ការឆ្លង​មេរោគ​អេដស៍​តាមរយៈ​ការប្រើ​គ្រឿង​ញៀន​គួរ​ឲ្យ​បារម្ភ

មន្ត្រី​ដែល​ធ្វើការ​ប្រឆាំង​នឹង​គ្រឿងញៀន​និង​ជំងឺ​អេដស៍ និង​អង្គការ​អន្តរជាតិ បាន​សម្ដែង​ក្តី​ព្រួយបារម្ភ​ពី​ការរីក​រាលដាល​មេរោគ​អេដស៍ តាមរយៈ​ការប្រើប្រាស់​គ្រឿងញៀន​ដោយ​ការចាក់​នឹង​ម្ជុល​និង​ប្រើ​ស៊ីរ៉ាំង​រួមគ្នា ។

0:00 / 0:00

អគ្គលេខាធិការ​នៃ​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន លោក​ឧត្ដមសេនីយ៍ លួ រ៉ាមីន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង នៅឯ​ពិធី​បើក​សិក្ខាសាលា​រយៈពេល ៤​ថ្ងៃ ស្ដីពី «ការប្រើ​បំពាន​គ្រឿងញៀន​និង​មេរោគ​អេដស៍» ដែល​រៀបចំ​ដោយ​អង្គារ​កាតូលិច​សង្គ្រោះ​និង​អភិវឌ្ឍន៍ ហៅកាត់ថា CRS នា​ថ្ងៃ​អង្គារ​នេះ​ថា ការឆ្លង​រាលដាល​មេរោគ​អេដស៍​តាមរយៈ​ការប្រើប្រាស់​គ្រឿងញៀន​មាន​ការកើន​ឡើង​យ៉ាង​ឆាប់​រហ័ស ។

លោក លួ រ៉ាមីន មាន​ប្រសាសន៍​ថា ៖ «ការ​ឆ្លង​រាលដាល​មេរោគ​អេដស៍ មាន​ការ​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​គ្រឿង​ញៀន ដូច​ជា​មាន​ការ​កើន​ឡើង​ យ៉ាង​ឆាប់​រហ័ស​គួរ​ឲ្យ​ព្រួយ​បារម្ភ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ខ្ញុំ នេះ​ជា​បញ្ហា​ថ្មី ដែល​យើង​ទាំង​អស់​គ្នា​ត្រូវ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់ ដោះស្រាយ​ឲ្យ​បាន​ខ្លាំងខ្លា និង​ម៉ត់ចត់»

នៅឯ​សិក្ខាសាលា​ដែល​មាន​អ្នក​ចូលរួម​មកពី ២១​ប្រទេស លោក លួ រ៉ាមីន បាន​មាន​ប្រសាសន៍​ថា តាម​ការសិក្សា​ស្រាវជ្រាវ និង​ការអង្កេត​ផ្សេងៗ បាន​រក​ឃើញ​ថា និន្នាការ​ថ្មី​នៃ​ការឆ្លង​រាលដាល​មេរោគ​អេដស៍ តាម​បណ្ដា​ប្រទេស​និង​តំបន់​មួយ​ចំនួន ក្នុង​ពិភពលោក គឺ​មាន​ពាក់ព័ន្ធ​នឹង​ការប្រើ​បំពាន​គ្រឿងញៀន គឺ​ការចាក់​គ្រឿង​ញៀន​តាម​សរសៃ ។

មិនទាន់មាន​តួលេខ​ពី​ចំនួន​នៃ​អ្នកប្រើប្រាស់​គ្រឿងញៀន​ដោយ​ការចាក់​ម្ជុល​ស៊ីរ៉ាំង​នៅក្នុង​ប្រទេស​កម្ពុជា​នៅឡើយ​ទេ ប៉ុន្តែ លោក លួ រ៉ាមីន បាន​មាន​ប្រសាសន៍​ថា មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សើស្បែក និង​កាមរោគ របស់​ក្រសួង​សុខាភិបាល នឹង​ធ្វើការ​ជំរឿន​ពី​ចំនួន​នេះ ។

អ្នក​សម្របសម្រួល​គម្រោង​ប្រចាំ​ប្រទេស​កម្ពុជា​របស់​អង្គការ UNODC លោក Lars Pedersen បាន​មាន​ប្រសាសន៍​ថា ស្ថានភាព​ប្រើប្រាស់​គ្រឿង​ញៀន​នៅក្នុង​ប្រទេស​កម្ពុជា បាន​ឈាន​ដល់​កម្រិត​ធ្ងន់ធ្ងរ ហើយ​លោក​ថា ការរីក​រាលដាល​ថ្មី​នៃ​មេរោគ​អេដស៍​នៅក្នុង​ប្រទេស​កម្ពុជា គឺ​មាន​ទំនាក់ទំនង ជាមួយ​នឹង​ការរួមភេទ​នៅពេល​ប្រើប្រាស់​គ្រឿង​ញៀន និង​ការប្រើប្រាស់​គ្រឿង​ញៀន​ដោយ​ការប្រើ​ម្ជុល​និង​ស៊ីរ៉ាំង​រួមគ្នា ។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ៨០​% នៃ​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន មាន​អាយុ​ចន្លោះ​ពី ១០ ទៅ ២៥​ឆ្នាំ ហើយ​ថា ពួកគេ​បាន​ធ្លាក់​ខ្លួន​ប្រើប្រាស់​គ្រឿង​ញៀន គឺ​ដោយសារ​តែ​គ្រឿង​ញៀន គឺ​ងាយ​រក​បាន ហើយ​ពួកគេ​មិនដឹង​ពី​គ្រោះថ្នាក់​នៃ​គ្រឿងញៀន​ឡើយ ។

តំណាង​អង្គការ​កាតូលិច​សង្គ្រោះ​និង​អភិវឌ្ឍន៍ ហៅកាត់​ថា CRS ប្រចាំ​ប្រទេស​កម្ពុជា លោកស្រី ស៊ូហ្សាន ស៊ីលវឺស (Susan Silveus) បាន​មាន​ប្រសាសន៍​ថា កម្មវិធី​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​តាមរយៈ​ការប្រើប្រាស់​គ្រឿង​ញៀន​របស់​អង្គការCRS អាច​នឹង​ចាប់​មាន​ដំណើការ​នៅ​ឆ្នាំ ២០០៨ ឬក៏​ឆ្នាំ​២០០៩ ខាងមុខ ហើយ​បន្ត​រហូតដល់​ឆ្នាំ ២០១៣ ជាមួយ​នឹង​ទឹក​ប្រាក់​ប្រមាណ ១​លាន ៦​សែន​ដុល្លារ​ក្នុង​មួយឆ្នាំ ដែល​ភាគច្រើន​ជា​ជំនួយ​ពី​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ ហៅកាត់ថា USAID និង​មួយ​ចំនួន​ទៀត បាន​មក​ពី​វិភាគទាន ។

អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍ លោក តែង គន្ធី បាន​មាន​ប្រសាសន៍​ថា ការរីក​រាលដាល​ឆ្លង​មេរោគ​អេដស៍ គួរ​ឲ្យ​កត់​សម្គាល់ គឺ​តាមរយៈ​អ្នក​រកស៊ី​ផ្លូវ​ភេទ ការរួមភេទ​រវាង​បុរស​និង​បុរស​ដូចគ្នា និង​អ្នក​ប្រើប្រាស់​គ្រឿងញៀន​តាមរយៈ​ការចាក់ ។

ចំនួន​អ្នក​ផ្ទុក​មេរោគ​អេដស៍ បាន​ធ្លាក់​ចុះ​ពី ៣% នៅក្នុង​ឆ្នាំ​១៩៩៨ មក​នៅ​ត្រឹម ០.៩% នៅក្នុង​ឆ្នាំ​២០០៧ ៕