលរដ្ឋមានសិទ្ធិរស់រានមានជីវិត និងសិទ្ធិទទួលបានលំនៅឋានសមរម្យរបស់ប្រជាពលរដ្ឋ។
លោក សៀ ភារម្យ មានប្រសាសន៍ទៀតថា ៖ «បញ្ហារាល់ថ្ងៃនេះ គឺបញ្ហាអាហារូបត្ថម្ភហ្នឹងឯង គឺមុខរបរក៏ដូចជាប្រាក់ចំណូល ដែលគាត់កំពុងជួបលំបាកយ៉ាងខ្លាំងក្លាសម្រាប់ពួកគាត់»។
របាយការណ៍របស់លេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅឋានបានសរសេរថា គិតពីឆ្នាំ១៩៩០ មកដល់បច្ចុប្បន្ន មានមនុស្សជាង ១៣ម៉ឺននាក់នៅក្នុងរាជធានីភ្នំពេញ ត្រូវគេបណ្ដេញចេញពីលំនៅឋានទាំងបង្ខំ ហើយនៅទូទាំងប្រទេសកម្ពុជា មានប្រជាពលរដ្ឋជិត ២០ម៉ឺននាក់ត្រូវបានគេបណ្ដេញចេញ។ នៅពេលខាងមុខ គឺមានប្រជាពលរដ្ឋចន្លោះពី ៧ម៉ឺន ទៅ ៨ម៉ឺននាក់ផ្សេងទៀត ប្រឈមនឹងការបណ្ដេញចេញ ដោយសារតែបញ្ហាជម្លោះដីធ្លីក្រោមរូបភាពអភិវឌ្ឍន៍នេះ៕