អាជ្ញាធរ​ថៃ​ត្រៀម​រួច​ជា​ស្រេច​ក្នុង​ការជម្លៀស​ពលរដ្ឋ​បើ​មាន​ការ​ប៉ះ​ទង្គិច​ជាមួយ​ខ្មែរ​ម្ដង​ទៀត

អភិបាល​ខេត្ត​ស៊ីសាកេត​បាន​ថ្លែង​ប្រាប់​កាសែត​ថា អាជ្ញាធរ​ខេត្ត​ភាគ​ឦសាន​នៃ​ប្រទេស​ថៃ​ជាប់​នឹង​ខេត្ត​ព្រះវិហារ​របស់​កម្ពុជា​នេះ បាន​ត្រៀម​ជា​ស្រេច​ក្នុង​ការជម្លៀស​ពលរដ្ឋ​របស់​ខ្លួន​ពី​ភូមិ​នានា​ក្នុង​ស្រុក​កាន់ថរ៉ាឡាក់​ចេញ​ពី​តំបន់​នោះ ប្រសិន​បើ​មាន​ការប្រយុទ្ធ​គ្នា​ម្តង​ទៀត​រវាង​ទាហាន​ថៃ​និង​ទាហាន​កម្ពុជា​នៅ​តាម​តំបន់​ព្រំដែន​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ។

ទោះ​ជា​យ៉ាង​នេះ​ក្តី​ប្រជាពលរដ្ឋ​ថៃ​ដែល​រស់នៅ​ក្នុង​ស្រុក​កាន់ថរ៉ាឡាក់​ដែល​នៅ​ជាប់​នឹង​តំបន់​ប្រាសាទ​ព្រះវិហារ​ពុំ​ចង់​ឲ្យ​ប្រទេស​ទាំង​ពីរ​មាន​ការប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ​រវាង​កងទ័ព​ទាំង​ពីរ​ប្រទេស​នោះ​ទេ។

លោក ផុង សាក់ អាយុ​៤៩​ឆ្នាំ ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ដទៃ​ទៀត​នៃ​ភូមិ​ដងទង់​ក្នុង​ស្រុក​កាន់ថរ៉ាឡាក់ ដែល​មាន​ចម្ងាយ​ជាង​១០​គីឡូម៉ែត្រ​ភាគ​ខាង​ជើង​ឈាង​ខាង​កើត​ប្រាសាទ​ព្រះវិហារ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ក្រោយ​ការប្រយុទ្ធ​គ្នា​កាលពី​ថ្ងៃ​ទី​១៥ តុលា​នោះ ជា​ភាសា​ខ្មែរ​យ៉ាង​ដូច្នេះ ៖ «...កុំ​ឲ្យ​គាត់​ប្រឆាំង​គ្នា ឲ្យ​គាត់​រាប់​គ្នា ការវ៉ៃ​គ្នា​មិន​ចង់​ទេ... នៅ​ហ្នឹង​អត់​ចង់​មាន​រឿងរ៉ាវ​ទេ អត់​ចង់​ឲ្យ​មាន​ទេ វា​លំបាក»

ស្រី្ត​ម្នាក់​ទៀត​ឈ្មោះ ពៀវ អាយុ​៦០​ឆ្នាំ នៅ​ភូមិ​សារ៉ន់ ដែល​ភាសា​ខ្មែរ​ហៅ​ថា​ភូមិ​ស្រល់​ក្នុង ស្រុក​កាន់ថរ៉ាឡាក់​ជាមួយ​គ្នា​ដែរ​នោះ បាន​ថ្លែង​ថា លោកស្រី​មិន​សូវ​ខ្លាច​ទេ​ដោយសារ​តែ​លោកស្រី​មាន​ភាពស៊ាំ​នឹង​ការប្រយុទ្ធ​គ្នា​ដោយ​កាំភ្លើង​ធុន​តូច​និង​ធុន​ធំ​នៅ​ក្នុង​សង្រ្គាម​ក្នុង​ប្រទេស​ខ្មែរ​កាលពី​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ និង ១៩៩០។ លោកស្រី​ពុំ​ចង់​ឲ្យ​ប្រទេស​ទាំង​ពីរ​មាន​ការប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ​នោះ​ទេ។

ការថ្លែង​អំពី​ផែនការ​ជម្លៀស​ពលរដ្ឋ​ដោយ​អភិបាល​ខេត្ត​ថៃ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​ឡើង​បន្ទាប់ពី​កិច្ចចរចា​រវាង​កងទ័ព​ថ្នាក់​ភូមិភាគ​ដែល​គ្រោង​ធ្វើ​នៅ​ខេត្ត​សៀមរាប​នា​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​នេះ ប៉ុន្តែ​ត្រូវ​បាន​លើក​ដោយសារ​ភាគី​ទាំង​ពីរ​នៅ​មិន​ទាន់​មាន​ការអនុម័ត​ពី​ស្ថាប័ន​ដឹកនាំ​កំពូល​របស់​ខ្លួន។

អ្នក​នាំ​ពាក្យ​យោធា​ភាគ​ឦសាន​ថៃ លោក​វរសេនីយ៍​ឯក ថ៉វីសាក់ ប៊ុនរ៉ាក់ឆាត បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​ថា កិច្ចប្រជុំ​នឹង​លើក​ទៅ​ថ្ងៃ​ព្រហស្បតិ៍​ឬ​ថ្ងៃ​សុក្រ​សប្តាហ៍​ក្រោយ​នេះ។

គួរ​រំឭក​ថា ការប្រយុទ្ធ​គ្នា​កាលពី​ថ្ងៃ​ទី​១៥ តុលា​កន្លង​មក​នេះ បាន​បណ្តាល​ឲ្យ​ទាហាន​ខ្មែរ​សរុប​ទាំងអស់​ចំនួន​៣​នាក់​ស្លាប់ និង​ទាហាន​ថៃ​៧​នាក់​រង​របួស៕