កម្ពុជា-ចិន ចុះ​ហត្ថលេខា​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេង​កាត

មន្ត្រី​ជាន់​ខ្ពស់​នៃ​អាជ្ញាធរ​ជាតិ​ប្រេង​កាត​កម្ពុជា នៅ​ថ្ងៃ​ទី២៨ ខែ​ធ្នូ បាន​ចុះ​ហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ឯកជន​ចំនួន​ពីរ ដើម្បី​សាង​សង់​រោងចក្រ​ដ៏​ធំ​មួយ និង​ទំនើប​បំផុត​នៅ​កម្ពុជា ដើម្បី​ចម្រាញ់​ប្រេង​កាត​សម្រាប់​ប្រើប្រាស់​ក្នុង​ស្រុក និង​នាំ​ចេញ​ទៅ​បរទេស​នៅ​ក្នុង​តំបន់។

0:00 / 0:00

រោងចក្រ​ចម្រាញ់​ប្រេង​កាត​នោះ​គេ​គ្រោង​សាង​សង់​ចាប់​ពី​ឆ្នាំ​២០១៣ ដោយ​ប្រើ​រយៈពេល​ប្រមាណ ៣៦​ខែ ឬ ៣​ឆ្នាំ និង​ត្រូវ​ចំណាយ​ថវិកា​សរុប​ជាង ២.៣០០​លាន​ដុល្លារ​អាមេរិក។

មន្ត្រី​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ថា គម្រោង​នេះ​ប្រកាស​ឡើង​ជា​ផ្លូវការ ក្រោយ​ពី​ក្រុមហ៊ុន​បាន​ធ្វើ​ការ​សិក្សា​លម្អិត​អំពី​ទីផ្សារ និង​បរិស្ថាន​នៅ​មុន​ការ​សាង​សង់​នោះ។

រោងចក្រ​នេះ​គេ​គ្រោង​សាង​សង់​នៅ​លើ​ទីតាំង​ស្ថិត​នៅ​ចន្លោះ​ខេត្ត​កំពត និង​ខេត្ត​ព្រះសីហនុ ដែល​មាន​សមត្ថភាព​ចម្រាញ់​ប្រេង​កាត​ចំនួន​ជាង ៥​លាន​តោន​ក្នុង​មួយ​ឆ្នាំៗ ដើម្បី​លក់​នៅ​ក្នុង​ស្រុក និង​នាំ​ចេញ​ទៅ​ប្រទេស​ក្នុង​តំបន់។ ការ​ដំឡើង​រោងចក្រ​ចម្រាញ់​ប្រេង​នេះ នៅ​គ្រា​ដែល​កម្ពុជា តែង​តែ​នាំ​ចូល​ប្រេង​ឥន្ធនៈ​ចំនួន​ជាង ១លាន​តោន​ក្នុង​មួយ​ឆ្នាំៗ​ពី​ប្រទេស​វៀតណាម ថៃ និង​ប្រទេស​សិង្ហបុរី។

ក្រុមហ៊ុន​ឯកជន​ចំនួន​ពីរ​ដែល​បាន​ចុះ​ហត្ថលេខា​ជាមួយ​អាជ្ញាធរ​ជាតិ​ប្រេង​កាត​កម្ពុជា នោះ មាន​ដូច​ជា ទី១ ក្រុមហ៊ុន​ក្នុង​ស្រុក​ឈ្មោះ ខេមបូឌា ប៉េត្រូលែម ស៊ីមិខល (Cambodian Petroleum Chemical Co. Ltd) និង​ក្រុមហ៊ុន​របស់​ប្រទេស​ចិន ឈ្មោះ ស៊ីណូម៉ាច ឆៃណា ផឺហ្វិច ម៉ាឆិនើរី អ៊ីនដាស់ទ្រី (Sinomach China Perfect Machinery Industry Co. Ltd)។

រដ្ឋមន្ត្រី​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក សុខ អាន និង​ជា​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រេង​កាត​កម្ពុជា បាន​មាន​ប្រសាសន៍​ក្រោយ​ពី​បាន​ចុះ​ហត្ថលេខា​នោះ​ថា រោងចក្រ​ចម្រាញ់​ប្រេង​កាត​នេះ គឺ​ជា​ការ​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា៖ «អីចឹង នេះ​ជា​ធុរកិច្ច​មួយ​យ៉ាង​ធំ ដែល​តម្រូវ​ឲ្យ​អ្នក​ធ្វើ​ហ្នឹង​គណនា​បច្ចេកវិទ្យា​ខ្ពស់ និង​ទំហំ​ទុន​ដាក់​ហ្នឹង​ធំ​គ្រប់គ្រាន់ និង​ការ​ប្រកួត​ប្រជែង​ទៅ​ថ្ងៃ​អនាគត»

អគ្គនាយក​នៃ​ក្រុមហ៊ុន​ចិន លោក ចាង ស៊ូកាង (Zhang Sugang) បាន​មាន​ប្រសាសន៍​ជា​ភាសា​ចិន ហើយ​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា ក្រុមហ៊ុន​ប្រើប្រាស់​ឧបករណ៍​ទំនើបៗ និង​បច្ចេកវិទ្យា​ទំនើបៗ​ក្នុង​ការ​ចម្រាញ់​ប្រេង​កាត​នៅ​កម្ពុជា នេះ៖ «ស្រប​ពេល​ដែល​ចំណង​មិត្ត​ភាព​កម្ពុជា-ចិន មាន​ការ​រីក​ចម្រើន​កាន់​តែ​ស៊ី​ជម្រៅ​ឥត​ឈប់​ឈរ​នា​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ សហគ្រាស​ចិន កាន់​តែ​ច្រើន​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​កសាង​ប្រទេស​កម្ពុជា។ ក្រុមហ៊ុន ស៊ីណូម៉ាច ឆៃណា ផឺហ្វិច ម៉ាឆិនើរី អ៊ីនដាស់ទ្រី ដែល​ជា​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ឆៃណា ណេសិនណល ម៉ាឆិនើរី អ៊ីនដាស់ទ្រី (China National Machinery Industry) មាន​សុទិដ្ឋិនិយម​អំពី​ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា និង​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​គម្រោង​វិស្វកម្ម​ផ្គត់ផ្គង់​សម្ភារៈ និង​សាង​សង់​រោងចក្រ​ចម្រាញ់​ប្រេង​កាត​នៅ​កម្ពុជា»

ដោយ​ឡែក តំណាង​ក្រុមហ៊ុន​កម្ពុជា លោក ម៉ៅ ចិត្រាវុទ្ធ បាន​មាន​ប្រសាសន៍​ថា មាន​ការ​ចរចា និង​សិក្សា គឺ​ស៊ី​រយៈពេល​សរុប ៧​ឆ្នាំ​កន្លង​មក រហូត​ដល់​មាន​ការ​ចុះ​ហត្ថលេខា​នេះ៖ «អ្នក​ឧកញ៉ា​ប្រធាន​ក្រុមហ៊ុន (លោក ស៊ីវ គង់ទ្រីវ) សូម​ថ្លែង​អំណរ​គុណ​ចំពោះ​ដៃគូ​របស់​យើង ដែល​មក​ពី​ប្រទេស​ចិន ដែល​បាន​ធ្វើ​ការងារ​ធំៗ​យ៉ាង​ច្រើន​ជាមួយ​គ្នា ហើយ​ឈាន​ដល់​ការ​ផ្តល់​ការ​ទុក​ចិត្ត​ធ្វើ​ឲ្យ​យើង​ឈាន​ដល់​ការ​ចុះ​ហត្ថលេខា​ជាមួយ​គ្នា​នៅ​ថ្ងៃ​នេះ»

គម្រោង​សាង​សង់​រោងចក្រ​ចម្រាញ់​ប្រេង​កាត​នៅ​កម្ពុជា នេះ គឺ​នៅ​ស្រប​ពេល​ដែល​គម្រោង​ការ​បូម​យក​ប្រេង​កាត​នៅ​បាត​សមុទ្រ​កម្ពុជា ដោយ​ក្រុមហ៊ុន​របស់​សហរដ្ឋ​អាមេរិក ឈ្មោះ សឺវរ៉ុន (Chevron) នោះ ត្រូវ​បាន​ពន្យារ​ពេល​ពី​ថ្ងៃ​ទី១២ ខែ​១២ ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៦ វិញ។

ប្រធាន​អាជ្ញាធរ​ប្រេង​កាត​កម្ពុជា លោក សុខ អាន បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​រាវ​រក​ប្រេង​កាត​ដោយ​ក្រុមហ៊ុន​មួយ​ចំនួន​នៅ​តែ​បន្ត ប៉ុន្តែ​នៅ​មិន​ទាន់​មាន​លទ្ធផល​នៅ​ឡើយ។ រីឯ​ការ​ចរចា​លើ​បញ្ហា​ពន្ធដារ និង​ប្រាក់​ចំណូល​ពី​ប្រេង​កាត​នោះ នឹង​បញ្ចប់​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

កន្លង​មក អង្គការ​សង្គម​ស៊ីវិល រាប់​ទាំង​អង្គការ​សម្ព័ន្ធភាព​កម្ពុជា​ដើម្បី​តម្លាភាព​ចំណូល​ធនធាន​នៅ​កម្ពុជា បាន​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​គ្រប់គ្រង​ប្រាក់​ចំណូល​ធនធាន​ប្រេង​កាត​ឲ្យ​មាន​ប្រសិទ្ធភាព និង​តម្លាភាព ដោយ​ជៀសវាង​នូវ​អំពើ​ពុក​រលួយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។