សាច់ញាតិគ្រួសារសពបាននិយាយឲ្យដឹងនៅថ្ងៃទី២០ កុម្ភៈ ថា កូន ប្អូន និងអ្នកភូមិសរុបចំនួន ៤នាក់ ពិតជាបានស្លាប់ទៅហើយ ក្រោយពីបានឆ្លងចូលទៅក្នុងដីថៃកាប់ឈើគ្រញូងតាមច្រករបៀង ក្បាលអូរស្វាយ នៅព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ កាលពីថ្ងៃទី១០ កុម្ភៈ កន្លងមកនោះ។
ប្រភពប្រជាពលរដ្ឋបានឲ្យដឹងថា អ្នកភូមិអូរស្វាយចំនួន ៤នាក់ ដែលស្លាប់ មានឈ្មោះ ជា គីមឡុង ភេទប្រុស។ ឈ្មោះ ញិល ចាន់ណា ភេទស្រី។ ឈ្មោះ ញិល ចាន់នី ភេទស្រី។ និងឈ្មោះ វាន់ វុង ភេទប្រុស។
លោក ជា ទូច ជាឪពុកឈ្មោះ ជា គីមឡុង ដែលបានស្លាប់។ លោកបានឲ្យដឹងថា លោកបានសុំគេទៅយកសពកូនមកធ្វើបុណ្យ តែទាហានខ្មែរ មិនឲ្យឆ្លងដែនទៅយកទេ ខ្លាចមានគ្រោះថ្នាក់ដោយសារទាហានថៃបាញ់។
ចំណែកលោកស្រី វាន់ ញិន ដែលមានប្អូនបង្កើតឈ្មោះ វាន់ វុង ស្លាប់ បាននិយាយថា លោកស្រីកំពុងរកមធ្យោបាយដើម្បីយកសពប្អូនមកធ្វើបុណ្យនៅភូមិ។
លោកសក្ដិ៤ តូច រ៉ា ប្រធានទំនាក់ទំនងគណៈកម្មការព្រំដែនកម្ពុជា-ថៃ នៅច្រកជាំស្រងាំ ខេត្តឧត្តរមានជ័យ បានមានប្រសាសន៍នៅថ្ងៃទី២០ កុម្ភៈ ថាលោកមិនទាន់បានទទួលដំណឹងជាផ្លូវការពីភាគីថៃ អំពីការស្លាប់របស់ប្រជាពលរដ្ឋខ្មែរចំនួន ៤នាក់ នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទនៅឡើយទេ។
ប្រភពប្រជាពលរដ្ឋសុំមិនចេញឈ្មោះបានឲ្យដឹងថា ការឆ្លងដែនទៅកាប់ឈើគ្រញូងនៅក្នុងដីថៃនេះ មានគ្រោះថ្នាក់ខ្លាំងណាស់។ គ្រោះថ្នាក់ទាំងនោះ មានជាអាទិ៍ ត្រូវបង់លុយឲ្យទាហានខ្មែរ ដែលយាមនៅព្រំដែន។ បើមិនបង់អាចត្រូវគេបាញ់ដូចករណីប្រជាពលរដ្ឋឈ្មោះ ខាំ វិត ត្រូវទាហានខ្មែរបាញ់ កាលពីថ្ងៃទី២៦ មករា កន្លងទៅ ព្រោះតែមិនបង់លុយបើកផ្លូវ។ គ្រោះថ្នាក់មួយទៀត គឺកាលណាជួបទាហានថៃដើរល្បាតព្រៃ អាចត្រូវទាហានថៃចាប់ និងបាញ់។ និងគ្រោះថ្នាក់មួយទៀត គឺអាចត្រូវមេព្រៃខ្មែរចាប់ ដោយសារកាប់ឈើខុសច្បាប់។
លោកស្រី ណារ៉េន ប្រធានសាខាអង្គការការពារសិទ្ធិមនុស្សនៅខេត្តឧត្តរមានជ័យ បានឲ្យដឹងថា នៅក្នុងខែកុម្ភៈនេះ គ្រោះថ្នាក់ប្រពលរដ្ឋខ្មែរស្លាប់ និងបាត់ខ្លួនដោយសារទាហានថៃបាញ់ក្នុងពេលទៅកាប់ឈើ កើតឡើងជាប់ៗគ្នា។ ថ្ងៃ១០ កុម្ភៈ ទាហានថៃបាញ់ស្លាប់ប្រជាពលរដ្ឋ ៣នាក់ និងបាត់ខ្លួន ៦នាក់។ ថ្ងៃទី១១ កុម្ភៈ ទាហានថៃបាញ់ស្លាប់ប្រជាពលរដ្ឋ ១នាក់ និងរត់រួច ៥នាក់មកវិញ។ ថ្ងៃទី១២ កុម្ភៈ ទាហានថៃចាប់បានអ្នកស្រុកខ្មែរឆ្លងទៅកាប់ឈើចំនួន ៣នាក់។
ប្រមុខរដ្ឋាភិបាលជាញឹកញយបានអំពាវនាវសុំប្រជាពលរដ្ឋកុំឆ្លងដែនទៅកាប់ឈើនៅក្នុងព្រៃតាមជាយដែន ពីព្រោះវាមានគ្រោះថ្នាក់។ ប្រធានភូមិ និងឃុំនៅមូលដ្ឋាន ក៏តែងតែអប់រំប្រជាពលរដ្ឋកុំឲ្យឆ្លងដែនទៅកាប់ឈើ តែប្រជាពលរដ្ឋមួយចំនួនមិនស្ដាប់តាមទេ។ ដោយសារគេឃើញអ្នកទៅកាប់ឈើបាននោះ លក់ទៅទទួលបានលុយច្រើន ហើយការងារនេះមិនចំណាយពេលយូរផង៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។