អនុរដ្ឋលេខាធិការរបស់ទីស្តីការគណៈរដ្ឋមន្ត្រីទទួលបន្ទុកអភិវឌ្ឍតំបន់ជុំវិញប្រាសាទព្រះវិហារ លោក សួស យ៉ារ៉ា បានមានប្រសាសន៍កាលពីព្រឹកថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ថា អាជ្ញាធរជាតិព្រះវិហារកំពុងប្រឹងប្រែងក្នុងការថែរក្សានិងអភិរក្សប្រាសាទព្រះវិហារឲ្យបានគង់វង្សយូរអង្វែងទៅទៀត ដោយកំពុងច្នៃកញ្ចប់ថវិកាជាតិដែលផ្តល់ឲ្យនោះយកមកជួសជុលត្រង់កន្លែងទ្រុឌទ្រោមខ្លះរបស់ប្រាសាទឲ្យល្អឡើងវិញ និងកន្លែងខ្លះដែលងាយនឹងរេចរឹលជាដើម។
មន្ត្រីដដែលបានមានប្រសាសន៍ថា ការចាប់ផ្តើមជួសជុលនៅតាមកន្លែងខ្លះនៃប្រាសាទ គឺធ្វើទៅតាមអនុសាសន៍នៃអ្នកបច្ចេកទេសដែលចង្អុលបង្ហាញទៅលើចំណុចមួយចំនួនដែលត្រូវការជួសជុលជាអាទិភាព។
លោក សួស យ៉ារ៉ា មានប្រសាសន៍ថា ៖ «យើងមើលទៅតាមអ្វីដែលជាអនុសាសន៍របស់អ្នកបច្ចេកទេសទាំងអស់ មើលទៅអាណាដែលជាអាទិភាព ដែលវាងាយដួលរលំ គឺយើងធ្វើអាហ្នឹងមុនគេ។ យើងមិនលើកគម្រោងថាប៉ុន្មានទេ អាហ្នឹងគឺយើងធ្វើជាក់ស្តែង ព្រោះជាថវិកាជាតិ គឺគេឲ្យមកអាជ្ញាធរប៉ុន្មានអាជ្ញាធរច្នៃទៅតាមហ្នឹង។ តាមកន្លែងណាដែលអាទិភាព ដូចជណ្តើរវាត្រូវចុះមិនរួច យើងធ្វើជណ្តើរ កន្លែងណាដែលត្រូវងាយប្រជាជនជាន់បាក់បែក យើងខំប្រឹងជួសជុលទប់វាឡើងវិញអ៊ីចឹង ដាក់ផ្លាកសញ្ញាហាមឃាត់អ៊ីចឹងអាហ្នឹង»។
ទោះយ៉ាងណាមន្ត្រីរដ្ឋាភិបាលមិនបានបង្ហើបឲ្យដឹងពីចំនួនថវិកាប៉ុន្មានដែលជាកញ្ចប់ថវិកាជាតិសម្រាប់យកមកថែក្សារនិងអភិរក្សប្រាសាទព្រះវិហារក្នុង១ឆ្នាំៗនោះទេ។
មន្ត្រីប៉ូលិសការពារបេតិកភណ្ឌមួយរូបដែលសុំមិនបញ្ចេញឈ្មោះកំពុងប្រចាំការពារប្រាសាទព្រះវិហារបានមានប្រសាសន៍ថា រយៈពេលដើមឆ្នាំ២០១០នេះ អាជ្ញាធរព្រះវិហារបានចាប់ផ្តើមធ្វើសកម្មភាពជួសជុសជាបណ្តើរៗតាមផ្នែកខ្លះរបស់ប្រាសាទព្រះវិហារ ដូចជាសសរដែលទ្រេតដួលត្រូវបានគេតម្រង់ឲ្យត្រង់ឡើងវិញនិងមានការសម្អាតស្រះបុរាណជាដើម ៖ «ខាងអាជ្ញាធរគេតម្រង់វាវិញ អាណាទ្រេតខ្លាំងអាហ្នឹងខ្លាចវាដួលបាក់ទៀត។ ជួសជុលជាបណ្តើរៗហើយ គេធ្វើការដូចកន្លែងស្រះទឹកអីស្តារដីឡើងតិចៗ»។
មន្ត្រីរដ្ឋាភិបាលឲ្យដឹងថា ក្រៅពីអាជ្ញាធរព្រះវិហារដែលប្រើប្រាស់ថវិកាជាតិសម្រាប់ជួសជុលនិងថែរក្សាប្រាសាទទីនោះ ខាងអង្គការជំនាញអន្តរជាតិក៏មានម្រោងជួយជួលជុលនិងថែរក្សាអភិរក្សប្រាសាទព្រះវិហារដែរ ប៉ុន្តែគេនៅត្រូវការប្រើពេលវេលាមួយរយៈទៀតសម្រាប់ការសិក្សាបច្ចេកទេសនិងរៀបចំគម្រោងឲ្យច្បាស់លាស់សិន។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា កាលពីអំឡុងខែមករា ឆ្នាំ២០១០ រដ្ឋាភិបាលខ្មែរបានធ្វើគម្រោងផែនការមេសម្រាប់អភិវឌ្ឍន៍និងអភិរក្សប្រាសាទព្រះវិហារប្រកបដោយចិរភាព ផ្ញើទៅកាន់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោករបស់អង្គការ UNECSO ដើម្បីជារបាយការណ៍នៃការអភិវឌ្ឍនិងអភិរក្ស បន្ទាប់ពីប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកមក៕