សភាជាតិ​អនុម័ត​ឲ្យ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២

សភាជាតិ នៅ​ថ្ងៃ​ទី១៥ ខែ​កុម្ភៈ បាន​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស​មួយ ដោយ​សំឡេង ៨២ លើ ៩០​សំឡេង ដើម្បី​បើក​ផ្លូវ​ឲ្យ​រដ្ឋាភិបាល​មាន​សិទ្ធិ​ធានា​ទូទាត់​ឲ្យ​ក្រុមហ៊ុន ហាយដ្រូ ផៅវើ ឡូវើ សេសាន​ក្រោម២ (HYDRO POWER LOWER SESAN 2)។

0:00 / 0:00

ការ​អនុម័ត​នេះ​ក្រោយ​ពី​រដ្ឋាភិបាល​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១២ កន្លង​ទៅ ដោយ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នេះ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​ចំណុច​ប្រសព្វ​គ្នា​នៃ​ទន្លេសេសាន​២ និង​ទន្លេ​ស្រែពក នៅ​ខេត្ត​ស្ទឹងត្រែង ចាប់​ពី​ឆ្នាំ​២០១៣ នេះ​ត​ទៅ។

តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី មិន​បាន​លើក​ដៃ​គាំទ្រ​ឲ្យ​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម២ នោះ​ទេ ផ្ទុយ​ទៅ​វិញ​គណបក្ស​នេះ​បាន​ទទូច​សុំ​ឲ្យ​ពន្យារ​ពេល​នៃ​ការ​អនុម័ត​ច្បាប់​នេះ​ទៅ​ថ្ងៃ​ក្រោយ​ទៀត។

កិច្ច​ពិភាក្សា​រយៈពេល​ជិត ៥ម៉ោង មុន​ការ​អនុម័ត​នោះ បាន​ធ្វើ​ឡើង​ក្នុង​ស្ថានការណ៍​ជជែក​តឹង​សរសៃ​ក និង​តានតឹង​នៅ​ក្នុង​សភាជាតិ នៅ​ថ្ងៃ​ទី១៥ ខែ​កុម្ភៈ។

គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដ៏​ធំ​នោះ គឺ​ត្រូវ​ចំណាយ​ថវិកា​ចំនួន​ជាង ៧៨១​លាន​ដុល្លារ​អាមេរិក។ ទំនប់​នេះ​មាន​ផ្ទៃ​អាង​ទឹក​ទំហំ ៣៣០​គីឡូម៉ែត្រ​ក្រឡា ស្មើ​នឹង​ជាង ៣៦.០០០​ហិកតារ មាន​សមត្ថភាព​ផលិត​ថាមពល​អគ្គិសនី​ចំនួន ៤០០​មេហ្គាវ៉ាត់ (400​MW) ក្នុង​១ឆ្នាំៗ និង​លក់​ចរន្ត​អគ្គិសនី​ក្នុង​តម្លៃ ៦,៩៥​សេន​ដុល្លារ​អាមេរិក ស្មើ​នឹង ២៨០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង។ សមាជិក​សភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​សំឡេង​ភាគ​ច្រើន បាន​លើក​ដៃ​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​នោះ។

ក្រុមហ៊ុន​ចំនួន​ពីរ ដែល​បាន​ទទួល​អាជ្ញា​ប័ណ្ណ​សាងសង់​ទំនប់​វារីអគ្គិសនី​នោះ មាន​ដូច​ជា ក្រុមហ៊ុន​ហាយដ្រូ ផៅវើ ឡូវើ សេសាន​ក្រោម២ របស់​ចិន ដែល​មាន​ភាគ​ហ៊ុន​ចំនួន ៩០% សហការ​ជាមួយ​ក្រុមហ៊ុន​មួយ​ទៀត​របស់​វៀតណាម ឈ្មោះ អីវីអិន អ៊ីនធឺណេសិនណល យន់ស្តុក (EVN Int'l Joint Stock Company) ដែល​មាន​ភាគ​ហ៊ុន​ចំនួន ១០%។ ក្រុមហ៊ុន​នេះ​បាន​ទទួល​កិច្ច​សន្យា​ចំនួន ៤០​ឆ្នាំ​ពី​រដ្ឋាភិបាល​កម្ពុជា។

ចំណុច​ដ៏​ចម្រូងចម្រាស​ក្នុង​ការ​ពិភាក្សា​នោះ មាន​ដូច​ត​ទៅ សមាជិក​សភា​ខាង​គណបក្ស សម រង្ស៊ី មាន​លោក សុន ឆ័យ លោក យឹម សុវណ្ណ និង​លោក គីមសួរ ភីរិទ្ធ ជាដើម បាន​ចោទ​ថា គ្មាន​ការ​សិក្សា​ម៉ត់ចត់​ស្ដីពី​ផល​ប៉ះពាល់​ដល់​បរិស្ថាន ដល់​ប្រជាពលរដ្ឋ គ្មាន​ដំណោះស្រាយ​សមរម្យ​ដល់​ប្រជាពលរដ្ឋ និង​ការ​ទទួល​អាជ្ញា​ប័ណ្ណ​នោះ គឺ​គ្មាន​តម្លាភាព។

ប៉ុន្តែ សមាជិក​សភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា មាន​លោក ជាម យៀប លោក ប៉ែន បញ្ញា និង​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល លោក ស៊ុយ សែម បាន​អះអាង​ថា ការ​សិក្សា​បាន​ធ្វើ​ឡើង​ដោយ​ម៉ត់ចត់​ណាស់​តាំង​ពី​ឆ្នាំ​២០០៦ កន្លង​មក ហើយ​សំណង​នានា​ត្រូវ​បាន​ដោះស្រាយ​សមរម្យ​ជូន​ប្រជាពលរដ្ឋ​ចំនួន ៣​ឃុំ​នៅ​ទី​នោះ។ រដ្ឋាភិបាល​រំពឹង​ថា នឹង​ទទួល​បាន​ប្រាក់​ចំណូល​ជា​មធ្យម​ចំនួន​ជិត ៣០​លាន​ដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំៗ​ពី​ទំនប់​វារីអគ្គិសនី​នេះ។

រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល លោក ស៊ុយ សែម បាន​មាន​ប្រសាសន៍​សម្ដែង​ការ​សាទរ​យ៉ាង​ខ្លាំង​ក្រោយ​ពី​សភាជាតិ​បាន​ផ្តល់​ការ​អនុម័ត​នោះ​ថា គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ នេះ គឺ​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ នៅ​គ្រា​ដែល​កម្ពុជា កំពុង​តែ​ត្រូវ​ការ​ថាមពល​អគ្គិសនី​យ៉ាង​ខ្លាំង។

លោក ស៊ុយ សែម៖ «បាន​រួម​ចំណែក​ធ្វើ​ឲ្យ​រាជ​រដ្ឋាភិបាល​អាច​ធ្វើ​ការ​អភិវឌ្ឍ​ផ្គត់ផ្គង់​អគ្គិសនី​ឲ្យ​មាន​ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់ ស្រូប​ទាញ​បាន​នូវ​ការ​ចាប់​អារម្ភ​ចូល​មក​វិនិយោគ បង្កើត​រោងចក្រ​ឧស្សាហកម្ម​បាន​រាប់​ពាន់​កន្លែង និង​កំពុង​តែ​ទាក់​ទាញ​ក្រុម​អ្នក​វិនិយោគ​នានា រាប់​ទាំង ជប៉ុន អាមេរិក អឺរ៉ុប នឹង​មក​វិនិយោគ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា យើង​ត​ទៅ​ទៀត។ យើង​ខ្ញុំ​មាន​ការ​ជឿជាក់​យ៉ាង​ពិត​ប្រាកដ​ថា វិស័យ​អគ្គិសនី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​មាន​ការ​ផ្លាស់​ប្ដូរ​រីក​ចម្រើន ដែល​មិន​ធ្លាប់​ឃើញ​ពី​មុន​មក ទាំង​បញ្ហា​ផ្គត់ផ្គង់ ទាំង​ក្នុង​បញ្ហា​សន្តិសុខ​ថាមពល ទាំង​ក្នុង​បញ្ហា​ស្ថិរភាព និង​ទាំង​ក្នុង​បញ្ហា​ថ្លៃ​អគ្គិសនី»

ផ្ទុយ​ពី​ការ​សាទរ​នេះ ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង ដោយ​លោក​គិត​ថា មាន​អំពើ​ពុក​រលួយ និង​ការ​ឃុបឃិត​គ្នា​លើ​គម្រោង​នេះ។

លោក សុន ឆ័យ៖ «យើង​ទៅ​តាម​ដាន។ យើង​អាច​ធ្វើ​កម្មវិធី​ចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង​ក្នុង​ការ​អនុវត្ត​គម្រោង​ថា តើ​ពលរដ្ឋ​ដែល​ប៉ះពាល់​នោះ​ទទួល​បាន​អ្វី​ដូច​បាន​ចែង​នៅ​ក្នុង​សេចក្តី​ប្រកាស និង​សេចក្តី​ថ្លែង​ហេតុ​របស់​រាជ​រដ្ឋាភិបាល ឬ​អត់? ទៅ​តាម​ដាន​មើល​ថា តើ​ដី ៥​ហិកតារ មាន​ការ​ឈូស​ឆាយ​ស្អាត​នោះ​នៅ​ឯណា? ថា​ផ្ទះ​តម្លៃ ២៥.០០០​ដុល្លារ​អាមេរិក នោះ​នៅ​ឯ​ណា មាន​រូបភាព​យ៉ាង​ដូចម្តេច? ហើយ​ពលរដ្ឋ​នោះ​មាន​សាលារៀន​តាម​គម្រោង ឬ​អត់? នេះ​ជា​ចំណុច​ចាំបាច់​ដែល​យើង​ត្រូវ​តែ​តាម​ដាន​មើល។ ចំណុច​ទី២​ទៀត គឺ​ពិនិត្យ​លើ​ភាព​ជាក់ស្តែង​នៅ​ក្នុង​ការ​បំផ្លាញ​ព្រៃ​ឈើ»

នៅ​មុន​ការ​អនុម័ត​នោះ តំណាង​ប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​ចំនួន ១២​នាក់ តំណាង​ប្រជាពលរដ្ឋ​នៅ​ឃុំ​ចំនួន​៣ នៅ​ខេត្ត​ស្ទឹងត្រែង មក​ដាក់​ញត្តិ​រួច​ហើយ​ជូន​សភាជាតិ ដើម្បី​សុំ​ឲ្យ​ដោះស្រាយ​ផល​ប៉ះពាល់​ដូច​ការ​រើ​ភូមិ រើ​ទី​សក្ការៈ​បូជា រើ​វត្ត​អារាម និង​រើ​ផ្ទះ​សម្បែង​ជាដើម ប៉ុន្តែ​សមាជិក​សភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ថា គេ​បាន​សន្យា​ដោះស្រាយ​តាម​សំណូម​ពរ។

រហូត​មក​ដល់​ពេល​នេះ កម្ពុជា មាន​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ចំនួន​៧ ហើយ ដូច​ជា​ទី១ វារីអគ្គិសនី​គីរីរម្យ១ កម្លាំង ១២​មេហ្គាវ៉ាត់​នៅ​ខេត្ត​កំពង់ស្ពឺ។ ទី២ វារីអគ្គិសនី​ភ្នំ​កំចាយ កម្លាំង ១៩២,៣​មេហ្គាវ៉ាត់ នៅ​ខេត្ត​កំពត។ ទី៣ វារីអគ្គិសនី​គីរីរម្យ៣ កម្លាំង ១៨​មេហ្គាវ៉ាត់ នៅ​ខេត្ត​កោះកុង។ ទី៤ វារីអគ្គិសនី​នៅ​ស្ទឹង​អាតៃ កម្លាំង ១២០​មេហ្គាវ៉ាត់ នៅ​ខេត្ត​ពោធិ៍សាត់ នឹង​សាងសង់​ហើយ​នៅ​ចុង​ឆ្នាំ​២០១៣។ ទី៥ វារីអគ្គិសនី​ឫស្សីជ្រំ​ក្រោម កម្លាំង ៣៣៨​មេហ្គាវ៉ាត់ នៅ​ខេត្ត​កោះកុង នឹង​សាងសង់​ហើយ​នៅ​ចុង​ឆ្នាំ​២០១៤។ ទី៦ វារីអគ្គិសនី​នៅ​ស្ទឹង​តាតៃ នៅ​ខេត្ត​កោះកុង កម្លាំង ២៤៦​មេហ្គាវ៉ាត់ នឹង​សាងសង់​ហើយ​នៅ​ចុង​ឆ្នាំ​២០១៥ និង​ទី៧ ចុង​ក្រោយ​នេះ វារីអគ្គិសនី​សេសាន​ក្រោម២ នៅ​ខេត្ត​ស្ទឹងត្រែង កម្លាំង ៤០០​មេហ្គាវ៉ាត់ នឹង​សាងសង់​ហើយ​នៅ​ចុង​ឆ្នាំ​២០១៧។

គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ទី៧ នេះ គឺ​ក្រោយ​ពី​ប្រទេស​វៀតណាម បាន​សាងសង់​ទំនប់​វារីអគ្គិសនី​ចំនួន​៧ នៅ​ទន្លេ​សេសាន​ភាគ​ខាង​លើ និង​ទំនប់​វារីអគ្គិសនី​ចំនួន​៤ ទៀត នៅ​ទន្លេ​ស្រែពក ភាគ​ខាង​លើ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។