បក្ស​សមរង្ស៊ី​និង​បក្ស​សិទ្ធិមនុស្ស​បញ្ជាក់​ជំហរ​មិន​ចូល​ស្បថស្បែ​បង្កើត​សភា​ថ្មី

គណបក្ស​សិទ្ធិ​មនុស្ស​និង​គណបក្ស​សមរង្ស៊ី​បាន​បញ្ជាក់​ជា​ថ្មី​ឡើង​វិញ នា​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​ថា គេ​នឹង​មិន​ចូលរួម​នៅ​ក្នុង​ពិធី​ស្បថស្បែ​ដើម្បី​បង្កើត​សភា​អាណត្តិ​ថ្មី​នៅ​ពេល​ខាង​មុខ​នេះ​ទេ បើសិន​ជា​ក្រុមប្រឹក្សា​ធម្មនុញ្ញ​មិន​ដោះស្រាយ​បណ្តឹង​នៃ​ការលួច​សន្លឹក​ឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ ។

0:00 / 0:00

នៅ​ក្នុង​សន្និសីទ​កាសែត​មេ​ដឹកនាំ​គណបក្ស​ទាំង​ពីរ​បាន​លើក​មក​បង្ហាញ​រួម​គ្នា អំពី​ឯកសារ​ភស្តុតាង​រាប់​ម៉ឺន​សន្លឹក ស្តីពី​ចំនួន​មនុស្ស​ដែល​ត្រូវ​គេ​បំបាត់​ឈ្មោះ​នៅ​ក្នុង​ថ្ងៃ​បោះ​ឆ្នោត អ្នក​បោះ​ឆ្នោត​ខុស​ច្បាប់​ដោយ​ប្រើ​ទម្រង់​១០១៨ និង​អ្នក​បោះ​ឆ្នោត​ដែល​ឈ្មោះ​ស្ទួន​ដដែលៗ ។

លោក កឹម សុខា មេ​ដឹកនាំ​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ចោទ​ថា ៖ «ខេត្ត​កំពង់ចាម គណបក្ស​សិទ្ធិ​មនុស្ស​ខ្វះ​តែ​៨៧៣​ទៀត​ទេ ។ ហើយ​ម្សិលមិញ ម្សិលម៉្ងៃ តែ​មួយ​ថ្ងៃ​គត់ ខ្ញុំ​ទៅ​ខេត្ត​កំពង់ចាម​ផ្ទាល់ខ្លួន ជាង​២​ពាន់​នាក់​ដែល​បាត់​ឈ្មោះ ។ ដូច្នេះ​ខ្ញុំ​យក​តែ​២​ពាន់​នាក់​មក​ជា​សមាជិក​របស់​គណបក្ស​សិទ្ធិ​មនុស្ស​សុទ្ធសាធ អ៊ីចឹង​តើ​យើង​អាច​នឹង​ទទួល​យក​បាន​ទេ ? ហើយ​សភា​បែប​នេះ យើង​ទៅ​អង្គុយ​ប្រជុំ​ជាមួយ​កើត​ទេ ? យើង​អត់​អាច​ទៅ​អង្គុយ​ជាមួយ​កើត​ទេ ព្រោះ​តំណាង​រាស្រ្ដ គាត់​មក ៩០​នេះ មួយចំនួន​មិនមែន​ជា​របស់​គណបក្ស​ប្រជាជន​ទេ វា​ជា​របស់​គណបក្ស​សិទ្ធិ​មនុស្ស គណបក្ស​សមរង្ស៊ី និង​គណបក្ស​ដទៃ»

លោក សម រង្ស៊ី វិញ បញ្ជាក់​បន្ថែម​ថា ៖ «បន្ទាប់ពី​លួច​សន្លឹក​ឆ្នោត ឥឡូវ​ចង់​មក​លួច​កៅអី​នៅ​រដ្ឋសភា​ទៀត អ៊ីចឹង​មាន​ន័យ​ថា​សភា​នេះ មិនមែន​ជា​សភា​ជាតិ​ទេ ជា​សភា​បក្ស ជា​សភា​គណបក្ស​ប្រជាជន ។ ភាព​មិន​ប្រក្រតី​មិន​ដែល​មាន​ទំហំ មិន​ដែល​មាន​កម្រិត​ស្មើនឹង​ឆ្នាំ ២០០៨ ទេ ។ មុនៗ​មាន​ខ្លះ​ដែរ ប៉ុន្តែ​ម្ដង​នេះ គណបក្ស​ប្រជាជន​គាត់​ចង់​ឈ្នះ​ពេក​ទៅ គាត់​ធ្វើ​ហ្នឹង​វា​ជ្រុល​ដៃ ធ្វើ​ខ្លាំង​ពេក​ទៅ វា​ធ្លាយ...»

ឯកសារ​ភស្តុតាង​របស់​គណបក្ស​ទាំង​ពីរ​បាន​អះអាង​ថា មនុស្ស​ពីរ​ម៉ឺន​នាក់​បាន​ដាក់​ពាក្យ​ប្តឹង​អំពី​ការបាត់​ឈ្មោះ មិន​បាន​បោះ​ឆ្នោត មនុស្ស​ជាង​១០០០​ពាន់​នាក់​ទៀត​នៅ​ខេត្ត​ស្វាយរៀង ត្រូវ​គេ​ចាប់​បាន​អំពី​រឿង​ធ្វើ​ទម្រង់ ១០១៨​ខុស​ច្បាប់ ដើម្បី​បន្លំ​ខ្លួន​ចូល​បោះ​ឆ្នោត និង​មនុស្ស​ប្រហែល​៣០​នាក់ ទៅ ៥០​នាក់ ក្នុង​មួយ​ការិយាល័យ​មាន​ឈ្មោះ​ស្ទួន​ដដែលៗ​នៅ​ក្នុង​ពេល​បោះ​ឆ្នោត​នោះ ។

លោក សម រង្ស៊ី ឲ្យ​ដឹង​ទៀត​ថា​លោក​និង​យក​ឯកសារ​ទាំង​នេះ​ដាក់​ជា​ភស្តុតាង និង​ស្នាម​មេ​ដាយ​ពលរដ្ឋ​៣០០០​នាក់​ដែល​មិន​បាន​បោះ​ឆ្នោត​នៅ​ខេត្ត​ស្វាយរៀង ទាមទារ​សុំ​បោះ​ឆ្នោត​ឡើងវិញ នៅ​ក្នុង​បណ្តឹង​ថ្ងៃ​ស្អែក​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ ។

ជាមួយ​គ្នា​នឹង​ការចោទ​ប្រកាន់​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត លោក ទេព នីថា សម្ដែង​ថា​គ.ជ.ប.​បាន​ដោះស្រាយ​ទៅ​តាម​នីតិវិធី​ច្បាប់​រួចរាល់ គ.ជ.ប.​មិន​ជំទាស់​ចំពោះ​ការប្តឹងផ្ដល់​របស់​គណបក្ស​ទាំង​ពីរ​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​នោះ​ទេ ។ ប៉ុន្តែ​គេ​កំពុងតែ​រង់ចាំ​ការប្រកាស​លទ្ធផល​ផ្លូវការ​នៅ​ក្រោយ​ការដោះស្រាយ​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ ។

គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស​សមរង្ស៊ី ក៏​មាន​គម្រោង​បន្ថែម​ទៀត​ដែរ​ថា​នឹង​បន្ត​ការប្តឹង​ទៅ​សហប្រធាន​នៃ​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស បើសិន​ជា​ការដោះស្រាយ​ចុងក្រោយ​មិន​ត្រឹមត្រូវ ។

សម រង្ស៊ី និយាយ​ពី​គម្រោង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សហប្រធាន​សន្និសីទ​ក្រុង​ប៉ារីស

ទាក់ទង​នឹង​បណ្តឹង​ទៅ​សហប្រធាន​សន្និសីទ​ក្រុង​ប៉ារីស​នោះ លោក​ប្រធាន​គណបក្ស​សមរង្ស៊ី​ឲ្យ​ដឹង​ដូច្នេះ ៖ «គណបក្ស​សិទ្ធិ​មនុស្ស ហើយ​គណបក្ស​សមរង្ស៊ី​បាន​ចាប់ផ្ដើម​សរសេរ​លិខិត​ទៅ​ឲ្យ​ប្រទេស​ដែល​ជា​ហត្ថលេខី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ។ ហើយ​មុន​គេ​បង្អស់​គឺ​ប្រទេស​បារាំង និង​ប្រទេស​ឥណ្ឌូណេស៊ី ព្រោះ​បារាំង​និង​ឥណ្ឌូណេស៊ី​ជា​សហ​ប្រធាន​នៃ​សន្និសីទ​អន្តរជាតិ ស្ដីពី​ប្រទេស​កម្ពុជា ហៅ​ថា​សន្និសីទ​ប៉ារីស ។ សន្និសីទ​ប៉ារីស​ហ្នឹង​ហើយ​ដែល​បាន​រៀបចំ​ឲ្យ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ចេញ​ជា​រូបរាង​កាលពី​ឆ្នាំ​១៩៩១ អ៊ីចឹង​យើង​សរសេរ​ទៅ​សហ​ប្រធាន​មុន សហ​ប្រធាន​បារាំង​និង​ឥណ្ឌូណេស៊ី ។ សំបុត្រ​ចេញ​ថ្ងៃ​ហ្នឹង​ហើយ ប៉ុន្តែ​ខ្ញុំ​មិន​អាច​លាតត្រដាង​ខ្លឹមសារ​បាន​ទេ ។ ឲ្យ​លោក​ប្រធានាធិបតី​បារាំង លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី គេ​បាន​ឃើញ​សិន ។ ប៉ុន្តែ​ជា​គោល​យើង​ប្ដឹង យើង​ថា​ឥឡូវ​នេះ កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ត្រូវ​គេ​រំលោភ​ហើយ ព្រោះ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​បាន​ចែង​ថា ត្រូវតែ​មាន​ការបោះឆ្នោត​ត្រឹមត្រូវ​ដែល​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​ប្រជាពលរដ្ឋ​ពិត​ប្រាកដ ។ ខ្ញុំ​លើកឡើង​អម្បាញ់​មិញ​ហ្នឹង ឆន្ទៈ​ពិត​ប្រាកដ​កន្លែង​ណា ? សុទ្ធតែ​ខ្មោច សុទ្ធតែ​មនុស្ស​អត់​មាន​ឈ្មោះ​បោះ​ឆ្នោត សុទ្ធតែ​ជន​បរទេស អ្នក​អត់​គ្រប់​អាយុ ឯកសារ​ក្លែងក្លាយ លុប​ឈ្មោះ​គេ លួច​ឈ្មោះ​គេ រារាំង​គេ​មិន​ឲ្យ​គេ​ទៅ​បោះ​ឆ្នោត ចំពោះ​អ្នក​ដែល​មាន​សិទ្ធិ​ពេញលេញ យើង​បោះឆ្នោត​ត្រឹមត្រូវ​កន្លែង​ណា ?»

លោក​ប្រធាន សម រង្ស៊ី បាន​ចោទ​ប្រកាន់​គណបក្ស​ប្រជាជន ថា​មាន​ផែនការ​យក​អាសនៈ​របស់​គណបក្ស​ក្នុង​សម្ព័ន្ធ​បក្ស​ប្រឆាំង​របស់​លោក​ទៅ​ជា​កម្មសិទ្ធិ​នៃ​បក្ស​របស់​ខ្លួន​ថែម​ទៀត ហើយ​ថា​ អំពើ​នេះ​គឺ​ជា​ការរំលោភ​កិច្ច​ព្រមព្រៀង ។

លោក សម រង្ស៊ី បាន​មានប្រសាសន៍​ថា ៖ «ទី​២ គណបក្ស​ប្រជាជន​មាន​គម្រោង​បន្ទាប់ពី​លួច​សន្លឹក​ឆ្នោត ឥឡូវ​ចង់​មក​លួច​កៅអី​រដ្ឋសភា​ទៀត ។ អា​ហ្នឹង​យើង​ប្ដឹង យើង​ថា​រំលោភ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ធ្ងន់​ណាស់ ព្រោះ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ចែង​ថា ប្រទេស​កម្ពុជា​ត្រូវ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ។ ឥឡូវ​ពហុបក្ស​កន្លែង​ណា ? បើ​គណបក្ស​ប្រជាជន​ដែល​លួច​សន្លឹក​ឆ្នោត បន្លំ​អី​គ្រប់​សព្វ បាន​៩០​កៅអី ។ ឥឡូវ​បើ​លួច​របស់​យើង កៅអី​យើង ២៩ ដែល​នៅ​សេសសល់​ហ្នឹង ហើយ​តា​មរូបមន្ត​កុំ​ជឿ​ថា ចែក​ហ៊្វុនស៊ិចប៉ិច ១០ ចែក​រណឫទ្ធិ ៥ គណបក្ស​ប្រជាជន​យក ១០, ៤​អី អត់​មាន​អ៊ីចឹង​ទេ ។ រូបមន្ត​គឺ​គណបក្ស​ប្រជាជន​យក​ទាំងអស់ បើ​លួច​ពី​យើង ២៩ គឺ​គណបក្ស​ប្រជាជន​យក​ទាំង​២៩»