ស្ត្រីវ័យ ៥៦ឆ្នាំ រស់នៅភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ឈ្មោះ សាន់ សាមិត បានឲ្យដឹងថា តុលាការបានប្រគល់ដីកាកោះហៅពួកគាត់ ៥នាក់ ដែលមានដីឡូត៍នៅជាប់របងមន្ទីរឧស្សាហកម្ម រ៉ែ និងថាមពល ឲ្យទៅបំភ្លឺរឿងដីទំនាស់នៅថ្ងៃទី១៥ ខែកញ្ញា។ លោកស្រីបន្តថា ដីភូមិគាត់រស់នៅតាំងពីឆ្នាំ១៩៨៧មក មិនបានប៉ះពាល់ដីការិយាល័យមន្ទីរឧស្សាហកម្ម រ៉ែ និងថាមពលនោះទេ ស្រាប់តែខែមុននេះ លោកប្រធានមន្ទីរទើបផ្លាស់មកពីខេត្តកោះកុង ចោទពួកគាត់រស់នៅលើដីមន្ទីរនោះ។
លោកស្រី សាន់ សាមិត បានឲ្យដឹងថា ៖ «ដីកាហៅខ្លួនចូលទៅតុលាការថ្ងៃទី១៥ (កញ្ញា)។ ឃើញគេដាក់ថា សាកសួររំលោភអចលនវត្ថុដី ហើយមួយទៀតគេដាក់ជនសង្ស័យ»។
បុរសវ័យ ៦១ឆ្នាំ ជាមន្ត្រីរដ្ឋាករទឹកចូលនិវត្តន៍ លោក ព្រឹម ហួន បានអះអាងថា ដីដែលគាត់រស់នៅនេះ កាលពីប្រធានមន្ទីរឧស្សាហកម្មរ៉ែមុនៗ បានបោះបង្គោលព្រំដីបែងចែកដីប្រជាជន និងដីរបស់មន្ទីរត្រឹមត្រូវ ស្រាប់តែមកចោទថា ប្រជាជនរស់នៅលើដីរដ្ឋ។
លោក ព្រឹម ហួន មានប្រសាសន៍ថា ៖ «នៅរស់សព្វថ្ងៃនេះ នៅក្នុងមន្ទីរជាអនុប្រធានឈ្មោះ ឡឹក ស៊ីថា ហ្នឹងជាអ្នកបោះបង្គោល។ អាថ្ងៃហ្នឹង ឡឹក ស៊ីថា ឃើញអង្គុយរួមប្រជុំដែរ ខ្ញុំថានេះលោកនេះបានបោះបង្គោលឲ្យខ្ញុំ។ លោកហ្នឹងអង្គុយឱនមុខទៅ អត់ឆ្លើយថាម៉េចៗទេ។ បែបគេអែបនឹងប្រធានរបស់គេទៅ ឲ្យប្រជាជនខាងខ្ញុំខុស»។
ពាក់ព័ន្ធការចោទខាងលើនេះ ប្រធានមន្ទីរឧស្សាហកម្ម រ៉ែ និងថាមពល លោក ឡាំ គឹមឡេង បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។
មេក្រុមនៅភូមិសំណង់ លោក ង៉ែត សារិន បានអះអាងថា មានការបោះបង្គោលព្រំដីច្បាស់លាស់រវាងអ្នកភូមិ និងដីមន្ទីររបស់រដ្ឋនោះ តាំងពីឆ្នាំ២០០៦មក ៖ «លោក ឡាំ គឹមឡេង ឡើងមកក្រោយ នេះអាដំណើរដែលដាំបង្គោលនេះ លោកអត់បានដឹងទេ ក៏ប៉ុន្តែដែលលោកតា យ៉ាន និងលោក ឡឹង ស៊ីថា ហើយនិងបុគ្គលិកមួយចំនួនដែលមកដាំបង្គោលខាងក្រោយនេះ។ ដល់មកបច្ចុប្បន្ននេះ ខ្ញុំក៏បានដឹងរឿងហ្នឹងខ្លះ ខ្ញុំសុំធ្វើសាក្សី ខ្ញុំថា មនុស្សទាំងអស់ហ្នឹងបាននៅពីឆ្នាំ១៩៨៧នោះក៏ពិតប្រាកដមែន»។
អតីតមេភូមិសំណង់ បច្ចុប្បន្នជាអនុប្រធានភូមិនោះដែរ លោក ខៀវ កយ បានអះអាងថា ប្រជាជនទាំង ៥គ្រួសារដែលរងនូវការប្ដឹងនោះ ពិតជាបានរស់នៅមិនទាក់ទងដីរបស់មន្ទីរឧស្សាហកម្ម រ៉ែ និងថាមពល តាំងពីឆ្នាំ១៩៨៧មកនោះ។
លោក ខៀវ កយ បានអះអាងដូច្នេះ ៖ «គាត់បោះបង្គោលឲ្យប្រជាពលរដ្ឋ កុំឲ្យលូកលាន់ ប៉ុន្តែដល់មក២០១០នេះ គាត់ចោទប្រកាន់ប្រជាពលរដ្ឋថា ទៅរំលោភដីគាត់ រួចចុះតាំងពីដើមមកម៉េចក៏គាត់មិនថា ដែលប្រជាពលរដ្ឋគាត់រស់នៅគាត់ចាក់ដីចាក់ធ្លីឯផ្ទះចង់ពុកអស់ទៅហើយនោះ»។
ពាក់ព័ន្ធដីជម្លោះនោះ ទាំងអាជ្ញាធរ និងប្រជាជនទាំង ៥គ្រួសារនេះ ឲ្យដឹងថា ដីប៉ះពាល់ផ្នែកខាងក្រោយផ្ទះមិនដល់កន្លះហិកតាទេ។
ក្នុងជម្លោះដីនៅក្បែររបងមន្ទីរឧស្សាហកម្ម រ៉ែ និងថាមពល ខេត្តកំពង់ស្ពឺនោះ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានផ្ញើលិខិតមួយច្បាប់កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១០ ជូនទៅលោក ប៊ិន ឈិន ប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ដើម្បីឲ្យពិនិត្យ និងជួយអន្តរាគមន៍៕