តាមការអះអាងរបស់មន្ត្រីជលផលដែលសុំមិនបញ្ចេញឈ្មោះ ហើយដែលបានចូលរួមក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ គឺទូកអូសគូវៀតណាមនៅវេលាម៉ោង១១និង១៦នាទីយប់ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០០៨ បានឲ្យដឹងថាទូកល្មើសនេសាទវៀតណាមពិតជាបានចូលមកក្នុងដែនទឹកកម្ពុជាប្រាកដមែន នៅចំណុចគ្រលុកកាម៉យ ស្ថិតក្នុងភូមិសាស្ត្រចន្លោះឃុំត្រើយកោះ ស្រុកកំពង់បាយ និងឃុំកោះតូច ស្រុកកំពត ខេត្តកំពត ។ នៅពេលដែលមន្ត្រីរងគ្រោះនិងសហការីម្នាក់ទៀតដែលជាសមាជិកសហគមន៍នេសាទ គឺលោក ជា សារ៉ន បានឡើងទៅលើទូកនេសាទល្មើសច្បាប់វៀតណាមដើម្បីនាំទូកនោះមកឆ្នេរ ខណៈនោះនាវាកងទ័ពជើងទឹកវៀតណាមមួយគ្រឿងក៏បានមកដល់ ហើយធ្វើការបាញ់រះរំដោះយកទូកនេសាទវៀតណាមតែម្ដង រួចនាំឆ្ពោះទៅកោះត្រល់ដោយនាំទាំងមន្ត្រីជលផលកម្ពុជាទាំងពីរនាក់ទៅជាមួយដែរ ។ ចំណែកឯមន្ត្រីខាងលើព្រមទាំងមន្ត្រីជលផលពីរនាក់ទៀតបានព្យាយាមគេចផុតពីការបាញ់រះរបស់កងនាវាជើងទឹកវៀតណាម ។
លោក ជា សារ៉ន ដែលត្រូវបានកងកម្លាំងជើងទឹកវៀតណាមចាប់ខ្លួនហើយដែលត្រូវបានមន្ត្រីកម្ពុជានាំត្រឡប់មកវិញជាមួយនឹងសាកសពលោក ផាត់ សារឿន ដែរនោះ បានមានប្រសាសន៍ប្រកបដោយភាពភិតភ័យនៅឡើយថា លោកមិនបានដឹងអ្វីច្រើនទេអំពីព្រឹត្តិការណ៍នេះ ។
លោក ជា សារ៉ន បានមានប្រសាសន៍ថា ៖ «អត់ដឹងច្បាស់ មិនដឹងថាពេលណាៗទេ ខ្ញុំអត់បានដឹងច្បាស់ទេ ។ ដល់រួចហើយគេចាប់ខ្ញុំយកដាក់លើកប៉ាល់ បែកគ្នាត្រឹមហ្នឹង ទាល់តែស្អែកឡើងទៅ ។ រឿងរ៉ាវខ្ញុំអត់ដឹងតទៅទៀតទេ បានតែប៉ុណ្ណឹង» ។
វិទ្យុអាស៊ីសេរីបានព្យាយាមទាក់ទងសុំការបំភ្លឺពីប្រធានខណ្ឌរដ្ឋបាលជលផលប្រចាំខេត្តកំពត និង ក្រុងកែប លោក ស សារិន ជុំវិញករណីនេះតែមិនបានសម្រេចដោយម្ដងលោកមានប្រសាសន៍ថាលោកកំពុងមានធុរៈ ៖ «ឥឡូវខ្ញុំជាប់បន្តិចអត់ទាន់ចប់កម្មវិធី» ។
អ្នកសម្របសម្រួលនៃសមាគមអាដហុកប្រចាំខេត្តកំពតនិងក្រុងកែប អ្នកស្រី ទ្រី ឈូន បានមានប្រសាសន៍ថា ការរំលោភលើដែនទឹកកម្ពុជាបានកើតមានជាប្រចាំ ។
អ្នកស្រី ទ្រី ឈូន បានឲ្យដឹងថា ៖ «បញ្ហាដែលកងកម្លាំងប្រដាប់អាវុធប្រទេសវៀតណាមសម្លាប់ពលរដ្ឋខ្មែរមានពីរលើកមកហើយនៅប៉ុន្មានឆ្នាំនេះ ហើយការសម្លាប់នេះគឺពាក់ព័ន្ធលើបញ្ហានេសាទនិងបញ្ហាដែនទឹក ។ ទង្វើនេះបានកើតឡើង ប៉ុន្តែមិនមានកិច្ចសហប្រតិបត្តិការណាមួយរវាងប្រទេសទាំងពីរធ្វើដំណោះស្រាយលើបញ្ហានេះទេ ។ មានន័យថាការឈ្លានពានព្រំដែនទឹកកម្ពុជានៅតែមាន ប្រជាពលរដ្ឋខ្មែរនៅតែស្លាប់» ។
សូមជម្រាបផងដែរថាភាគីវៀតណាមបានផ្ញើមកជាមួយនូវប្រាក់សម្រាប់ចូលបុណ្យសពលោក ផាត់ សារឿន ចំនួន៥លានដុង ៕