ADB ចុះ​ត្រួត​ពិនិត្យ​សំណង់​ទំនប់​ទឹក​និង​ស្ពាន​នៅ​ព្រៃវែង​និង​កំពង់ចាម

អនុប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) លោក ភីតធឺ ប្រ៊ីមបូល (Petter Brimble) និង​លោក ញឹម វណ្ណដា បាន​ដឹកនាំ​ក្រុម​អ្នក​កាសែត​ជាតិ និង​អន្តរជាតិ ចំនួន​ជាង​២០នាក់ ទៅ​ត្រួត​ពិនិត្យ​សំណង់​ទំនប់​ទឹក​ការពារ​ក្រុង​ព្រៃវែង និង​ស្ពាន​នៅ​ខេត្ត​ព្រៃវែង និង​ខេត្ត​កំពង់ចាម។

0:00 / 0:00

អនុប្រធាន​ទី១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ញឹម វណ្ណដា និង​អភិបាល​ខេត្ត​ព្រៃវែង លោក ហាស សារ៉េត នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា បាន​សម្ដែង​ការ​កក់ក្តៅ និង​សុវត្ថិភាព ចំពោះ​ក្រុង​ព្រៃវែង នៅ​ខេត្ត​ព្រៃវែង ពី​ការ​គម្រាម​កំហែង​ដោយ​សារ​ទឹក​ជំនន់​នៅ​ថ្ងៃ​អនាគត នៅ​គ្រា​ដែល​ទំនប់​ទឹក​ខ្សែ​ក្រវាត់​ក្រុង​ព្រៃវែង កំពុង​ត្រូវ​បាន​សាងសង់ ដើម្បី​ទប់​ទល់​ទឹក​ជំនន់​ឆ្នាំ​២០១៣។

ទំនប់​ទឹក​នោះ​មាន​ប្រវែង​ជាង​២គីឡូម៉ែត្រ តម្លៃ​១លាន​៧សែន​ដុល្លារ​អាមេរិក ក្រោម​ប្រាក់​កម្ចី​សម្បទាន​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី។

ក្រៅ​ពី​នេះ ស្ពាន​ចំនួន​ពីរ​កន្លែង​ជា​ខ្សែ​ក្រវាត់​ក្រុង​ព្រៃវែង គឺ​មាន​តម្លៃ​ជិត​៤លាន​ដុល្លារ​អាមេរិក កំពុង​ត្រូវ​បាន​សាងសង់​ក្រោម​ប្រាក់​កម្ចី​សម្បទាន​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី។ បន្ថែម​លើ​នេះ​ទៀត ស្ពាន​មួយ​កន្លែង​ទៀត តម្លៃ​៥៧ម៉ឺន​ដុល្លារ​អាមេរិក កំពុង​តែ​ត្រូវ​បាន​សាងសង់​នៅ​ក្នុង​ភូមិ​កោះគោ ឃុំ​មានជ័យ ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម។

៥-កញ្ញា-២០១២៖ ការដ្ឋាន​សាងសង់​ស្ពាន ក្រោម​ប្រាក់​កម្ចី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី នៅ​ខេត្ត​កំពង់ចាម។
៥-កញ្ញា-២០១២៖ ការដ្ឋាន​សាងសង់​ស្ពាន ក្រោម​ប្រាក់​កម្ចី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី នៅ​ខេត្ត​កំពង់ចាម។

អនុប្រធាន​ទី១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ញឹម វណ្ណដា បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​ខេត្ត​ព្រៃវែង ថា ទំនប់​ទឹក​ខ្សែ​ក្រវាត់​ក្រុង​នោះ គឺ​ជា​យុទ្ធសាស្ត្រ​ដ៏​សំខាន់ ការពារ​ក្រុង​ព្រៃវែង នៅ​ឆ្នាំ​២០១៣ និង​ឆ្នាំ​ក្រោយៗ​ទៀត៖ «ក្រៅ​ពី​នេះ មាន​តួឯក​ច្រើន​ទៀត ប៉ុន្តែ​តួឯក ADB (ធនាគារ​អភិវឌ្ឍន៍​អាស៊ី) ហ្នឹង ដើរ​តួ​ស្ដារ​ឡើង​វិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ ស្ពាន ហើយ​ដោយ​មាន​ការ​សម្រប​សម្រួល​ពី​ក្រសួង​ជំនាញ​គមនាគមន៍ ក្រសួង​អភិវឌ្ឍន៍​ជនបទ ហើយ​ពី​មន្ទីរ​ជំនាញ​តាម​ខេត្ត​នានា។ ថ្ងៃ​នេះ​សប្បាយ​ចិត្ត​ណាស់»

ទាក់​ទង​នឹង​ការ​ស្ដារ​ឡើង​វិញ​នូវ​ទំនប់​ទឹក នៅ​ខេត្ត​ព្រៃវែង មន្ត្រី​គម្រោង​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី លោក ឡុង វូពិសិដ្ឋ បាន​មាន​ប្រសាសន៍​ថា គម្រោង​ស្ដារ​ឡើង​វិញ​នៃ​ទំនប់​ទឹក​ខ្សែ​ក្រវាត់​ក្រុង​ព្រៃវែង គឺ​ជា​គម្រោង​មួយ​នៅ​ក្នុង​ចំណោម​គម្រោង​ចំនួន​២០ ក្រោម​ប្រាក់​កម្ចី​សម្បទាន​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី៖ «សារៈសំខាន់​របស់​គម្រោង​នេះ​មួយ​ទៀត គឺ​ផ្លូវ​ហ្នឹង ដើម្បី​ការពារ​ទឹក​ជំនន់ កុំ​ឲ្យ​ហូរ​ចូល​លិច​ខេត្ត​ព្រៃវែង ទាំង​មូល អាហ្នឹង​ជា​សារៈសំខាន់​មែន​ទែន ព្រោះ​យើង​ធ្វើ​គម្រោង​ហ្នឹង គឺ​គម្រោង​ផ្លូវ​ថ្នល់​ផង និង​គម្រោង​ប្រឡាយ​ទឹក​ផង​ឲ្យ​វា (Link) ភ្ជាប់​ជាមួយ​គ្នា»

ប្រជាពលរដ្ឋ​ឈ្មោះ ម៉ៅ ហៃ អាយុ​៥៥​ឆ្នាំ នៅ​ភូមិ​៨ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ខេត្ត​ព្រៃវែង នៅ​ក្បែរ​ទំនប់​ទឹក​នោះ បាន​និយាយ​ថា នៅ​ពេល​មាន​ទឹក​ជំនន់​ម្តងៗ ប្រជាពលរដ្ឋ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​ក្រុង​ព្រៃវែង៖ «កាល​ពី​មិន​ទាន់​មាន​ទឹក និង​ទំនប់​ទឹក​ហ្នឹង ភ័យ​ដែរ​ហ្នឹង ពេល​ណា​នោះ វា​អត់​មាន​ប្រឡាយ​ដោះ​ទឹក​ហ្នឹង ទឹក​ហូរ​គួច​ខ្លាំង​តាម​ហ្នឹង​ណា។ និយាយ​ពី​ធ្វើ​ដំណើរ​ពិបាក​ណាស់ វា​អត់​មាន​ផ្លូវ​ឆ្លង​កាត់​តែ​ម្តង ហើយ​ស្ពាន​អត់​មាន ស្ពាន​នៅ​ឯណា​នោះ»

គម្រោង​ស្ដារ​ឡើង​វិញ​នូវ​ទំនប់​ទឹក និង​ស្ពាន នៅ​ខេត្ត​ព្រៃវែង និង​ខេត្ត​កំពង់ចាម ដែល​គេ​បង្ហាញ​អ្នក​កាសែត​នោះ គឺ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ស្ដារ​ឡើង​វិញ​របស់​រដ្ឋាភិបាល ក្រោម​ប្រាក់​កម្ចី​សម្បទាន​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី នៅ​ខេត្ត​ចំនួន​៦ ដែល​មាន​តម្លៃ​សរុប​ជាង​៦៧​លាន​ដុល្លារ​អាមេរិក។

ខេត្ត​ទាំង​៦​នោះ មាន​ដូច​ជា ខេត្ត​ព្រៃវែង បន្ទាយមានជ័យ កំពង់ធំ សៀមរាប កំពង់ចាម និង​ខេត្ត​កណ្ដាល ដែល​រង​ការ​ខូច​ខាត​ធ្ងន់ធ្ងរ​ជាង​គេ ដោយ​សារ​ទឹក​ជំនន់​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។