តុលាការ​ខេត្ត​កំពង់ស្ពឺ​កោះ​ហៅ​កសិករ​៣​នាក់​ពី​បទ​ព្រហ្មទណ្ឌ

តុលាការ​ខេត្ត​កំពង់ស្ពឺ បាន​ចេញ​ដីកា​កោះ​ហៅ​កសិករ ៣​នាក់ ក្រោម​បទ​ចោទ​ថា បាន​ប៉ុនប៉ង​ធ្វើ​មនុស្ស​ឃាត ប្រើ​អំពើ​ហិង្សា​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី។

ប្រជាកសិករ​ខ្មែរ​ចំនួន ៣​នាក់ ត្រូវ​បាន​តុលាការ​ខេត្ត​កំពង់ស្ពឺ ចេញ​ដីកា​កោះ​ហៅ​ឲ្យ​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ថៃ្ង​ទី​២៧ ខែ​កក្កដា​នេះ ក្រោម​បទ​ព្រហ្មទណ្ឌ​ចំនួន ៣​ករណី ដែល​គេ​បាន​ចោទ​ថា ពួក​គាត់​បាន​ប៉ុនប៉ង​ធ្វើ​មនុស្ស​ឃាត ប្រើ​អំពើ​ហិង្សា​លើ​អ្នក​កាន់​កាប់​អចលនទ្រព្យ​ស្រប​ច្បាប់ និង​រំលោភ​កាន់​កាប់​ដីធ្លី​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០០៨ កន្លង​ទៅ។

កសិករ​ដែល​កំពុង​តែ​រង​ការ​កោះ​ហៅ​នោះ រស់​នៅ​ក្នុង​ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ គឺ​មាន​ឈ្មោះ​ទី​១ មិន ពែង ទី​២ ហង្ស បឿន និង​ទី​៣ សួង ណាវីន បាន​ទទួល​ដីកា​នេះ​កាល​ពី​សប្ដាហ៍​ថ្មីៗ​នេះ ចេញ​ដោយ​ចៅក្រម​ស៊ើប​សួរ លោក សុង ប៊ុណ្ណារិទ្ធិ។

ប្រជា​កសិករ​ទាំង ៣​នាក់​នេះ កំពុង​តែ​រង​ការ​ចោទ​ប្រកាន់​តាម​មាត្រា​ទី​១៨៥ និង ១៨៦ នៃ​ក្រម​ព្រហ្មទណ្ឌ​ប្រទេស​កម្ពុជា។ តុលាការ​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ថា ដើម​បណ្ដឹង​នៃ​សំណុំ​រឿង​នេះ​ជា​នរណា​ទេ ប៉ុន្តែ​ប្រជា​កសិករ និង​អ្នក​អង្កេត​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​នានា បាន​ឲ្យ​ដឹង​ថា ដើម​បណ្តឹង​នោះ គឺ​ក្រុមហ៊ុន HLHI ពីព្រោះ​កសិករ​ធ្លាប់​មាន​ជម្លោះ​តវ៉ា​គ្នា​ជាមួយ​ក្រុមហ៊ុន​កាល​ពី​ឆ្នាំ​២០០៨ កន្លង​ទៅ ដើម្បី​ទាមទារ​កាន់​កាប់​ព្រៃឈើ​សហគមន៍​ជាង ១​ពាន់​ហិកតា ដែល​ពួក​គាត់​អាស្រ័យ​ផល​លើ​ផ្លែ​ឈើ និង​រុក្ខជាតិ​នានា។

កសិករ​ខ្មែរ​ឈ្មោះ មិន ពែង អាយុ ៤២​ឆ្នាំ នៅ​ក្នុង​ភូមិ​អូរអង្គំ ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា​នេះ​ថា លោក​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ចាប់​ខ្លួន​នៅ​ពេល​ចូល​ទៅ​ឆ្លើយ​បំភ្លឺ។

លោក មិន ពែង បាន​ឲ្យ​ដឹង​ថា ៖ «បើ​រឿង​យុត្តិធម៌​ខ្ញុំ​អត់​ភ័យ​ទេ តែ​ខ្លាច​តែ​អយុត្តិធម៌។ នៅ​ពេល​ដែល​ខ្ញុំ​ឡើង​ទៅ គេ​ចោទ​ប្រកាន់​ពី​បទ​ប៉ុនប៉ង​មនុស្ស​ឃាត តែ​ខ្ញុំ​គ្មាន​ប៉ុនប៉ង​មនុស្ស​ឃាត​ផង»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​បាន​នៅ​ឡើយ​ទេ​ពី​លោក ទៀង សុវិន តំណាង​ក្រុមហ៊ុន HLHI នោះ។

មេធាវី​ការពារ​ក្ដី​ឲ្យ​ប្រជាកសិករ​ចំនួន ៣​នាក់ គឺ​លោក ឡុង លន់ នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​នឹង​ទៅ​ចូល​រួម​ដើម្បី​ស្ដាប់​ការ​សាកសួរ​របស់​លោក​ចៅក្រម។ រឿង​ហ្នឹង​ខ្ញុំ​ដូច​ជា​អត់​ទាន់​ដឹង​ច្បាស់​ទេ រឿង​ភាគី​ម្ខាង​ទៀត​នោះ»

អ្នក​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​អង្គការ​អាដហុក លោក ចាន់ សុវ៉េត ដែល​កំពុង​តែ​តាម​ដាន​សំណុំ​រឿង​នេះ បាន​មាន​ប្រសាសន៍​ថា វា​ជា​ការ​គំរាម​កំហែង​មួយ​ដល់​កសិករ​ដែល​បាន​តវ៉ា​កន្លង​មក។

លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​ដូច្នេះ ៖ «តុលាការ​ធ្វើ​នេះ គឺ​ធ្វើ​ដើម្បី​បញ្ចប់​រឿង។ បើ​សិន​ជា​ធ្វើ​បញ្ចប់​រឿង គាត់​ចាំបាច់​សាកសួរ​អី​បន្ត​ទេ គឺ​ស្នើ​សុំ​ព្រះរាជ​អាជ្ញា​លើក​លែង​ចោទ​ទៅ​វា​ផុត​បាត់​ទៅ​ហើយ ប៉ុន្តែ​ចៃដន្យ​រឿង​នេះ​វា​ហាក់​បី​ដូច​ជា​ចង់​បង្ហាញ​ប្រាប់​ថា ថៃ្ង​ក្រោយ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​អ៊ីចឹង​ទៀត ឧទាហរណ៍»

កាល​ពី​ខែ​មីនា កន្លង​ទៅ​នេះ តុលាការ​ខេត្ត​កំពង់ស្ពឺ ចាប់​ឃុំ​ខ្លួន​កសិករ​ចំនួន ២​នាក់ មាន​លោក យូ ថូ និង​លោក ឃឹម វុទ្ធី នៅ​ពេល​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ក្នុង​តុលាការ។ កសិករ​ចំនួន ២​នាក់​នោះ​បាន​រង​ការ​ចោទ​ថា បាន​ញុះញង់​ឲ្យ​មាន​ការ​ងើប​តវ៉ា និង​ដុត​បំផ្លាញ​ខ្ទម​យាម​ចំនួន​៦ របស់​ក្រុមហ៊ុន ភ្នំពេញ ស៊ូហ្គើរ៍ និង​ក្រុមហ៊ុន​កំពង់ស្ពឺ ស៊ូហ្គើរ៍ របស់​លោក លី យ៉ុងផាត់ ដែល​រង​ការ​ចោទ​ថា បាន​រឹប​យក​ដី​ស្រែ​របស់​កសិករ​ប្រមាណ​ជាង ១​ពាន់​ហិកតា​ពី​ប្រជាពលរដ្ឋ​ជាង ៣​ពាន់​គ្រួសារ​នៅ​ក្នុង​ភូមិ​ចំនួន ១១​ភូមិ​នៅ​ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ​នោះ។ ក្រោយ​មក​តុលាការ​បាន​ដោះ​លែង និង​លើក​លែង​ការ​ចោទ​ប្រកាន់ ដោយសារ​តែ​រក​មិន​ឃើញ​កំហុស និង​មាន​ការ​តវ៉ា​របស់​កសិករ​ជាង ១​ពាន់​នាក់​ទាមទារ​ច្រើន​ថ្ងៃ សុំ​ឲ្យ​តុលាការ​ដោះលែង​វិញ៕