សមត្ថកិច្ច​ចុះ​រុះ​លំនៅ​បណ្ដោះ​អាសន្ន​របស់​ពលរដ្ឋ​រង​គ្រោះ​ដោយ​ភ្លើង​ឆេះ

ពលរដ្ឋ​រង​គ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​នៅ​សង្កាត់​បឹងកក់២ ខណ្ឌ​ទួលគោក បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​៥ មិថុនា​នេះ សមត្ថកិច្ច​ខណ្ឌ​បាន​ពង្រាយ​កម្លាំង​ចុះ​ទៅ​រុះរើ​លំនៅ​សង់​ជ្រក​បណ្ដោះ​អាសន្ន​របស់​ពួកគាត់ នៅ​ភូមិ​២២ ក្បែរ​វត្ត​នាគវន្ត ជា​ថ្មី​ម្តង​ទៀត​ហើយ ប៉ុន្តែ​បាន​ដក​​​ថយ​វិញ​បន្ទាប់​​ពី​មាន​​​​​​​​​​​​​​​​​​​​​​ការ​តវ៉ា​ពី​ពលរដ្ឋ។

0:00 / 0:00

បុរស​ឈ្មោះ ឌួង សុធា ដែល​អះអាង​ថា ជា​តំណាង​ឲ្យ​ពលរដ្ឋ​ចង់​ឲ្យ​មាន​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង ស្ថិត​នៅ​ភូមិ​២២ សង្កាត់​​​បឹងកក់២ ខណ្ឌ​ទួលគោក មាន​ប្រសាសន៍​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​មិថុនា​នេះ សមត្ថកិច្ច​ខណ្ឌ​ទួលគោក បាន​ដាក់​ពង្រាយ​កម្លាំង​រាប់​សិប​នាក់​មក​រុះរើ​លំនៅ​របស់​ពលរដ្ឋ​ដែល​​​ត្រូវ​ភ្លើង​ឆេះ ប៉ុន្តែ​បាន​ដក​ថយ​វិញ​បន្ទាប់​ពី​ពលរដ្ឋ​ប្រឆាំង​តវ៉ា។

លោក ឌួង សុធា មាន​ប្រសាសន៍​ដូច្នេះ ៖ «គាត់ (ពលរដ្ឋ) ទ្រាំ​នៅ​អត់​បាន​ទេ ពេល​ដែល​គាត់​ធ្វើ​ (អាជ្ញាធរ) មក​ចាប់​គាត់ តែ​សុំ​ឲ្យ​វាស់​អត់​វាស់ (វាស់​បែង​ចែក​ដី)។ បង​ប្អូន​អាជ្ញាធរ​ហ្នឹង​រៀបចំ ដាក់​ថ្ងៃ​ដាក់​ខែ​មក​ថា​ថ្ងៃ​ណា? បើ​ខាង​រាជធានី​ហ្នឹង លោក កែប ជុតិម៉ា គាត់​ថា ប្រជាជន​ទាំង​អស់​អាច​សង់​លំនៅ​របស់​ខ្លួន​ឡើង​វិញ​ចុះ​នៅ​ផ្ទៃ​ដី​នេះ ព្រោះ​ថា រដ្ឋ​អត់​មាន​យក​ធ្វើ​អី​ទេ នេះ​ជា​សម្ដី​របស់​គាត់​ក្រោយ​ភ្លើង​ឆេះ​រួច​បាន​ពីរ​ថ្ងៃ»

ស្ត្រី​វ័យ​ចំណាស់​ឈ្មោះ សារី មាន​ប្រសាសន៍​ថា ពលរដ្ឋ​ពួកគាត់​បាន​រស់​នៅ​ហាល​ភ្លៀង និង​កម្ដៅ​ថ្ងៃ​យ៉ាង​វេទនា​អស់​រយៈពេល​បី​ខែ​មក​ហើយ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ។

អ្នកស្រី សារី បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ដល់​រដូវ​ភ្លៀង​ហើយ មាន​ក្មេង ចាស់​ជរា​ឈឺ​ច្រើន​ណាស់ ហើយ​ក្ដៅ រាករូស គ្រុនឈាម​ចំពោះ​ក្មេងៗ ដល់​អ៊ីចឹង​គាត់​បាន​រៀបចំ​ទី​លំនៅ​បន្តិច​បន្តួច​គ្រាន់​នឹង​នៅ ដល់​ពេល​ឥឡូវ​ហ្នឹង​អាជ្ញាធរ​ឲ្យ​ប្រជាជន​ទាំង​អស់​ដែល​បាន​រៀបចំ​ហ្នឹង​រុះរើ​ទាំង​អស់»

ស្ត្រី​វ័យ​កណ្តាល​មិន​ប្រាប់​ឈ្មោះ​ម្នាក់​ទៀត​បញ្ជាក់​ឲ្យ​ដឹង​ថា អស់​ពេល​បី​ខែ​ហើយ ដែល​គ្រួសារ និង​កូន​តូចៗ​របស់​គាត់​រស់​នៅ​ក្រោម​ដំបូល​ប្រក់​កៅស៊ូ​យ៉ាង​លំបាក​វេទនា ទន្ទឹង​រង់ចាំ​អាជ្ញាធរ​បែង​ចែក​ដី​ជូន​ពួកគាត់​​សង់​លំនៅ ប៉ុន្តែ​អាជ្ញាធរ​មិន​ត្រឹមតែ​បែង​ចែក​ដី​ជូន​ពួកគាត់ ថែម​ទាំង​មក​គំរាម​ពលរដ្ឋ​មិន​ឲ្យ​សង់​លំនៅ​បណ្តោះ​អាសន្ន​​រស់​នៅ​ថែម​ទៀត។

ស្ត្រី​សុំ​មិន​ប្រាប់​ឈ្មោះ​ឲ្យ​ដឹង​ដូច្នេះ ៖ «មិន​ទាន់​មាន​ដំបូល​ផង ទើប​សង់​បាន​មួយ​ចំហៀង ឥឡូវ​គាត់ (អាជ្ញាធរ) មក​ប្រាប់​ឲ្យ​រុះ។ គាត់​អត់​អាណិត​អាសូរ​ដល់​ប្រជាជន​សោះ។ ខ្ញុំ​ផ្ទះ​ឆេះ​អស់​ហើយ តែ​ខោ​អាវ​ក៏​គ្មាន​ដែរ ដល់​ពេល​គាត់​ធ្វើ​អ៊ីចឹង​ខ្ញុំ​និយាយ​មិន​ចេញ​ទេ ខ្ញុំ​ចង់​តែ​ហូរ​ទឹក​ភ្នែក​ទេ»

លោក ចាន់ សុវ៉េត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​អាហដុក មាន​ប្រសាសន៍​ថា អាជ្ញាធរ​ មិន​គួរ​មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​បែង​ចែក​ដី​ជូន​ពលរដ្ឋ​ដើម្បី​សង់​លំនៅ​នោះ​ទេ។

លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​ថា ៖ «ការ​អនុវត្ត​របស់​មន្ត្រី​រាជ​រដ្ឋាភិបាល​ហ្នឹង ធ្វើ​ឡើង​មិន​ត្រឹមត្រូវ អនុវត្ត​ផ្ទុយ​ពី​គោលការណ៍​ដើម​ដែល​បាន​កំណត់។ ឧទាហរណ៍​ដូច​ជា​ការ​គាត់​ឆេះ​ផ្ទះ​អស់​មួយ​សា​ហើយ រហូត​ដល់​ពេល​នេះ​នៅ​ដោះ​ស្រាយ​មិន​ចេញ។ ដូច្នេះ​យើង​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់​ជុំវិញ​ការ​ប្រើប្រាស់​ឥទ្ធិពល​កម្លាំង​ប៉ូលិស កម្លាំង​ប៉េអឹម​មក​ធ្វើ​បាប​ប្រជាពលរដ្ឋ​ក្នុង​ការ​ដែល​ពួកគាត់​ទាមទារ​តវ៉ា​ឲ្យ​ដោះស្រាយ​តែប៉ុណ្ណោះ»

កាល​ពី​យប់​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១០ អគ្គិភ័យ​បាន​ឆាប​ឆេះ​ផ្ទះ​ប្រជាជន​ភូមិ​២២ សង្កាត់​បឹងកក់២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ អស់​ផ្ទះ​ជាង ២០០​ខ្នង បណ្តាល​ឲ្យ​ប្រជាជន​ជាង ២០០​គ្រួសារ​គ្មាន​ទី​ជម្រក។

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​មន្ត្រី​សាលា​ក្រុង​ភ្នំពេញ ដើម្បី​បំភ្លឺ​ជុំវិញ​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​នៅ​សង្កាត់​បឹងកក់២ បាន​ទេ​នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា​នេះ ។ ប៉ុន្តែ​លោក ឃឹម សំអាន អភិបាល​រង​ខណ្ឌ​ទួលគោក មាន​ប្រសាសន៍​ថា ការ​ដែល​អាជ្ញាធរ​រារាំង​មិន​ឲ្យ​ពលរដ្ឋ​នៅ​ភូមិ២២ សង្កាត់​បឹងកក់២ សង់​លំនៅ​លើ​ទីតាំង​លំនៅ​ត្រូវ​ភ្លើង​ឆេះ គឺ​មិន​ចង់​ឲ្យ​ពលរដ្ឋ​ខាត​​លុយ​កាក់​ទៅ​លើ​ការ​សាងសង់ ព្រោះ​អាជ្ញាធរ​មិន​ចង់​ឲ្យ​ពលរដ្ឋ​សង់​លំនៅ​លើ​ទីតាំង​ត្រូវ​ភ្លើង​ឆេះ​នេះ​តទៅ​​​ទៀត​ទេ។

លោក ឃឹម សំអាន មាន​ប្រសាសន៍​ដូច្នេះ ៖ «យើង​មិន​ឃាត់​គាត់​ទេ​រឿង​ធ្វើ​សម្រាប់​ជ្រក ឬ​ជួសជុល​នៅ​ឲ្យ​បាន​វិញ។ ថ្ងៃ​ក្រោយ​មាន​ការ​រុះរើ​ទៅ​វា​លំបាក ហើយ​បង់​ខាត​ថវិកា​ច្រើន​សម្រាប់​បង​ប្អូន​ប្រជាពលរដ្ឋ​ហ្នឹង​ទៀត។ គាត់​អត់​បាន​ស្ដាប់​ពួក​យើង​ទេ គាត់​ដឹង​តែ​ពី​ស្រែក​ជេរ​យើង។ ខ្ញុំ​សំណូមពរ​ថា បង​ប្អូន​ប្រជាពលរដ្ឋ​ធ្វើការ​ពិចារណា​ឲ្យ​បាន​ម៉ត់ចត់​ក្នុង​ការ​រស់​នៅ​ទី​នេះ ទី​នេះ​មិន​មាន​អ្វី​ល្អ​សម្រាប់​បង​ប្អូន​ទេ រស់​នៅ​លើ​ភក់​ជ្រាំ»

ដែន អយុធ្យា ៖ មាន​ន័យ​ថា អាជ្ញាធរ​ចង់​ឲ្យ​ពលរដ្ឋ​ទៅ​រស់​នៅ​សង្កាត់​ចោមចៅ​ទាំង​អស់ ឬ​យ៉ាង​ម៉េច? ឃឹម សំអាន ៖ បាទ! អ៊ីចឹង​ហើយ។

ទោះ​យ៉ាង​នេះ​ក្តី ពលរដ្ឋ​បាន​អះអាង​ថា ប្រសិន​បើ​ការ​តវ៉ា​របស់​ពួកគេ​មិន​បាន​សម្រេច ប្រជាពលរដ្ឋ​គ្រោង​ឡើង​​ទៅ​តវ៉ា់​ដល់​មុខ​សាលា​រាជធានី​ភ្នំពេញ និង​ពី​មុខ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្ត​ទៀត នៅ​ថ្ងៃ​ច័ន្ទ ទី​៧ ខែ​មិថុនា សប្តាហ៍​ខាង​មុខ​នេះ៕