ឃាត់​ខ្លួន​ជន​ជាតិ​វៀត​ណាម​ដឹក​ឈើ​ខុស​ច្បាប់​២​នាក់​

សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ ​ខេត្ត​សៀមរាប ​បាន​ឃាត់​ខ្លួន​បុរស​ជន​ជាតិ​វៀត​ណាម​២​នាក់ ​ជា​អ្នក​បើក​បរ​រថ​យន្ត​ក្រុង​ដឹក​អ្នក​ដំណើរ ​ចេញ​ពី​ទីក្រុង​សៀមរាប ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ហូជី​មិញ ប្រទេស​វៀតណាម។

0:00 / 0:00

មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​សៀមរាប ​បាន​ឲ្យ​ដឹង​ថា គេ​បាន​ឃាត់​ខ្លួន​បុរស​ជន​ជាតិ​វៀត​ណាម​ចំនួន​២​នាក់ ដែល​ជា​អ្នក​បើក​បរ​ជា​មួយ​នឹង​រថ​យន្ត​ក្រុង​ដឹក​អ្នក​ដំណើរ ពី​ខេត្ត​សៀមរាប ឆ្ពោះ​ទៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម​២​គ្រឿង​ផង ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៥ ខែ​កញ្ញា ​បន្ទាប់​ពី​បាន​ឆែក​ឆេរ​រក​ឃើញ​កំណាត់​ឈើ​ប្រណីត​ប្រភេទ​ក្រញូង និង​ធ្នង់​ប្រមាណ​ជាង ១០០​ដុំ ​ដែល​គេ​លួច​លាក់​ទិញ​ខុស​ច្បាប់​បម្រុង​ដឹក​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម។

លោក ទា គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​សៀមរាប ​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​ថា បុរស​ជន​ជាតិ​វៀតណាម ២​នាក់ ​ម្នាក់​ឈ្មោះ ឡាយ គក់​គឿង អាយុ​៣២​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ហុង ធី​ចូវ អាយុ​៣៨​ឆ្នាំ ត្រូវ​បាន​ឃាត់​ខ្លួន​ជា​មួយ​រថ​យន្ត​ក្រុង​២គ្រឿង នៅ​ពេល​ដែល​សមត្ថកិច្ច ​បាន​ទទួល​ដំណឹង​ថា ជន​ទាំង​២​នាក់ ​បាន​លួច​លាក់​ទិញ​កំណាត់​ឈើ​ប្រណីត​ប្រភេទ​គ្រញូង និង​ធ្នង់ ​ដើម្បី​ដឹក​ជញ្ជូន​ខុស​ច្បាប់​ទៅ​កាន់​ប្រទេស​វៀតណាម។

លោក ទា គឹម​សុទ្ធ បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​ឃាត់​ខ្លួន​ជន​ជាតិ​វៀតណាម​ទាំង​ពីរ និង​រថ​យន្ត​ក្រុង​២​គ្រឿង​របស់​ក្រុម​ហ៊ុនSAPACO Tourist គេ​បាន​ឆែក​ឆេរ​ឃើញ​កំណាត់​ឈើ​ប្រណីត​ចំនួន​១០២​ដុំ ក្នុង​រថ​យន្ត​ក្រុង​នោះ ​ហើយ​សមត្ថកិច្ច​បាន​នាំ​ខ្លួន​អ្នក​បើក​បរ​ទាំង​ពីរ និង​រថ​យន្ត​ក្រុង​ទាំង​នោះ ​ដើម្បី​រៀបចំ​សំណុំ​រឿង​ឈាន​ទៅ​រក​ការ​ផាក​ពិន័យ​តាម​ច្បាប់ ៖ «ជន​នោះ​មក​ទេសចរណ៍ ប៉ុន្តែ​ដល់​ឃើញ​អ៊ីចឹង​ដាក់​ឈើ​ខ្លីៗ ​២​តឹកៗ​គ្រញូង និង​ធ្នង់​១០២​ដុំ ចាប់​ឃាត់​ទាំង​ឡាន​ទាំង​អី»

ទោះ​យ៉ាង​ណា មិន​អាច​ទំនាក់​ទំនង ​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​រថ​យន្ត​ក្រុង SAPACO Tourist ដឹក​ជញ្ជូន​អ្នក​ដំណើរ ​​ជុំវិញ​ប្រតិកម្ម​ការ​ចាប់​ខ្លួន​អ្នក​បើក​បរ និង​ឃាត់​ទុក​រថ​យន្ត​ក្រុង​ចំនួន​២​គ្រឿង​នោះ​បាន​ទេ។

បុគ្គលិក​ស្រី​របស់​ក្រុមហ៊ុន​រថ​យន្ត​ក្រុង SAPACO Tourist ម្នាក់ ដែល​មិន​ប្រាប់​ឈ្មោះ ​បាន​និយាយ​តាម​ទូរស័ព្ទ​ប្រាប់​ថា គាត់​បាន​ដឹង​ពី​ការ​ចាប់​ខ្លួន​បុរស​ជន​ជាតិ​វៀតណាម​២​នាក់ និង​ឃាត់​ទុក​រថ​យន្ត​ក្រុង​របស់​ក្រុមហ៊ុន​នោះ ប៉ុន្តែ​គាត់​មិន​អាច​អធិប្បាយ​អ្វី​បាន​ទេ ​ពី​ព្រោះ​គាត់​មាន​តួនាទី​ត្រឹម​តែ​ជា​អ្នក​លក់​សំបុត្រ​ប៉ុណ្ណោះ។

មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប ​បាន​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី​២​ហើយ ដែល​គេ​បាន​ឃាត់​ទុក​រថ​យន្ត​ក្រុង ​ពាក់ព័ន្ធ​នឹង​ការ​លួច​ទិញ និង​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ដោយ​ខុស​ច្បាប់។

កាល​ពី​អំឡុង​ខែ​មេសា​កន្លង​ទៅ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប ធ្លាប់​បាន​ឃាត់​ខ្លួន​បុរស​ជន​ជាតិ​ខ្មែរ​ម្នាក់ និង​រថ​យន្ត​ក្រុង​១​គ្រឿង ​ដោយ​សារ​តែ​បាន​លួច​លាក់​ដឹក​ជញ្ជូន​ឈើ​គ្រញូង​ខុស​ច្បាប់​ដូច​គ្នា​នេះ៕