សហគមន៍ជនជាតិទំពួន ភូមិផ្អរ ប្រមាណ ៦៣នាក់ បាននាំគ្នាចុះទៅទប់ស្កាត់មិនឲ្យមានការកាប់ទន្ទ្រានដីព្រៃ និងដីចម្ការរបស់ពួកគាត់តទៅទៀតឡើយ នៅពីព្រឹកថ្ងៃទី២០ ខែមិថុនានេះ បន្ទាប់ពីឃើញថា មានកម្មករស៊ីឈ្នួលជាង ៤០នាក់ កំពុងធ្វើសកម្មភាពកាប់ឆ្ការលើដីទំនាស់នោះ។
ប្រធានសហគមន៍ភូមិផ្អរ លោក ហន់ រ៉ បានថ្លែងថា មិនមានអំពើហិង្សាកើតឡើងទេ ដោយកម្មករទាំងនោះ នាំគ្នាចាកចេញ នៅពេលដែលអ្នកភូមិចុះទៅហាមឃាត់ ហើយជាមួយគ្នានេះ អ្នកភូមិបានដកហូតកាំបិតផ្គាក់ ចំនួនជាង១០ ដែលក្រុមកម្មករទាំងនោះទម្លាក់ចោលមុនពេលចាកចេញ។
លោក ហន់ រ៉ មានប្រសាសន៍ដូច្នេះ ៖ «ប៉ះពាល់អាដើមចន្ទី ដើមចន្ទីគេដាំ ៧ឆ្នាំ ៨ឆ្នាំ ហើយ អាខ្លះហ្នឹង ៩ឆ្នាំហើយបង ហើយគេនៅៗ ទាន់កាប់ទេ គេថាចាំកាប់ព្រៃអស់ហ្នឹង គេយកម៉ាស៊ីនកាត់តែម្ដង។ គេទិញពីភូមិផ្អរ ប៉ុន្តែម្ចាស់ហ្នឹងមានតែ ៧នាក់ទេ លក់ដីហ្នឹង ខ្លះមួយហាត់ ខ្លះហ្នឹងកន្លះហាត់។ មានតាប៉ុណ្ណឹងហើយគេវាទហ្នឹងទាំងអស់»។
ប្រធានសហគមន៍រូបនេះអះអាងថានឹងបញ្ជូនកាំបិតទាំងនេះទៅថ្នាក់ឃុំ ដើម្បីរក្សាទុកជាវត្ថុតាងនៃការចូលទន្ទ្រានដោយកម្មករស៊ីឈ្នួលរបស់ឈ្មោះ នី សង្ស ជាមន្ត្រីប៉ូលិសខេត្ត។
ជំទប់ទី២ ឃុំកិចុង លោក រចំ ភើន ថ្លែងថា លោកបានចូលរួមស្ដាប់ការប្រជុំរបស់សហគមន៍ ក្រោយពេលដែលពួកគាត់បានដកហូតកាំបិតទាំងនេះ ហើយឃើញថា សហគមន៍បានធ្វើការហាមឃាត់ដោយសន្តិវិធីជាច្រើនសារហើយ មិនឲ្យមានការកាប់ឆ្ការនៅលើដីទំនាស់សរុប ១៨០ហិកតារនោះ។
លោក រចំ ភើន មានប្រសាសន៍ដូច្នេះ ៖ «ទៅទប់ ២ដងហើយបង អាលើកមុនហ្នឹង ថ្ងៃ១៤ ហើយថ្ងៃ២០ បានកាំបិត១២ ហើយកាំបិតហ្នឹង ប្រជាពលរដ្ឋរកឃើញមួយកន្លែង២ មួយកន្លែង៣ គេប្រមូលទៅ ហើយអ្នកខ្លះហ្នឹងគេប្រគល់ឲ្យប្រជាពលរដ្ឋអ្នកទៅចាប់ហ្នឹង»។
លោក រចំ ភើន បានបន្តថា ទំនាស់ដែលកំពុងកើតមាននាពេលនេះ គឺបណ្ដាលមកពីឈ្មោះ នី សង្ស បានទិញដីពីអ្នកភូមិ ៧គ្រួសារ ប៉ុណ្ណោះ ដែលក្នុងនោះខ្លះបានលក់កន្លះហិកតារ ខ្លះមួយហិកតារ និងខ្លះច្រើនបំផុត លក់ត្រឹម ២ហិកតារ។ លុះដល់គេចូលមកកាប់ឆ្ការ បែរជាកំណត់យកទាំងចម្ការអ្នកភូមិដទៃទៀត ដែលមិនបានលក់នោះផង។
មន្រ្តីប៉ូលិសខេត្តរតនគិរី ឈ្មោះ នី សង្ស ដែលត្រូវបានចោទក្នុងរឿងនេះ អះអាងថា លោកមានឯកសារគ្រប់គ្រាន់លើផ្ទៃដីដែលបានទិញ ទំហំ ២២ហិកតារ ហើយអ្នកភូមិបានចូលទៅលួចដាំដុះលើដីរបស់លោក និងបានញុះញង់អ្នកដទៃទៀតបង្កបញ្ហា។
លោក នី សង្ស មានប្រសាសន៍ដូច្នេះ ៖ «២២ហាត់ មានប្លង់ឌឺម៉ាស់ត្រឹមត្រូវមួយកំផ្លេ។ មានរំលោភម៉េចរំលោភសម័យនេះ រំលោភទាល់រឿង...»។
មេឃុំកិចុង លោក រចំ ឡាយ អះអាងថា មានឯកសារផ្ទេរសិទ្ធិគ្រប់គ្រងកាន់កាប់មកឲ្យឈ្មោះ នី សង្ស មែន ប៉ុន្តែបងរបស់អ្នកលក់ម្នាក់ ដែលមិនរស់នៅក្នុងភូមិជាង ១០ឆ្នាំមកហើយនោះ បានត្រឡប់មកភូមិវិញ ហើយធ្វើការតវ៉ាលើដីទាំងនោះ ដោយគាត់សម្អាងថា គាត់មិនបានលក់។
ឃុំកិចុង មានទំនាស់ដីធ្លីកើតឡើងជាច្រើន ហើយមន្ត្រីសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុកខេត្តរតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ បានកត់សម្គាល់ថា ភាគច្រើនមានការរំលោភដោយជនអ្នកមានអំណាច ទៅលើសហគមន៍។
លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ដូច្នេះ ៖ «ជាទូទៅ ដីសហគមន៍ជនជាតិភាគតិច គឺជាដីដែលតាមផ្លូវច្បាប់មិនអាចលក់ដូរបាន»។
សហគមន៍ភូមិផ្អរ មានទំនាស់ដីធ្លីរ៉ាំរ៉ៃជាមួយនឹងឈ្មួញឯកជនមួយចំនួន ហើយកាលពីឆ្នាំ២០០៨ អ្នកភូមិក៏ធ្លាប់បានចុះទប់ស្កាត់ការកាប់ទន្ទ្រាន និងដកហូតបានកាំបិតចំនួន១៩ និងម៉ាស៊ីនអារឈើ ២គ្រឿង បញ្ជូនទៅតុលាការដែរ៕