ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀរ​បន្ត​ការ​តវ៉ា​ព្រោះ​គ្មាន​ដំណោះស្រាយ

ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀរ​អង្គរ​នៅ​បន្ត​តវ៉ា​នៅ​មុខ​ក្រុមហ៊ុន​ស្រាបៀរ ខេមប្រ៊ូវ (CAMBREW LTD.) តាំង​ពី​ថ្ងៃ​២៥ ខែ​កក្កដា មក​ដល់​ថ្ងៃ​២៧ ខែ​កក្កដា ចំនួន ៣​ថ្ងៃ​ហើយ ក៏​ប៉ុន្តែ​មិន​មាន​តំណាង​ក្រុមហ៊ុន​ចេញ​មក​ដោះស្រាយ​ឡើយ។

ការ​ទាមទារ​របស់​ក្រុម​ស្ត្រី​ផ្សព្វផ្សាយ​សា្របៀរ​អង្គរ គឺ​បំណង​ឲ្យ​ក្រុមហ៊ុន​ស្រាបៀរ ខេមប្រ៊ូវ គោរព​ច្បាប់​ការងារ​ដូច​មាន​ចែង​ក្នុង​លិខិត​លេខ ៦១/១១ ចុះ​ថ្ងៃ​៧ កក្កដា ឆ្នាំ​២០១១ របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​សម្រេច​បង្គាប់​ឲ្យ​ក្រុមហ៊ុន​ស្រាបៀរ​អង្គរ ខេមប៊្រូវ សង​ប្រាក់​ថ្លៃ​ធ្វើការ​ចុង​សប្ដាហ៍​មក​កម្មករ​គ្រប់​ចំនួន ១០០% ទៅ​ស្ត្រី​ចំនួន ៣៤​នាក់ ដែល​បាន​ប្ដឹង​ទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ចាប់​ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១០ និង​បង្គាប់​ឲ្យ​ក្រុមហ៊ុន​អនុវត្ត​កិច្ចសន្យា​ការងារ​គ្មាន​ថិរវេលា​កំណត់ ​ចំពោះ​កម្មករ និយោជិក ដែល​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ចាប់​ពី ២​ឆ្នាំ​ឡើង​ទៅ។

អ្នកស្រី ភី ធី ជា​អ្នក​តវ៉ា​មួយ​រូប​ក្នុង​ចំណោម​អ្នក​តវ៉ា​ជា​ច្រើន​រូប បាន​ឲ្យ​ដឹង​ថា រហូត​ដល់​ថ្ងៃ​ទី​៣ នៃ​ការ​ធ្វើ​បាតុកម្ម ក្រុមហ៊ុន​មិន​ចេញ​មក​ដោះស្រាយ​ទេ តែ​មាន​មេការ​ស្ត្រី បាន​ទូរស័ព្ទ​ហៅ​ពួកគាត់​ឲ្យ​ទៅ​ជួយ​លក់​ស្រាបៀរ ដោយ​បាន​សន្យា​ជួយ​ចេញ​ប្រាក់​ថ្លៃ​ម៉ូតូ​ឌុប។

អ្នកស្រី​ថា មាន​ស្ត្រី​កំពុង​ឈរ​តវ៉ា​ខ្លះ​ខ្លាច​បាត់បង់​ការងារ និង​ប្រាក់​ចំណូល ក៏​ព្រម​ទៅ​ជួយ​លក់​ស្រាបៀរ​វិញ កាល​ពី​រសៀល​ថ្ងៃ​អង្គារ ធ្វើ​ឲ្យ​កម្លាំង​តវ៉ា​ជា​ស្ត្រី​ហាក់​ថយ​ចុះ​នៅ​ថ្ងៃ​ពុធ ទី​២៧ ខែ​កក្កដា តែ​កើន​ចំនួន​បុរស​មក​ពី​សហជីព​ផ្សេងៗ បាន​មក​ចូល​រួម​តវ៉ា​ដោយ​មាន​ជួយ​ទូង​ស្គរ​តវ៉ា។

ក្រុម​ស្ត្រី​ឈរ​តវ៉ា​នៅ​មុខ​ក្រុមហ៊ុន​ស្រាបៀរ ខេមប៊្រូវ អះអាង​ថា នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា​នេះ គ្មាន​សមត្ថកិច្ច​បង្ក្រាប​ពួកគាត់​ទេ គឺ​សមត្ថកិច្ច​ជួយ​ការពារ​សន្តិសុខ​ដល់​ពួកគាត់ និង​ការពារ​សុវត្ថិភាព​ភ្ញៀវ​ធ្វើ​ដំណើរ​កាត់​មហាវិថី​ព្រះ​នរោត្តម។

ស្រ្តី និង​សហជីព​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ស្រាបៀរ ខេមប៊្រូវ ឲ្យ​ដឹង​ថា មាន​ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀរ​អង្គរ ប្រមាណ ៤៥០​នាក់ និង​បុគ្គលិក​ផ្សេង​ទៀត​សរុប​ប្រមាណ ៥០០​នាក់៕