នៅព្រឹកថ្ងៃទី២៦ កក្កដា គេសង្កេតឃើញនៅខាងក្រៅរបងវិទ្យាល័យ និងអនុវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ មានភាពអ៊ូអរខុសប្លែកពីថ្ងៃធម្មតា ព្រោះជាថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ដែលអ្នកទាំងនោះត្រូវជាបងប្អូន មិត្តភ័ក្ដិ ឪពុកម្ដាយរបស់បេក្ខជនកំពុងប្រឡង។
បុរសវ័យប្រមាណ ៥០ឆ្នាំមួយរូបឈ្មោះ អ៊ំ ហ៊ាង មកពីខែត្រកំពង់ស្ពឺ បាននិយាយថា លោកបានជូនកូនប្រុសមកប្រឡងនៅមណ្ឌលវិទ្យាល័យ បឹងត្របែក ហើយលោក និងគ្រួសារមិនវិលត្រឡប់ទៅផ្ទះវិញទេ ដោយរង់ចាំមើលកូននៅខាងក្រៅរបងសាលា ដើម្បីលើកទឹកចិត្តកូនរបស់គាត់ក្នុងការប្រឡងនេះ ៖ «...ចិត្តត្រេកអរ ប្រឹងប្រែងក្នុងការប្រឡង កុំថា បាត់ម៉ែឪអត់ឃើញមកមើលការប្រឡង វាដូចតូចចិត្តដែរ! ខ្លាចថា ខំរៀនដែរ អត់ឃើញម៉ែឪ! ខ្ញុំមកហ្នឹងដូចជាការលើកទឹកចិត្តទេ»។
នៅខាងក្រៅរបងសាលានានាក្នុងទីក្រុងភ្នំពេញ ដែលជាមណ្ឌលប្រឡងសញ្ញាបត្រទុតិយភូមិ មានចងខ្សែព័ទ្ធជុំវិញ និងមានសមត្ថកិច្ចជាច្រើននាក់ការពារមិនឲ្យសាធារណជនចូលទៅខាងក្នុងបរិវេណមណ្ឌលប្រឡងនោះបានទេ។ ទោះបីជាមានការយាមកាមមិនឲ្យអ្នកណាចូលទៅខាងក្នុងបានយ៉ាងនេះក្តី ប៉ុន្តែភាពមិនប្រក្រតីក្នុងការបោះចម្លើយចូលទៅឲ្យបេក្ខជនកំពុងប្រឡងក្នុងមណ្ឌលនៅតែកើតមានដដែល។
នៅព្រឹកថ្ងៃទី២៦ កក្កដា នៅអនុវិទ្យាល័យចតុមុខ នៅពេលសម្រាកបន្ទាប់ពីបេក្ខជនបានធ្វើកិច្ចការប្រឡងលើវិញ្ញាសាភាសាខ្មែររួច មានមិត្តភ័ក្ដិ ឬរបស់បេក្ខជនមួយចំនួន បានស្រែកហៅបេក្ខជនឲ្យចេញមកខាងក្រៅបន្ទប់ ដើម្បីផ្ដល់ចម្លើយជូនដែលពួកគេលួចរត់ចុះឡើងនៅខាងក្រៅរបង ដើម្បីកុំឲ្យសមត្ថកិច្ចចាប់ពួកគេបាន។
ជាមួយគ្នានេះ នៅតាមហាងថតចម្លងដែលមាននៅក្បែរមណ្ឌលប្រឡងនោះ មានយុវជនមួយចំនួនបានយកចម្លើយទៅថតចម្លង ហើយចែកគ្នាទៅវិញទៅមក។ ក្រោយពីថតចម្លងវិញ្ញាសារួច ពួកគេបានបំបែកគ្នាទៅគោលដៅមណ្ឌលប្រឡងរៀងៗខ្លួន ក្នុងគោលបំណងយកចម្លើយទាំងនោះទៅឲ្យមិត្តភ័ក្ដិ ឬបងប្អូនរបស់ពួកគេដែលជាបេក្ខជនប្រឡង។
និស្សិតមួយរូបបានលើកឡើងថា នៅថ្ងៃប្រឡងដំបូងនេះ លោកបានយកវិញ្ញាសាភាសាខ្មែរត្រៀមមួយច្បាប់ឲ្យប្អូនរបស់គាត់ ប៉ុន្តែលោកមិនប្រាកដទេថា ក្នុងវិញ្ញាសានោះអាចត្រូវ ឬមិនត្រូវយ៉ាងណានោះ ៖ «...អត់ដឹងទេ ចេញមកអ៊ីចឹង កំណែថ្នាក់ទី១២ មកអ៊ីចឹង ខ្ញុំអត់សង្ឃឹមថាត្រូវផង ចេះតែឲ្យទៅ ឲ្យតែមានឲ្យប្អូន!»។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ លោក រ៉ុង ឈុន បានមានប្រសាសន៍ថា ការប្រឡងនៅថ្ងៃទី១នេះ ត្រូវបានគេរកឃើញថា ស្ទើរតែគ្រប់មណ្ឌលទូទាំងប្រទេសកម្ពុជាមានភាពមិនប្រក្រតីចំនួនបីករណីកើតឡើង ដូចជាទី១ ការប្រមូលលុយនៅក្នុងថ្នាក់ឲ្យគ្រូអនុរក្សក្នុងតម្លៃខ្ពស់ ទី២ ករណីបេក្ខជនទូរស័ព្ទមកបងប្អូននៅខាងក្រៅ ដើម្បីសួររកចម្លើយនៃវិញ្ញាសានីមួយៗ ទី៣ មណ្ឌលប្រឡងមួយនៅទីរួមខែត្រកំពង់ធំ គ្រូបានធ្វើចម្លើយលក់ឲ្យបេក្ខជនប្រឡង។
លោក រ៉ុង ឈុន បានបញ្ជាក់ថា ៖ «ការដែលជាប់ វាមិនមែនបង្ហាញពីសមត្ថភាពរបស់ពួកគាត់ទេ! ប្រសិនហ្នឹងមិនមែនជាការចម្លង ការផ្ដល់ចម្លើយអី អាហ្នឹងបានស្ដែងចេញថា គាត់មានសមត្ថភាពពេញលេញ»។
លោក រ៉ុង ឈុន បានអះអាងថា អំពើពុករលួយនៅតែកើតមានក្នុងពេលប្រឡងនេះ ដោយសារតែគ្រូដែលជាមេប្រយោគ ឬអនុរក្ស បានទទួលថវិកាឧបត្ថម្ភបានតិចតួចពីក្រសួងអប់រំ ដែលផ្ដល់ជូនពួកគេ។ លោកបញ្ជាក់ថា ក្នុងវិញ្ញាសាមួយយ៉ាងតិចសិស្សក្នុងម្នាក់បានរៃលុយគ្នាពី ៥ពាន់រៀល ទៅ ៣ម៉ឺនរៀល។
អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំនៃក្រសួងអប់រំ យុវជន និងកីឡា លោក អ៊ូ អេង បានឲ្យដឹងថា សម្រាប់គ្រូម្នាក់ដែលធ្វើជាអនុរក្សប្រឡង រយៈពេលបីថ្ងៃ គិតពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ កក្កដា ក្រសួងផ្តល់ថវិកាជូនចំនួន ១៥ម៉ឺនរៀល រីឯអ្នកណាផ្លាស់ប្ដូរខែត្របានចំនួន ៣០ម៉ឺនរៀល។
លោក អ៊ូ អេង បានបន្ថែមថា នៅព្រឹកថ្ងៃទី២៦ កក្កដា លោកបានចុះពិនិត្យមើលនៅតាមមណ្ឌលប្រឡងមួយចំនួនក្នុងរាជធានីភ្នំពេញ មានសភាពស្ងប់ស្ងាត់ល្អពុំមានបញ្ហាអ្វីកើតឡើងទេ ហើយក្រសួង និងមន្ទីរអប់រំទាំងអស់បានប្រជុំគ្រូដែលបានធ្វើអនុរក្ស និងមេប្រយោគទាំងអស់ ឲ្យគោរពតួនាទីរបស់ខ្លួន និងមិនឲ្យប្រព្រឹត្តអំពើពុករលួយពេលប្រឡងទេ បើមិនដូច្នោះទេ គេនឹងដកមិនឲ្យធ្វើជាអនុរក្ស ឬមេប្រយោគទៀតទេ។
លោក អ៊ូ អេង បានពន្យល់ថា បើសិនជាគេចាប់បានសិស្សណាម្នាក់បានទាក់ទងទូរស័ព្ទមកខាងខាងក្រៅមណ្ឌលប្រឡង គេនឹងឲ្យធ្លាក់ជាស្វ័យប្រវត្តិ ព្រោះវិន័យការប្រឡងមិនឲ្យយកទូរស័ព្ទ ឬឯកសារចម្លើយចូលក្នុងមណ្ឌលប្រឡងទេ។
លោក អ៊ូ អេង បានឲ្យដឹងថា ៖ «...ប្រើទូរស័ព្ទ ជាពិសេសពេលម៉ោងធ្វើវិញ្ញាសាគាត់តេចេញតេចូលអីហ្នឹង មានកំណត់ហេតុមកត្រឹមត្រូវ អាហ្នឹងគេទម្លាក់ជាស្វ័យប្រវត្តិតែម្ដង ព្រោះឆ្នាំទៅមាននៅខែត្រកំពតគាត់ដាក់កាសនៅត្រចៀក គេមើលមិនឃើញទេ ប៉ុន្តែពេលដំណើរការបន្តិចទៅ គេចាប់បាន...»។
នៅថ្ងៃទី២៦ កក្កដាដែរ មណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិវិញ នៅមិនឆ្ងាយពីរបងសាលានេះប៉ុន្មាន មានយុវជនម្នាក់បានទូរស័ព្ទទាក់ទងទៅបេក្ខជនខាងក្នុង ខណៈពេលគេកំពុងប្រឡងលើវិញ្ញាសាគីមីវិទ្យា ដែលយុវជននោះបាននិយាយទាក់ទងគ្នាទៅវិញទៅមក ហើយអានចម្លើយដើម្បីឲ្យបេក្ខជនខាងក្នុងមណ្ឌលប្រឡងសរសេរតាម។ យុវជននោះបានអានចម្លើយដូច្នេះ ៖ «10-1/-10-4 រូបមន្តមានស្រាប់ហើយហ្នឹង 10-Log 103= 10-3»។
បេក្ខជនប្រឡងនៅមណ្ឌលវិទ្យាល័យបាក់ទូកជាច្រើននាក់ បានលើកឡើងដូចៗគ្នាថា ក្នុងពេលប្រឡងពួកគេចាំបាច់ត្រូវរៃលុយគ្រូ ដើម្បីងាយស្រួលក្នុងការចម្លងគ្នា ឬលួចមើលវិញ្ញាសា ៖ «គ្រូប្រាប់ថា វិញ្ញាសាចេញត្រូវចំៗ ប៉ុន្តែគាត់ប្រមូលលុយក្នុងមួយបន្ទប់ហ្នឹងឲ្យបាន ២៥ដុល្លារ។ មើលតាមពួកម៉ាកអីហ្នឹង ចម្លងគ្នាហ្នឹង! សំណួរភាសាខ្មែរទាក់ទងនឹងរឿងរាមកេរ្តិ៍ ប៉ុន្តែរឿងរាមកេរ្តិ៍ហ្នឹងភាគច្រើនគ្រូអត់សូវបានបង្រៀន»។
របាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញថា នៅក្នុងសម័យប្រឡងទុតិយភូមិក្នុងឆ្នាំ២០១០នេះ ក្រសួងបានបែងចែកជា ១៩១មណ្ឌល មានបន្ទប់ប្រឡងចំនួន ៤.៣៨៧បន្ទប់ ហើយចំនួនបេក្ខជនប្រឡងមានចំនួន ១០៨.៤៣៣នាក់នៅទូទាំងប្រទេស រីឯបេក្ខជនប្រឡងសញ្ញាប័ត្រទុតិយភូមិ កាលពីឆ្នាំ២០០៩ មានជាង ៨ម៉ឺននាក់ទេ៕