សមត្ថកិច្ច​ខេត្ត​សៀមរាប​ចាប់​ខ្លួន​អ្នក​​កាសែត​​៤​នាក់​ពី​បទ​ឆបោក

សមត្ថកិច្ច​ប៉ូលិស​ខេត្ត​សៀមរាប បាន​ចាប់​ខ្លួន​មនុស្ស ៤​នាក់ ដែល​គេ​អះអាង​ថា ជា​ភ្នាក់ងារ​យក​ព័ត៌មាន​ឲ្យ​កាសែត​ក្នុង​ស្រុក ពី​បទ​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​អំពើ​ឆបោក ដោយសារ​អ្នក​ទាំង ៤​នោះ បាន​ដើរ​ទារ​ប្រាក់​ពី​ប្រជាពលរដ្ឋ​​នៅ​ស្រុក​ជីក្រែង នៅ​​តាម​ផ្ទះ​ណា​ដែល​មាន​​ទុក​ឈើ​បន្តិច​បន្តួច​ដើម្បី​ជួសជុល​ផ្ទះ​នោះ។

ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា គេ​បាន​សម្រេច​ឃុំ​ខ្លួន​បុរស ៤​នាក់​ដែល​អះអាង​ខ្លួន​គេ​ម្នាក់ៗ​ថា ជា​ភ្នាក់ងារ​កាសែត​ក្នុង​ស្រុក​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ជា​បណ្ដោះ​អាសន្ន ដោយ​ចោទ​ប្រកាន់​បុរស​ទាំង ៤​នាក់​នោះ​ពី​បទ​​ឆបោក​ប្រាក់​ប្រជាពលរដ្ឋ​​នៅ​ទី​ជនបទ​ក្នុង​ស្រុក​ជីក្រែង កាល​ពី​ពេល​ថ្មីៗ។

លោក ទី សុវិនថាល់ ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​កក្កដា​ថា លោក​បាន​សម្រេច​ឲ្យ​ឃុំ​ខ្លួន​​បុរស ៤​នាក់ ដែល​អះអាង​ថា ជា​ភ្នាក់ងារ​យក​ព័ត៌មាន​ឲ្យ​កាសែត​ក្នុង​ស្រុក​ តាំង​ពី​ល្ងាច​ថ្ងៃ​ទី​១៤ ខែ​កក្កដា មក​ម្ល៉េះ ពាក់​ព័ន្ធ​នឹង​ការ​ឆបោក​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​រស់​នៅ​ទី​ជនបទ​​ស្រុក​ជីក្រែង។

លោក ទី សុវិនថាល់ មាន​ប្រសាសន៍​ដូច្នេះ ៖ «ឆបោក​យក​លុយ​ពី​ប្រជាពលរដ្ឋ​ដែល​មាន​ឈើ​តិច​តួចៗ សម្រាប់​ជួស​ជុល​ផ្ទះ។ ឈើ​មាន​លេខ​១​ខ្លះ លេខ​២​ខ្លះ រួច​ធ្វើ​ផ្ទះ​គ្នា​វា​ពុក​ផុយ​អស់​ហើយ​ហ្នឹង»

សម្ព័ន្ធ​មិត្ត​អ្នក​សារ​ព័ត៌មាន​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា បុរស​ទាំង ៤​នាក់​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​នោះ មាន​ម្នាក់​ជា​ភ្នាក់ងារ​យក​ព័ត៌មាន​ឲ្យ​កាសែត តាព្រហ្ម និង ៣​នាក់​ទៀត ជា​ភ្នាក់ងារ​យក​ព័ត៌មាន​ឲ្យ​កាសែត កូសាំងស៊ីន។ អ្នក​ទាំង ៤​នាក់​នោះ ទទួល​រង​ការ​ចោទ​ប្រកាន់​ថា បាន​ទារ​លុយ​ពី​អ្នក​ស្រុក​តាម​ផ្ទះ​ចំនួន ៣​ម៉ឺន​រៀល។

ទោះ​យ៉ាង​ណា មិន​អាច​ទាក់ទង​ទៅ​កាន់​អ្នក​គ្រប់គ្រង​របស់​កាសែត តាព្រហ្ម និង​កាសែត កូសាំងស៊ីន ដើម្បី​សុំ​ប្រតិកម្ម​ជុំវិញ​ការ​ចាប់​ខ្លួន​ភ្នាក់ងារ​ព័ត៌មាន​របស់​គេ​បាន​ទេ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ កក្កដា​នេះ។

លោក តូច សកល អធិការ​នគរបាល​ស្រុក​ជីក្រែង ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​ថា ប៉ូលិស​របស់​លោក​បាន​ចាប់​ខ្លួន​បុរស​ទាំង​៤ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​កក្កដា បន្ទាប់​ពី​អ្នក​ទាំង​៤ បាន​អះអាង​ថា ជា​អ្នក​កាសែត និង​ជា​ប្រធាន​សហគមន៍​​ព្រៃឈើ​ខេត្ត​ព្រះវិហារ ហើយ​បាន​ដើរ​ទារ​លុយ​ ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ដែល​ជា​ជនបទ​ដាច់​ស្រយាល​ជាប់​ព្រំ​ប្រទល់​ខេត្ត​ព្រះវិហារ។

លោក តូច សកល មាន​ប្រសាសន៍​ថា ៖ «មធ្យោបាយ​មាន​ម៉ូតូ ២​គ្រឿង ហើយ​គេ​មាន​ម៉ាស៊ីន​ថត គេ​មាន​អាជ្ញាប័ណ្ណ​ពាក់​នឹង​ក​ហ្នឹង។ ពេល​គេ​ទៅ​ដល់​កន្លែង​ភូមិ​អូរ ឃុំ​ខ្វាវ​ហ្នឹង តំបន់​ភូមិ​ដែល​ដាច់​ស្រយាល​មួយ​ជាប់​នឹង​ព្រំ​ប្រទល់​ខេត្ត​ព្រះវិហារ ឃើញ​នៅ​ក្រោម​ផ្ទះ​ប្រជាពលរដ្ឋ​ហ្នឹង​មាន​ឈើ​សម្រាប់​ប្រើ​ប្រាស់​ធ្វើ​ផ្ទះ​ធ្វើ​សម្បែង គេ​ចោទ​ថា ប្រជាជន​ទៅ​លួច​កាប់​ឈើ​ពី​ព្រៃ​សហគមន៍​របស់​គេ ហើយ​គេ​ទារ​ប្រាក់។ មុន​ដំបូង​គេ​ទារ ៥០​ដុល្លារ ដល់​ប្រជាជន​ថា អត់​មាន​ទេ ចុះ​ឡើង​ថា ១០​ម៉ឺន​រៀល​ក៏​គេ​យក ដល់​ប្រជាជន​ថា អត់​មាន ១០​ម៉ឺន ៥​ម៉ឺន​ក៏​គេ​យក ដល់​ប្រជាជន​ថា អត់​មាន​ទេ ៥​ម៉ឺន គេ​ថា ៣​ម៉ឺន​ក៏​យក​ដែរ ប៉ុន្តែ ២​ម៉ឺន​ចាំ​ស្អែក​ជិះ​មក​យក​ទៀត»

ចាប់​តាំង​ពី​ខែ​មេសា ឆ្នាំ​២០១០ រហូត​មក​ដល់​ខែ​កក្កដា​នេះ មាន​ភ្នាក់ងារ​យក​ព័ត៌មាន​ឲ្យ​កាសែត​ក្នុង​ស្រុក​ប្រចាំ​ខេត្ត​សៀមរាប ចំនួន ៦​នាក់​ហើយ ដែល​សមត្ថកិច្ច​បាន​ចាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ដោយ ២​នាក់​ក្នុង​ចំណោម​នោះ​ទើប​តែ​បាន​ដោះ​លែង។ អ្នក​កាសែត​ចំនួន ២​នាក់​កំពុង​ជាប់​ក្នុង​បណ្ដឹង និង​ប្រមាណ ៥​នាក់​ផ្សេង​ទៀត​បាន​​រត់​គេច​ខ្លួន​ដោយ​ការ​ភ័យ​ខ្លាច​ការ​ចោទ​ប្រកាន់ និង​តាម​ចាប់​ខ្លួន​ដោយ​អាជ្ញាធរ៕