នៅក្នុងពិធីគម្រប់ខួប ៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក រៀបចំឡើងនៅថ្ងៃទី២១ ខែកក្កដា នាទីក្រុងភ្នំពេញ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលប្រទេសទាំងពីរ បានប្ដេជ្ញាពង្រីកទំនាក់ទំនងប្រទេសទាំងពីរឲ្យកាន់តែប្រសើរ និងរឹងមាំទៅមុខទៀត។
លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ជាភាសាអង់គ្លេស នៅថ្ងៃទី២១ ខែកក្កដានេះ ក្នុងពិធីរំលឹកខួប ៦០ឆ្នាំ នៃទំនាក់ទំនងការទូត កម្ពុជា-អាមេរិក ក្រៅអំពីបានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលអាមេរិក ដែលបានផ្ដល់ជំនួយដ៏ច្រើនកន្លងមក សម្រាប់អភិវឌ្ឍន៍ប្រទេសកម្ពុជា។ លោក សុខ អាន ក៏បានជំរុញ និងប្ដេជ្ញាធ្វើឲ្យទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ឲ្យកាន់តែប្រសើរ ដូចដែលកម្ពុជា និងអាមេរិកបានអនុវត្តក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកសុខ អាន មានប្រសាសន៍តាមសំឡេងអ្នកបកប្រែភាសាដូច្នេះ ៖ «ទំនាក់ទំនងការទូត រវាងសហរដ្ឋអាមេរិក និងកម្ពុជា គឺមានរយៈពេលយូរហើយ ឥឡូវប្រទេសទាំងពីរកំពុងដើរទន្ទឹមគ្នា ប្រកៀកស្មាគ្នា មិនមែនសម្លឹងទៅលើផលប្រយោជន៍នោះទេ ប៉ុន្តែជាមិត្រភក្តិជាមួយគ្នា។ នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ យើងទទួលបានទំនាក់ទំនងមួយ ដែលល្អ ដែលមានភាពរាក់ទាក់ និងផ្លែផ្កាជាច្រើន»។
ពិធីរំលឹកខួប ៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា និងសហរដ្ឋអាមេរិកនេះដែរ លោកស្រី ខារ៉ល រ៉តលី (Carol Rodley) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា មានប្រសាសន៍តាមសំឡេងបកប្រែភាសា ដោយចាត់ទុកទំនាក់ទំនងការទូតពេលបច្ចុប្បន្នថា មានទំនាក់ទំនងល្អជាមួយគ្នាបំផុត ក្នុងរយៈពេល ៦០ឆ្នាំកន្លងទៅ។
លោកស្រី ខារ៉ល រ៉តលី ក្នុងនាមរដ្ឋាភិបាលអាមេរិក ប្ដេជ្ញាជំរុញឲ្យប្រទេសទាំងពីរ នារយៈពេល ៦០ឆ្នាំខាងមុខ ឲ្យមានកិច្ចសហប្រតិបត្តិការល្អ ជាមួយគ្នាកាន់តែប្រសើរថែមទៀត។
តាមសំឡេងអ្នកបកប្រែភាសា លោកស្រី ខារ៉ល រ៉តលី មានប្រសាសន៍ដូច្នេះ ៖ «ទំនាក់ទំនងរវាងប្រទេសកម្ពុជា អាមេរិក មិនដែលមានទំនាក់ទំនងល្អដូចពេលបច្ចុប្បន្ននេះទេ»។
នៅក្នុងសន្និសីទជួបជុំជាប្រវត្តិសាស្ត្រ មិនធ្លាប់មានពីមុនមក គេសង្កេតឃើញមានវត្តមានបញ្ញវន្តជាតិអន្តរជាតិល្បីៗ ដែលមានការយល់ដឹងច្បាស់ពីប្រទេសកម្ពុជា និងអតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាជាច្រើនរូប និងលោកឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក បង្ហាញវត្តមានក្នុងពិធីរំលឹកខួបលើកទី៦០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ។
ទោះជាបែបនេះក្តី លោក គង់ គាំ ប្រធានស្ដីទីគណបក្សសមរង្ស៊ី ដែលត្រូវទូតអាមេរិកអញ្ជើញឲ្យចូលរួមពិធីរំលឹកខួប ៦០ឆ្នាំ នៃទំនាក់ទំនងការទួតកម្ពុជា-អាមេរិក បានសាទរចំពោះការផ្តល់ជំនួយរបស់អាមេរិក មកកម្ពុជាកន្លងមក។ ប៉ុន្តែលោកបានស្នើទៅរដ្ឋាភិបាលអាមេរិក ឲ្យជម្រុញទៅរដ្ឋាភិបាលកម្ពុជា ធ្វើការកែប្រែចំណុចខ្វះខាតមួយចំនួន កំពុងកើតមាននៅកម្ពុជា ទាក់ទងទៅនឹងប្រព័ន្ធយុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ ក៏ដូចជាការប្រកួតប្រជែងការបោះឆ្នោតដោយយុត្តិធម៌ជាដើម។
នៅក្នុងឱកាសពិធីបុណ្យរំលឹកខួបមិត្តភាព ៦០ឆ្នាំកម្ពុជា-អាមេរិកនេះ មានការរៀបចំប្រគំតន្រ្តីជាសាធារណដោយកងទ័ពជើងទឹកអាមេរិក និងមានរៀបចំសកម្មភាពមិត្តភាពមួយចំនួន ចាប់ពីថ្ងៃទី១៨ ដល់២៤ កក្កដា ដើម្បីឧទ្ទិសដល់ខួប ៦០ឆ្នាំ ចំណងមិត្តភាពអាមេរិក-កម្ពុជានេះ នៅខេត្តបាត់ដំបង និងក្រុងភ្នំពេញផងដែរ។
មន្ត្រីព័ត៌មានស្ថានទូតអាមេរិកឲ្យដឹងថា រយៈពេល ៦០ឆ្នាំ នៃទំនាក់ទំនងការទូតអាមេរិក និងកម្ពុជា មិនមានរបាយការណ៍បញ្ជាក់ច្បាស់ថា អាមេរិកបានចំណាយថវិកាសរុបមានចំនួនប៉ុន្មាន ជួយមកដល់ប្រទេសកម្ពុជានោះទេ។ ប៉ុន្តែបានបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៦៣ សហរដ្ឋអាមេរិក បានផ្ដល់ជំនួយជាទឹកប្រាក់សរុបចំនួន ៥០លានដុល្លារក្នុងមួយឆ្នាំៗ ដល់ប្រទេសកម្ពុជា សម្រាប់ជំរុញឲ្យជឿនលឿនផ្នែកសេដ្ឋកិច្ច ពង្រឹងឯករាជ្យ កែលំអ និងពង្រីកការសិក្សាអប់រំ បង្កើនគុណភាព និងបរិមាណផលិតផលកសិកម្ម លើកកំពស់សុខភាពសាធារណៈ សន្តិសុខ និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធ ជាដើម។
ជំនួយសហរដ្ឋអាមេរិក បានជួយកសាង និងបង្កើតឲ្យមានមជ្ឈមណ្ឌលគរុកោសល្យដំបូងគេ នៅកំពង់កន្ទួត និងកសាងសាលាមធ្យម និងបឋមសិក្សាបានចំនួន ១៩កន្លែង។ ក្នុងនោះនិស្សិតកម្ពុជាមួយចំនួន បានទទួលអាហារូបករណ៍ទៅសិក្សានៅអាមេរិក ក្នុងផ្នែកកសិកម្ម សុខភាពសាធារណៈ បច្ចេកទេសប្រើប្រាស់ឧបករណ៍ និងគ្រឿងម៉ាស៊ីន និងវិស្វកម្ម។ ក្រៅពីនេះ អាមេរិកបានជួយជួសជុលផ្លូវ បានប្រវែងជាង ១២៨៧គីឡូម៉ែត្រ និងបានកសាងស្ពានចំនួន ៤៣កន្លែង ព្រមទាំងបានកសាងផ្លូវមិត្តភាពកម្ពុជា-អាមេរិក មួយខ្សែ មានប្រវែងជាង ២២៥គីឡូម៉ែត្រ ភ្ជាប់ពីភ្នំពេញ ទៅនឹងកំពង់ផែ នៅទីក្រុងព្រះសីហនុ ចំណាយថវិកាអស់ ២៥លានដុល្លារអាមេរិក។
ស្ថានទូតអាមេរិកបានឲ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩៣ បន្ទាប់ពីមានការបោះឆ្នោតរៀបចំដោយអង្គការសហប្រជាជាតិរួចមក សហរដ្ឋអាមេរិក បានផ្ដល់ជំនួយជាមធ្យមជាង ៦០លានដុល្លារក្នុងមួយឆ្នាំៗ មកដល់ប្រទេសកម្ពុជា សម្រាប់ជំនួយមនុស្សធម៌ លើកកម្ពស់សេវាសុខភាព ការពង្រឹងលទ្ធិប្រជាធិបតេយ្យ វិស័យអប់រំ និងផ្នែកយោធា ជាដើម។ ដោយឡែកឆ្នាំ២០១០ នេះ អាមេរិកបានផ្ដល់ជំនួយ ជាង ១រយលានដុល្លារអាមេរិក មកដល់ប្រទេសកម្ពុជា។
ឯកសារស្ថានទូតអាមេរិក បានឲ្យដឹងថា សហរដ្ឋអាមេរិកបានបង្កើតទំនាក់ទំនងការទូតដោយផ្ទាល់របស់ខ្លួនជាមួយកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៥០ ដោយបានតែងតាំងលោក ដូណល ហ៊ីតស៍ (Donald Heath) ឲ្យធ្វើជាតំណាងវិសាមញ្ញ និងពេញសមត្ថភាព។ លោក ដូណល ហ៊ីតស៍ បានថ្វាយសារតាំងទៅព្រះករុណា សម្ដេចព្រះបាទ នរោត្តម សីហនុ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៥០។ បន្ទាប់មក ការិយាល័យតំណាងសហរដ្ឋអាមេរិក បានបើកនៅភ្នំពេញ នៅថ្ងៃទី១៤ ខែវិច្ឆិកា និងបានដំឡើងឲ្យទៅជាស្ថានឯកអគ្គរដ្ឋទូត នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៥២ ដែលកាលណោះលោក ដូណល ហ៊ីតស៍ បានក្លាយទៅជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកដំបូងគេ ប្រចាំនៅប្រទេសកម្ពុជា៕
